សិស្សានុសិស្សសរុបចំនួន៤០នាក់មកពីវិទ្យាល័យ អង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានមកចូលរួមកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ វេទិកានេះ ប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ។ ពេលព្រឹក គឺជាពេលដែលសិស្សានុសិស្សទាំងអស់ សិក្សាឈ្វេងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំរបស់ខ្មែរក្រហម និងវិធីសាស្ត្រចំាបាច់មួយចំនួនក្នុងការចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ហើយពេលរសៀល គឺជាពេលដែលសិស្សអាចជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅលើទីតាំងអតីតវាលពិឃាតខ្មែរក្រហមនៅវត្តទួលជ្រៃ ស្រុកពាមរក៍ ខេត្តព្រៃវែង។
គោលបំណងចម្បងនៃការអនុវត្តវេទិកាថ្នាក់រៀនចុងសប្តាហ៍នេះគឺ ដើម្បីបង្កើនការចងចាំពីប្រវត្តិសាស្ត្រនេះដល់មនុស្សជំនាន់ក្រោយ និងដើម្បីទប់ស្កាត់ការវិលត្រឡប់វិញនៃរបបខ្មែរក្រហម។ ដើម្បីសម្រេចបានគោលបំណងខាងលើ វេទិកាថ្នាក់រៀននេះបានកំណត់កម្មវិធីបង្រៀនដល់សិស្សដោយ ៖ ១) ពន្យល់សិស្សានុសិស្សឲ្យឈ្វេងយល់ពីព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំ ពីឆ្នាំ១៩៧៥ ដល់ ចុងឆ្នាំ១៩៧៧។ ២) បង្ហាញដល់សិស្សានុសិស្សឲ្យឈ្វេងយល់ពីរបៀបនិងមូលហេតុនៃការជម្លៀសប្រជាជនដោយបង្ខំ។ ៣) លើកទឹកចិត្តសិស្សឲ្យបង្កើនការសន្ទនាអន្តរជំនាន់អំពីបទពិសោធន៍នៃការជម្លៀសដោយបង្ខំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ៤)លើកទឹកចិត្តសិស្សឲ្យបង្កើនការត្រិះរិះពិចារណាក្នុងការរារាំងអំពើហិង្សាដែលអាចឈានដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្រិតបុគ្គល គ្រួសារ ឬសហគមន៍ និងប្រទេសជាតិ។
នៅក្នុងឱកាសនោះសិស្សានុសិស្សមានឱកាសជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅលើទីតាំងអតីតវាលពិឃាតខ្មែរក្រហមនៅវត្តទួលជ្រៃ គឺអ្នកស្រី យឹម សុវណ្ណ ត្រូវបានជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម។ អ្នកស្រី យឹម សុវណ្ណ បានពិពណ៌នាអំពីការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញថា ៖ នៅម៉ោងប្រហែល៣រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដំបូងឡើយឪពុករបស់ខ្ញុំបានបដិសេធក្នុងការចាកចេញ។ ខ្មែរក្រហមកាន់កាំភ្លើងវែងមកជាមួយ ព្រមទាំងអង្ករមួយចំនួន រួចប្រាប់ឪពុកខ្ញុំថា «មិត្តត្រូវតែចាកចេញ អាមេរិកាំងនឹងទម្លាក់គ្រាប់បែកលើទីក្រុងភ្នំពេញ។ ឪពុករបស់ខ្ញុំប្រញាប់ប្រញាល់រៀបចំកាបូប និងប្រមែប្រមូលស្រូវខ្លះនៅមុនពេលចាកចេញពីផ្ទះរបស់យើង។ ពេលនោះ គឺជាការចាកចេញដ៏សោកសង្រេងមួយ។ ខ្មែរក្រហមទាំងនោះសុទ្ធតែមានប្រដាប់អាវុធ ទាំងស្រី ទាំងប្រុស។ អ្នកទាំងនោះស្លៀកពាក់ពណ៌ខ្មៅ និងបង់ក្រមាពណ៌ក្រហម។ អ្នកទាំងនោះបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ហើយស្នើឲ្យគ្រួសារខ្ញុំចាកចេញ និងត្រូវធ្វើដំណើរទៅកាន់ភូមិកំណើតរបស់ខ្ញុំរយៈពេលបីថ្ងៃ បើមិនដូច្នេះអាមេរិកាំងនឹងទម្លាក់គ្រាប់បែក និងសម្លាប់គ្រួសាររបស់ខ្ញុំ។ កងទ័ពទុកពេលឲ្យយើងត្រឹមតែ១៥នាទីប៉ុណ្ណោះដើម្បីចាកចេញ ហើយបើយើងបដិសេធ វិធានការណ៍ផ្សេងៗនឹងត្រូវធ្វើឡើង។ ខ្ញុំបានឃើញកងទ័ពបាញ់បំបែកមេសោជាប់នឹងទ្វារផ្ទះមួយខ្នង ក្នុងផ្សារអូរឫស្សី។ បន្ទាប់មកកងទ័ពបានបាញ់មនុស្សម្នាទាំងឡាយដែលបានរត់ចេញពីក្នុងផ្ទះនោះ។ ទាហាន លន់ នល់ រងរបួសនៅឯមន្ទីរពេទ្យយោធាក្នុងបុរីកីឡា ដែលជាកម្មសិទ្ធិរបស់យោធា លន់ នល់។ កងទ័ពខ្មែរក្រហមបានរុញទាហានទាំងនោះទម្លាក់ពីលើគ្រែ។ អ្នករងរបួសខ្លះ ត្រូវបានបញ្ជូនទៅឲ្យសាច់ញាតិ ចំណែកអ្នកឯទៀតត្រូវបានទុកចោលដល់ស្លាប់។ អ្នកដែលបានស្លាប់ក្នុងអំឡុងពេលជម្លៀស ពុំទទួលបានការរៀបចំបុណ្យសពទេ។ សាកសពត្រូវបានទម្លាក់ទៅក្នុងប្រឡាយ ឬទុកចោលនៅតាមផ្លូវ។
លោក ជុំ សុខា ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងសំណុំរឿង០០២ បានរៀបរាប់ថា ខ្ញុំបានឃើញសាកសពនៅតាមបណ្តោយផ្លូវ អមជាមួយនឹងភ្លើងហ្វារបស់យានយន្ត ក៏ដូចជាផ្ទះ ដែលឆេះហុយផ្សែង ព្រមទាំងសាកសពដែលត្រូវបានដុតនៅជុំវិញអាកាសយានដ្ឋានពោធិ៍ចិនតុង និងនៅខាងមុខនាយកដ្ឋានដឹកជញ្ជូន។ ខ្ញុំ ម្តាយ ប្អូនស្រី ឪពុកមា និងជីដូនជីតា បានធ្វើដំណើរដោយថ្មើរជើងទៅមុន។ ចំណែកឯឪពុកនិងឪពុកមាម្នាក់ទៀត មកតាមក្រោយ។ បន្ទាប់ពីក្រុមខ្ញុំធ្វើដំណើរបានប្រមាណ២គីឡូម៉ែត្រ ឪពុករបស់ខ្ញុំបានមកទាន់និងបានគ្រប់ថា «ខ្លួនគាត់ស្ទើរតែនឹងត្រូវឃុំខ្លួន តែគាត់សម្គាល់ឃើញថាមនុស្សម្នាត្រូវបានចងភ្ជាប់គ្នាជាខ្សែ គាន់ក៏បានគេចខ្លួន និងប្រាប់ក្រុមគ្រួសារឲ្យប្រញាប់ចេញទៅ»។ ក្រុមគ្រួសារខ្ញុំនៅឯវត្តអង្គក្រូចរយៈពេលប៉ុន្មានថ្ងៃ ដោយសារតែប្អូនស្រីរបស់ខ្ញុំហើមជើង និងមិនអាចដើរបាន។ ក្រោយមក អង្គការបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំថា «គាត់ទាំងអស់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់ភូមិកំណើតដើមរបស់ខ្លួន គឺនៅភូមិត្បូងក្តី ខេត្តព្រៃវែងវិញ»។ ប្អូនស្រីរបស់ខ្ញុំនៅតែមានបញ្ហាជើង ដូច្នេះម្តាយរបស់ខ្ញុំបានដោះដូរគ្រឿងអលង្ការ និងសម្លៀកបំពាក់ល្អៗមួយចំនួន ដើម្បីអាចឲ្យប្អូនស្រីធ្វើដំណើរតាមរទេះ។ បន្ទាប់មក ក្រុមគ្រួសារខ្ញុំបានមកដល់ភូមិមួយនៅក្បែរទន្លេបាទី រួចក៏បានសម្រាកនៅទីនេះមួយយប់ នៅមុនពេល បន្តដំណើរទៅកាន់ភូមិបឹងខូក។ បន្ទាប់ពីចំណាយពេលជាងមួយខែធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ក្រុមគ្រួសារខ្ញុំបានមកដល់ភូមិត្បូងក្តី ខេត្តព្រៃវែង ដែលជាភូមិកំណើតរបស់ក្រុមគ្រួសារខ្ញុំ។
លោក ស៊ឹម សុត ហៅ កុយ គឺជាអ្នករស់រានមានជីវិតម្នាក់ទៀត ព្រមទាំងធ្លាប់ជាអ្នករត់ស៊ីក្លូនៅក្នុងទីក្រុងភ្នំពេញ បានរំឭកឡើងវិញពីហេតុការណ៍ដែលគាត់បានឃើញក្នុងអំឡុងពេលជម្លៀសថា «នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានចេញដំណើរទៅប្រកបរបរដូចធម្មតា។ ពីរទៅបីម៉ោងក្រោយមក ខ្ញុំឃើញកងទ័ពខ្មែរក្រហមធ្វើដំណើរមកភ្នំពេញ។ ប្រជាជនបានចេញមកក្រៅហើយគ្រវីក្រណាត់ស និងអាវសស្វាគមន៍ខ្មែរក្រហម។ ភ្លាមៗនោះ ពួកគេបានបាញ់កាំភ្លើងទៅលើអាកាស បញ្ជាប្រជាជនឲ្យចាកចេញពីទីក្រុងដោយអះអាងថាអាមេរិកាំងនឹងមកទម្លាក់គ្រាប់បែក។ ដូចអ្នកឯទៀតដែរ ខ្ញុំបានប្រញាប់ប្រញាល់ធ្វើដំណើរចាកចេញនៅម៉ោងដប់ជាមួយបងប្រុសខ្ញុំ មិត្តភក្តិនៅវត្តជាមួយខ្ញុំ និងព្រះសង្ឃ។ នៅលើផ្លូវដ៏ណែនណាន់តាន់តាប់ ខ្ញុំឮសូរសំឡេងមនុស្សម្នា ស្រែកហៅរកឪពុកម្តាយបងប្អូន និងសម្រែកក្មេងៗយំទាររកបាយ ។ ខ្មែរក្រហមបានរឹបអូសយករបស់របរប្រជាជន ។ អ្នកដែលជំទាស់មិនព្រមឲ្យនឹងត្រូវសម្លាប់ ឬក៏ចាប់ខ្លួនយកទៅបាត់។ នៅពេលដែលខ្ញុំកំពុងតែដើរ កងទ័ពខ្មែរក្រហមស្រីម្នាក់ បានទាញកអាវខ្ញុំហើយសួរខ្ញុំថាជាអតីតទាហានឬ? គាត់រុញខ្ញុំថយក្រោយ នៅពេលដែលខ្ញុំប្រាប់គាត់ថាខ្ញុំជា កូនសិស្ស។ ខ្ញុំក៏បានបន្តដំណើររបស់ខ្ញុំទៅក្រុងតាខ្មៅ។ នៅតាមផ្លូវ ខ្ញុំបានឃើញសាកសពដែលទើបតែហើមថ្មីៗជាច្រើន។ បន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលបីថ្ងៃ ខ្ញុំបានមកដល់ខេត្តតាកែវ។
អ្នកស្រី ឡាយ ប៊ុននី គឺជាដើមបណ្តឹងរដ្ឋប្បវេណីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងសំណុំរឿង០០២ ក៏បានផ្តល់សក្ខីកម្ម ស្តីពីការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញដែរ ដោយបានលើកឡើងថា «ទាហានខ្មែរក្រហមបានប្រាប់ប្រជាជនឲ្យចាកចេញតាមវិធីសាស្ត្រដែលខ្លួនអាចធ្វើទៅបាន។ ខ្មែរក្រហមមិនបានប្រាប់ប្រជាជនថារបស់របរអ្វីដែលគួរយកទៅតាមខ្លួនឡើយ។ ក្រុមគ្រួសាររបស់ខ្ញុំមិនបានយកអង្ករទៅតាមទេ។ ក្រុមគ្រួសារខ្ញុំយកទៅតែប្រាក់កាស ដែលខ្ញុំគិតថាអាចប្រើប្រាស់បាននៅតាមផ្លូវ។ ទាហានខ្មែរក្រហម មិនបានប្រាប់ថា ប្រាក់កាសគ្មានប្រយោជន៍ទេ។ ខ្ញុំប្រែជាអស់សង្ឃឹម នៅពេលបានដឹងរឿងនេះនៅតាមផ្លូវ។ មនុស្សម្នាដែលមិនអាចធ្វើដំណើរដោយខ្លួនឯងបាន ដូចជា អ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យ ត្រូវរុញដោយប្រើប្រាស់គ្រែអ្នកជំងឺរបស់មន្ទីរពេទ្យ ឬសែងដោយស្នែង ឬអង្រឹង។ អ្នកខ្លះឈឺធ្ងន់ ត្រូវជិះលើខ្នងម្នាក់ទៀត ដែលអាចដើរបាន។ ប្រជាជនដែលត្រូវជម្លៀសអាចឮសម្រែកថ្ងូររបស់អ្នកសម្រាលកូននៅតាមដងផ្លូវ ហើយនៅទីបំផុតអ្នកដែលត្រូវជម្លៀសទាំងនោះក៏រកបានឆ្មបម្នាក់មកជួយសម្រាលកូនឲ្យស្ត្រីជាម្តាយ។ ខ្ញុំត្រូវបានជម្លៀសដោយបង្ខំ ជាមួយនឹងកូនស្រីអាយុ៥ឆ្នាំម្នាក់។ កូនស្រីរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។ នាងរាករូសយ៉ាងខ្លាំង ខ្ញុំត្រូវបានគេបង្គាប់ឲ្យរកស្លឹករុក្ខជាតិមកព្យាបាលជំងឺរបស់នាង។ សមាជិកគ្រួសាររបស់ខ្ញុំម្នាក់ៗ សុទ្ធតែក្តៅខ្លួន។ នៅពេលដែលម្ដាយមីងរបស់ខ្ញុំមកលេង ហើយឃើញស្ថានភាពនេះ គាត់ចង់យកកូនខ្ញុំទៅនៅជាមួយគាត់ដើម្បីព្យាបាលនាង។ ខ្ញុំយល់ព្រមឲ្យគាត់យកនាងទៅ។ ខ្ញុំជឿជាក់ថាកូនស្រីរបស់ខ្ញុំនឹងត្រូវបានព្យាបាល ឬមើលថែទាំបានត្រឹមត្រូវ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថានាងបានស្លាប់បាត់ទៅហើយ។ ខ្ញុំក៏ត្រូវបានបង្ខំឲ្យផ្លាស់ទីម្ដងទៀតពីស្រុកខ្សាច់កណ្ដាលទៅខេត្តពោធិ៍សាត់។ អ្នកដែលត្រូវជម្លៀសនានាហូបអាហារនៅតាមផ្លូវ ហើយអាហារទាំងនោះមិនល្អចំពោះយើងទេ វាបណ្តាលឲ្យពោះយើងមានបញ្ហា។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា