សួង ឆេង ៖ កងនារីភូមិតាម៉ៅកើតក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ សួង ឆេង ភេទស្រី អាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ សួង និងម្ដាយឈ្មោះ ហេង។ ឪពុកម្តាយខ្ញុំស្លាប់នៅក្នុងសម័យ ប៉ុល ពត ដោយសារជំងឺ។ ខ្ញុំមានបងប្អូនស្រីចំនួន២នាក់ ហើយខ្ញុំគឺជាកូនពៅ។ ខ្ញុំមានប្តីឈ្មោះ ស៊ីន និងមានកូនចំនួន៨នាក់ គឺប្រុស៥នាក់និងស្រី៣នាក់ ប៉ុន្តែកូនខ្ញុំ៣នាក់បានស្លាប់ក្នុងនោះមានកូនច្បងឈ្មោះ ស៊ុននី ភេទប្រុស អាយុ១៥ឆ្នាំ ធ្វើពេទ្យនៅមេមត់ស្លាប់ក្នុងសម័យខ្មែរក្រហម។ កូនបន្ទាប់ស្លាប់នៅអាយុ១ខួប ដោយសារជំងឺ ហើយមួយទៀតស្លាប់ដោយសារធ្លាក់ពីលើម៉ូតូ នៅអាយុ៣២ឆ្នាំ។

នៅជំនាន់ឥស្សរខ្ញុំនៅតូចមិនបានរៀនសូត្រទេ។ ខ្ញុំនៅជួយឃ្វាលគោ និងក្របី ដើម្បី សម្រាលការងារឪពុកម្ដាយ។ ពេលទំនេរពីឃ្វាលគោ ខ្ញុំតែងតែទៅស៊ីឈ្នួលច្រូតស្រូវក្នុងមួយថ្ងៃទទួលបានប្រាក់១៥រៀល ចំណែកមនុស្សប្រុសបាន២០រៀល ព្រោះមនុស្សប្រុសរែកកណ្ដាប់ ប្រើកម្លាំងច្រើនជាងស្រី។ លុះខ្ញុំអាយុ១២ឆ្នាំ ទើបទៅស៊ីឈ្នួលឆ្ការព្រៃធ្វើផ្លូវ ទុកឲ្យឡានបើកបរដោយក្នុងមួយថ្ងៃទទួលបានប្រាក់៥រៀល។ ពេលខ្លះខ្ញុំទៅដាំសណ្ដែកក្នុងមួយថ្ងៃក៏ទទួលបានប្រាក់៥រៀលដែរ ចំណែកប្រុសៗទទួលបាន១០រៀល ដោយសារត្រូវគាស់គុម្ពសណ្តែក និងត្រូវប្រើកម្លាំងខ្លាំង។ នៅពេលនោះប្រជាជនប្រកបមុខរបរធ្វើស្រែចម្ការ និងដាំដំណាំធម្មតា ។

 

នៅក្នុងឆ្នាំ១៩៧០ ពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ប្រជាជនក្នុងភូមិមិនបានដឹងទេ ប៉ុន្តែមេភូមិបានផ្ដល់ដំណឹងថាមានប្រជុំនៅស្រុកមេមត់។ ពេលនោះប្ដីខ្ញុំ និងប្រជាជនក្នុងភូមិចំនួនទៀតបានធ្វើដំណើរដោយថ្មើរជើងទៅតាំងពីទៀបភ្លឺហើយព្រឹកព្រលឹមក៏ទៅមេមត់។ ពេលទៅដល់ ប្ដីរបស់ខ្ញុំឃើញប្រជាជនកំពុងធ្វើបាតុកម្ម នៅមេមត់ដោយមានគប់ដុំថ្ម ដេញវាយគ្នា ដើម្បីទាមទារឲ្យសម្ដេចព្រះ នរោត្តម សីហនុ យាងមកគ្រប់គ្រងប្រទេសវិញ។ ប្ដីរបស់ខ្ញុំត្រឡប់មកពីស្រុកមេមត់នៅពេលយប់ ហើយខ្ញុំបានប្រាប់គាត់ឲ្យឡើងទៅពួននៅលើដើមគរ ព្រោះមានមនុស្សមកតាមរកប្តីរបស់ខ្ញុំ រហូតទាល់តែសភាពការណ៍ស្ងប់ស្ងាត់ទើបខ្ញុំឲ្យប្តីរបស់ខ្ញុំចុះមកនៅលើផ្ទះវិញ។ កន្លះខែក្រោយមក មានទាហាន លន់ នល់ ដើររកមនុស្សប្រុសតាមផ្ទះដើម្បីចាប់យកទៅធ្វើជាទាហាន។ អំឡុងពេល នោះ ខ្ញុំបានប្រាប់ប្ដីរបស់ខ្ញុំឲ្យទៅពួននៅតាមព្រៃជិតៗភូមិ រហូតទាល់តែទាហាន លន់ នល់ ចាក់ចេញ ទើបខ្ញុំហៅប្តីឲ្យចូលមកក្នុងភូមិវិញ។ ពេលនោះ ទោះបីប្រទេសកំពុងមានបាតុកម្ម ប៉ុន្តែប្រជាជននៅធ្វើស្រែចម្ការ និងប្រកបមុខរបរចិញ្ចឹមជីវិតធម្មតា។

សព្វថ្ងៃ សួង ឆេង ភេទស្រី អាយុ៨៧ឆ្នាំ រស់នៅម្នាក់ឯង និងប្រកបរបរធ្វើឈ្នាង ដើម្បីចញ្ចឹមជីវិត។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៣ ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិរស់នៅលំបាកវេទនាខ្លាំងណាស់ ព្រោះត្រូវរត់គេចគ្រាប់ ហើយលាក់ខ្លួននៅតាមរណ្ដៅត្រង់សេ។ រណ្ដៅត្រង់សេធំអាចដាក់គ្រែបានចំនួន១ទៅ២គ្រែ ហើយមានជម្រៅជ្រៅលិចក្បាលអាចដើរទៅមកបាន។ ប្រជាជនរស់នៅក្នុងភូមិមានការភ័យខ្លាច ហើយពិបាកក្នុងការធ្វើស្រែចម្ការ។ ពេលនោះ ទាហានអាមេរិកាំងក៏មកទម្លាក់គ្រាប់លើកងទ័ពវៀតកុង (វៀតណាមខាងជើង) ដែលលាក់ខ្លួននៅជាយៗភូមិ ជាហេតុធ្វើឲ្យប្រជាជនខ្មែរខ្លះរងរបួស និងស្លាប់ដែរ។ ថ្ងៃមួយខ្ញុំឃើញទាហានអាមេរិកាំងបើករថក្រោះ៣ទៅ៤គ្រឿងកាត់តាមភូមិ សំដៅទៅវាលស្រែដើម្បីដេញកងទ័ពវៀតកុង។ នៅពេលនោះ ខ្ញុំមានកូន៤នាក់ហើយ គឺប្រុស២នាក់ និងស្រី២នាក់។

ចូលមកដល់ឆ្នាំ១៩៧៤ ខ្មែរក្រហមចាប់ផ្ដើមរៀបចំប្រជាជនឲ្យធ្វើការងារប្រវាស់ដៃគ្នា ហើយបានផលស្រូវចែកគ្នាទៅតាមកម្លាំងមនុស្សធ្វើការ។ ប្រជាជននៅក្នុងភូមិធ្វើស្រែរួមគ្នា ហើយច្រូតស្រូវយកកណ្ដាប់ទៅដាក់នៅកន្លែងតែមួយ។ រហូតបោកបែនស្រូវរួច ទើបប្រធានកងយកស្រូវទៅចែកគ្នាទៅតាមសមាជិកដែលចូលរួមធ្វើការងារ គិចជាថាំង ឬរទេះគោ ដោយក្នុងមួយរទេះគោមាន២៥ថាំង។

នៅឆ្នាំ១៩៧៥ ខ្ញុំឃើញមានប្រជាជនជាច្រើនត្រូវបានខ្មែរក្រហមជម្លៀសមកពីភ្នំពេញ ឲ្យមករស់នៅជាមួយប្រជាជនក្នុងភូមិតាម៉ៅកើត។ ខ្មែរក្រហមចាត់តាំងឲ្យប្រជាជនជម្លៀសមកថ្មីទាំងនោះទៅនៅជាមួយប្រជាជននៅក្នុងភូមិតាម៉ៅកើត ដោយផ្ទះខ្លះឲ្យប្រជាជនជម្លៀសថ្មីនៅចំនួនមួយគ្រួសារ ខ្លះទៀតឲ្យនៅពីរគ្រួសារ។ ប្រជាជនជម្លៀសមកថ្មី និងប្រជាជនចាស់ ធ្វើការងារដូចគ្នា។ កាលនោះ ខ្មែរក្រហមឲ្យកូនរបស់ខ្ញុំអាយុ១២ឆ្នាំទៅរៀននៅសាលាថ្នល់​ទទឹង ដោយគ្រូបង្រៀនសិស្សចាប់ពីម៉ោង៧ព្រឹក។ កូនរបស់ខ្ញុំទៅរៀនតាំងពីព្រឹក រហូតម៉ោង១១ ទើបត្រឡប់មកផ្ទះវិញ។ បន្ទាប់មក កូនរបស់ខ្ញុំត្រូវត្រឡប់ទៅឃ្វាលគោ និងក្របី។ គ្រូបង្រៀនកូនរបស់ខ្ញុំឈ្មោះ គ្រូវឿន ស្លាប់កាលពី៤ឆ្នាំមុនដោយសារចាស់ជរា។ កូនរបស់ខ្ញុំឈប់រៀននៅអាយុ១៥ឆ្នាំ ព្រោះកម្មាភិបាលឃុំមកស្នើកូនរបស់ខ្ញុំឲ្យធ្វើពេទ្យនៅស្រុកមេមត់។ ពេលទៅធ្វើពេទ្យនៅមេមត់ កូនរបស់ខ្ញុំបានមកលេងផ្ទះចំនួន២ដង គឺ លើកទីមួយ) មករកដើមផ្កាយកទៅដាំ លើកទី២) មកមើលប្អូនឈឺ និងហាមមិនឲ្យប្អូនហូបអាហារផ្ដេសផ្ដាសខ្លាចលាប់ជំងឺ បន្ទាប់ពីនោះមកកូនរបស់ខ្ញុំបាត់ដំណឹងរហូត។ ចំណែកកូនស្រីខ្ញុំទីពីរឈ្មោះ លី អាយុ១៣ឆ្នាំ ធ្វើការងារក្នុងកងចល័តភូមិតាម៉ៅកើត​ និងមិនដែលមកដេកនៅផ្ទះជាមួយឪពុកម្តាយទេ។ អង្គការចាត់តាំង លី ឲ្យទៅធ្វើការងារច្រូត ដកស្ទូង នៅភូមិណាគឺ លី សម្រាកនៅភូមិនោះតែម្ដង។ ទោះបី លី ធ្វើការងារនៅកងចល័តនៅជិតៗភូមិរយៈពេលមួយឆ្នាំក៏ដោយ ក៏គាត់មកលេងផ្ទះបានតែពីរដងតែប៉ុណ្ណោះ ហើយបើទៅធ្វើការងារឆ្ងាយពីភូមិគាត់មិនបានមកលេងផ្ទះទេ។ ខ្ញុំបានទទួលដំណឹងកូនរបស់ខ្ញុំពីអ្នកស្គាល់គ្នានៅក្នុងភូមិ នៅពេលកងចល័តកូនរបស់ខ្ញុំនៅភូមិជាំតាម៉ៅត្រូវបានអង្គការចល័តទៅធ្វើការងារនៅទីកន្លែងផ្សេងៗ។

សព្វថ្ងៃ សួង ឆេង ភេទស្រី អាយុ៨៧ឆ្នាំ រស់នៅម្នាក់ឯង និងប្រកបរបរធ្វើកាផា ដើម្បីចញ្ចឹមជីវិត។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ប្ដីរបស់ខ្ញុំធ្វើជាមេសហករណ៍ដើររកបន្លែ អង្ករ ប្រហុកសម្រាប់ឲ្យចុងភៅដាំស្លរឲ្យប្រជាជនហូបរួម ព្រមទាំងនៅគ្រប់គ្រងកន្លែងដាំបាយ និងធ្វើម្ហូបនៅសហករណ៍។ ខ្មែឬក្រហមចាត់តាំងឲ្យចុងភៅឲ្យឆ្លាស់វេនគ្នាដាំបាយ និងធ្វើម្ហូប ហើយបន្ទាប់ពីដាំបាយធ្វើម្ហូបរួច ពេលថ្ងៃទំនេរត្រូវធ្វើការងារស្រែចម្ការ ដូចប្រជាជនទូទៅដែរ។ ចំណែកខ្ញុំធ្វើជានារីភូមិ ដោយកាលនោះនៅក្នុងមួយភូមិៗ មេភូមិត្រូវជ្រើសរើសយកនារី៣នាក់។ ខ្ញុំ យាយលី និងបងស្រីខ្ញុំ ឈ្មោះ ស៊ីម ត្រូវបានមេភូមិជ្រើសរើសឲ្យធ្វើជានារីភូមិ។ យាយលី ស្លាប់ដោយសារចាស់ជរា ប្រមាណ៧ឆ្នាំមុន ចំណែកបងស្រីខ្ញុំឈ្មោះ ស៊ីម អាយុ៨៩ឆ្នាំហើយសព្វថ្ងៃនេះ។ ខ្មែរក្រហមបានចាត់តាំងខ្ញុំ យាយលី និងបងស្រីរបស់ខ្ញុំ ឲ្យទៅរៀននៅមេម៉ង ហើយបានជួបជាមួយមនុស្សរាប់ពាន់នាក់សុទ្ធតែស្រីៗ។ ខ្មែរក្រហមបានបង្រៀនខ្ញុំរយៈពេល៣ទៅ៤ថ្ងៃក្នុងគោលបំណងដើម្បីកុំឲ្យខ្ញុំបែកចិត្តពីអង្គការថ្នាក់លើ។

នៅពេលត្រឡប់មកផ្ទះវិញ ខ្ញុំបានធ្វើស្រែចម្ការធម្មតា រហូតដល់ថ្ងៃដែលខ្មែរក្រហមកោះហៅទៅប្រជុំ ទើបខ្ញុំដើរប្រាប់ប្រជាជនក្នុងភូមិឲ្យទៅប្រជុំតាមបទបញ្ជារបស់ខ្មែរក្រហម។ ខ្មែរក្រហមជម្លៀសប្រជាជននៅក្នុងភូមិភូមិជាំតាម៉ៅកើតចំនួនពីរលើក។ ដំបូង ខ្មែរក្រហមជម្លៀសប្ដីរបស់ខ្ញុំជាមួយមេឃុំដា ទៅចម្ការក្រូច ក្នុងស្រុកស្នួល ខេត្តក្រចេះ ហើយប្រហែលជា កន្លះខែក្រោយមក ទើបខ្មែរក្រហមជម្លៀសខ្ញុំទៅនៅភូមិអំពុក ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ តាមក្រោយ។ ខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើស្រែចម្ការជាមួយប្រជាជនភូមិអំពុក ពេលនោះមានអ្នកភូមិដឹងដែលដឹងដំណឹងពីប្ដីរបស់ខ្ញុំ បានមកប្រាប់ខ្ញុំថា ប្តីរបស់ខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅចម្ការក្រូច (ទំនប់ថ្ពង់) ក្នុងស្រុកស្នួល ខេត្តក្រចេះហើយ។ បន្ទាប់មក ខ្មែរក្រហម ជម្លៀសខ្ញុំបន្តទៅភូមិកោះរងាវ ឃុំកំពង់ក្របី ស្រុកសំបូរ ខេត្តក្រចេះ។ ខ្ញុំធ្វើការងារច្រូតកាត់នៅទីនោះបានមួយខែកន្លះ ក៏ទទួលដំណឹងថាប្រទេសជាតិត្រូវបានរំដោះ ហើយប្រជាជន ដែលនៅក្នុងភូមិស្រុកណាអាចត្រឡប់ទៅភូមិឃុំស្រុកនោះវិញ។ ខ្ញុំបានជិះកាណូតពីភូមិកោះរងាវ មកថ្មគ្រែ ហើយជិះកាណូតពីថ្មគ្រែមកស្រុកស្ទឹងត្រង់។ នៅស្រុកស្ទឹងត្រង់មានឡានចាំដឹកប្រជាជន ប៉ុន្តែពេលនោះ ខ្មែរក្រហមក្លែងបន្លំខ្លួនដឹកប្រជាជនយកទៅសម្លាប់ចោលអស់ជាច្រើននាក់ដែរ។ ខ្ញុំបានដើរទៅភូមិបុស្ស ឃុំបារាយណ៍ ហើយរស់នៅទីនោះបានរយៈពេលមួយខែ។

បន្ទាប់មកខ្ញុំបានធ្វើដំណើរត្រឡប់មកផ្ទះនៅស្រុកកំណើតវិញ ដោយដេកតាមផ្លូវរយៈ ពេល៣យប់ទើបមកដល់ភូមិតាម៉ៅ។ ពេលមកដល់ភូមិ ខ្ញុំឃើញផ្ទះខ្ញុំឆេះអស់ហើយ ដូច្នេះខ្ញុំក៏ចាប់ផ្ដើមកាប់ឆ្ការព្រៃសង់ផ្ទះស្នាក់នៅ ហើយមួយឆ្នាំក្រោយមកទើបខ្ញុំអាចធ្វើស្រែចម្ការបានធម្មតាវិញ។ សព្វថ្ងៃ ខ្ញុំរស់នៅម្នាក់ឯង និងប្រកបរបរធ្វើឈ្នាង, កន្រ្តងប្រហុក កាផា និងចង្អេរលក់ ដើម្បីចញ្ចឹមជីវិត។

អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖