មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់សិស្សានុសិស្សវិទ្យាល័យបន្ទាយស្រីចំនួន៤០នាក់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការអប់រំ និងចងចាំអំពីប្រវត្ដិសាស្រ្ដខ្មែរក្រហម និងការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍កើតមានឡើងនាពេលអនាគត។ វេទិកាថ្នាក់រៀននេះបានផ្ដោតសំខាន់ទៅលើប្រធានបទ «ការជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហម»។ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវបានខ្មែរក្រហមរៀបចំឡើងនៅក្នុងស្ថានភាពចលាចល គួរឲ្យភ័យខ្លាច និងដោយបង្ខំ។ ប្រជាជនបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួនជាមួយភាពសោកស្ដាយ និងនឹកអាល័យ។ ខ្មែរក្រហមបានកុហកប្រជាជនថា ការជម្លៀសប្រជាជនចេញពីទីក្រុងដើម្បីសម្អាត រៀបចំទីក្រុងសារជាថ្មី និងខ្លាចអាមេរិកាំងទម្លាក់គ្រាប់បែក។ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាត្រូវរស់នៅក្នុងសហករណ៍ដើម្បីធ្វើការងាររួមនៅតាមទីជនបទដាច់ស្រយាល។
នៅក្នុងវេទិកាថ្នាក់រៀន សិស្សានុសិស្សក៏បានសួរសំណួរសំខាន់ៗមួយចំនួនដូចជា ៖ ១) តើប្រវត្តិសាស្រ្តកម្ពុជាក្នុងចន្លោះពី១៩៧៥ ដល់ឆ្នាំ១៩៧៩ មានអ្វីកើតឡើងខ្លះ? ២) តើនរណានៅពីខាងក្រោយ និងគាំទ្រខ្មែរក្រហម? ៣) តើហេតុអ្វីបានជាអ្នកដឹកនាំខ្មែរក្រហម ហ៊ានលើកដៃសម្លាប់ប្រជាជនខ្មែរខ្លួនឯង? ៤) តើហេតុអ្វីបានជាមេដឹកនាំរបបខ្មែរក្រហមអះអាងថា ខ្លួនមិនបានធ្វើបាបប្រជាជន? ៥) តើមេដឹកនាំខ្មែរក្រហមបានធ្វើអ្វីខ្លះដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិនៅចន្លោះពីឆ្នាំ១៩៧៥-១៩៧៩? ៦) តើប្រជាជនទាំងអស់ត្រូវតែចាកចេញពីផ្ទះសម្បែងឬយ៉ាងណានៅក្នុងរបបខ្មែរក្រហម? ៧) តើហេតុអ្វីបានជាខ្មែរក្រហមសម្លាប់អ្នកមានចំណេះដឹង? ៨) តើការដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យផ្តល់គុណវិបត្តិអ្វី ខ្លះដល់ប្រទេសជាតិ និងប្រជាជនខ្មែរ? ៩) តើហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមមិនបញ្ឈប់ការគ្រប់គ្រង់គ្រងរបបតាមបែបផ្ដាច់ការ? ១០) តើកត្តាអ្វីខ្លះដែលធ្វើឲ្យមេដឹកនាំខ្មែរក្រហមក្បត់សម្ដេចព្រះ នរោត្តម សីហនុ ហើយកាន់កាប់អំណាចដោយខ្លួនឯង?
នៅផ្នែកចុងក្រោយនៃវេទិកាថ្នាក់រៀន គឺបានផ្តោតលើប្រធានបទការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត ដោយក្នុងនាមជាយុវជនម្នាក់ៗអាចចូលរួមនៅក្នុងសកម្មភាពសង្គម ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញម្តងទៀត។ សិស្សានុសិស្សមួយចំនួនបានយល់ឃើញថា ការរៀនសូត្រអំពីប្រវត្ដិសាស្ដ្រ និងការផ្សព្វផ្សាយប្រវត្តិសាស្រ្ត គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ក្នុងពេលដែលអ្នកផ្សេងទៀតយល់ថា ការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ សហគមន៍ និងសង្គម, ការដោះស្រាយជម្លោះដោយសន្ដិវិធី, ការការពារសិទ្ធិជាបុគ្គល និងការលុបបំបាត់ការរើសអើង ក៏ជាវិធីសាស្រ្ដមួយក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ដែរ។ បន្ទាប់មកសិស្សានុសិស្សក៏បានធ្វើការបង្ហាញនូវចំណាប់អារម្មណ៍ផ្សេងៗពីគ្នាក្រោយពីបានចូលរួមក្នុងវេទិកាថ្នាក់រៀននៅថ្ងៃនេះ ៖
រ៉ុន ថារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សវិទ្យាល័យបន្ទាយ បានរៀបរាប់ថា «ខ្ញុំពិតជាមានការត្រេកអរជាខ្លាំងនៅពេលបានមកចូលរួមវេទិកាថ្នាក់រៀននេះ។ បន្ទាប់ពីខ្ញុំបានរៀនសូត្រពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរក្រហម ធ្វើឲ្យខ្ញុំដឹងថា ខ្មែរក្រហមបានបោកបញ្ឆោតទាហានរបបសាធារណរដ្ឋខ្មែរជាច្រើននាក់យកទៅសម្លាប់ចោល រួមជាមួយនឹងប្រជាជន ជាពិសេសអ្នកមានចំណេះដឹង។ ខ្ញុំគិតថាវេទកានេះមានសារសំខាន់ព្រោះបានធ្វើឲ្យខ្ញុំដឹងអំពីទីតាំងប្រវត្តិសាស្រ្តសំខាន់ៗ ដូចជា ផ្ទះតាម៉ុក បានឃើញរថយន្ដផ្សាយវិទ្យុរបស់ខ្មែរក្រហម ផ្ទាំងគំនូរប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ដែលស្ថិតនៅសារមន្ទីរផ្ទះតាម៉ុក» ។
រុំ ចាន់រ៉ា ភេទស្រី អាយុ១៦ឆ្នាំ បានលើកឡើងថា «បន្ទាប់ពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀននេះរួចមក ខ្ញុំបានដឹងអំពីការរៀបចំគម្រោងការរបស់ខ្មែរក្រហមដើម្បីសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ។ ខ្ញុំស្គាល់ផ្ទះតាម៉ុក ហើយខ្ញុំឃើញផ្ទាំងរូបគំនូរ និងរូបថតជាច្រើនដែលអាចឲ្យយើងសិក្សា និងឈ្វេងយល់អំពីរបបខ្មែរក្រហម ដូចជា ការធ្វើសង្គ្រាម និងបានយល់ដឹងអំពីមេដឹកនាំនាសម័យនោះ ហើយក៏បានធ្វើឲ្យខ្ញុំយល់អត្ថន័យនៃពិព័រណ៍តាមផ្ទះនីមួយៗនៅសារមន្ទីរផ្ទះតាម៉ុក។ វេទិកានេះគឺពិតជាមានសារសំខាន់ណាស់ព្រោះអាចឲ្យខ្ញុំយល់ដឹងប្រវត្តិសាស្ត្រកាន់តែច្បាស់» ។
ថុន សុភ័ក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ រៀបរាប់ថា «បន្ទាប់ពីខ្ញុំបានចូលរួមក្នុងវេទិកាថ្នាក់រៀននេះរួចមក ខ្ញុំបានដឹងពីមូលហេតុ និងគោលបំណងដែលនាំឲ្យកើតមានរបបប្រល័យពូជសាសន៍រួមជាមួយនឹងការបំផ្លិចបំផ្លាញប្រទេសនាពេលនោះ។ ខ្ញុំដឹងថាខ្មែរក្រហមបានធ្វើបាបប្រជាជន និងបញ្ជូនប្រជាជនថ្មី ឲ្យទៅធ្វើការជាមួយប្រជាជនចាស់។ តាមរយៈវេទិកានេះ បានធ្វើឲ្យខ្ញុំស្គាល់មេដឹកនាំគុកទួលស្លែង ស្គាល់ទីតាំងវាលពិឃាតដែលខ្មែរក្រហមបានសម្លាប់ និងធ្វើទារុណកម្មទៅលើប្រជាជន, ធ្វើឲ្យខ្ញុំស្គាល់ពីទីតាំងផ្ទះតាម៉ុក និងទីតាំងជួបប្រជុំសម្រាប់មេដឹកនាំខ្មែរក្រហមធំៗ។ ជាចុងក្រោយ ខ្ញុំចង់ឲ្យកូនខ្មែរគ្រប់រូបត្រូវឈ្វេងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ហើយចូលរួមការពារ និងទប់ស្កាត់កុំឲ្យអំពើប្រល័យពូជសាសន៍កើតឡើងម្តងទៀត»។
អត្ថបទ ៖ មេក វិន និង សួត វិចិត្រ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា