នៅថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវគ្គ បណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ចំនួន៤២នាក់ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងទាក់ទងនឹងការចុះទៅអនុវត្តសកម្មភាពការងារ ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមមូលដ្ឋាន។ អ្នកស្ម័គ្រចិត្តទាំង៤២នាក់ មកពីស្រុកកំចាយមារ, ស្រុកមេសាង, ស្រុកពាមរក៍ និងក្រុងព្រៃវែង។ ក្នុងថ្ងៃបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តទាំងអស់ទទួលបានសំណុំឯកសារមួយកញ្ចប់ម្នាក់ ដែលនៅក្នុងកញ្ចប់នោះមាន កម្រងសំណួរសម្រាប់សម្ភាសន៍ចំនួន១ច្បាប់, ទស្សនាវដ្តីស្វែងរកការពិតចំនួន១ក្បាល, មេរៀនស្តីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរក្រហមសង្ខេបចំនួន១ច្បាប់, តារាងលទ្ធផលការងារប្រចាំសប្តាហ៍ចំនួន១៥ច្បាប់, អាវយឺតចំនួន១ និងមួកចំនួន១។
ផ្ដើមដំបូងនៃវគ្គបណ្ដុះបណ្ដាលលោក ផេង ពង្សរ៉ាស៊ី គឺជានាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងជាគ្រូឧទ្ទេសក្នុងកម្មវិធីបណ្តុះបណ្តាល បានធ្វើបទបង្ហាញអំពីមេរៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយសង្ខេប ដោយផ្តោតលើព្រឹត្តិការណ៍សំខាន់ៗ ដូចជា ការជម្លៀសដោយបង្ខំ, ការលុបបំបាត់រូបិយប័ណ្ណ សាសនា ទីផ្សារ និង ការអប់រំ, ការបង្កើតសហករណ៍ និងការដ្ឋានការងារ, ការកម្ចាត់សត្រូវវណ្ណៈ, ការបណ្តេញជនជាតិវៀតណាម និងការបញ្ជូនកងទ័ពទៅតាមព្រំដែន ជាពិសេសព្រំដែនកម្ពុជា-វៀតណាម។ លោក ផេង ពង្សរ៉ាស៊ី បានទុកពេលវេលាឲ្យអ្នកស្ម័គ្រចិត្តណាដែលមានសំណួរផ្សេងៗទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីឡើងសួរសំណួរ ព្រោះអ្នកស្ម័គ្រចិត្តម្នាក់ៗចាំបាច់ត្រូវឈ្វេងយល់ឲ្យបានស៊ីជម្រៅពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីផ្តល់ភាពងាយស្រួលដល់ខ្លួនក្នុងការធ្វើបទសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី បានបង្ហាញពីដំណើរការចុះអនុវត្តកិច្ចការ និងការចុះសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ផេង ពង្សរ៉ាស៊ី បានលើកយកចំណុចសំខាន់ ដូចជា ៖ ដំបូងអ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចាប់ផ្តើមការសម្ភាសន៍សមាជិកក្រុមគ្រួសារដែលត្រូវជាជីដូនជីតារបស់ខ្លួនសិន មុនចុះទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដើម្បីស្នើសុំការសហការ។ រៀបចំផែនការចុះអនុវត្តសកម្មភាពការងារ។ រៀបចំសម្ភារដែលត្រូវប្រើប្រាស់ក្នុងអំឡុងពេលសម្ភាសន៍ ដូចជា កម្រងសំណួរ, ប៊ិកនិងសៀវភៅកត់ត្រា, មធ្យោបាយធ្វើដំណើរ និងឧបករណ៍ថតសំឡេង (ទូរសព្ទដៃវ័យឆ្លាត)។
ជាចុងក្រោយគឺសិស្សត្រូវបញ្ជូនលទ្ធផលនៃកិច្ចសម្ភាសន៍ ជាសំឡេង, រូបថត, និងសេចក្តីសង្ខេបសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តក៏ត្រូវបានលើកទឹកចិត្តឲ្យសាកសួរបន្ថែមអំពីឯកសារ ឬរបស់ប្រើប្រាស់ដែលបន្សល់ទុកពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តអាចបញ្ជូនលទ្ធផលការងាររបស់ខ្លួនបានតាមការអនុវត្តការងារពីចម្ងាយ ដោយមិនចាំបាច់មកកាន់ការិយាល័យធ្វើការនៅក្នុងទីរួមខេត្តព្រៃវែងឡើយ។ ដើម្បីធ្វើកិច្ចការនេះបានជោគជ័យ ដំបូងបង្អស់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានបង្កើតតំណរភ្ជាប់ «សំណុំឯកសារ (folder)» សម្រាប់អ្នកស្ម័គ្រចិត្តម្នាក់ៗ រួចផ្ញើ «សំណុំឯកសារ» នោះតាមប្រព័ន្ធតេឡេក្រាមទៅកាន់អ្នកស្ម័គ្រចិត្តជាបុគ្គល ដើម្បីរក្សាទុកជា «សំណុំឯកសារ» ផ្ទាល់ខ្លួន។ បន្ទាប់មកអ្នកស្ម័គ្រចិត្តត្រូវបានបង្រៀនពីវិធីសាស្រ្តក្នុងការប្រើប្រាស់ «សំណុំឯកសារ»នោះ។ អ្នកស្ម័គ្រចិត្តក៏ត្រូវបានបង្រៀន អំពីវិធីបញ្ជូនឯកសារតាមប្រព័ន្ធអ៊ីនធើណែត តាមរយៈការប្រើប្រាស់កម្មវិធីក្នុងទូរសព្ទដៃមួយចំនួនដូចជា កម្មវិធី Camscanner, Google Drive, និង Onedrive។
អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨របស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ភាគច្រើនជានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនានា ហើយសមត្ថភាពរបស់អ្នកទាំងអស់ត្រូវបានមើលឃើញថា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះទៅធ្វើការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មួយវិញទៀត និស្សិតទាំងនោះមានចំណេះដឹងច្រើនទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីទូរសព្ទ។ ក្រុមអ្នកស្ម័គ្រចិត្តត្រងត្រាប់ស្តាប់ការពន្យល់ និងការធ្វើបទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី ដោយបាននូវចំណេះដឹងថ្មីៗដែលខ្លួនពុំដែលបានដឹងពីមុនមក។ អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ នឹងដឹកនាំធ្វើកិច្ចការងារក្នុងសហគមន៍ដោយខ្លួនឯង និងធ្វើការសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា