"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ប្រកាសអំពីហិរញ្ញប្បទានថ្មី ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ទីភ្នាក់ងារ​ផ្តល់ជំនួយសហរដ្ឋ​អាមេរិក​ ប្រកាសអំពីហិរញ្ញប្បទាន​ថ្មី ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មានជីវិត​ពីរបប​ខ្មែរក្រហម

ថ្ងៃទី​២៣​ ខែ​កញ្ញា ឆ្នាំ​២០២១ – ទីភ្នាក់ងារ​ផ្តល់ជំនួយសហរដ្ឋ​អា​មេរិក​ ​ប្រចាំ​នៅព្រះ​រាជា​ណាចក្រ​កម្ពុជា ប្រកាស​អំពី​ហិរញ្ញប្បទាន​បន្ថែមក្នុង​ទំហំ​ទឹក​ប្រាក់​៥លានដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​ តាមរយៈ​គម្រោង​ដែល​មាន​ឈ្មោះថា “ការ​លើក​កម្ពស់​សិទ្ធិ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​​ជីវិត​ពី​របប​ខ្មែរក្រហម​” ដែល​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា។ ហិរញ្ញ​ប្បទាន​បន្ថែម​នេះ នឹង​ធ្វើ​ឲ្យ​សកម្មភាព​ប្រតិបត្តិការ​មាន​តម្លៃ​សរុបចំនួន ​៦,៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ឯកអគ្គរដ្ឋ​ទូតអាមេរិក W. Patrick Murphy បាន​ថ្លែងថា៖ “យើង​មានមោទនភាព ​​ក្នុង​ការ​គាំទ្រ​ដល់គម្រោង​នេះ។ រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ មានសេចក្តី​ប្តេជ្ញា​យូរ​អង្វែង​ក្នុង​ការ​លើកកម្ពស់​សន្តិភាព​និង​ការ​ផ្សះផ្សា​ជាតិ តាមរយៈ​ការចងចាំអំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​” គម្រោង​នេះ​នឹង​ផ្តល់​ជូន​អ្នក​រស់​រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម​នូវ​ការ​ប្រើប្រាស់​សេវាថែទាំសុខភាព ដែល​សម្រួល​ដល់​​ស្ថាន​ភាព​ជំងឺទូទៅ ក្តី​ព្រួយ​បារម្ភ​ ស្ថាន​ភាព​សង្គមសេដ្ឋកិច្ច និង​បទពិសោធន៍​ពេលឆ្លងកាត់ ​របប​ខ្មែរក្រហម។”

ការងារ​ថ្មី​មួយ​នេះ​នឹង​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ផ្ទាល់អំពី​ស្ថានភាព​សុខុមាលភាព​របស់​អ្នករ​ស់​រាន​មាន​ជីវិតពីរបបខ្មែរក្រហម និង​បន្ទាប់​មក ធ្វើការប្រែក្លាយលទ្ធផលរកឃើញឲ្យ ​ទៅជា​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹងរបស់ សាធារណៈ។​ គម្រោង​នេះ​នឹង​ធ្វើ​ប្រតិបត្តិការ​នានា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព សុខុមាលភាព​និង​ភាពសុខ​ស្រួល ​របស់​អ្នក​រស់​រាន​មាន​ជីវិតពី​របប​ខ្មែរក្រហម​នៅទូទាំង​ប្រទេស។

លោក​ ឆាំង យុ​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌលឯកសារ​កម្ពុជា​បាន​លើកឡើងថា “សោកនាដកម្ម និង​ភាពអយុត្តិធម៌​ ដែល​ប្រជាជន​កម្ពុជា​ទទួល​រង​នៅក្នុង​របប​ខ្មែរក្រហម​ មានទំហំ​មហាសាល​ដែល​គ្មាន​អ្វី​អាចជំនួស​ឬ​​ប៉ះប៉ូវជូន​អ្នក​ទាំងអស់​បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ច​ខិត​ខំប្រឹង​ប្រែងមួយនេះ​ គឺជា​ជំហាន​ឆ្ពោះ​ទៅសម្រេច​បាន​ការ​ថែទាំ​​និង​គាំ​ពារ​ដល់​អ្នក​រស់​រាន​មាន​ជីវិត​ពីរ​បបប្រល័យពូជសាសន៍ខ្មែរក្រហម​” ហិរញ្ញប្បទានពិសេស នេះ រួម​បញ្ចូល​នូវ​អ្នក​ស្ម័គ្រចិត្ត​ប្រកប​ដោយ​ភាព​មោះមុត​ចំនួន​៥០០​នាក់​ ដែល​បំពេញ​ការ​ងារ​នៅទូទាំង​ប្រទេស​ ក្នុង​ការ​ជួយ​នាំ​​អ្នក​រស់​រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម​នៅក្នុង​ភូមិ​ឋាន​របស់​ខ្លួន​ទៅ​មន្ទី​រសុខភាព​ក្នុង​សហគមន៍។ តាម​រយៈការងារស្ម័គ្រ​ចិត្ត​នេះ យុវជន​-យុវនារី ទទួល​បាន​ឱកាស​បង្ហាញ​ចេញ​នូវ​ភាព​ជាអ្នក​ដឹកនាំ ​រួមជាមួយ​នឹង​ការបំពេញការងារ​​ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន  ដើម្បី​គាំពារ​ដល់​អ្នក​រស់​រាន​មានជីវិត​ពីរបប​ខ្មែរ​ក្រហម ក៏ដូចជា​ចំពោះ​ប្រជាជាតិ​កម្ពុជា។ ទន្ទឹម​នឹងនេះ អ្នក​រស់​រាន​មានជីវិតពីរបប​ខ្មែរក្រហម​​ទទួលបាន​ឱកាស​ចែក​រំលែក​រឿងរ៉ាវ​ឆ្លងកាត់​ផ្ទាល់​ខ្លួន​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម​ ទៅកាន់​ក្មេង​ជំនាន់ក្រោយ​​ ដើម្បី​ធានាថា​យើង​នៅតែចងចាំ ពេល​វេលា​ដ៏លំបាក​យ៉ាង​ខ្លាំង​មួយ​នោះ។ ជារួម គម្រោង​នេះ​នឹង​រំលេចនូវ​ចរិក មនុស្សធម៌របស់យើង ​ និង​ពង្រឹងបន្ថែមនូវស្មារតី ​មិនងាយ​ទ្រុឌ​ទ្រោម​របស់​ប្រជាជន​កម្ពុជា។​”

ឧទាហរណ៍ខ្លះ​ៗ​នៃ​ផែនការសកម្មភាព​ថ្មី​ទាំង នេះ រួមមាន ការបង្កើត​ជា​អាហារូបករណ៍ក្នុង​ចំនួន​​កំណត់សម្រាប់សិស្ស​ ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ សុខភាព​ផ្លូវចិត្ត សុខភាព​សាធារណៈ និងសុខភាពបឋម។ សកម្មភាព​ខាង​លើថែមទាំងផ្តើម​ ផងដែរ នូវ ​សកម្មភាព​ស្ម័គ្រចិត្ត​ប្រតិបត្តិ​ដោយ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ ដែល​គាំពារ​ដល់​អ្នក​រស់​រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម។

អំពីទីភ្នាក់ងារ​ផ្តល់ជំនួយ ប្រចាំ​នៅព្រះ​រាជា​ណាចក្រ​កម្ពុជា

នៅទូទាំង​២៥រាជធានី-ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ទីភ្នាក់ងារ​ផ្តល់ជំនួយសហរដ្ឋ​អា​មេរិក ​ធ្វើ​ការ​ជាមួយ​ដៃគូកម្ពុជា​និង​អន្តរជាតិ ដើម្បី​អនុវត្ត​កម្មវិធីនានា ​ជា​ប្រយោជន៍​សម្រាប់​ប្រជា​ជន​កម្ពុជា​ទាំង​អស់។ ការ​ងារ​របស់​យើង​ ផ្តោត​ទៅលើ​ការ​ពង្រឹង​អភិបាល​កិច្ច​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស, ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​និង​អាហារូបត្ថម្ភ, ការ​ទ្រទ្រង់​ដល់​ការ​អប់រំ​និង​ការលូតលាស់​របស់​កុមារ, ការ​បង្កើន​ទិន្នផល​កសិកម្ម​និង​សុវត្ថិភាព​ចំណីអាហារ, ការ​អភិរក្ស​ព្រៃឈើ​និងតំបន់រងទឹកភ្លៀង ​ រួមជាមួយនឹងការ​ជួយដល់​កសិករ​និង​ប្រជាជន​ក្នុង​តំបន់​ឲ្យ​អាច​សម្របខ្លួន​និងកាត់បន្ថយគ្រោះថ្នាក់ធម្មជាតិ។

អំពី​មជ្ឈ​មណ្ឌលឯកសារ​កម្ពុជា

មជ្ឈមណ្ឌលឯកសារ​កម្ពុជា បង្កើត​ឡើង​នៅឆ្នាំ​១៩៩៥ បន្ទាប់​ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ឲ្យមាន​ច្បាប់​ស្តីពី​យុត្តិធម៌​សម្រាប់​អំពើ​ប្រល័យពូជសាសន៍ នៅក្នុង​ខែ​មេសា ឆ្នាំ​១៩៩៤ ដែល​ចុះ​ហត្ថលេខា​ចូល​ជា​ធរមាន​ដោយ​ប្រធានាធិបតី ឃ្លីនតុន។ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​គាំទ្រ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ជាផ្លូវការ​។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា បានទទួល​ការ​កោតសរសើរ និង​មេដាយ​ជា​ច្រើន សម្រាប់​កិច្ច​ការ​គាំទ្រ​ឲ្យ​មាន​ការ​ចង​ចាំនិង​យុត្តិធម៌ សម្រាប់​ជន​រង​គ្រោះ​នៃអំពើ​ប្រល័យពូជ​សាសន៍​នៅ​កម្ពុជា។ ក្នុង​ឆ្នាំ​២០០៧ មជ្ឈមណ្ឌលឯកសារ​កម្ពុជា ទទួលបាន​ពាន​រង្វាន់​សិទ្ធិមនុស្ស​ ជូឌិត លី​ ស្ត្រូណាច់ ពី​មជ្ឈមណ្ឌល​យុត្តិធម៌​និង​ការ​ទទួល​ខុសត្រូវ។ នៅក្នុង​ឆ្នាំ​ដដែល ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម​ សីហមុនី ទ្រង់​ព្រះ​រាជទាន​គ្រឿងឥស្សរិយយស​ព្រះ​រាជាណាចក្រ​កម្ពុជា ថ្នាក់​ធិបឌិន្ទ ដល់​លោក​ ឆាំង យុ ជា​ការទទួល​ស្គាល់​ស្នាដៃ​ដ៏​ល្បីល្បាញរបស់​លោក​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុង​ឆ្នាំ​២០១៨ មជ្ឈមណ្ឌលឯកសារ​កម្ពុជា ក៏ជា​ម្ចាស់​ពាន​រង្វាន់ រ៉ាម៉ុន ម៉ាកសៃសៃ ដែល​ត្រូវបាន​ចាត់​ទុក​ថាជា​ពាន​រង្វាន់​ណូបែល​អាស៊ី ក្នុង​ការ​ថែ​រក្សា​ការចង​ចាំ​ជា​ប្រវត្តិ​សាស្ត្រ​ដើម្បីការ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ និង​យុត្តិធម៌។

រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អ៊ុន សុដាវី

អ៊ុន សុដាវី

អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthsodavy.u@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៩១០ ៧០៧ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ