នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ គឺជាខួបលើកទី៤៥ឆ្នាំ ដែលប្រជាជនកម្ពុជាត្រូវបានសង្រ្គោះ និងរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម បានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តកម្ពុជាស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ការចុះស្រាវជ្រាវ និងការចងក្រងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ សិក្ខាកាមជាអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម សរុបចំនួន១៥៦នាក់ ត្រូវបានជ្រើសរើសមកពីស្រុកកំពង់សៀម, ស្រុកកោះសូទិន, ស្រុកស្រីសន្ធរ និងស្រុកជើងព្រៃ។ សិក្ខាសាលានេះ ត្រូវបានចែកចេញជាពីរក្រុម ដោយក្រុមទីមួយមានការចូលរួមពីយុវជនមកពីស្រុកស្រីសន្ធរ ដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែមករា និងក្រុមយុវជនមកពីស្រុកកំពង់សៀម, កោះសូទិន និងស្រុកជើងព្រៃ បានចូលរួមកម្មវិធីនៅក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តកម្ពុជាទាំងពីរថ្ងៃនេះ មានគោលបំណងដូចតទៅ ៖
១) បង្កើនចំណេះដឹងប្រវត្តិសាស្រ្តខ្មែរក្រហម
២) ពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈរួចរាល់ក្នុងការចុះជួប និងស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
៣) ផ្ដល់ចំណេះដឹងអំពីការសរសេររឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
៤) ពិភាក្សាទៅប្រធានបទស្រាវជ្រាវ និងការចូលរួមដំណើរទស្សនកិច្ចតាមរថភ្លើង ក្រោមប្រធានបទ ៖ «ការជម្លៀសដោយបង្ខំ»
៥) ស្ដាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
នៅក្នុងឱកាសនោះ លោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើបង្ហាញ និងពន្យល់អ្នកស្ម័គ្រចិត្តទាំងអស់ឲ្យស្វែងយល់ពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលបានផ្ដោតសំខាន់ទៅលើ ៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ទុក្ខវេទនា និងការកាប់សម្លាប់ទៅលើប្រជាជន, ការធ្វើឲ្យសុខភាពរបស់ប្រជាជនចុះទ្រុឌទ្រោម, វិសុទ្ធកម្មទៅលើកម្មាភិបាល និងប្រជាជននៅភូមិភាគបូពា៍ និងការដួលរំលំរបបខ្មែរក្រហម។
បន្ទាប់ពីបទបង្ហាញទាក់ទងពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យបានបញ្ចប់ លោក សាំង ចាន់ធូ ប្រធានក្រុមការងារអ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តកំពង់ចាម ធ្វើបទបង្ហាញអំពីការពង្រឹងសមត្ថភាព និងការតៀមលក្ខណៈរួចរាល់ក្នុងការចុះជួប និងស្ដាប់រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក សាំង ចាន់ធូ គូសបញ្ជាក់អំពីការយល់ដឹងជាមុនអំពីរឿងរ៉ាវប្រវត្តិសាស្រ្ត, ការយកសៀវភៅកត់ត្រាខណៈពេលស្ដាប់ និងកត់ត្រាការនិយាយប្រាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ឧបករណ៍សម្រាប់ថតសំឡេង និងរូបភាព, និងការរក្សាទុកឯកសារយ៉ាងមានសុវត្ថិភាព និងត្រឹមត្រូវ។ បន្ថែមលើនេះទៀតលោក សាំង ចាន់ធូ ក៏ប្រាប់អំពីវិធីសាស្រ្តនៃការសរសេរសាច់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយបានបង្ហាញអត្ថបទចំនួន៦ចេញពីបទសម្ភាសន៍របស់ក្រុមការងារនាពេលកន្លងមក។
ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា ដឹកនាំកិច្ចពិភាក្សាទៅលើការជ្រើសប្រធានបទស្រាវជ្រាវ និងដំណើរទស្សនកិច្ចតាមរថភ្លើង។ លោក ស៊ាង ចិន្ដា បានបង្ហាញដល់អ្នកស្ម័គ្រចិត្តអំពីកម្មវិធីស្រាវជ្រាវ ដែលត្រូវបានរៀបចំឡើង និងបណ្ដុះបណ្ដាលយុវជន-យុវនារីជំនាន់ថ្មីក្នុងផ្នែកស្រាវជ្រាវពីប្រវត្តិសាស្រ្តខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តនឹងត្រូវបែងចែកជាក្រុមស្រាវជ្រាវ និងកំណត់យកប្រធានបទ។ បន្ទាប់មក សមាជិកក្រុមនីមួយៗជ្រើសរើសយកសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលទាក់ទងប្រធានបទខ្លួនដើម្បីធ្វើការសរសេរ ខណៈចុះជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានរបស់ខ្លួន។ បន្ទាប់ពីផ្ញើសំណេរជ្រាវស្រាវព្រាងលើកទី១របស់ខ្លួនតាមក្រុមនីមួយៗ ក្រុមការងារនឹងធ្វើការពិនិត្យដើម្បីកំណត់ថា ក្រុមស្រាវជ្រាវដែលមានប្រធានបទទាក់ទងនឹងដំណើរទស្សនកិច្ចតាមរថភ្លើង គឺត្រូវបានជ្រើសរើសចូលរួមដំណើរទស្សនកិច្ចនាពេលខាងមុខនេះ។
ការស្ដាប់ និងសួរនាំអំពីបទពិសោធន៍ផ្ទាល់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបំពាក់បំប៉នវិធីសាស្រ្ត និងបណ្ដុះទំនុកចិត្តក្នុងការចុះសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អ្នកស្ម័គ្រចិត្តទទួលបានឱកាសជួបសន្ទនា និងសួរនាំផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣រូបគឺយាយ សៀង ហេន និង យាយ កែវ ម៉ុន ដែលជាអតីតអ្នកធ្វើការងារនៅកងចល័តខ្មែរក្រហម និងលោក តុង សុភា គឺជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣រូប សប្បាយចិត្តជាខ្លាំងដែលមានឱកាសនិយាយប្រាប់បទពិសោធន៍ និងការចងចាំទុក្ខវេទនារបស់ខ្លួនទៅកាន់ក្មេងៗជំនាន់ក្រោយ និងបានបញ្ជាក់ថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់គាត់។ យាយ សៀង ហេន និងយាយ កែវ ម៉ុន បាននិយាយប្រាប់អំពីបទពិសោធន៍ធ្វើការងារហួសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងការស្លាប់ប្រជាជននៅពេលនោះ។ ចំណេកឯលោក តុង សុភា រំឭកអំពីការបាត់បង់ឪពុកដោយការចាប់យកទៅសម្លាប់ចោលរបស់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនរតី។ បន្ទាប់ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣រូបបានបញ្ចប់ការរៀបរាប់រឿងរ៉ាវរបស់ខ្លួន អ្នកស្ម័គ្រចិត្តចោទសួរសំណួរជាច្រើន ដែលអូសបន្លាយរយៈពេលជិត១ម៉ោង។ កិច្ចសន្ទនាអន្តរជំនាន់នេះមានសារសំខាន់ក្នុងការកសាងទំនុកចិត្តប្រាស្រ័យទាក់ទងរបស់អ្នកស្ម័គ្រចិត្ត ដែលជាយុវជនយុវនារីជំនាន់ក្រោយ ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា