មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវប្រចាំខែរបស់ខ្លួនស្តីពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»។ វេទិកាស្រាវជ្រាវនេះធ្វើឡើងក្នុង គោលបំណងដើម្បីបង្កើនចំណេះដឹងរបស់យុវជន អំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងយល់ដឹងអំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វេទិកាស្រាវជ្រាវនេះ មានការចូលរួមពី គឹម អាត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអតីតជនភៀសខ្លួននៅជំរំជនភៀសខ្លួន សាយធូ ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ និងយុវសិស្សដែលជាសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ស្គន់ នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ របៀប វារៈនៃវេទិកាស្រាវជ្រាវនេះ គឺរួមមាន បទបង្ហាញស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ការបញ្ចាំងវីដេអូឯកសារ, កិច្ចសន្ទនាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីជីវិតប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និងបទពិសោធន៍រស់នៅ ជំរំជនភៀសខ្លួន និងការចុះទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍ដែលត្រូវបានសាងសង់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

ពេលមកដល់បរិវេណខាងមុខមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សិស្សានុសិស្សត្រូវបានទទួលស្វាគមន៍ និងណែនាំអំពីបេសកកម្មរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ជាកិច្ចបន្ត លោក ស៊ាង ចិន្តា នាយកមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើបទបង្ហាញដោយសង្ខេបអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយផ្តោតលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ មានដូចជា៖ រដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងការសម្លាប់រង្គាលទៅលើប្រជាជន។ មុនពេលបញ្ចប់បទបង្ហាញរបស់ខ្លួន លោក ស៊ាង ចិន្ដា បានចាក់បញ្ចាំងវីដអូឯកសារដែលមានចំណងជើងថា ៖ «កុមារកម្ពុជា»។

គោលបំណងនៃការចាក់បញ្ចាំងវីដេអូឯកសារនេះ គឺដើម្បីឱ្យយុវជនជំនាន់ក្រោយឈ្វេងយល់បន្ថែមទៀតអំពីផលលំបាក បន្សល់ទុកដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ វីដេអូឯកសារនេះ បង្ហាញអំពីរបបប្រល័យពូជសាសន៍បានបំផ្លាញប្រទេស និងសម្លាប់ជីវិតប្រជាជនកម្ពុជា ដែលបន្សល់ទុកនូវទុក្ខវេទនាដល់កុមារកម្ពុជាដែលក្លាយជាក្មេងកំព្រា។ វីដេអូឯកសារនេះមិនត្រឹមតែបង្កើតនូវសេចក្ដី អាណិតអាសូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្ដុះស្មារតីទំនួលខុសត្រូវរួមចំពោះប្រទេសជាតិរបស់យុវជនជំនាន់ក្រោយ។

ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅរបស់សិស្សទាំងអស់អំពីជីវិតប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម ក៏ដូចជាផលប៉ះពាល់ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺសិស្សមានឱកាសស្ដាប់រឿងរ៉ាវរបស់ គឹម អាត ដែលជាអ្នករស់រានមាន ជីវិតពីខ្មែរក្រហម និងអតីតជនភៀសខ្លួននៅជំរំជនភៀសខ្លួន សាយធូ។ គឹម អាត ចាប់ផ្ដើមចែករំលែករឿងរ៉ាវជីវិតរបស់ខ្លួនថា ៖ «ខ្ញុំជួបជាមួយកូនក្មួយនាពេលនេះ គឺខ្ញុំមានចិត្តសប្បាយរីករាយណាស់។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ កាលពីនៅក្មេង ខ្ញុំទៅរៀននៅសាលាបឋមសិក្សាឧត្តរ រហូតដល់ថ្នាក់ទី៦ (ចាស់)។ នៅឆ្នាំ១៩៦៩ ខ្ញុំបានផ្លាស់ទៅរស់នៅជាមួយបងស្រីរបស់ខ្ញុំនៅខេត្តបាត់ដំបង។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០ ម្តាយរបស់ខ្ញុំទៅរកខ្ញុំនៅខេត្តបាត់ដំបង ដើម្បីយកមករស់នៅខេត្តកំពង់ចាមវិញ។ ប៉ុន្តែនៅពេលនោះ យើងមិនអាចធ្វើដំណើរតាមរថយន្តបានទេ ពីព្រោះកងទ័ពខ្មែរក្រហមចាប់ផ្ដើមវាយរំដោះភូមិសាស្រ្តជាច្រើននៅខេត្តបាត់ដំបង ដូច្នេះ យើងអាចធ្វើដំណើរចេញពីខេត្តបាត់ដំបងបាន គឺតាមយន្តហោះ។ បងស្រីខ្ញុំបានទៅទិញសំបុត្រយន្តហោះចំនួនពីរ។ ម្ដាយ និងបងស្រីរបស់ខ្ញុំបានជិះយន្តហោះត្រឡប់មកខេត្តកំពង់ចាមមុន។ ខ្ញុំបន្តរស់នៅជាមួយបងថ្លៃ និងក្មួយប្រុសរបស់ខ្ញុំ។

នៅឆ្នាំ១៩៧៣ សង្គ្រាម រវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើង។ ខ្ញុំ បងថ្លៃនិងក្មួយបានបន្តរស់នៅទីរួមខេត្តបាត់ដំបង។ នៅពេលដែលកងទ័ពខ្មែរក្រហមវាយកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីរួមខេត្តបាត់ដំបងត្រូវបានរំដោះនៅចុងខែមេសា។ ខ្ញុំត្រូវបានបញ្ជូនទៅរស់នៅភូមិអន្លង់វិល ស្រុកសង្កែ។ ពីក្រុងបាត់ដំបងទៅដល់អន្លង់វិល ខ្ញុំត្រូវបានខ្មែរក្រហមសួរថា តើឪពុកម្តាយរបស់ខ្ញុំធ្វើការងារអ្វីក្នុងរបបមុន? ខ្ញុំបានឆ្លើយថា ជាកសិករ។ ខ្មែរក្រហមបានបន្តសួរខ្ញុំថា តើខ្ញុំមានឪពុកធ្វើទាហាន លន់ នល់ ដែរឬទេ? ខ្ញុំបានឆ្លើយថាមិនមានឪពុកធ្វើទាហានទេ។ ខ្ញុំប្រាប់ខ្មែរក្រហមថាខ្ញុំគឺជាក្មេងកំព្រា។ នៅថ្ងៃបន្ទាប់ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើស្រែជាមួយអ្នកដទៃ។

នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបញ្ជូនទៅប៉ៃលិន។ ខ្មែរក្រហមបានបង្ខំខ្ញុំឱ្យរៀបការជាមួយជនពិការ នៅទីនោះ។ ខ្ញុំបានបដិសេធ និងសុំអង្វរខ្មែរក្រហម។ មិត្តប្រធានបានប្រាប់ខ្ញុំឱ្យជ្រើសរើសថា រៀបការ ឬទៅធ្វើការនៅចម្ការដំឡូង។ ខ្ញុំមិនប្រាកដថាតើខ្មែរក្រហមនឹងសម្លាប់ខ្ញុំនៅចម្ការដំឡូងនោះ ឬយ៉ាងណាទេ។ នៅព្រឹកបន្ទាប់ ខ្ញុំត្រូវបានដឹកទៅចម្ការដំឡូងដើម្បីធ្វើការជាមួយមិត្តនារី៤នាក់ផ្សេងទៀតដែលបានបដិសេធមិនរៀបការដូចខ្ញុំដែរ។ យើងត្រូវបានខ្មែរក្រហមតាមដានគ្រប់ពេល។ ប្រសិនបើយើងប្រព្រឹត្តកំហុកឆ្គងណាមួយ យើងនឹងត្រូវបានចាប់យកទៅសម្លាប់មិនខាន។ ខ្ញុំរស់នៅក្នុងភាពភ័យខ្លាច។ នៅពេលយប់ ខ្ញុំតែងតែឃើញខ្មែរក្រហមបណ្ដើរមនុស្សយកទៅសម្លាប់។

នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបាន ផ្លាស់ មកច្រូតស្រូវ។ ខ្ញុំរស់នៅយ៉ាងលំបាក ដោយសារមានអ្នកចាំឃ្លាំមើលរាល់សកម្មភាពការងាររបស់ខ្ញុំ ពីព្រោះខ្ញុំជាប្រជាជនថ្មី (ប្រជាជន៧៥) មកពីទីរួមខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧៨ ខ្ញុំ និងមិត្តនារីផ្សេងទៀត ត្រូវបានបញ្ជូនទៅលើទំនប់នៅតំបន់៥។ ខ្ញុំត្រូវក្រោកពីព្រលឹមទល់ព្រលប់ដើម្បីរែកដី។ នៅខែភ្លឺ ខ្ញុំត្រូវធ្វើការបន្ថែមទៀត គឺចាប់ពីម៉ោង ៨យប់ដល់ ម៉ោង ១២ពាក់កណ្តាលអធ្រាត្រ។ ខ្ញុំបន្តលើកទំនប់ រហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមករំដោះ នៅដើមឆ្នាំ១៩៧៩។ នៅពេលនោះ ខ្ញុំមិនបានវិលត្រឡប់មកខេត្តកំពង់ចាមវិញទេ គឺខ្ញុំបានភៀសខ្លួនទៅរស់នៅតាមជួរភ្នំដងរែក។ ក្រោយមកទៀត ខ្ញុំត្រូវបានបញ្ជូនឱ្យទៅរស់នៅជំរំជនភៀសខ្លួន សាយធូ ស្ថិតនៅព្រំដែនខ្មែរ-ថៃ។ ខ្ញុំរស់នៅទីនោះជាច្រើនខែ ហើយក្រោយមកខ្ញុំបានដឹងថា បងថ្លៃ និងក្មួយរបស់ខ្ញុំត្រូវបានទទួលយកទៅរស់នៅប្រទេសទីបី។ ឈ្មោះរបស់ខ្ញុំក៏ស្ថិតក្នុងបញ្ជីផងដែរ ប៉ុន្តែដោយបារម្ភពីគ្រួសារខ្ញុំនៅខេត្តកំពង់ចាម ខ្ញុំក៏សម្រេចចិត្តមិនចេញទៅរស់នៅក្រៅប្រទេស និងវិលត្រឡប់ទៅជួបជុំឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំវិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនមានទំនាក់ទំនងជាមួយបងថ្លៃ និងក្មួយដែលចេញទៅរស់នៅក្រៅប្រទេសនោះទេ។ សារចុងក្រោយរបស់ខ្ញុំទៅកាន់កូនក្មួយទាំងអស់គ្នានាពេលនេះ គឺខ្ញុំឆ្អែតនឹងសង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំឆ្អែតនឹងការរត់គេចគ្រាប់, ជីកប្រឡាយ និងលើកទំនប់។ ខ្ញុំបាក់ស្បាតចំពោះការងារទាំងអស់នេះ។ ខ្ញុំមិនចង់ឱ្យរឿងទាំងអស់នេះកើតឡើងទៀតទេ។ ខ្ញុំនៅរស់ជីវិតម្ដងទៀត បន្ទាប់ពីរំដោះឆ្នាំ១៩៧៩»។

បន្ទាប់ពីវាគ្មិនចែករំលែកបទពិសោធន៍រួច សិស្សបានចូលរួមកិច្ចពិភាក្សាដោយលើកជាសំណួរដូចខាងក្រោម ៖

សំណួរទី ១៖ ហេតុអ្វីបានជាមានកុមារកំព្រានៅកម្ពុជាច្រើន បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរំលំ?

សំណួរទី ២៖ តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា?

សំណួរទី ៣៖ តើជីវិតរស់នៅក្នុងជំរំជនភៀសខ្លួនយ៉ាងដូចម្ដេច?

សំណួរទី ៤៖ តើប្រទេសណាខ្លះទទួលយកជនភៀសខ្លួនកម្ពុជា?

សំណួរទី ៥៖ តើអ៊ំស្រី គឹម សាត បានបាត់បង់សមាជិកគ្រួសារដែរឬទេ?

នៅចុងបញ្ចប់នៃវេទិកាស្រាវជ្រាវនេះ សិស្សបន្តចុះទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍ នៅកោះសូទិន និងស្រុកកំពង់សៀម។ ស្ដូបរំឭកសម្រាប់សហគមន៍ ផ្តល់ជាវេទិកាផ្ទាល់និងជានិមិត្តរូបសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអ្នកដែលមានពិការភាពដើម្បីផ្សាភ្ជាប់ ប្រាស្រ័យទាក់ទង និងចែករំលែកបញ្ហាប្រឈមដែលតែងជួបប្រទះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាទូទៅដើម្បីដោះស្រាយ។ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺផ្តល់ឱកាសឱ្យសិស្សបញ្ចេញមតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបទពិសោធន៍ បញ្ហាប្រឈម និងការជម្នះរាល់ឧបសគ្គរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអ្នកមានពិការភាព តាមរយៈការប្រាស្រ័យទាក់ទង និងចែករំលែកបទពិសោធន៍ពីអតីតកាល។

នៅក្នុងឱកាសនេះដែរ សិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

វ៉ន ស្រីណា សិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ នៅស្រុកជើងព្រៃ លើកឡើងថា «ខ្ញុំទទួលបានចំណេះដឹងថ្មីៗជាច្រើនពីវេទិកាស្រាវជ្រាវនេះ។ ពីមុនខ្ញុំមិនដឹងថា ប្រជាជនកម្ពុជាទៅរស់នៅតាមបណ្ដាប្រទេសផ្សេងដោយសារមូលហេតុអ្វីទេ គឺខ្ញុំទើបតែដឹងថាដោយសារតែសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ លើសពីនេះ ខ្ញុំស្តាប់សាច់រឿងផ្ទាល់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលអាចឱ្យខ្ញុំដឹងពីដំណើរជីវិតរបស់គាត់ទាំងស្រុង។ ខ្ញុំធ្លាប់តែឮយាយតាប្រាប់ខ្ញុំ។ អ្វីដែលខ្ញុំទទួលបាននៅថ្ងៃនេះ ខ្ញុំនឹងយកទៅចែករំលែកជាមួយគ្រួសាររបស់ខ្ញុំនៅផ្ទះ និងមិត្តភក្តិនៅសាលា។ ខ្ញុំនឹងសួរតាយាយរបស់ខ្ញុំថា តើគាត់បានរត់ទៅដល់ជំរំជនភៀសខ្លួនដែរឬទេ»។

វឿន សុវណ្ណារី សិស្សថ្នាក់ទី ១១នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ នៅស្រុកជើងព្រៃ រៀបរាប់ថា ៖ «ខ្ញុំទទួលបានចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងយល់ដឹងពីបទពិសោធន៍លំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បើទោះបីជារបបខ្មែរក្រហមដួលរលំនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ក៏ដោយ ប្រជាជនកម្ពុជានៅតែប្រឈមនឹងបញ្ហាលំបាកជាច្រើន មានដូចជា កុមារកំព្រា ការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងជំងឺ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ក្នុងកិច្ចសន្ទនាជាមួយអ៊ំ គឹម អាត នោះគឺបទពិសោធន៍របស់គាត់នៅជំរំជនភៀសខ្លួននៅព្រំដែនខ្មែរថៃ។ អ៊ំស្រី គឹម សាត មានឱកាសទៅរស់នៅក្នុងជីវិតដ៏ល្អប្រសើរនៅប្រទេសផ្សេង ប៉ុន្តែអ៊ំស្រីបានជ្រើសរើសវិលត្រឡប់មកជួបជុំជាមួយគ្រួសារក្នុងប្រទេសវិញ។ ខ្ញុំក៏មានឱកាសចុះទស្សនកិច្ចទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍ ដែលខ្ញុំអាចឈ្វេងយល់អំពី ប្រវត្តិសាស្រ្តដែលបានកើតឡើងនៅក្នុងភូមិដែរ»។

អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖