មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមចូលរួមផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម

អស់រយៈពេល១១ខែ ក្នុងឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម អនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាក់ទងនឹងការចងក្រងឯកសារ ការអប់រំ និងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ដើម្បីសម្រេចបានគោលបំណងនេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការសហការជាមួយភាគីពាក់ព័ទ្ធចាប់តាំងពីរដ្ឋបាលសាលាខេត្តរហូតដល់ថ្នាក់មូលដ្ឋានភូមិឃុំ, បណ្តាញសមាគម អង្គការ និងគ្រឹះស្ថានសិក្សានៅខេត្តកំពង់ចាម ក្នុងការផ្ដល់កម្មវិធីអប់រំបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២-២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលបានលិខិតសរសើរពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចំពោះកិច្ចសហការល្អក្នុងការផ្ដល់សេវាសង្គមនានា ដែលរួមមាន ការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការលើកកម្ពស់សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ចំពោះកិច្ចសហកាជាមួយបណ្តាញសមាគម និងអង្គការ នៅខេត្តកំពង់ចាម មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សហការជាមួយអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ក្នុងការបញ្ជូនបុគ្គលិកចូលរួមប្រជុំពិគ្រោះយោបល់ និងសិក្ខាសិលាជាបន្តបន្ទាប់។ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលបានលិខិតសរសើរចំពោះកិច្ចសហការល្អរវាងអង្គការជាដៃគូក្នុងការចូលរួមពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ទៅវិញទីមកដើម្បីភាពប្រសើរឡើងក្នុងអង្គភាព។

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ក៏បានរៀបចំវេទិកាថ្នាក់រៀន វេទិកាអប់រំសហគមន៍ ដំណើរទស្សនកិច្ចសិក្សាទៅកាន់ទំនប់ខ្មែរក្រហម និងពិព័រណ៍រូបថត ដែលមានសិស្សប្រមាណ១៥០០នាក់ក្នុងចំណោមវិទ្យាល័យ និងគ្រឹះស្ថានសិក្សាសរុបចំនួន៧បានចូលរួម។ នៅក្នុងកម្មវិធីនីមួយៗ សិស្សទទួលបានការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងបទពិសោធន៍ថ្មីៗ ជាពិសេសការជួបជជែកផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដើម្បីដឹងអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ បន្ថែមលើនេះទៀត មជ្ឈ​មណ្ឌល​ឯក​សារខេត្តកំពង់ចាម ចូលរួមរៀបចំពិព័រណ៍របស់ខ្លួនដែលបែកចែកជា៣ផ្នែករួមមាន ៖ ពិព័រណ៍រូបថតអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ចំនួន៨០ផ្ទាំង, ការចាក់បញ្ចាំងវីដេអូឯកសារ និងការចែកទស្សនាវដ្ដីស្វែងរកការពិត លេខពិសេសសម្រាប់ផ្សព្វផ្សាយរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីខ្មែរក្រហមនៅខេត្តកំពង់ចាម។

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំសម្រាប់សិស្ស-និស្សិត អ្នកស្រាវជ្រាវ និងសាធារណជន ក្នុងការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរក្រហមសម្រាប់ឆ្នាំ២០២៤។

អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិក មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក