ស្របពេលដែលយើងឈានចូលមកកាន់ខួបអនុស្សាវរីយ៍លើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខ្ញុំបាននឹករំពៃដល់គោលការណ៍ជាសកលដ៏សំខាន់ ដែលបានជំរុញឲ្យមានការបិទបញ្ចប់ជម្លោះឥតស្រាកស្រាន្តបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គោលការណ៍ជាសកលនេះ នៅតែបន្តក្រើនរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការសម្រេចបាននូវសន្តិភាពនៅជុំវិញពិភពលោក។ សិទ្ធិក្នុងការរស់រានមានជីវិត គឺជាសិទ្ធិដំបូងបង្អស់មួយក្នុងចំណោមសិទ្ធិទាំងអស់របស់មនុស្ស ដែលមានតួនាទីចាំបាច់បំផុត ដើម្បីទទួលបានសិទ្ធិមនុស្សដែលមានចែងដទៃទៀត ព្រមទាំងក្តោបទៅលើសិទ្ធិដទៃទៀតដែរ។ សិទ្ធិនេះ ត្រូវតែទទួលបានការការពារដោយច្បាប់ ហើយគ្មាននរណាម្នាក់ត្រូវទទួលរងការបំពានលើអាយុជីវិតរបស់ខ្លួនឡើយ។
សិទ្ធិក្នុងការរស់រានមានជីវិត គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ក្នុងការដោះស្រាយរាល់ជម្លោះទាំងអស់ ប៉ុន្តែសិទ្ធិនេះតែងត្រូវបានមើលរំលង។ ប្រសិនបើយើងអង្កេតមើលលើជម្លោះទាំងអស់ (ឬលក្ខខណ្ឌនានារុញច្រានឲ្យជម្លោះកើតមានឡើង) ផ្អែកលើផ្នត់គំនិតមួយដែលថា បុគ្គលនីមួយៗ មានសិទ្ធិរស់នៅជីវិតមួយ រួចផុតពីទង្វើនិងការប្រមាថដោយចេតនា ឬប៉ុនប៉ងបង្កឲ្យមានការស្លាប់ខុសពីប្រក្រតី មុនពេលកំណត់ ឬដោយចេតនា ហើយមនុស្សគ្រប់រូបមានសិទ្ធិរស់នៅជីវិតមួយប្រកបដោយកិត្តិយស នោះយើងអាចយល់ដឹងបានកាន់តែច្បាស់អំពីគោលគំនិតស្តីពីសកម្មភាពប្រព្រឹត្តឡើងដោយបុគ្គល, ប្រទេស ឬក្រុមមនុស្សនីមួយៗ ថាតើមានលក្ខណៈត្រឹមត្រូវ (ឬមិនត្រឹមត្រូវ) ក្នុងការឈានទៅសម្រេចបានសុវត្ថិភាព, សេរីភាព, យុត្តិធម៌ និងភាពថ្កុំថ្កើនរបស់ខ្លួន។
ការវាយប្រហារយ៉ាងឃោរឃៅលើជនជាតិអ៊ីស្រាអែល បានសបញ្ជាក់អំពីសារសំខាន់នៃការការពារសិទ្ធិក្នុងការរស់រានមានជីវិត ដោយមិនត្រឹមតែចំពោះប្រជាជនស្លូតត្រង់ ដែលបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែលតែប៉ុណ្ណោះទេ។ រដ្ឋត្រូវតែធានាថា ការឆ្លើយតបចំពោះការវាយប្រហារដ៏ធ្ងន់ធ្ងរ គឺត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីការពារអាយុជីវិតបុគ្គល ដែលពុំបានចូលរួមនៅក្នុងអំពើហិង្សានេះ។ ជម្លោះអាចបង្កពីសភាវគតិរបស់យើង ក៏ប៉ុន្តែនេះមិនមែនមានន័យថា យើងមិនអាចរស់នៅដោយសន្តិភាពនោះទេ។ ជាការពិតណាស់ ក្នុងកាលៈទេសៈខ្លះ ច្រកចេញតែមួយឈានទៅសម្រេចបានសន្តិភាព គឺការធ្វើសង្គ្រាម។ បន្ថែមលើពីនេះទៅទៀត រដ្ឋនានាត្រូវដាក់ចេញវិធានការដែលដោះស្រាយចំពោះឫសគល់បង្កជាអំពើហិង្សា ដោយមិនមែនប្រកាន់ខ្ជាប់គោលគំនិតក្នុងការកម្ទេចអ្នកបង្កអំពើហិង្សាទេ ក៏ប៉ុន្តែប្រកាន់គោលគំនិតក្នុងការបង្កើតឡើងជាថ្មីនូវស្ថានភាពនានា ដើម្បីផ្តល់ឱកាសដល់វប្បធម៌មួយ ដែលផ្តល់តម្លៃចំពោះសិទ្ធិជាសកលក្នុងការរស់រានមានជីវិត សម្រាប់មនុស្សគ្រប់ៗរូប។
ប្រសិនបើយើងទទួលស្គាល់ថា មនុស្សជាតិទាំងអស់ មានឥទ្ធិពលក្នុងការបញ្ចប់ជម្លោះនៅជុំវិញពិភពលោក មិនថានៅទីតាំងឆ្ងាយ ឬអ្នកមានទំនោរខុសពីយើង នោះយើងនឹងអាចសង្កេតឃើញថា ពិភពលោកទាំងមូលមានតួនាទីយ៉ាងចាំបាច់ក្នុងជម្លោះនៅមជ្ឈិមបូព៌ា, សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងនៅគ្រប់ទីតាំងទាំងអស់ដែលមានវត្តមានសង្គ្រាម និងអស្ថិរភាព។ ដើម្បីទទួលស្គាល់ពីឥទ្ធិពលនៃមនុស្សជាតិក្នុងការបញ្ចប់ជម្លោះ នៅជុំវិញពិភពលោក យើងត្រូវតែសកម្មក្នុងការផ្តួចផ្តើម, មោះមុតឆ្ពោះទៅមុខ និងយកចិត្តទុកដាក់យ៉ាងមធ្យ័តចំពោះស្ថានភាពនិងកត្តាជំរុញនានា ដែលរុញច្រានបង្កើតជាជម្លោះ។ ក្នុងន័យនេះ សិទ្ធិក្នុងការរស់រានមានជីវិត គឺមិនមែនត្រឹមតែជាសិទ្ធិជាមូលដ្ឋាន ដែលជំរុញឲ្យមានការបញ្ចប់ជម្លោះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំង ជាមធ្យោបាយដែលប្រសើរជាងការអប់រំទៅទៀត ក្នុងការបង្កើត, ពង្រឹង និងរក្សានូវភាពឋិតថេរចីរកាលនៃវប្បធម៌មួយ ដែលគោរពចំពោះសិទ្ធិក្នុងការរស់រានមានជីវិត។ ការអប់រំផ្តោតលើ ការយល់ដឹងរបស់មនុស្សជាតិចំពោះកំហុសពីអតីតកាល និងបើកបង្អួចនៃ
ឱកាសថ្មីមួយឆ្ពោះទៅកាន់អនាគត។ ជាក់ស្ដែង ការអប់រំពុំអាចជាឱសថព្យាបាលរាល់ជម្លោះកើតមានពីអតីតកាល, នាបច្ចុប្បន្នកាល និងនាអនាគតកាលទាំងអស់បានក៏ពិតមែន ហើយការអប់រំក៏មិនមែនជាការឆ្លើយតបចំពោះរាល់ស្ថានភាពទាំងអស់ ដែលបញ្ឆេះនូវជម្លោះដែរ។ ក៏ប៉ុន្តែ ការអប់រំ តែងត្រូវបានមើលរំលង និងមិនសូវទទួលបានការគាំទ្រទទួលស្គាល់ថាជា ឧបករណ៍ជាយុទ្ធសាស្ត្រក្នុងការរារាំងជម្លោះទេ ហើយដោយគ្មានមន្ទិលសង្ស័យ ការអប់រំទាមទារនូវធនធាន និងការប្តេជ្ញាប្រសើរជាងនេះ។ ជារួម ប្រសិនបើពុំមានការប្តេជ្ញាធ្វើការសិក្សាស្រាវជ្រាវ, ធ្វើការអប់រំ និងធ្វើការតស៊ូមតិអំពីប្រវត្តិសាស្ត្រទេនោះ ប្រវត្តិសាស្រ្ត នឹងក្លាយជាឧបករណ៍ឃោសនានយោបាយជាក់ជាមិនខាន។ នៅពេលដែលសន្តិភាព ឬប្រវត្តិសាស្ត្រ ក្លាយជាប្រធានបទនៃការឃោសនា យើងនឹងប្រឈមទៅនឹងការគំរាមកំហែង, ភាពអសន្តិសុខ និងអនាគតដ៏គ្រោះថ្នាក់។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានចំណាយរយៈកាលជាងពីរទសវត្សរ៍កន្លងមកហើយ ក្នុងការខិតខំប្រឹងប្រែងអប់រំពីអំពើប្រល័យពូជសាសន៍និងសន្តិភាព ក៏ប៉ុន្តែមជ្ឈមណ្ឌលឯកសារកម្ពុជា ពុំបានចាប់ផ្តើមកិច្ចការទាំងនេះ ក្នុងនាមជាស្ថាប័នអប់រំទេ។ ការអប់រំ ទាមទារនូវការពិត ចំណែកឯការពិត ទាមទារនូវការប្តេជ្ញាចិត្តឥតរួញរាក្នុងការស្វែងរកការពិត, ការចងក្រងឯកសារ និងការស៊ើបសួរ។ ជំនាញក្នុងការចងក្រងឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាដើមទុនសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួននៅក្នុងការអប់រំ។ តម្កល់ទុកនូវបណ្ណសារឯកសារស្តីពីរបបបខ្មែរក្រហមដ៏ធំបំផុត មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតជាកម្មវិធីសិក្សា ដែលមិនត្រឹមតែរួមបញ្ចូលឯកសារនិងវត្ថុតាងពាក់ព័ន្ធនឹងរបបខ្មែរក្រហមប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងគួបផ្សំនូវរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។ សាច់រឿងទាំងអស់នេះ គឺជាកត្តាជំរុញចិត្តក្នុងការពង្រីកការងារបន្ថែមជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ឈានទៅក្នុងប្រធានបទស៊ីជម្រៅនៃយុត្តិធម៌អន្តរកាល។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺមិនមែនត្រឹមតែជាអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ក៏ប៉ុន្តែបុគ្គលទាំងនេះគឺជាអ្នករស់រានមានជីវិតពីបួនរបប ដែលហែលឆ្លងកាត់សង្គ្រាម, អស្ថិរភាព និងទុក្ខវេទនាដ៏សោកសង្រេង។ នៅមុនពេលខ្មែរក្រហមឡើងកាន់កាប់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា បានទទួលរងការបំផ្លិចបំផ្លាញសាយភាយពីសង្គ្រាមក្នុងប្រទេសវៀតណាម និងចលនាតស៊ូប្រឆាំងនឹងអាណានិគមបារាំងរបស់វៀតណាម។ បន្ថែមលើសពីនេះទៅទៀត បន្ទាប់ពីរងការញាំញីដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលដួលរលំទៅនៅក្នុងឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានបន្តទទួលរងអស្ថិរភាព, ទុរភិក្ស និងជម្លោះផ្ទៃក្នុងអស់រយៈកាលជាងពីរទសវត្សរ៍បន្តទៀត។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទទួលរងការឈឹចាប់ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយការឈឺចាប់ទាំងនេះ នៅមិនទាន់ត្រូវបានសិក្សាស្រាវជ្រាវបានគ្រប់គ្រាន់ ឬពុំមានធនធានគាំពារគ្រប់គ្រាន់នៅឡើយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា មានការដឹងគុណចំពោះហិរញ្ញប្បទានដ៏សប្បុរសពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ផ្តល់ឲ្យនៅក្នុងឆ្នាំ២០២១ ដែលអនុញ្ញាតឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាអាចពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅលើប្រធានបទនេះ ជាពិសេស កិច្ចការងារដែលផ្តោតទៅលើការបង្កើនការយល់ដឹងអំពីស្ថានភាពសុខភាព និងសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
អ្នករស់រានមានជីវិតពីជម្លោះនានា គឺជាភាគីចូលរួមដ៏ចាំបាច់ ព្រមទាំងជាអ្នកនាំពាក្យដ៏សំខាន់បំផុត ក្នុងការកសាងវប្បធម៌មួយ ដែលគោរពឲ្យតម្លៃចំពោះសិទ្ធិក្នុងការរស់រានមានជីវិត។ អ្នករស់រានមានជីវិតពីជម្លោះទាំងនោះ អាចផ្តល់ជាឱកាសដល់មនុស្សជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន។ អ្នករស់រានមានជីវិតទាំងនេះ ថែមទាំងអាចពន្យល់បកស្រាយថាតើ ប្រវត្តិសាស្ត្រមានទំនាក់ទំនង និងមានសារសំខាន់យ៉ាងដូចម្តេចចំពោះសង្គមបច្ចុប្បន្ន។ អ្នករស់រានមានជីវិត មិនមែនមានតួនាទីត្រឹមតែជាអ្នកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់ សបញ្ជាក់អំពីការប្តេជ្ញាចំពោះសិទ្ធិក្នុងការរស់រានមានជីវិតថែមទៀតផង។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើន អាចនឹងទទួលអនិច្ចកម្មទៅនារយៈពេលប្រាំទៅដប់ឆ្នាំខាងមុខ ពីព្រោះថាអ្នកទាំងនេះមានវ័យយ៉ាងតិច៧០ឆ្នាំ ឬច្រើនជាងនេះ។ ហេតុនេះ ស្របពេលដែលយើងប្រារព្ធខួបអនុស្សាវរីយ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាចំណុចចាប់ផ្តើមនៃដំណើរឆ្ពោះទៅសន្តិភាពនៅក្នុងប្រទេសកម្ពុជា យើងគួរតែឆ្លុះបញ្ចាំងរិះគិតអំពីសិទ្ធិជាសកលក្នុងការរស់រានមានជីវិត និងអ្វីដែលយើងអាចធ្វើបានសម្រាប់ប្រជាជនស្លូតត្រង់ ដែលកំពុងស្ថិតនៅក្នុងតំបន់ជម្លោះនាពេលសព្វថ្ងៃ ក៏ដូចជាសម្រាប់អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល។ សិទ្ធិក្នុងការរស់រានមានជីវិត មិនមែនមានអត្ថន័យថាជាសិទ្ធិដើម្បីអាចនៅរស់រានមានជីវិតប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាសិទ្ធិក្នុងការរស់រានមានជីវិតប្រកបដោយកិត្តិយស។ នៅក្នុងប្រទេសកម្ពុជា និងប្រទេសក្រោយជម្លោះដទៃទៀត យើងបានរំលេចអំពីការប្តេជ្ញាចំពោះសិទ្ធិក្នុងការរស់រានមានជីវិត ដោយផ្តើមចេញពីជំហានតូចៗ ក្នុងការធានាថាអ្នករស់រានមានជីវិតពីជម្លោះ ទទួលបានការគាំពារ, ការយកចិត្តទុកដាក់ និងការគោរពឲ្យ
តម្លៃ។ នេះគឺជាអ្វីដែលយើងអាចធ្វើបានសម្រាប់ វីរបុរស វីរនារី ដែលរស់រានមានជីវិតពីសម័យអន្ធការ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
លោក ឆាំង យុ គឺជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានបង្កើតជាព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានគោលបំណងថ្វាយព្រះរាជកិត្តិយសជាទីសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយព្រះអង្គមានព្រះរាជតួនាទីដ៏សំខាន់ តែមិនតម្កើនព្រះកាយ ក្នុងការសម្រេចបានស្ថិរភាពនិងភាពរីកចម្រើនសាជាថ្មីម្តងទៀតរបស់កម្ពុជា។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ បង្កើតឡើងដោយមានការជំរុញចិត្តពីព្រះរាជកាយវិការដឹកនាំដ៏ថ្លៃថ្នូរ និងប្រពៃនៃសម្តេចព្រះវររាជមាតាជាតិខ្មែរ ចំពោះប្រជាជាតិកម្ពុជា ហើយព្រះរាជកាយវិការនេះ នៅតែជាកត្តាជំរុញចិត្តសម្រាប់មនុស្សជំនាន់ក្រោយថែមទៀតផង។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានតម្កល់ទុកឯកសារនិងវត្ថុស្តីអំពីប្រវត្តិសាស្ត្រកម្ពុជា ដោយរួមបញ្ចូលនូវឯកសារមួយផ្នែកដែលរំលេចអំពីព្រះរាជសកម្មភាពរបស់សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ យាងចូលរួមនៅក្នុងកិច្ចចរចារឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។