នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៥នាក់ និងសិស្សានុសិស្សមកពីស្រុកកោះសូទិនចំនួន៣០នាក់។ វេទិកាអប់រំសហគមន៍នៅខែមិថុនានេះ គឺផ្ដោតសំខាន់ទៅលើប្រធានបទ ៖ «ការធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងបទពិសោធន៍របស់ប្រជាជនត្រូវបង្ខំឲ្យធ្វើការងារជាទម្ងន់នៅការដ្ឋានលើកទំនប់ក្នុងរបបខ្មែរក្រហម។
ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម បានស្វាគមន៍និងលើកឡើងអំពីបរិបទប្រវត្តិសាស្រ្តចាប់ពីរដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០,ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និង កងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម និងជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីបទបង្ហាញបញ្ចប់ លោក ស៊ាង ចិន្ដា បន្តដឹកនាំការពិភាក្សាក្រោមប្រធានបទ៖ «ការធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពី លោក អៀប គុយ និង លោក ថៃ ម៉ាក់ហេង អតីតកងចល័តខ្មែរក្រហម។ លោក អៀប គុយ និង លោក ថៃ ម៉ាក់ហេង ត្រូវក្រោកនៅម៉ោង៥ព្រឹកដើម្បីធ្វើការលើកដីនៅការដ្ឋានទំនប់ក្រោមរហូតដល់ម៉ោង៥រសៀល ដោយគ្មានពេលសម្រាក និងអាហារហូបចុកគ្រប់គ្រាន់។ លោក អៀប គុយ និង លោក ថៃ ម៉ាក់ហេង នៅតែចងចាំអំពីបទពិសោធន៍នៃការធ្វើការងារលើកទំនប់ដ៏លំបាកពេលនោះ និងដំណើរជីវិតរបស់ខ្លួនទៅកាន់សិស្សានុសិស្សដូចខាងក្រោម៖
អៀប គុយ អាយុ៦៤ឆ្នាំ រស់នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាអតីតកងចល័តខ្មែរក្រហម រៀបរាប់ថា «នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តចុងកោះ ត្រឹមថ្នាក់ទី១០។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ នៅដើមឆ្នាំ១៩៧០ ក៏មានបាតុកម្មបានកើតឡើង។ អ្នកភូមិជាច្រើនបានចូលរួមដង្ហែបាតុកម្មទៅទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិបណ្ដើរៗ និងស្នើសុំផ្ទះរបស់អ្នកភូមិដើម្បីស្នាក់អាស្រ័យ។ នៅចន្លោះពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៣យន្ដហោះជើងបង្កងបានហោះមកក្រឡឹងចុះឡើង និងបាញ់ផ្សែង។ បន្ទាប់មកយន្ដហោះទ្រុងជ្រូកបានមកទម្លាក់គ្រាប់បែកនៅភូមិជាច្រើនលើក។ នៅឆ្នាំ១៩៧៥ ម្ដាយរបស់ខ្ញុំស្លាប់ដោយសារជំងឺ។ ខ្ញុំត្រូវចាត់តាំងឲ្យធ្វើការនៅតាមកងចល័ត។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យទៅធ្វើការនៅការដ្ឋានលើកទំនប់ និងជីកប្រឡាយ។ ខ្ញុំធ្វើការចាប់ពីម៉ោង៥ព្រឹកដល់១១ទើបឈប់ហូបបបរ និងបន្តធ្វើការងារចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាច។ ចាប់ពីម៉ោង៧យប់ដល់ម៉ោង៩ ខ្ញុំត្រូវបន្តធ្វើការងារនៅការដ្ឋានទំនប់ បន្ថែមទៀតនៅពេលខែភ្លឺ។ ខ្ញុំរស់រានមានជីវិតពីការស្លាប់ក្នុងរបបខ្មែរក្រហមបន្ទាប់ពីរំដោះនៅឆ្នាំ១៩៧៩»។
ថៃ ម៉ាក់ហេង អាយុ៦៨ឆ្នាំ រស់នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាអតីតកងចល័តលើកទំបន់របបខ្មែរក្រហម រៀបរាប់ថា «ខ្ញុំកើតនៅភូមិទី១១ ឃុំកោះសូទិន ស្រុកកោះសូទិននេះតែម្ដង។ កាលពីក្មេងខ្ញុំរៀនសូត្រនៅសាលាបាលីវត្តកណ្ដាលកោះបានថ្នាក់ទី១។ នៅឆ្នាំ១៩៦៩ ខ្ញុំបួសជាព្រះសង្ឃ និងរៀនជាភិក្ខុសមណេអស់រយៈពេល៣ព្រះវស្សា។ នៅឆ្នាំ១៩៧០ ក៏មានការធ្វើរដ្ឋប្រហារ។ បន្ទាប់មក អ្នកភូមិជាច្រើនចូលរួមធ្វើបាតុកម្មនិងដង្ហែទៅទីរួមខេត្តកំពង់ចាម។ កាលនោះខ្ញុំគង់នៅវត្តដំណាក់ព្រីង។ ទាហាន លន់ នល់ ចាប់ផ្ដើមទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ខ្ញុំលាចាកសិក្ខាបទ។ បន្ទាប់មក ខ្ញុំត្រូវបានជ្រើសរើសចូលជាកងទ័ពរំដោះខ្មែរក្រហម និងឡើងជិះឡានមកភូមិមហាលាភ។ ខ្ញុំរៀនក្បួនទ័ពរយៈពេល៤ខែ។ នៅពេលនោះមានយុវជនចូលរៀនក្បូនកងទ័ពប្រមាណ៣០នាក់ និងមានមិត្ត ធុន និងមិត្ត ធា គឺជាគ្រូបង្ហាត់។ នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបញ្ជូនមកវាយទាហាន លន់ នល់ នៅបន្ទាយកោះសូទិន។ កងរបស់ខ្ញុំមានគ្នាចំនួន៤០ទៅ៥០នាក់។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំត្រូវផ្លាស់ឲ្យធ្វើការងារនៅក្នុងកងប្រវាស់ដៃគឺច្រូតស្រូវ និងប្រមូលផលដំណាំផ្សេងៗចែកគ្នាហូបនៅក្នុងភូមិ។ នៅចុងឆ្នាំ១៩៧៥ គឺជាការចាប់ផ្ដើមបង្កើតសហករណ៍ និងធ្វើការនៅកងចល័តតាមការដ្ឋាន។ ខ្ញុំត្រូវបញ្ជូនទៅធ្វើការនៅក្នុងកងចល័តរយមានទិសដៅទៅលើកទំនប់។ ខ្ញុំត្រូវងើបពីម៉ោង៥ទៅប្រជុំជួររយៈពេលកន្លះម៉ោង។ ខ្ញុំចាប់ផ្ដើមធ្វើការចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១១ ទើបឈប់សម្រាកហូបបបរ។ រួចបន្តធ្វើការពីម៉ោង១ដល់ម៉ោង៥ល្ងាច។ ចាប់ពីម៉ោង៦ដល់ម៉ោង៧យប់គឺជាម៉ោងធ្វើការសង្គមនិយម។ ខ្ញុំនិងសមមិត្តផ្សេងទៀតដែលមានគ្នាចំនួន៩០នាក់ (កងគ៣) ត្រូវកាប់ទន្ទ្រានខែត្រ និងប្រមូលកំប្លោកយកមកធ្វើជាជី។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបញ្ជូនទៅរែកដីនិងលើកទំនប់អាងស្ដុកទឹក។ រហូតឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ចូលមករំដោះប្រជាជនពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់ និងមករស់នៅជាមួយគ្រួសារវិញ»។
កម្មវិធីបន្ទាប់ គឺការចុះផ្ទាល់ទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទីតាំងទំនប់៥កុម្ភៈ ។ នៅពេលទៅដល់ទីតាំងចេតិយ សិស្សទាំងអស់បានជួបសន្ទនាផ្ទាល់ជាមួយ លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក តុង សុភា បានចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួន និងការសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហមទៅដល់សិស្ស។ លោក តុង សុភា បានបាត់បង់ឪពុកនៅក្នុងរបបខ្មែរក្រហម។ ជំនួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចេតិយរំឭកនេះផ្តល់ឱកាសដល់សិស្សឈ្វេងយល់ដោយផ្ទាល់ពីបទពិសោធន៍ និងការចងចាំរបស់អ្នករស់រានមានជីវិតក្នុងមូលដ្ឋាន និងអាចសួរសំណួរដែលខ្លួនចង់ដឹង។ បន្ទាប់មក សិស្សានុសិស្សបន្តចុះទៅកាន់ទីតាំងទំនប់៥កុម្ភៈ ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ទំនប់៥កុម្ភៈ ត្រូវបានសាងសង់ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដើម្បីស្ដុកទឹកបញ្ចូលស្រែនៅរដូវប្រាំង។ ប្រជាជនត្រូវចល័តមកលើកទំនប់ និងទទួលរងការធ្វើការងារហួសកម្លាំង គ្មានអាហារហូបគ្រប់គ្រាន់ និងធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាល។ នៅពេលចប់កម្មវិធី សិស្សបានបង្ហាញនូវចំណាប់អារម្មណ៍ដូចខាងក្រោម៖
ហឿន សំណាង រៀនថ្នាក់ទី១២ វិទ្យាល័យកោះសូទិន រៀបរាប់ថា «ខ្ញុំទទួលបានចំណេះដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហមច្រើនជាងមុន។ ខ្ញុំរៀនប្រវត្តិសាស្រ្តខ្មែរក្រហមនៅថ្នាក់ទី១២ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានថ្មីនេះគឺការចុះទៅដល់ទីតាំងប្រវត្តិសាស្រ្ត និងការជួបផ្ទាល់ជាមួយចាស់ទទុំឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំនឹងចែករំលែកចំណេះដឹងខ្ញុំទទួលបានទៅកាន់សិស្សប្អូនជំនាន់ក្រោយ»។
សេង ដាឡែន រៀនថ្នាក់ទី១២ វិទ្យាល័យកោះសូទិន លើកឡើងថា៖ «ខ្ញុំយល់ដឹងបន្ថែមទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងការធ្វើការហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ និងមានការលំបាកវេទនា។ ខ្ញុំនឹងចែករំលែកនូវចំណេះដឹងទាំងអស់នេះទៅកាន់មិត្តភក្ដិ និងសិស្សប្អូនដែលរៀននៅវិទ្យាល័យកោះសូទិន»។
ឃុន សេងលុយ រៀនថ្នាក់ទី១២ វិទ្យាល័យកោះសូទិន និយាយថា «ខ្ញុំទទួលបានដឹងចំណេះដឹងថ្មីពីប្រវត្តិសាស្រ្តខ្មែរក្រហម រួមមានការផ្ទុះឡើងសង្រ្គាមស៊ីវិល និងការធ្លាក់ចូលរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងរបបខ្មែរក្រហមប្រជាជនរស់នៅក្នុងការលំបាកវេទនាយ៉ាងខ្លាំង និងទទួលរងការកាប់សម្លាប់ ការធ្វើទារុណកម្ម ការធ្វើការងារគ្មានពេលឈប់សម្រាក។ អ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះគឺការស្ដាប់បទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការចុះទៅកាន់ទីតាំងទំនប់ខ្មែរក្រហមដោយផ្ទាល់ ដែលអាចឲ្យខ្ញុំឃើញ និងដឹងរឿងរ៉ាវផ្សេងៗទៀតនៅទីនោះ»។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា