"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

កិច្ចប្រជុំរវាងមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋានក្នុងឃុំលាយបូរស្តីអំពីគម្រោងសុខភាព និងប្រវត្តិសាស្រ្ត

នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវចំនួន៥នាក់ បានចុះទៅសាលាឃុំលាយបូរ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន។ គោលបំណងនៃការចុះទៅជួបអាជ្ញាធរនេះ ដើម្បីជម្រាបជូននូវព័ត៌មាន និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការក្នុងការផ្សព្វផ្សាយគម្រោងស្តីអំពី «ការលើកកម្ពស់សិទ្ធិ និ​ងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។

លោក លី កុកឆាយ នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងក្រុមការងារកំពុងបង្ហាញសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យទៅកាន់អាជ្ញាធរឃុំលាយបូរ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក៏បានស្នើសុំអាជ្ញាធរមូលដ្ឋានឲ្យជួយប្រកាសស្វែងរកអ្នក​​ស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៤ចំនួន២០នាក់ ដើម្បីធ្វើការចុះជួប និងស្តាប់សាច់រឿងរបស់អ្នក​រស់រានមានជីវិតកាលពីរបបខ្មែរក្រហមក្នុងភូមិឃុំដែលអ្នកស្ម័គ្រចិត្តកំពុងរស់នៅ និងធ្វើការផ្តល់ព័ត៌មានស្តីអំពីការទៅពិនិត្យសុខភាព និងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទៅពិនិត្យសុខភាព។

មូលហេតុដែលក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ សម្រេចចិត្តជ្រើសយកឃុំលាយបូរជាទីកន្លែងសម្រាប់អ្នកស្ម័គ្រចិត្តចុះទៅធ្វើការគឺដោយសារឃុំនេះមានទីតាំងនៅជិតទីរួមខេត្តតាកែវ ដែលផ្តល់ភាពងាយស្រួលដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរក្សាសុខតាកែវ។

លោក លី កុកឆាយ នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ធ្វើបទបង្ហាញទាក់ទងនឹងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យទៅកាន់អាជ្ញាធរឃុំលាយបូរ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

 

កម្មវិធីនៃអង្គប្រជុំ មានដូចខាងក្រោម៖

​-នៅវេលាម៉ោង៨:០០ ដល់ ៨:៣០នាទីព្រឹក មានការជួបជុំ និងការស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវពីអាជ្ញាធរនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់​ ខេត្តតាកែវ។

-នៅវេលាម៉ោង ៨:៣០ ដល់ ៩:១០នាទីព្រឹក ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវបានចែកឯកសារទាក់ទងនឹងគម្រោងទៅដល់អ្នកដែលបានចូលរួមប្រជុំ និងធ្វើបទបង្ហាញអំពីគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។

គម្រោងសុខភាព​​នេះបង្កើតឡើងក្នុងគោលបំណងគឺ ទី១) ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅតាមគោល​ដៅ​ដែលបានកំណត់ ទី២)​ លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់​អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហម និង ទី៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេស​នៅ​តាម​សហគមន៍ដាច់ស្រយាលសម្រាប់ផ្តល់ជាព័ត៌មាន ក្នុងការរៀបចំជំនួយអភិវឌ្ឍន៍​នាពេល​អនាគ​ត​​​ដល់ប្រជាជន​និងសហគមន៍ទាំងនេះ។ តាមរយៈគោលបំណងនៃគម្រោងសុខភាពខាងលើនឹងផ្តល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងខេត្តតាកែវ និងខេត្តផ្សេងទៀតទូទាំងប្រទេសកម្ពុជាបានទៅពិនិត្យសុខភាពដោយឥតគិតថ្លៃនៅមន្ទីរសម្រាកព្យាបាលឯកជន ដែលជាដៃគូចុះកិច្ចសន្យាជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា។

អាជ្ញាធរឃុំលាយបូរប្រជុំជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

-នៅវេលាម៉ោង៩:១០ ដល់ ៩:៤០នាទី ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ លើកឡើងអំពីការជ្រើសរើសអ្នកស្ម័គ្រចិត្តជំនាន់ទី៤នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

-នៅវេលាម៉ោង៩:៤០ ដល់ ១០:០០នាទី មជ្ឈមណ្ឌលឯកសារខេត្តតាកែវបានចែកប្រអប់អនុសាវរីយ៍ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ដែលបានចូលរួមប្រជុំ និងបានថតរូបជុំគ្នា។

ក្រោយពីបញ្ចប់ការប្រជុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ ក្រុមបឹ្រក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ និងមេភូមិទាំង២៥រូបក្នុងឃុំលាយបូរ បានសម្តែងការពេញចិត្តគម្រោងសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រោះបច្ចុប្បន្ននៅក្នុងឃុំលាយបូរ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនកំពុងប្រឈមបញ្ហាសុខភាព និងគ្មានលទ្ធភាពទៅពិនិត្យសុខភាព។

អត្ថបទ ៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ

អាជ្ញាធរឃុំលាយបូរទទួលប្រអប់អនុស្សាវរីយ៍ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ក្រុងការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវនិងអាជ្ញាធរឃុំលាយបូរ ថតរូបជុំគ្នា។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក លី កុកឆាយ នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ សម្ភាសន៍អាជ្ញាធរឃុំលាយបូរ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)