មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់សិស្សវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ

ការរើសអើង និងអំពើហិង្សា គឺជាមូលហេតុដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្ដិសាស្រ្ដពិភពលោក។ យោងតាមសៀវភៅដែលមាន​ចំណងជើងថា «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្ដិសាស្រ្ដពិភពលោក» ដែលបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងអំពីប្រទេសចំនួន៥ដែលធ្លាប់កើតមានអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ដោយក្នុងនោះក៏រួមបញ្ចូលនូវប្រវត្តិសាស្រ្តប្រទេសកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ របបកម្ពុជាប្រជាធិបតេយ្យ បានបន្សល់ទុកនូវសោកនាដកម្មនៃការស្លាប់បាត់បង់ជីវិតមនុស្សប្រមាណជិត២លាននាក់ ដោយសារការខ្វះអាហារ ការធ្វើការងារហួសកម្លាំង និងការសម្លាប់។

ផ្អែកលើសារសំខាន់នៃប្រវត្ដិសាស្រ្ដ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានរៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ ចំនួន៣៧នាក់ ក្នុងគោលបំណងអប់រំដល់យុវជនពីអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានដឹកនាំការពិភាក្សាក្នុងវេទិកាថ្នាក់រៀន និងបានធ្វើបទបង្ហាញដោយលើកឡើងអំពីកំណត់ហេតុប្រចាំថ្ងៃរបស់គ្រូបង្រៀនបឋមសិក្សាឈ្មោះ ប៉ូច យួនលី ដែលបានកត់ត្រាអំពីជីវិតរស់នៅប្រចាំថ្ងៃ និងព្រឹត្ដិការណ៍ផ្សេងៗកំឡុងពេលខ្លួនចូលទៅក្នុងតំបន់រំដោះរបស់ខ្មែរក្រហម កាលពីឆ្នាំ១៩៧៣។

សេចក្ដីសន្និដ្ឋានចុងក្រោយរបស់ ប៉ូច យួនលី បន្ទាប់ពីបានទៅដល់តំបន់នោះគឺក្រុមកុម្មុយនីស្ដខ្មែរក្រហមមិនងាយស្រួលនោះទេ ប៉ុន្ដែកំឡុងពេលនោះមនុស្សភាគច្រើនមិនសូវជឿទៅលើការលើកឡើងរបស់គាត់។ រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះនៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាទៅកាន់ទីជនបទដាច់ស្រយ៉ាលដើម្បីធ្វើកសិកម្ម។ ខ្មែរក្រហមបានបែងចែកប្រជាជនចាស់ឬប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីឬប្រជាជន១៧ មេសា ចាប់តាំងពីពេលនោះ ហើយខ្មែរក្រហមបានដាក់គោលនយោបាយបោសសម្អាតអ្នកណាក៏ដោយឲ្យតែជាប់ពាក់ព័ន្ធ សែស្រឡាយវៀតណាម និងអ្នកមានប្រវត្ដិមិនស្អាតស្អំ។ នៅក្នុងផ្នែកនេះសិស្សានុសិស្សបានចោទជាសំណួរសំខាន់ៗដូចតទៅ ៖ ១) ហេតុអ្វីខ្មែរក្រហមប្រើមនោគមន៍វិជ្ជាបញ្ចុះបញ្ចូលប្រជាជនឲ្យលង់ជឿ បន្ទាប់មកបានកាប់សម្លាប់ជាតិសាសន៍ឯងមិនញញើតដៃ? ២) ហេតុអ្វីបានជាខ្មែរក្រហមបែងចែក វណ្ណៈប្រជាជន? ៣) ហេតុអ្វីមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ? ៤) តើមូលហេតុអ្វីដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ ហើយផ្ដល់ផលលំបាកអ្វីខ្លះ? ៥) តើការសម្លាប់មនុស្សនៅសម័យខ្មែរក្រហមមានទោសដែរឬទេ?

បន្ទាប់មកសិស្សានុសិស្សត្រូវបានបែងចែកជា៤ក្រុមផ្សេងៗគ្នា ដើម្បីអាននិងកត់ត្រាចំណុចសំខាន់ៗនៅក្នុងសៀវភៅ «សាក្សីប្រវត្ដិសាស្រ្ដ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅពេលទ្រង់យាងមកកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជាកាលពីឆ្នាំ១៩៧៣ និង វីដេអូឯកសារអំពី «តំបន់រំដោះឆ្នាំ១៩៧៣» ដើម្បីសិក្សារៀនសូត្រចេញពីការសង្ខេប និងការយល់ឃើញរបស់ក្រុមនីមួយៗ។ ឯកសារខាងលើនេះ បានបង្ហាញពីព្រឹត្ដិការណ៍ដ៏សំខាន់នៃប្រវត្ដិសាស្រ្ដប្រទេសកម្ពុជាចាប់តាំងពីរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងដំណាក់កាលបន្ទាប់មកទៀត មុនពេលចលនាកុម្មុយនីស្ដខ្មែរក្រហមក្ដោបក្ដាប់អំណាចបានទាំងស្រុងក្នុងប្រទេសកម្ពុជា។ ខណៈនោះ សិស្សានុសិស្សបានចោទសួរថា តើរបបខ្មែរក្រហមមានស្ដេចគង់នៅដែរឬទេ? យោងតាមសៀវភៅ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» បានសរសេរថា រដ្ឋសភាពរបស់ខ្មែរក្រហម មានប្រជុំតែម្ដងគត់នៅក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន គឺនៅពេលដែលខ្លួនបានជំរុញឲ្យសម្ដេចព្រះ នរោត្ដម សីហនុ លាលែងពីតំណែងជាព្រះប្រមុខរដ្ឋ របបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៦។ បន្ទាប់មក ខៀវ សំផន ដែលជាមេដឹកជាន់ខ្ពស់ និងទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទង្វើអមនុស្សធម៌ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ បានឡើងកាន់តំណែងនោះជំនួសវិញនៅពេលនោះ។

នៅផ្នែកចុងក្រោយនៃវេទិកាថ្នាក់រៀន បណ្ឌិត លី សុខឃាង បានលើកឡើងអំពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត ដោយក្នុងនាមជាយុវជនម្នាក់ៗអាចចូលរួមនៅក្នុងសង្គមដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញម្តងទៀត។ សិស្សានុសិស្សមួយចំនួនយល់ឃើញថា ការរៀនអំពីប្រវត្ដិសាស្ដ្រ និងការផ្សព្វផ្សាយ គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ក្នុងពេលដែលអ្នកផ្សេងទៀតយល់ថា ការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ សហគមន៍ និងសង្គម, ការដោះស្រាយជម្លោះដោយសន្ដិវិធី, ការការពារសិទ្ធិជាបុគ្គល និងការលុបបំបាត់ការរើសអើង ក៏ជាវិធីសាស្រ្ដមួយក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ដែរ។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖