នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅសហគមន៍ជនជាតិដើមភាគតិចស្ទៀងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង និងកូនចៅជំនាន់ក្រោយចំនួន៥៣នាក់ ក្នុងនោះមានស្រី៣០នាក់ មកចូលរួម។
លោក សឿ យ៉េន មេភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានរៀបរាប់ ស្រដៀងនឹងមេភូមិបុស្សតាអឹមដែរថា មានក្រុមគ្រួសារជនជាតិដើមភាគតិចស្ទៀងមួយគ្រួសារមានកូនប្រុសបីនាក់គឺឈ្មោះ អឹម, ឈ្មោះ ពេជ្រ និងឈ្មោះ ម៉ៅ ។ នៅពេលកូនៗទាំងបីនាក់ នៃគ្រួសារនេះធំដឹងក្តី និងមានប្រពន្ធកូនរៀងៗខ្លួន កូនៗទាំងបីនាក់បាននាំប្រពន្ធកូនទៅធ្វើស្រែចម្ការនៅកន្លែងផ្សេងៗពីគ្នា ប៉ុន្តែនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។ ក្រុមគ្រួសារពេជ្រ បានទៅកាប់ឆ្ការដីបុស្សធ្វើស្រែចម្ការ និងរស់នៅ។ បន្ទាប់មកទីកន្លែងនោះត្រូវបានហៅថាភូមិស្រែតាពេជ្រ។ ចំណែកក្រុមគ្រួសារឈ្មោះ អឹម បានកាប់ឆ្ការដីបុស្សធ្វើស្រែចម្ការ និងរស់នៅទីតាំងភូមិបុស្សតាអឹមសព្វថ្ងៃ។ ចំណែក គ្រួសារម៉ៅ បានទៅរស់នៅធ្វើស្រែចម្ការនៅទីតាំងមួយដែលមានជាំទឹកសម្រាប់ធ្វើស្រែ ចម្ការ និងមានទឹកសម្រាប់ប្រើប្រាស់សម្រាប់ការរស់នៅ។ យូរៗទៅក៏មានមនុស្សទៅរស់នៅតាមគ្រួសារតាម៉ៅច្រើនទៅៗ ក៏បង្កើតបានជាភូមិមួយ ហើយប្រជាជនបាននាំគ្នាហៅឈ្មោះភូមិនោះថា ភូមិតាម៉ៅ ពីព្រោះ តាម៉ៅ បានមករស់នៅធ្វើស្រែចម្ការមុនគេ។ សម័យក្រោយមកភូមិតាម៉ៅ មានចំនួនប្រជាជនកើនឡើងច្រើន និងមានការលំបាកគ្រប់គ្រងទើបអាជ្ញាធរបែងចែកភូមិតាម៉ៅជាពីរ គឺភូមិតាម៉ៅកើត និងភូមិតាម៉ៅជើងដោយយកទីតាំងជាំទឹកជាចំណុចកណ្ដាល បើយកតាមទិសថ្ងៃរះ ភូមិដែលស្ថិតនៅខាងកើតជាំទឹក គឺភូមិតាម៉ៅកើត និងភូមិមួយទៀតស្ថិតនៅខាងជើងជាំទឹក គឺភូមិតាម៉ៅជើង។
បច្ចុប្បន្ន ភូមិតាម៉ៅកើតមានចម្ងាយ១១គីឡូម៉ែត្រពីផ្សារមេមត់ និងមានទីតាំងខាងលិចជាប់វាលស្រែនៃភូមិតាអឹម ខាងកើតជាប់ភូមិទួលគ្រួស ខាងជើងជាប់ភូមិតាម៉ៅជើង និងខាងត្បូងជាប់ភូមិថ្នល់កែង។ ភូមិតាម៉ៅកើតមានប្រជាជនរស់នៅចំនួន២១៤គ្រួសារ បើគិតចំនួនប្រជាជនសរុប គឺ៩៧៣នាក់ ក្នុងនោះស្រី៥២៦នាក់។
ជាកិច្ចបន្ត លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានជម្រាបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្សថា មជ្ឈមណ្ឌលឯកសារកោះថ្មបានបើកដំណើរការជាសាធារណៈនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដោយមានគោលបំណងដូចខាងក្រោម៖
១) បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ឆ្នាំ១៩៩០ ។
២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះតាមរយៈកម្មវិធីអប់រំ ដែលនឹងផ្តល់ឱកាសសម្រាប់យុវជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលបានចូលរួមរៀនសូត្រ។
៣) លើកទឹកចិត្តឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែកអំពីបទពិសោធន៍របស់ពួកគាត់ក្នុងរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ។
៤) ប្រមូលរឿងរ៉ាវ និងបទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។
តមក លោក ឡូង ដានី បានធ្វើបទបង្ហាញជាសង្ខេបអំពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមដូចជា៖
– ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥
– ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន
– ការបំបាត់ផ្សារ និងរូបិយវត្ថុ
- ការផ្សឹកព្រះសង្ឃ និងកម្ទេចវត្តអារ៉ាម
– ការបិទសាលារៀន
– ការបង្កើតសហករណ៍
– ការបំបែកក្រុមគ្រួសារ និងការផ្តាច់ទំនាក់ទំនងក្នុងគ្រួសារ
– ការសម្លាប់បញ្ញវន្ត មន្ត្រីរដ្ឋការ និងប្រជាជនស្លូតត្រង់
– មូលហេតុនៃការដួលរលំនៃរបបខ្មែរក្រហម និងផលប៉ះពាល់មកលើប្រជាជន និងសង្គមកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩
នៅក្នុងឱកាសនោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើងរៀបរាប់អំពីរឿងរ៉ាវផ្ទាល់ខ្លួនដោយសង្ខេបដូចខាងក្រោម ៖
ជុំ ការ៉េម ភេទស្រី អាយុ៦២ឆ្នាំ គឺជនជាតិដើមភាគតិចស្ទៀង ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) បានមានប្រសាសន៍ថា ខ្ញុំមានឪពុកឈ្មោះ ខៀវ និងម្ដាយឈ្មោះ កែវ ច្រើច។ ប្តីខ្ញុំឈ្មោះ អ៊ូ មឿន សព្វថ្ងៃប្រកបរបរជាកសិករ។ កាលពីសម័យខ្មែរក្រហមការរស់នៅពិបាកខ្លាំងណាស់ ខ្មែរក្រហមបានប្រើខ្ញុំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ និងមិនឲ្យអាហារហូបចុកគ្រប់គ្រាន់ឡើយ។ ការធ្វើការងារជីកដី គឺត្រូវបានខ្មែរក្រហមកំណត់ជាម៉ែត្រគុប ប្រសិនបើយើងធ្វើមិនហើយរួចរាល់ទេ នោះខ្មែរក្រហមចោទថាយើងមិនស្មោះត្រង់ជាមួយអង្គការ ដោយប្រើពាក្យថា «គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័រគ្រុនឡាន គ្រុនបាយបាន គ្រុនសតិអារម្មណ៍ជាដើម»។
ឃិ ឃុក ភេទប្រុស អាយុ៥៨ឆ្នាំ គឺជនជាតិដើមភាគតិចស្ទៀង បច្ចុប្បន្នរស់នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបរាប់ថា កាលពីសម័យខ្មែរក្រហមខ្ញុំនៅក្នុងកងកុមារ។ ខ្ញុំត្រូវបានខ្មែរក្រហមប្រាប់ឲ្យចូលធ្វើបដិវត្តន៍ ប៉ុន្តែខ្ញុំប្រកែកមិនព្រមចូលទើបត្រូវបានខ្មែរក្រហមវាយមួយដំបង។ ខ្ញុំបាននិយាយថា បដិវត្តន៍ពិបាក និងតឹងតែងណាស់។ បន្ទាប់មកខ្ញុំបានរត់ទៅពួននៅក្នុងព្រៃ ដោយមានប្រជាជនទៅជាមួយចំនួន១៣០នាក់ ប៉ុន្តែដោយសារនៅក្នុងព្រៃសម្បូរទៅដោយសត្វកាចសាហាវ និងគ្រុនចាញ់ទើបប្រជាជនស្លាប់អស់ច្រើន។ នៅពេលត្រឡប់មកភូមិវិញ នៅសល់ប្រជាជនប្រហែល៥០នាក់ប៉ុណ្ណោះ។
បន្ទាប់មក លោក ឡុង ដានី បានធ្វើការបែងចែកអ្នកចូលរួមក្នុងវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ចេញជា៥ក្រុម ដោយក្នុងក្រុមនីមួយៗមានសមាសភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយ ៖
ក្រុមទី១) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមចំនួន៩នាក់ គឺស្រីទាំងអស់ និងយុវជនចំនួន៣នាក់ ក្នុងនោះមានប្រុស២នាក់។ អ្នករស់មានជីវិតពីរបបខ្មែរក្រហមម្នាក់នៅក្នុងក្រុមបានឡើងនិយាយរៀបរាប់អំពីប្រវត្តិសាស្រ្តខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥-១៩៧៩ ថា ខ្មែរក្រហមបានជម្លៀសគាត់និងប្រជាជនចេញពីភូមិកំណើតទៅស្រុកស្នួល ហើយបានប្រើគាត់ឲ្យកាប់គាស់គល់ថ្លុងរហូតដល់យប់ជ្រៅ។ របបហូបចុករបស់គាត់ទទូលបានតែបបរប៉ុណ្ណោះ។ គាត់មិនមានកម្លាំងធ្វើការទេ។ ប្រសិនបើគាត់មិនបានទៅធ្វើការ ខ្មែរក្រហមមិនឲ្យគាត់ហូបចុកឡើយ។ នៅទីនោះមានប្រជាជនសា្លប់ច្រើនណាស់។ ក្មេងៗត្រូវខ្មែរក្រហមប្រើឲ្យធ្វើជីពីលាមកមនុស្សសម្រាប់ដាក់ដំណាំផ្សេងៗ។ ប្រសិនបើមានប្រជាជនណាលួចគាស់មើមដំឡូង មើមទ្រាំង មកស្ងោរហូបជំនួសបាយ ហើយខ្មែរក្រហមដឹង នឹងយកទៅកសាង ឬសម្លាប់ចោលមិនខាន។
ក្រុមទី២) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមចំនួន១២នាក់ ក្នុងនោះមានប្រុស១០នាក់ និងយុវជនចំនួន២នាក់ ក្នុងប្រុសម្នាក់។ យុវជនឈ្មោះ ហេង រ៉ាវី និង រ៉េតណា បានសួរចាស់ទុំនៅក្នុងក្រុមអំពីជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។ លោកតាលោកយាយ បានរៀបរាប់ថា ដំបូងប្រជាជននៅក្នុងភូមិត្រូវបានខ្មែរក្រហមជម្លៀសទៅស្រែរនាមក្នុងស្រុកស្នួល និងបានប្រើឲ្យធ្វើស្រែចម្ការជាមួយប្រជានមូលដ្ឋាន។ ចំពោះការហូបចុករបស់គាត់គឺពិបាកខ្លាំងណាស់ និងត្រូវបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃទៀតផង។ នៅក្នុងសម័យនោះប្រសិនបើឈឺហើយមិនបានទៅធ្វើការ គឺខ្មែរក្រហមមិនចែករបបអាហារឲ្យហូបទេ និងមិនផ្តល់ថ្នាំសម្រាប់ព្យាបាលជំងឺទេ។
ក្រុមទី៣) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមចំនួន៦នាក់ ក្នុងនោះមានស្រី៥នាក់ និងយុវជនចំនួន២នាក់។ យុវជនឈ្មោះ ជា ណាំភីន បានកត់ត្រាអំពីរឿងរ៉ាវរបស់តា យាយដែលបានឆ្លងកាត់របបខ្មែរក្រហម។ បន្ទាប់មកបានធ្វើបទបង្ហាញថា កាលពីសម័យខ្មែរក្រហមក្មេងៗត្រូវបានខ្មែរក្រហមប្រើឲ្យឃ្វាលគោ ហើយក្នុងមួយថ្ងៃត្រូវធ្វើការលើសពី១២ម៉ោង។ ពេលលើកទំនប់ខ្មែរក្រហមបានកំណត់ផែនការជាម៉ែត្រគុបសម្រាប់ឲ្យប្រជាជនធ្វើ។ មនុស្សម្នាក់ត្រូវតែរែកដីឲ្យបាន៣ម៉ែត្រគុបក្នុងមួយយប់។ ចំណែកអាហារហូបចុកមិនគ្រប់គ្រាន់ទេ។ ប្រជាជនដែលស្រេកឃ្លានបានដើរបេះស្លឹកឈើមកហូបជំនួសបាយ ដូចជាស្លឹកម៉សាំង ទំពាំង ត្រាំង និងដើររើសខ្ចៅ ក្ដាមមកហូបទាំងឆៅទៀតផង។
ក្រុមទី៤) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមជាស្រ្តីចំនួន៦នាក់ និងយុវជនចំនួន ២នាក់ ក្នុងនោះមានប្រុសម្នាក់។ យុវជនឈ្មោះ ភា រិត និង ស្រីនិត បានសួរតាយាយអំពីរឿងរ៉ាវកាលពីសម័យខ្មែរក្រហម។ បន្ទាប់មកយុវជនទាំងពីរនាក់បានរៀបរាប់ថា តាយាយមានការលំបាកខ្លាំង។ គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើត និងត្រូវបែកបាក់សាច់ញាតិ ព្រមទាំងសមាជិកក្រុមគ្រួសារ។ សម្លៀកបំពាក់របស់គាត់គឺត្រូវស្លៀកពាក់ពណ៌ខ្មៅ។ ខ្មែរក្រហមបានសម្លាប់អ្នកចេះដឹង។ ខ្មែរក្រហមបានប្រើប្រជាជនឲ្យធ្វើការទាំងឈឺ និងមិនឲ្យអាហារបរិភោគគ្រប់គ្រាន់ទេ។ នៅពេលរៀបការម្តងៗ គឺខ្មែរក្រហមរៀបចំចាប់ពី១០ទៅ៤០ និងរហូតដល់១០០គូ ដោយគ្មានអាចារ្យមកសូត្រមន្តឡើយ ។
ក្រុមទី៥) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមចំនួន៦នាក់ ក្នុងនោះមានស្រី៥នាក់ និងយុវជនចំនួន៣នាក់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងក្រុមបានរៀបរាប់ថា កាលពីសម័យខ្មែរក្រហមនៅក្នុងភូមិតាម៉ៅកើត មានប្រជាជនថ្មីដែលជម្លៀសមកពីទីក្រុងភ្នំពេញ និងបានស្លាប់ជាច្រើន ព្រោះអ្នកទីក្រុងធ្លាប់តែរស់នៅស្រួលមិនធ្លាប់ពិបាកដូចអ្នកស្រែ និងមិនអាចស៊ូទ្រាំនឹងការអត់ឃ្លាន និងការងារស្រែចម្ការ ដូចជា ការដកស្ទូង។ នៅភូមិតាម៉ៅកើត ខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិប្រជាជនមកដាក់រួម និងបែងចែករបបឲ្យប្រជាជនវិញ។ នៅសម័យនោះ ប្រជាជនធ្វើការងារធ្ងន់ធ្ងរ។
មុននឹងបញ្ចប់វេទិកាអប់រំសហគមន៍ អ្នកចូលរួមបានបង្ហាញនូវចំណាប់អារម្មណ៍ដូចខាងក្រោម ៖
អ៊ូ ចន ភេទប្រុស អាយុ៧១ឆ្នាំ គឺជនជាតិដើមភាគតិចស្ទៀង រស់នៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំមានប្រសាសន៍ថា ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានរៀបចំកម្មវិធី និងវេទិការអប់រំប្រវត្តិសាស្រ្តនេះឡើងដើម្បីឲ្យខ្ញុំ និងតា យាយបានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹងថា សម័យខ្មែរក្រហមពិតជាមានប្រាកដមែន ដើម្បីឲ្យក្មេងៗខិតខំរៀនសូត្រ និងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តនេះបន្តទៀត។ វេទិកានេះពិតជាមានសារសំខាន់ណាស់សម្រាប់ក្មេងជំនាន់ក្រោយ ។
ជា ណាំភីន គឺជាសិស្សមកពីអនុវិទ្យាល័យបុស្សតាអឹម រៀបរាប់ថា ខ្ញុំសូមអរគុណដល់លោកគ្រូ និងតាយាយដែលបានចូលរួម និងមានវត្តមាននៅទីនេះ។ ខ្ញុំគិតថាវេទិកាអប់រំប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យនេះ ពិតជាមានសារសំខាន់ណាស់ចំពោះសិស្សានុសិស្ស។ បន្ទាប់ពីខ្ញុំស្ដាប់លោកគ្រូនិងតាយាយចែករំលែករឿងរ៉ាវក្នុងរបបខ្មែរក្រហមរួចមក ខ្ញុំគិតថាយើងគួរតែខិតខំរៀនសូត្រអំពីប្រវត្តិសាស្រ្តនេះឲ្យបានច្រើន និងទប់ស្កាត់កុំឲ្យរបបឃោរឃៅកើតឡើងម្ដងទៀត ។
ចុងក្រោយ មេភូមិតាម៉ៅកើតលោក សឿ យ៉េន មានប្រសាសន៍ថា ខ្ញុំពិតជារីករាយដែលបងប្អូនតាយាយ និងសិស្សានុសិស្សដែលអញ្ជើញមកចូលរួម និងមានវត្តមាននៅទីនេះ។ ខ្ញុំក៏សូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានរៀបចំវេទិការអប់រំប្រវត្តិ សាស្រ្តនៅក្នុងភូមិតាម៉ៅកើត ដែលផ្តល់ឱកាសឲ្យតាយាយ ចែករំលែកអំពីរឿងរ៉ាវសម័យខ្មែរក្រហមដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹងពីទុក្ខលំបាករបស់ប្រជាជនរស់នៅក្នុងសម័យនោះ។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា