កម្មវិធីផ្សាយសំឡេង តាមស្ថានីយ៍វិទ្យុអេហ្វអឹមជាតិ ភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង ដើម្បីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

មជ្ឈមណ្ឌលឯកសារកម្ពុជា សហការបង្កើតកម្មវិធីវិទ្យុជាមួយស្ថានីយ៍វិទ្យុអេហ្វអឹមជាតិ ភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង សម្រាប់ផ្សព្វផ្សាយកម្មវិធីអប់រំស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងលើកកម្ពស់សិទ្ធិនិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលប្រព្រឹត្តទៅជារៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង១រសៀល ហើយចាក់ផ្សាយឡើងវិញនៅរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ការផ្សាយនេះ ផ្តោតជាសំខាន់ទៅលើ៖ (១) បទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម និងបង្ហាញពីវិធីសាស្ត្របង្រៀនមេរៀនប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ទៅកាន់អ្នកស្តាប់ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្មេងៗជំនាន់ក្រោយ។ (២) ការលើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនពិការ និង(៣) ការផ្តល់នូវកិច្ចការស្រាវជ្រាវនៅតាមមូលដ្ឋាន ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាល ស្តីអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតនិងជនពិការពីរបបខ្មែរក្រហម។

ស្ថានីយ៍វិទ្យុអេហ្វអឹមជាតិ ភ្នំក្រាំងដីមាស មន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង។ (សេង លីរតនៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា) 

សម្រាប់ការផ្សាយពីនាទីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងជាអ្នកដែលធ្លាប់បង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅតាមសាលារៀននានាក្នុងទូទាំងប្រទេសកម្ពុជា ចូលរួមជាវាគ្មិនប្រចាំថ្ងៃសម្រាប់ការពិភាក្សាពីមាតិកាប្រវត្តិសាស្ត្រ វិធីសាស្ត្របង្រៀន និងបទពិសោធន៍ផ្ទាល់ខ្លួនឆ្លងកាត់របបខ្មែរក្រហម តាមការរៀបចំរបស់កម្មវិធីវិទ្យុដូចតទៅ៖ (១) អធិប្បាយដោយសង្ខេបពីមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយប្រើប្រាស់ជំពូកនៃមេរៀនទាំងអស់ដែលមាននៅក្នុងសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)»។ (២) ពន្យល់ពីវិធីសាស្ត្របង្រៀននៃមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយប្រើប្រាស់សៀវភៅ «ណែនាំសម្រាប់គ្រូបង្រៀន ស្តីពីការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ»។ (៣) វេទិកាពិភាក្សា និងផ្តល់ចម្លើយចំពោះសំណួរដែលមានពីអ្នកស្តាប់។ (៤) និយាយពីបទពិសោធន៍ផ្ទាល់ខ្លួនឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាឧទាហរណ៍បន្ថែមទៅលើមេរៀនប្រវត្តិសាស្ត្រ និង(៥) ពិភាក្សាពីកិច្ចការស្រាវជ្រាវទាក់ទងនឹងប្រធានបទ «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម» តាមរយៈសំណេរស្រាវជ្រាវ វីដេអូឯកសារ និងការពិភាក្សាផ្ទាល់មាត់។

ឧបករណ៍ផ្សាយសំឡេងរបស់ស្ថានីយ៍វិទ្យុអេហ្វអឹមជាតិ ភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង។ (សេង លីរតនៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សម្រាប់កម្មវិធីផ្សាយនាទីស្តីពីការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម អ្នកសម្របសម្រួលកម្មវិធីវិទ្យុ ដែលទទួលបានការចង្អុលបង្ហាញពីមជ្ឈមណ្ឌលឯកសារកម្ពុជាលើគម្រោង  នឹងធ្វើការពន្យល់បកស្រាយច្បាស់លាស់ពី៖ (១) គោលបំណងរបស់គម្រោង។ (២) ផែនការសកម្មភាពការងារដែលគ្របដណ្តប់ក្នុងទូទាំងប្រទេសកម្ពុជា។ (៣) តួនាទីនិងភារកិច្ចរបស់អ្នកស្ម័គ្រចិត្តកម្ពុជា។ (៤) ការពន្យល់ពីការប្រើប្រាស់ទម្រង់សំណួរស្ទាបស្ទង់មតិ។ (៥) អត្ថប្រយោជន៍ដែលអ្នកស្ម័គ្រចិត្តកម្ពុជានឹិងទទួលបានពីគម្រោងដូចជា បទពិសោធន៍ការងារ ទំនាក់ទំនងអន្តរជំនាន់ជាមួយអ្នករស់រានមានជីវិត ការបំពេញបន្ថែមនូវចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍។ (៦) តួនាទីរបស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមក្នុងការចូលរួមសហការ និងផ្តល់មេរៀនជីវិតផ្ទាល់ខ្លួនដល់ក្មេងៗជំនាន់ក្រោយដើម្បីស្តាប់និងរៀនសូត្រក្នុងន័យចងចាំនិងទប់ស្កាត់អំពើប្រល័យពូជសាសន៍ និង(៧) អត្ថប្រយោជន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនពិការ ដែលទទួលបានពីគម្រោងដូចជា ការទទួលបានការពិនិត្យនិងព្យាបាលសុខភាពជាប្រចាំនៅមន្ទីរពហុព្យាបាលឯកជនដែលបានសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងការអប់រំពីបញ្ហាសុខភាពពីអ្នកជំនាញនិងវេជ្ជបណ្ឌិតល្បីៗ ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

សេង លីរតនៈ អ្នកសម្របសម្រួលកម្មវិធីវិទ្យុអេហ្វអឹមជាតិ ភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង។ (សេង លីរតនៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សូមរំឮកថា មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្លាប់បានរៀបចំកម្មវិធីផ្សាយសម្លេងតាមវិទ្យុដដែលនេះម្តងរួចមកហើយកាលពីឆ្នាំ២០១៧-២០១៨ ស្តីអំពីការរៀននិងបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យជាមួយគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា ដែលធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ស្តីអំពីវិធីសាស្ត្រនៃការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការពិភាក្សាពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមជាមួយអ្នករស់រានមានជីវិតមកពីស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ២០២១នេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបន្ត និងពង្រីកបន្ថែមនូវកម្មវិធីលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម។

ស្របពេលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបិទបញ្ចប់កិច្ចការរបស់ខ្លួននៅត្រឹមពេលនេះ ស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតទាំងអស់ កាន់តែត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់ ហើយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវិដ-១៩នាពេលបច្ចុប្បន្ន ក៏កាន់តែជម្រុញឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា គិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់។ ការផ្សព្វផ្សាយកម្មវិធីតាមវិទ្យុនាពេលនេះ គឺជាការចាប់ផ្តើមផ្សព្វផ្សាយជាលើកដំបូងនៅក្នុងខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ២០២១ ហើយមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងបន្តធ្វើកិច្ចការដូចគ្នានេះ នៅតាមបណ្តាខេត្តមួយចំនួនទៀតក្នុងទូទាំងប្រទេស។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៤នាក់ នៅភូមិឈើទាលជ្រុំ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ