សិស្សវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ ចូលរួមវេទិកាថ្នាក់រៀនស្តីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ដោយមានសិស្សវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យចំនួន២០នាក់ចូលរួម។ វិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ មានទីតាំងស្ថិតនៅក្រុងសំរោង ខេត្ដឧត្ដរមានជ័យ និងមានចម្ងាយប្រមាណជាង៨០គីឡូម៉ែត្រពីមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ វិទ្យាល័យនេះស្ថិតនៅក្នុងចំណោមវិទ្យាល័យចំនួន៦ផ្សេងទៀត ដែលបានចូលរួមវេទិកាថ្នាក់រៀនរបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងកន្លងមក។

វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់សិស្សពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ វេទិកាថ្នាក់រៀនផ្ដោតសំខាន់ទៅលើប្រធានបទ «ការជម្លៀសដោយបង្ខំ» នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅមុនពេលចាប់ផ្ដើមវេទិកាថ្នាក់រៀន សិស្សបានបំពេញសំណួរស្ទាបស្ទង់ចំណេះដឹងមុនវេទិកាថ្នាក់រៀន ដើម្បីឆ្លុះបញ្ចាំងពីចំណេះដឹងដែលខ្លួនមានទាក់ទងនឹងរបបខ្មែរក្រហម។ ការស្ទាបស្ទង់មតិនេះបានបង្ហាញថា សិស្សភាគច្រើនបានយល់ដឹងទៅលើ របបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត ឬ សាឡុត ស, មេដឹកនាំខ្មែរក្រហមមានមនោគមន៍វិជ្ជាជ្រុលនិយម, របបខ្មែរក្រហមគឺជារបបប្រល័យពូជសាសន៍លើជនជាតិខ្មែរគ្នាឯង, ខ្មែរក្រហមបានប្រើទារុណកម្មព្រៃផ្សៃទៅលើអ្នកទោស, ខ្មែរក្រហមបានជិះជាន់ និងប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើប្រជាជន យុវជន និងកុមារ, កុមារក្នុងរបបខ្មែរក្រហមបានស៊ើបការឪពុកម្ដាយរបស់ខ្លួនដើម្បីរាយការណ៍ឲ្យខ្មែរក្រហម, ខ្មែរក្រហមលុបបំបាត់ចោលសាលារៀន មន្ទីរពេទ្យ វត្ដអារាម ជំនឿ សាសនា វប្បធម៌ និងអរិយធម៌, ខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់រង្គាលលើប្រជាជន។ នៅក្នុងរបបខ្មែរក្រហមប្រជាជនមិនបានទទួលការអប់រំ, ហើយមូលហេតុដែលនាំឲ្យកើតមានរបបខ្មែរក្រហម បណ្ដាលមកពីការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ក្នុងឆ្នាំ១៩៧០។ របបខ្មែរក្រហមបានបំបិទសិទ្ធិគ្រប់បែបយ៉ាង ហើយការរស់នៅរបស់ប្រជាជនដូចក្នុងគុកឥតជញ្ជាំង។ នៅក្នុងរបបខ្មែរក្រហមប្រជាជនធ្វើការងារដូចសត្វពាហនៈ, ប្រជាជនមិនទទួលបានថ្នាំសង្កូវនៅពេលឈឺថ្កាត់, ប្រជាជនរស់នៅបែកបាក់ក្រុមគ្រួសារ , ហូបចុកមិនគ្រប់គ្រាន់។ ខ្មែរក្រហមបានសម្លាប់អ្នកចេះដឹង។ របបខ្មែរក្រហមមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ តែបានបន្សល់ទុកនូវស្ដ្រីមេម៉ាយ ក្មេងកំព្រា និងចាស់ជរាយ៉ាងច្រើន។ នៅក្នុងរបបខ្មែរក្រហមប្រទេសជាតិធ្លាក់ចុះគ្រប់វិស័យ,ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ និងបាត់បង់សន្ដិភាព។ ចំណេះដឹងទាំងនេះគឺសិស្សទទួលការអប់រំ តាមរយៈឪពុកម្ដាយ យាយតា, សាលារៀន, ព័ត៌មាន, ឯកសារ, សៀវភៅ, វិទ្យុ, ទូរទស្សន៍, ទូរសព្ទ, ប្រព័ន្ធអ៊ីនធើណេត ឌីជីថល និងការសិក្សាប្រវត្ដិសាស្រ្ដខ្មែរ។

បន្ទាប់មក បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានធ្វើបទបង្ហាញលើប្រធានបទ «ការជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហមមាន៣ដំណាក់កាល» ។ ដំណាក់កាលទី១៖ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ (រួមទាំងការផ្លាស់ទីដោយរថភ្លើងរយៈពេល៦ខែក្រោយមកទៀត)។ ខ្មែរក្រហមបានយកហេតុផលថា ខ្លាចអាមេរិកាំងទម្លាក់គ្រាប់បែក ខ្វះមធ្យោបាយដឹកស្បៀងឲ្យប្រជាជន និងត្រូវបោសសម្អាតខ្មាំង។ ប្រជាជនប្រមាណ២លាននាក់ ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ។ នៅក្នុងពេលនោះ អតីតទាហាន និងមន្រ្ដីរដ្ឋការ លន់ នល់ ចន្លោះពី២ពាន់ ទៅ៨ពាន់នាក់ត្រូវបានខ្មែរក្រហមដឹកទៅសម្លាប់នៅទួលពោធិ៍ជ្រៃដែលស្ថិតនៅកៀកនឹងបឹងទន្លេសាបក្នុងខេត្ដពោធិ៍សាត់។ អតីតទាហាន និងមន្រ្ដីរដ្ឋការទាំងនោះ ត្រូវបានខ្មែរក្រហមប្រាប់ថាឲ្យចូលគាល់សម្ដេចព្រះនរោត្ដ សីហនុ និងចូលរួមវគ្គបណ្ដុះបណ្ដាល។ ដំណាក់កាលទី២៖ ចាប់ពីចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ទៅកាន់ផ្នែកផ្សេងទៀតក្នុងប្រទេសកម្ពុជាដោយកុហកថាសម្បូរអាហារច្រើន និងដីមានជីជាតិសម្រាប់ការដាំដុះ។ ដំណាក់កាលទី៣ ៖ ចាប់ពីចុងឆ្នាំ១៩៧៧ ដល់ចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសប្រជាជនពីភូមិភាគបូព៌ា (ភាគច្រើនប្រជាជនមកពីខេត្ដព្រៃវែង និងខេត្ដស្វាយរៀង) ទៅកាន់ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ក្នុងគោលបំណងបោសសម្អាតកម្មាភិបាលក្បត់ដែលបានចូលដៃចូលជើងជាមួយវៀតណាមកំឡុងពេលប៉ះទង្គិចគ្នា។ ប្រជាជនដែលខ្មែរក្រហមជម្លៀសត្រូវបានសម្គាល់ដោយការបង់កក្រមាពណ៌ខៀវ។ មធ្យោបាយដឹកជញ្ជូនរបស់ខ្មែរក្រហមនៅពេលនោះ គឺរថភ្លើង រទេះគោ ឡាន និងថ្មើរជើង។ នៅក្នុងទូរថភ្លើងនីមួយៗផ្ទុកមនុស្សប្រមាណ១០០នាក់ និងពុំមានអាហារហូបចុកគ្រប់គ្រាន់ឡើយ។ ការជម្លៀសដោយបង្ខំ គឺជាឧក្រិដ្ឋកម្មមួយដែលត្រូវបានហាមឃាត់ដោយច្បាប់អន្ដរជាតិ។ ការជម្លៀសដោយបង្ខំគឺជាទង្វើដែលបំពារបំពានសិទ្ធិមនុស្សជាមូលដ្ឋានដែលរួមមានសិទ្ធិក្នុងការរស់រាននៅក្នុងផ្ទះសម្បែងរបស់បុគ្គលប្រកបដោយសុវត្ថិភាព និងកិត្ដិយស។

បន្ទាប់មកទៀត បណ្ឌិត លី សុខឃាង បញ្ចាំងខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «គុកទួលស្លែង» ឲ្យសិស្សទស្សនា។ ខ្សែភាពយន្តឯកសារ «គុកទួលស្លែង» ត្រូវបានថតដោយអ្នកថតរូបជនជាតិវៀតណាមម្នាក់ឈ្មោះ ហូ វ៉ាន់តាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៧៩ កំឡុងពេលបំពេញបេសកកម្មជាមួយកងទ័ពស្ម័គ្រចិត្ដវៀតណាមដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។ គុកនេះគឺជាទីតាំងប្រព្រឹត្ដបទឧក្រិដ្ឋដ៏ព្រៃផ្សៃបំផុតមួយក្នុងចំណោមគុកជិត២០០កន្លែងទៀតរបស់ខ្មែរក្រហម។

នៅផ្នែកចុងក្រោយនៃវេទិកាថ្នាក់រៀន សិស្សរៀនពីវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត ហើយក្នុងឱកាសនោះសិស្សបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀនដូចខាងក្រោម ៖

ខ្ញុំឈ្មោះ ថាន ចរិយា ភេទស្រី អាយុ១៨ឆ្នាំ មកពីវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ។ ខ្ញុំចាប់អារម្មណ៍ទៅលើគ្រោងឆ្អឹងជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម។ ខ្មែរក្រហមបានសម្លាប់យ៉ាងរង្គាលទៅលើប្រជាជននៅពេលជម្លៀសដំបូងនៅក្នុងឆ្នាំ១៩៧៥។ ខ្មែរក្រហមបានបោកបញ្ឆោតប្រជាជនថាត្រូវសម្អាតទីក្រុងភ្នំពេញ ខ្វះមធ្យោបាយដឹកស្បៀងអាហារ និងខ្លាចអាមេរិកទម្លាក់គ្រាប់បែក ជាដើម។ ដូច្នេះយើងត្រូវលុបបំបាត់ចោលអំពើប្រល័យពូជសាសន៍ដូចក្នុងរបបខ្មែរក្រហម ព្រោះប្រជាជនរាប់លាននាក់បានទទួលរងការឈឺចាប់ ចំណែកអ្នកចេះដឹងត្រូវបានសម្លាប់ ធ្វើឲ្យការអភិវឌ្ឍន៍ប្រទេសមានភាពយឺតយ៉ាវ។

ខ្ញុំឈ្មោះ តារា ភារៈ ភេទប្រុស អាយុ១៧ឆ្នាំ មកពីវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ។ ខ្ញុំសប្បាយចិត្ដដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្ញុំទទួលបានចំណេះដឹងពីប្រវត្ដិសាស្រ្ដនេះកាន់តែច្បាស់ជាងមុន។ នៅពេលយើងក្រឡេកទៅមើលប្រវត្ដិសាស្រ្ដរបស់សង្គមយើងនៅក្នុងរបបខ្មែរក្រហមគឺពោរពេញទៅដោយអំពើឃោរឃៅ ការបង្ខិតបង្ខំ ជាពិសេសការបំបិទសិទ្ធិសេរីភាព និងការកាប់សម្លាប់មនុស្ស។ យើងបានឃើញវិនាសកម្មនៃសង្គ្រាមដែលបណ្ដាលឲ្យបាត់បង់អាយុជីវិតមនុស្ស និងធនធានសម្រាប់ជាតិ។ ខ្ញុំយល់ថាវិធីសាស្រ្ដបង្រៀននៅក្នុងវេទិកាថ្នាក់រៀនដោយជ្រើសយករូបភាពមកពិភាក្សា និងបង្ហាញ បានជំរុញឲ្យខ្ញុំយល់ដឹងបានច្រើនជាងមុន ព្រោះពីមុនខ្ញុំមិនធ្លាប់បានឃើញរូបភាព ឬទិដ្ឋភាពនៅក្នុងរបបខ្មែរក្រហមច្បាស់ៗបែបនេះទេ។ ខ្ញុំបានឃើញមនុស្សស្លាប់នៅក្នុងគុកទួលស្លែងដែលមានភាពសាហាវព្រៃផ្សៃតាមរយៈថត និងវីដេអូដ៏កម្រ។ ក្នុងនាមយើងជាយុវជន ដើម្បីទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងម្ដងទៀត យើងត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃការអប់រំចាប់ពីកម្រិតបឋមសិក្សារហូតដល់បញ្ចប់ការសិក្សាអំពីការបញ្ចប់សង្គ្រាម និងផលអវិជ្ជមាននៃសង្គ្រាម។ យើងត្រូវប្រឆាំងអំពើហិង្សាក្នុងកម្រិតសហគមន៍ ឬ កម្រិតជាតិ ជាពិសេសយើងរួមគ្នាទប់ស្កាត់កុំឲ្យកើតមានសង្គ្រាមម្ដងទៀត។ ជាសំណូមពរ ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយរៀនសូត្រពីប្រវត្ដិសាស្រ្ដឲ្យបានច្រើនដើម្បីឲ្យចេះភ័យខ្លាច និងចេះទប់ស្កាត់ ព្រោះវាក៏នឹងអាចកើតឡើងម្ដងទៀតដែរ។

ខ្ញុំឈ្មោះ ថង សត្រារិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មកពីវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ។ខ្ញុំយល់ថា របបកម្ពុជាប្រជាធិបតេយ្យគឺជារបបមួយដែលផ្ដាច់ការ បំបិទសិទ្ធិសេរីភាព និងបណ្ដាលឲ្យប្រជាជនខ្មែរស្លាប់បាត់បង់ជីវិតជាច្រើនលាននាក់។ ប្រសិនបើខ្ញុំស្ថិតក្នុងជំនាន់នោះ ខ្ញុំនឹងក្រោកឡើងដើម្បីប្រឆាំងបើទោះបីជាខ្ញុំត្រូវស្លាប់ក៏ដោយ។ យើងមិនត្រូវឲ្យរបបនេះកើតឡើងម្ដងទៀតនោះទេ។

ខ្ញុំឈ្មោះ ឡូត សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មកពីវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ។ ខ្ញុំតក់ស្លុតនៅពេលបានរៀនពីប្រវត្ដិសាស្រ្ដខ្មែរក្រហម និងបានឃើញរូបភាពនៃអំពើឃោរឃៅ។ ប៉ុន្ដែខ្ញុំត្រូវតែមើលរូបភាពទាំងនោះ ដើម្បីចំណេះដឹង និងកត្ដាដែលជំរុញឲ្យមានអំពើឃោរឃៅនោះ។ តាមរយៈវេទិកាថ្នាក់រៀនស្ដីពី ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតយ្យ (១៩៧៥-១៩៧៩) ខ្ញុំបានយល់ដឹងអំពីការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម ដែលបណ្ដាលឲ្យប្រជាជនបានបាត់បង់ផ្ទះសម្បែង បែកបាក់ក្រុមគ្រួសារ ទទួលរងការភ័យខ្លាច និងគ្មានសិទ្ធិសេរីភាព។ ក្នុងវេទិកានេះ ខ្ញុំចាប់អារម្មណ៍ទៅលើរូបភាពដែលបង្ហាញអំពីការរស់ឡើងវិញនៃប្រជាជនកម្ពុជាក្រោយរបបខ្មែរក្រហម។ ប្រជាជនបានរួចផុតពីទុក្ខទោស ការបង្ខិតបង្ខំ ទារុណកម្ម និងមានអាហាហូបគ្រប់គ្រាន់។

ខ្ញុំឈ្មោះ តឺន ឧត្ដម ភេទប្រុស អាយុ១៩ឆ្នាំ មកពីវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ។ នៅពេលរំឭកដល់ការជម្លៀសដោយបង្ខំក្នុងជំនាន់ខ្មែរក្រហម ខ្ញុំនឹកដល់កលល្បិចរបស់ខ្មែរក្រហមដែលបានបោកបញ្ឆោតឲ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញ ប៉ុន្ដែខ្មែរក្រហមខ្លួនឯងផ្ទាល់បានរស់នៅក្រុងភ្នំពេញទៅវិញ។ ប្រជាជនត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួនទៅធ្វើស្រែចម្ការនៅទីជនបទដាច់ស្រយាល។ ខ្ញុំចាប់អារម្មណ៍លើរូបភាពនៃការជម្លៀសប្រជាជន និងការសម្លាប់ប្រជាជន។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖