ឡុង ចាំ ៖ ខ្ញុំបានផ្អាកលេបថ្នាំលើសឈាម ដោយសារខ្ញុំកើតមានជំងឺថ្មីៗច្រើនមុខទៀត

ខ្ញុំឈ្មោះ ឡុង ចាំ ហៅ ហុង ភេទប្រុស អាយុ៧៩ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ សព្វថ្ងៃខ្ញុំធ្វើស្រែ និងចុងភៅ។ ស្ថានភាពគ្រួសាររបស់ខ្ញុំមានជីវភាពមធ្យម។ ចំណែកសុខភាពបច្ចុប្បន្ន ខ្ញុំមានជំងឺលើសឈាម ជំងឺក្រពះ ជំងឺថ្លើម ជំងឺលើសជាតិអាស៊ីត និងខ្វះគ្រាប់ឈាមក្រហម។

ខ្ញុំធ្លាប់បានជួបជាមួយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចំនួនពីរដង។ លើកទីមួយ ខ្ញុំបានជួបសម្ភាសន៍ពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហមជាមួយចៅស្រី ធីតា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជានៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ហើយលើកទីពីរ ខ្ញុំបានចូលរួមវេទិកាអប់រំពីថែទាំសុខភាព និងការពិនិត្យសុខភាព និងពិគ្រោះយោបល់ពីបញ្ហាសុខភាព នៅក្នុងឃុំក្ដាញ់ ជាមួយក្រុមគ្រូពេទ្យ និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំចាំបានថា ពេលដែលខ្ញុំជួបជាមួយចៅស្រី ធីតា ខ្ញុំបាននិយាយប្រាប់ពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមថា «ខ្ញុំធ្វើការងារហត់នឿយណាស់ និងធ្លាប់ត្រូវក្រុមឈ្លបហៅទៅណែនាំទៀតផង»។ ខ្ញុំពេញចិត្តចំពោះការជួបនិយាយជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាដែលបានមកសម្ភាសន៍ ព្រោះខ្ញុំចង់បង្ហាញឲ្យកូនចៅជំនាន់ក្រោយបានដឹងពីទុក្ខលំបាករបស់ចាស់ៗជំនាន់មុន។

នៅថ្ងៃមួយ ប្រធានភូមិបានមកអញ្ជើញខ្ញុំឲ្យទៅចូលរួមក្នុងវេទិកាអប់រំអំពីការថែទាំសុខភាព ការពិនិត្យសុខភាព និងការពិគ្រោះយោបល់ពីបញ្ហាសុខភាពនៅភូមិសម្ដេចពាន់។ ខ្ញុំបានសួរគាត់ពីគោលបំណងនៃការចូលរួមប្រជុំ។ ប្រធានភូមិបានប្រាប់ខ្ញុំថា ទៅចូលរួមដើម្បីបានទទួលសេវាពិនិត្យសុខភាព រកប្រភេទជំងឺដែលមាន និងស្តាប់ការណែនាំអំពីការថែរក្សាសុខភាព។ ប្រពន្ធរបស់ខ្ញុំក៏បានទៅចូលរួមដែរ ហើយមិនមានសមាជិកក្នុងគ្រួសារណាម្នាក់ មករារាំង ឬហាមឃាត់មិនឲ្យខ្ញុំចូលរួមកម្មវិធីនេះទេ។ កូន និងចៅរបស់ខ្ញុំ គឺជាអ្នកជូនខ្ញុំ និងប្រពន្ធទៅដល់ទីតាំងទៀតផង។ ខ្ញុំពេញចិត្តនឹងចូលរួមក្នុងកម្មវិធីនេះណាស់។

មុននឹងចូលរួមក្នុងកម្មវិធីនេះ ខ្ញុំគិតថា ខ្ញុំនឹងទទួលបានថ្នាំពេទ្យខ្លះមកព្យាបាលជំងឺដែលកំពុងតែកើតមានមកលើខ្ញុំ និងទទួលបានសេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ ព្រមទាំងទទួលបានការអប់រំពីសុខភាពទៀតផង។ ខ្ញុំគិតទៀតថា ខ្ញុំអាចនឹងត្រូវគ្រូពេទ្យបញ្ជូនខ្ញុំឲ្យមកព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញដែរ។

ក្នុងពេលធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំ ខ្ញុំពុំបានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីធ្វើដំណើរទៅចូលរួមឡើយ។ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ប្រាក់ខ្លះដល់ខ្ញុំដើម្បីបានធ្វើដំណើរមកចូលរួមទាំងទៅនិងមក។ ខ្ញុំមិនមានការធុញទ្រាន់ក្នុងការចូលរួមក្នុងកម្មវិធីនេះទេ ព្រោះខ្ញុំសប្បាយចិត្តនៅពេលបានជួបជុំគ្នា និងបានពិគ្រោះយោបល់ពីបញ្ហាសុខភាពរបស់ខ្ញុំ។ កាលនោះខ្ញុំនៅចាំថា ក្នុងកម្មវិធីនោះបានរៀបចំឡើងដើម្បីផ្ដល់សេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ និងផ្ដល់ការអប់រំពីបញ្ហាសុខភាព។ ខ្ញុំទទួលបានចំណេះដឹងពីកម្មវិធីនេះច្រើន។ ខ្ញុំយល់ដឹងពីការថែទាំសុខភាព ជាពិសេសការថែទាំជំងឺប្រចាំកាយដែលកំពុងកើតមានរាល់ថ្ងៃ ដោយខ្លួនឯង។ ខ្ញុំយល់ដឹងពីការជ្រើសរើម្ហូបអាហារដែលអាចទ្រទ្រង់ដល់សុខភាព និងម្ហូបអាហារដែលគួរជៀសវាង។ ខ្ញុំសូមរំឭកបន្តិចដែរថា ថ្ងៃមួយ ខ្ញុំភ្លេចខ្លួន! ខ្ញុំហូបគ្រឿងសមុទ្រពីរពេល។ សុខភាពខ្ញុំចាប់ផ្តើមទ្រុឌទ្រោមភ្លាមៗ។ ខ្ញុំបានទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានប្រាប់ថា មកពីខ្ញុំហូបអាហារខុស។ ខ្ញុំនៅចាំបានទៀតថា ខ្ញុំយល់ដឹងពីការប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវតាមប្រភេទជំងឺ។ ខ្ញុំយល់ដឹងពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។ ខ្ញុំបានដឹងពីទីកន្លែង ឬមន្ទីរពេទ្យដែលខ្ញុំគួរទៅ ដើម្បីពិនិត្យសុខភាព ឬព្យាបាលជំងឺ។ ក្នុងកម្មវិធីដែលខ្ញុំបានចូលរួមនេះ ខ្ញុំបានទទួលសេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ ទទួលការអប់រំពីបញ្ហាសុខភាព និងទទួលបានថវិកាសម្រាប់សោហ៊ុយធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី។

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីនេះរួច ខ្ញុំបានចែករំលែកព័ត៌មានដល់អ្នកជិតខាង និងបងប្អូនខ្ញុំឲ្យបានយល់ដឹងអំពី ការថែទាំសុខភាព ជាពិសេសការថែទាំជំងឺប្រចាំកាយដែលកំពុងកើតមានរាល់ថ្ងៃដោយខ្លួនឯង, ការប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវតាមប្រភេទជំងឺ, សារសំខាន់នៃការពិនិត្យសុខភាពជាប្រចាំ, ការធ្វើលំហាត់ប្រាណ ទីកន្លែង ឬមន្ទីរពេទ្យដែលខ្ញុំគួរទៅពិនិត្យសុខភាព ឬព្យាបាលជំងឺ។

ភ្លាមៗបន្ទាប់ពីបានចូលរួមក្នុងកម្មវិធីនេះ និងទទួលបានក្រដាស់ទិញថ្នាំ (វេជ្ជបញ្ជា) រួច ខ្ញុំបានទៅទិញថ្នាំពីកន្លែងលក់ថ្នាំនៅខេត្តតាកែវ មកលេបតាមការណែនាំ។ ក្រោយការលេបថ្នាំ និងអនុវត្តតាមការអប់រំរបស់គ្រូពេទ្យ ខ្ញុំហាក់ដូចជាគ្រាន់បើជាងមុន។ ខ្ញុំមានកម្លាំងជាងមុន និងអាចធ្វើការងារបានឡើងវិញ។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ដោយសារខ្ញុំមានអាយុកាន់តែច្រើន ទើបខ្ញុំមានជំងឺថ្មីៗជាច្រើនមុខទៀតនាពេលថ្មីៗនេះ។ ជំងឺទាំងនោះមាន ដូចជា ជំងឺថ្លើម ជំងឺលើសជាតិអាស៊ីត និងជំងឺខ្វះគ្រាប់ឈាមក្រហម។ ខ្ញុំមិនបានពិគ្រោះជាមួយគ្រូពេទ្យពីប្រភេទជំងឺទាំងនេះទេ ក្នុងពេលដែលខ្ញុំបានទៅជួបគ្រូពេទ្យដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រោះខ្ញុំពុំបានដឹងទាល់តែសោះថា ខ្ញុំមានប្រភេទជំងឺទាំងនេះដែរ។ ខ្ញុំគ្រាន់តែបានពិគ្រោះជាមួយគ្រូពេទ្យអំពីជំងឺលើសឈាម និងជំងឺក្រពះ ដែលបានញាំញីខ្ញុំតាំងពីយូរមកហើយ។ ដោយសារខ្ញុំមានអាការមិនស្រួលខ្លួនញឹកញាប់ពេក ខ្ញុំក៏បានទៅកាន់ទីក្រុងភ្នំពេញ ដើម្បីពិនិត្យសុខភាពរបស់ខ្ញុំ។ ខ្ញុំបានពិនិត្យសុខភាពរបស់ខ្ញុំនៅមន្ទីរពេទ្យឯកជន អេស៊ីយូ។ នៅទីនោះ ទើបខ្ញុំដឹងថា ខ្ញុំមានជំងឺច្រើនមុខណាស់ដែលត្រូវព្យាបាល។ គ្រូពេទ្យបានឲ្យខ្ញុំទិញថ្នាំព្យាបាលជំងឺថ្លើម លើសជាតិអាស៊ីត ក្រពះ និងជំងឺខ្វះគ្រាប់ឈាមក្រហម។ គ្រូពេទ្យបានណែនាំខ្ញុំឲ្យលេបថ្នាំព្យាបាលជំងឺថ្លើមជាមុនសិន។ នៅពេលដែលជំងឺថ្លើមខ្ញុំបានជាសះស្បើយ ទើបគ្រូពេទ្យឲ្យខ្ញុំលេបថ្នាំដទៃទៀត មានថ្នាំព្យាបាលជំងឺក្រពះ ជំងឺលើសជាតិអាស៊ីត និងជំងឺឯទៀត។

មកដល់ថ្ងៃនេះ ខ្ញុំបានផ្អាកប្រើប្រាស់ថ្នាំដែលខ្ញុំបានទិញតាមវេជ្ជបញ្ជាគ្រូពេទ្យដែលខ្ញុំបានពិគ្រោះជាមួយ នៅក្នុងភូមិសម្តេចពាន់ជាបណ្តោះអាសន្នសិន។ តែខ្ញុំមិនបោះបង់ចោលរហូតទេ។ ខ្ញុំត្រូវធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតនៅភ្នំពេញសិន។ បន្ទាប់ពីជាសះស្បើយពីជំងឺថ្លើមប្រភេទ «C» ជំងឺក្រពះ និងជំងឺលើសជាតិអាស៊ី ទើបខ្ញុំអាចចាប់ផ្ដើមបន្តលេបថ្នាំលើសឈាមបន្តទៀតបាន។

ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានចូលរួមវេទិកាអប់រំពីការថែទាំសុខភាព និងការពិនិត្យសុខភាព និងពិគ្រោះយោបល់ពីបញ្ហាសុខភាពនេះព្រោះចង់ដឹងពីប្រភេទជំងឺ។ ខ្ញុំមានសំណូមពរខ្លះដែរសម្រាប់ការអនុវត្តកម្មវិធីនេះលើកក្រោយៗទៀត។ ចំពោះការបង្កើតកម្មវិធីនេះ ខ្ញុំគិតថាវាល្អខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏ចង់ឲ្យមានការចែកចាយថ្នាំពេទ្យបន្ថែមទៀតដើម្បីព្យាបាលជំងឺ។ សំណូមពរមួយទៀតរបស់ខ្ញុំ គឺថា ប្រសិនជាកម្មវិធីនេះមាននាំយកម៉ាស៊ីនធំៗមកពិនិត្យសុខភាព ពីប្រភេទជំងឺទាំងអស់ដែលមាននៅក្នុងខ្លួន គឺរឹតតែប្រសើរថែមទៀត។

រឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

ខ្ញុំមានបងប្អូនបង្កើតចំនួនបីនាក់ គឺស្រី២នាក់ និងប្រុសម្នាក់។ ខ្ញុំគឺជាកូនទីពីរក្នុងគ្រួសារ។ ខ្ញុំមានឪពុកឈ្មោះ ឡុង ហ៊ួយ និងម្ដាយឈ្មោះ អៀ ណាំង។ ឪពុករបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតតាំងពីខ្ញុំអាយុ៦ឆ្នាំ។ ក្រោយពីឪពុករបស់ខ្ញុំស្លាប់ ម្ដាយខ្ញុំបានប្រកបរបរជាអ្នកតម្បាញផង និងធ្វើស្រែចម្ការផង។ ពេលខ្ញុំអាយុ៧ឆ្នាំ ទំនេរពីការសិក្សា ខ្ញុំឆ្លៀតមកជួយធ្វើការងារស្រែចម្ការដើម្បីជួយសម្រាលបន្ទុកម្តាយខ្ញុំ។

នៅឆ្នាំ១៩៦៤ ខ្ញុំប្រឡងជាប់សញ្ញាបត្រឌីប្លូម ប៉ុន្តែខ្ញុំមិនបានបន្តការសិក្សាទៀតទេ។ ខ្ញុំត្រូវនៅជួយធ្វើស្រែ និងរស់នៅជាមួយម្ដាយឯភូមិកំណើត។ នៅឆ្នាំ១៩៦៩ ខ្ញុំបានរៀបការ និងមានកូនស្រីម្នាក់។ បងប្អូនស្រីរបស់ខ្ញុំទាំងពីរមានគ្រួសារទាំងអស់។ ប្អូនស្រីម្នាក់មានប្តីធ្វើជាប៉ូលិស និងម្នាក់ទៀតមានប្តីធ្វើជាទាហាននៅខេត្តសៀមរាប។ នៅឆ្នាំ១៩៧៣ ភូមិកំណើតរបស់ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមខ្មែររំដោះ។ ពេលនោះ ប្រជាជនបានចាប់ផ្ដើមចូលខ្មែរក្រហមបណ្ដើរៗហើយ។ ខ្មែរក្រហមបានបង្រៀនប្រជាជនឲ្យរួមសាមគ្គីគ្នាក្នុងក្រុមដែលត្រូវបានចាត់ចែង និងហូបរួមជាមួយគ្នាក្នុងភូមិ។ ប៉ុន្តែមិនមែនដាំបាយរួម និងស្លរួមទេ គឺយើងដាំស្លតាមផ្ទះរៀងខ្លួន។ ពេលបាយសម្លឆ្អិនហើយ ទើបយើងដួសយកទៅហូបរួមនៅតាមរោងដែលបានរៀបចំដោយក្រុមខ្មែរក្រហមនៅក្នុងភូមិ។

លុះមកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានសម្លាប់ប្តីបងខ្ញុំ ដោយសារតែពួកគាត់ជាប់និន្នាការធ្វើការក្នុងរបប លន់ នល់។ បន្ទាប់ពីប្ដីត្រូវបានសម្លាប់ បងស្រីខ្ញុំបានធ្លាក់ខ្លួនឈឺ និងក្លាយខ្លួនជាមនុស្សវិកលចរិត និងតែងតែជេរស្ដីទៅកាន់ខ្មែរក្រហមទាំងនោះជារៀងរាល់ថ្ងៃ។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានមកចាប់បងស្រីខ្ញុំយកទៅសម្លាប់ចោលទៀត។ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវខ្មែរក្រហមប្រើឲ្យឡើងត្នោតនៅពេលព្រឹក និងកាប់រណ្ដៅដាំល្ពៅនៅពេលថ្ងៃត្រង់។ ខ្ញុំត្រូវធ្វើការតាំងពីព្រលឹមរហូតដល់ម៉ោង១០យប់ ទើបបានសម្រាក។

រឿងរ៉ាវដែលខ្ញុំចងចាំជាងគេហើយមិនអាចបំភ្លេចបាននោះមានពីររឿងគឺ ទីមួយ ៖ «មាន​សមមិត្តម្នាក់បានចូលទៅក្នុងសហករណ៍ ហើយបានលួចយកស្ករ និងល្ពៅមកស្ងោរហូប។ ក្មេងៗកងឈ្លបបានឃើញ រួចក៏ស្រែកផ្អើលដល់កងឈ្លបច្រើននាក់ទៀតមកប្រសេកប្រសាចពេញសហករណ៍។ ប្រធានភូមិបានដឹងរឿងនេះ ហើយបានប្រើឲ្យក្រុមកងឈ្លបទៅហៅ​សមមិត្តដែលលួចស្ករនិងល្ពៅ រួមទាំងក្រុមខ្ញុំដែលដើរជាមួយសមមិត្តនោះទៅប្រជុំ។ កងឈ្លបបានវាយធ្វើបាបអ្នកលួចអាហារនោះនៅមុខខ្ញុំ និងបានព្រមានមិនឲ្យលួចទៀតទេ។ ខ្ញុំភ័យណាស់! ភ័យខ្លាចកងឈ្លបធ្វើបាបទាំងខ្ញុំទៀត»។ ទីពីរ ៖ «នៅពេលខ្ញុំដើរទៅកាប់វល្លិ៍ក្នុងព្រៃ ខ្ញុំក៏ឃើញដំឡូងនៅតាមផ្លូវ។ ខ្ញុំក៏រើសដំឡូងនោះមកខាំហូប។ ពេលខ្មែរក្រហមឃើញខ្ញុំរើសដំឡូងមកហូប ក៏ដេញចាប់ខ្ញុំ​ ប៉ុន្តែដេញខ្ញុំមិនទាន់។ ខ្ញុំគិតថា ប្រហែលខ្មែរក្រហមនោះស្គាល់ខ្ញុំហើយ ទើបក្រោយមក ប្រធានកងស្នើដកខ្ញុំចេញពីក្រុមឡើងត្នោត និងឲ្យខ្ញុំទៅធ្វើចម្ការវិញ។ លើកនេះខ្ញុំកាន់តែភ័យ ព្រោះខ្ញុំបានប្រព្រឹត្តដោយផ្ទាល់។ ប៉ុន្តែសំណាងល្អខ្ញុំបានរួចផុតពីការសង្ស័យវិញ និងបានវិលត្រឡប់មកនៅក្នុងកងឡើងត្នោតវិញ»។

ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើប្រធានឃុំ។ អស់រយៈពេលបីឆ្នាំក្រោយមក ខ្ញុំក៏សុំលាឈប់ពីមេឃុំ ដោយសារមានទំនាស់ជាមួយសមាជិកឃុំឯទៀត។ បន្ទាប់មកខ្ញុំប្រកបរបរធ្វើស្រែ និងលក់សាច់ជ្រូក។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

អត្ថបទផ្សេងទៀត៖