នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់១២មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ សរុបចំនួន៥០នាក់ចូលរួមវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម» និងការចុះទៅធ្វើទស្សនកិច្ចសិក្សានៅទំនប់ដែលត្រូវបានកសាងឡើងនៅក្នុងរបបខ្មែរក្រហម រួមមាន ទំនប់តាកុដ ស្ថិតនៅឃុំមៀន ស្រុកព្រៃឈរ (ជាប់ព្រំប្រទល់នឹងស្រុកកងមាស) ខេត្តកំពង់ចាម។
វេទិការអប់រំសហគមន៍នេះ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងមានការចូលរួមពីព្រះតេជគុណ កង ហៃ ព្រះចៅអធិការវត្តស្វាយតាហែន និងព្រះមេគណៈខេត្តកំពង់ចាម, អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ប្រព្រឹត្តឡើងនៅក្នុងបរិវេណវត្តស្វាយតាហែន ស្ថិតនៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ព្រះវិហារវត្តស្វាយតាហែន មានរចនាបថយ៉ាងគួរឲ្យចាប់អារម្មណ៍ និងកម្រជួបប្រទះនោះ គឺកំពូលព្រះវិហារមានរាងដូចចេតិយ និងនៅតាមចុងដំបូលនីមួយត្រូវបានដាក់លម្អដោយចេតិយតូចៗទាំងអស់សរុបចំនួន១៣។ ព្រះវិហារវត្តស្វាយតាហែនមិនទទួលរងផលប៉ះពាល់ពីការទម្លាក់គ្រាប់បែក និងសង្រ្គាម នៅអំឡុងពេលវាយប្រយុទ្ធគ្នារវាងទាហានលន់ នល់ និងកងទ័ព ខ្មែរក្រហមទេ។ នៅពេលដែលកងទ័ពខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំព្រះសង្ឃឲ្យសឹក និងឲ្យវិលត្រលប់នៅរស់នៅភូមិកំណើតវិញ។ បន្ទាប់មក ខ្មែរក្រហមបានយកបរិវេណវត្ត និងព្រះវិហារបុរាណនេះប្រើប្រាស់ជាឃ្លាំងសហករណ៍សម្រាប់រក្សាទុកស្បៀងអាហារ រួមមានស្រូវអង្ករ អំបិល ប្រហុក និងចិញ្ចឹមសត្វជាដើម។
ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ប្រកាសបើកវេទិកា បន្ទាប់មកលោកធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលប្រជាជនកម្ពុជាឆ្លងកាត់ទុក្ខវេទនា ការបែកបាក់គ្រួសារ និងការបាត់បង់ជីវិត។ លោក ស៊ាង ចិន្ដា ផ្ដោតទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដូចជា រដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមជិត៥ឆ្នាំរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម, ការចូលកាន់កាប់ទីក្រុងភ្នំពេញដោយកងទ័ពខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ការជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជនទៅកាន់ជនបទ, ការបង្ខំប្រជាជនឲ្យធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងការកាប់សម្លាប់ទៅលើប្រជាជន។ លោក ស៊ាង ចិន្ដា បានលើកឡើងអំពីព្រឹត្តិការណ៍ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម ដែលមានជា៣ដំណាក់កាលធំៗដូចខាងក្រោយម ៖
– ដំណាក់កាលទី១ ៖ ភ្លាមៗបន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ផ្ដើមអនុវត្តការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងទៅកាន់ទីជនបទនានា។
– ដំណាក់កាលទី២ ៖ ចាប់ពីខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ ប្រជាជនជាច្រើនត្រូវបានខ្មែរក្រហមជម្លៀសក្នុងដំណាក់កាលទី២ គឺពីភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម និងភូមិភាគបូព៌ា (រួមមានខេត្តកណ្តាល កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងកំពង់ចាម) ឆ្ពោះទៅកាន់ខេត្តសៀមរាប ព្រះវិហារ និង ភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ)។
– ដំណាក់កាលទី៣៖ ការជម្លៀសប្រជាជនពីភូមិភាគបូព៌ាក្នុងឆ្នាំ១៩៧៧រហូតដល់ចុងឆ្នាំ១៩៧៨។ ប្រជាជននៅភូមិភូមិភាគបូព៌ាត្រូវបានជម្លៀសចេញពីភូមិឆ្ពោះទៅទិសពាយ័ព្យ(ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង)។
លោក ស៊ាង ចិន្ដា ក៏បន្តដឹកនាំកិច្ចពិភាក្សាទៅលើការកសាងប្រព័ន្ធធារាសាស្រ្តក្នុងផែនការ៤ឆ្នាំរបស់ខ្មែរក្រហម ដែលត្រូវបានផ្ដោតសំខាន់ទៅលើវិស័យកសិកម្ម ដូចជាការបង្កើនទិន្នផលស្រូវ និងការកសាងទំនប់ ជាដើម។ បន្ទាប់ពីបទបង្ហាញ និងការពិភាក្សាបានបញ្ចប់ សិស្សានុសិស្សបានស្ដាប់ការចែករំលែកបទពិសោធន៍របស់អ្នករស់មានជីវិតពីរបបខ្មែរក្រហមចំនួន ២រូប ដូចខាងក្រោម៖
សួស ឆៃអៀន
សួស ឆៃអៀន អាយុ៧៣ឆ្នាំ អតីតកងចល័តលើកទំនប់ខ្មែរក្រហម រស់នៅភូមិសា្វយតាហែន ឃុំរកាគយ ស្រុកកងមាស បានរៀបរាប់អំពីបទពិសោធន៍ក្នុងរបបខ្មែរក្រហមថា «កាលពីកុមារ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៣ (ចាស់) នៅវិទ្យាល័យសីហនុ នៅទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ គឺជាឆ្នាំដែលខ្ញុំបានឈប់រៀន ពីព្រោះតែមានភាពចលាចលនកាន់តែខ្លាំងឡើង។ ខ្ញុំឈប់រៀននិងវិលមករស់នៅភូមិកំណើតវិញ។ នៅឆ្នាំ១៩៧៣ ភូមិសាស្រ្តជាច្រើននៅខេត្តកំពង់ចាមត្រូវបានកងទ័ពខ្មែរក្រហមគ្រប់គ្រងបាត់ទៅហើយ។ ភូមិរបស់ខ្ញុំគឺជាសមរភូមិប្រទាញប្រទង់គ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ គ្រួសារខ្ញុំ ត្រូវបង្ខំចិត្តរត់គេចទៅកាន់កោះអណ្ដែតនៅស្រុកកោះសូទិន ដែលជាតំបន់រំដោះខ្មែរក្រហម។
នៅឆ្នាំ១៩៧៥ ការធ្វើដំណើរទៅមករវាងកោះអណ្តែត និងពាមជីកង ឬខាងស្រុកកងមាសគឺមានភាពងាយនៅឡើយ។ រហូតដល់ឆ្នាំ១៩៧៦ ទើបមានការលំបាកខ្លាំងក្នុងការធ្វើដំណើរចេញចូលភូមិសាស្រ្តទាំង២នេះ និយាយរួមគឺខ្មែរក្រហមហាមមិនឲ្យប្រជាជនទាំងអស់ចេញចូលតែម្តង។ បន្ទាប់មក ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារនៅកងចល័ត។ ការងាររបស់ខ្ញុំគឺមិនសូវបានរែកដីច្រើនទេ ព្រោះកម្មាភិបាលខ្មែរក្រហមដឹកថាខ្ញុំមានចំណេះដឹងខ្លះ (គិតលេខ និងសរសេរអក្សរខ្លះ) ទើបកម្មាភិបាលខ្មែរក្រហមប្រើខ្ញុំឲ្យវាស់ទំហំដី និងដើរដាំបង្គោលសម្គាល់ ដើម្បីចែកឲ្យប្រជាជនជីក និងរែកដីទៅតាមផែនការកំណត់។ នៅពេលនោះ ប្រសិនបើខ្ញុំវាស់ខុសតិចតួចកម្មាភិបាលខ្មែរក្រហមមិនសូវស្ដីឲ្យឡើយ ប៉ុន្តែបើមានការខុសច្រើន គឺកម្មាភិបាលខ្មែរក្រហមត្រឹមតែស្តីឲ្យខ្ញុំ និងឲ្យខ្ញុំវាស់ឡើងវិញម្តងទៀត។ បន្ទាប់ពីវាស់វែងទំហំដីហើយ កម្មាភិបាលខ្មែរក្រហមមកពីសហករណ៍ចុះមកពិនិត្យសិន ទើបប្រើឲ្យប្រជាជនជីកដីនោះតាមការវាស់វែងរបស់ខ្ញុំ។ ខ្ញុំក៏ត្រូវបានប្រើឲ្យទៅរករុក្ខជាតិនិងដើមឈើមកផ្សាំថ្នាំដែរ។ ដោយសារតែខ្ញុំចេះគិតលេខ កម្មាភិបាលខ្មែរក្រហមតែងតែហៅខ្ញុំទៅជាមួយ។ ខ្ញុំមិនសូវទទួលរងការធ្វើបាបខ្លាំងនោះទេ។
នៅឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមរៀបចំការរៀបការប្រពន្ធឲ្យខ្ញុំ។ ពេលនោះ ខ្មែរក្រហមបានសួរខ្ញុំ។ ខ្ញុំឆ្លើយថាព្រមស្ម័គ្រចិត្តរៀបការជាមួយប្រពន្ធរបស់ខ្ញុំ ដែលយើងរួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃនេះ។ ពេលនោះ ខ្ញុំនិងប្រពន្ធរស់នៅស្រុកកោះសូទិន។ បន្ទាប់ពីរបបខ្មែរក្រហមដួលរំលំនៅដើមឆ្នាំ១៩៧៩ ខ្ញុំ និងប្រពន្ធបានត្រឡប់មកនៅភូមិកំណើតវិញ និងប្រកបរបរធ្វើស្រែចម្ការ»។
អ៊ុង មាន
អ៊ុង មាន អាយុ៨១ឆ្នាំ អតីតកងចល័តវ័យកណ្ដាល រស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស រំឭកអំពីបទពិសោធន៍ និងការចងចាំអំពីរបបខ្មែរក្រហមទៅកាន់សិស្សានុសិស្សថា «នៅវ័យកុមារ ខ្ញុំរៀននៅសាលាបឋមសិក្សាកណ្ដាលកោះរហូតដល់ទី៧ ចាស់។ នៅពេលនោះ ខ្ញុំត្រូវបានបងថ្លៃយកទៅនៅខេត្តកំពត។ នៅទីនោះ ខ្ញុំចូលរៀននិងប្រឡងនៅវិទ្យាល័យព្រះរាជសម្ភារទឹកឈូរ ប៉ុន្តែខ្ញុំប្រឡងធ្លាក់ ទើបខ្ញុំត្រឡប់មករៀន និងប្រឡងនៅពាមជីកងវិញ នៅឆ្នាំ១៩៦៨។ តមក ខ្ញុំរៀននៅវិទ្យាល័យព្រះសីហនុកំពង់ចាម ពេលនោះក៏មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ខ្ញុំឃើញ អ្នកភូមិបានទៅចូលរួមដង្ហែបាតុកម្មប្រឆាំងនឹង លន់ នល់ នៅទីរួមខេត្តកំពង់ចាម។ ខ្ញុំមិនបានចូលរៀនដោយសារកាចលាចល និងសង្រ្គាម ហើយខ្ញុំក៏មកស្នាក់នៅផ្ទះនៅភូមិកណ្ដាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមវិញ។
ក្រោយមកទៀត សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើងជាច្រើនសមរភូមិនៅក្នុងខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ ខ្ញុំបានរៀបការប្រពន្ធនៅក្នុងភូមិស្វាយតាហែន។ បន្ទាប់ពីរៀបការរួច ខ្ញុំចង់ត្រឡប់ទៅរៀនវិញ ប៉ុន្តែប្រពន្ធមិនទៅជាមួយ ទើបខ្ញុំឈប់រៀន។ នៅចន្លោះឆ្នាំ១៩៧២ និង ឆ្នាំ១៩៧៣ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យសែងអ្នករបួសនិងសាកសពកងទ័ពខ្មែរក្រហមដែលវាយប្រយុទ្ធជាមួយទាហាន លន់ នល់ ពីទីរួមខេត្តកំពង់ចាមជញ្ជួនបណ្ដាក់គ្នាពីភូមិមួយទៅភូមិមួយទៀតមកព្យាបាល និងកប់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពញត្រូវបានកងទ័ពរំដោះខ្មែរក្រហមវាយរំដោះ និងគ្រប់គ្រងបានទាំងស្រុង។ ក្រោយពីរំដោះក្រុងភ្នំពេញបានជារយៈពេល២ទៅ៣ថ្ងៃ កងទ័ពខ្មែរក្រហមជម្លៀសប្រជាជនដោយបង្ខំចេញពីផ្ទះសម្បែង និងទីក្រុង។ ខ្ញុំបានឃើញប្រជាជនថ្មីជាច្រើនគ្រួសារដែលជម្លៀសមកពីភ្នំពេញ ហើយអ្នកខ្លះមានស្រុកកំណើតនៅស្វាយតាហែន និងខ្លះទៀតត្រូវបានជម្លៀសបន្តទៅកន្លែងផ្សេងទៀត។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានខ្មែរក្រហមដាក់ឲ្យធ្វើការនៅក្នុងកងវ័យកណ្ដាល និងភ្ជួរដីដែលពីមុនខ្ញុំមិនចេះភ្ជួរឡើយ។ ខ្ញុំត្រូវបានចាត់តាំងឲ្យភ្ជួររាស់ស្រែ និងភ្ជួរដីចម្ការ។ ខ្ញុំធ្វើការពីព្រឹកព្រលឹម រហូតដល់ម៉ោង១១ ទើបឈប់ហូបបបរ ហើយធ្វើការបន្តពីម៉ោង១ដល់ម៉ោង៥ល្ងាច។ នៅខែខ្លះ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការនៅពេលយប់បន្ថែមទៀត ដូចជា ដេញកណ្ដុរមិនឲ្យស៊ីស្រូវ និងពោត។ នៅឆ្នាំ១៩៧៧ ខ្ញុំមានកូនចំនួន២នាក់ ចំណែកប្រពន្ធខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងត្បាញក្រមា។ បន្ទាប់មកទៀត ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅជីកប្រឡាយចាប់តាំងពីភូមិស្វាយតាហែន រហូតដល់ភូមិរកាគយ។ បន្ទាប់មក ខ្ញុំទៅលើកទំនប់តាកុដ ដែលមានព្រំប្រទល់រវាងស្រុកកងមាស និងស្រុកព្រៃឈរ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជាចូលមករំដោះប្រជាជនឲ្យរួចផុតពីសេចក្ដីស្លាប់»។
បន្ទាប់ពីស្ដាប់សាច់រឿងរបស់អ្នករស់រានមានជីវិតរបបខ្មែរក្រហមទាំង២រូបខាងលើ សិស្សានុសិស្សត្រូវបានបែងចែកជាក្រុមពិភាក្សា ដែលក្រុមនីមួយៗទទួលបានប្រធានបទពិភាក្សារៀងៗខ្ឡួន និងមានរយៈពេល៣០នាទីដើម្បីពិភាក្សា។ តមក សិស្សានុសិស្សទាំងអស់ត្រូវបាននាំទៅទស្សនាទីតាំងទំនប់ខ្មែរក្រហមដោយផ្ទាល់ គឺទំនប់តាកុដ ស្ថិតនៅឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីពិនិត្យមើលទិដ្ឋភាពនាពេលបច្ចុប្បន្ន និងសាកស្រមៃមើលអំពីទិដ្ឋភាពដែលប្រជាជនត្រូវបានបង្ខំឲ្យធ្វើការងារហួសកម្លាំងនៅទំនប់នេះ។
សិស្សានុសិស្សចូលរួមវេទិកាអប់រំសហគមន៍នេះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម ៖
សិស្សឈ្មោះ សល់ ស្រីណុច អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ផ្នែកវិទ្យាសាស្រ្តពិត រៀបរាប់ថា «ខ្ញុំពេញចិត្តយ៉ាងខ្លាំង ដែលបានចូលរួមក្នុងវេទិកាអប់រំសហគមន៍ និងទស្សនកិច្ចនៃមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម ព្រោះកម្មវិធីនេះ ផ្តល់ចំណេះដឹងជាច្រើនសម្រាប់ខ្លួនខ្ញុំផ្ទាល់។ ខ្ញុំឈ្វេងយល់រឿងរ៉ាវដែលពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ដខ្មែរក្រហម ការរស់នៅរបស់ប្រជាជនខ្មែរនាសម័យនោះ ដែលប្រជាជនរងការលំបាក វេទនា។ ខ្មែរក្រហមបានធ្វើបាប និងប្រើឲ្យធ្វើការហួសកម្លាំង និងឲ្យហូបចុកអាហារមិនគ្រប់គ្រាន់ចំណែកប្រជាជនបាក់កម្លាំង និងអ្នកខ្លះត្រូវបាត់បង់ជីវិត។ ខ្ញុំបានស្ដាប់រឿងរ៉ាវរបស់លោកតា ដែលបាននិយាយប្រាប់ពីជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងមានការបាត់បង់សមាជិកគ្រួសារ”។
សិស្សឈ្មោះ ផេង ដាវីត រៀនថ្នាក់ទី១២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែនស្ពឺ ផ្នែកវិទ្យាសាស្រ្តពិត រៀបរាប់ថា «ខ្ញុំសប្បាយចិត្ត ហើយក៏ក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ដែលបានចូលរួមក្នុងវេទិកាអប់រំសហគមន៍ ដែលសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម និងបានស្ដាប់រឿងរ៉ាវរបស់តាយាយ។ ខ្ញុំបានដឹងពីស្ថានភាពរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការធ្វើទារុណកម្មពីមេដឹកនាំខ្មែរក្រហម ការបាត់បង់ឪពុកម្ដាយ បងប្អូន សាច់ញាតិ ខ្វះភាពកក់ក្ដៅ ខ្វះការអប់រំ ជាពិសេសការហូបចុកមិនគ្រប់គ្រាន់ និងវិស័យសុខាភិបាលមានការខ្វះខាត គ្មានថ្នាំសម្រាប់ព្យាបាល ហើយការព្យាបាលតាមបែបបុរាណ។ ការចងចាំនៃការបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមនិងបានស្ដាប់រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំគឺជាយុវជនជំនាន់ក្រោយ»។
សិស្សឈ្មោះ អេង សូរីកា រៀនថ្នាក់ទី១២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែនស្ពឺ ផ្នែកវិទ្យាសាស្រ្តពិត ឲ្យដឹថា «ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមវេទិកាអប់រំសហគមន៍ ហើយទទួលបានចំណេះដឹងជាច្រើន ព្រមទាំងបទពិសោធន៍ថ្មីៗពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជាធ្លាក់ក្នុងអន្លង់នៃភាពវឹកវរ ទុក្ខវេទនា ដោយសារអ្នកដឹកនាំខ្មែរក្រហម។ ខ្ញុំក៏បានដឹងពីការរស់នៅរបស់ប្រជាជន និងការបង្អត់អាហារប្រជាជន ក្រោមការដឹកនាំរបស់ខ្មែរក្រហម។ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះការបាង់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ ជាចុងក្រោយ ខ្ញុំសូមអរគុណថា្នក់ដឹកនាំសាលា និងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានរៀបចំកម្មវិធីនេះសម្រាប់ឲ្យយុវជនជំនាន់ក្រោយឈ្វេងយល់ពីប្រវត្តិសាស្រ្តខ្មែរ»។
អត្ថបទ និង រូបថត ៖ លី ដេវីត/ស៊ាង ចិន្តា/មណ្ឌលឯកសារខេត្តកំពង់ចាម