នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅសហគមន៍ជនជាតិដើមភាគតិចស្ទៀង ស្ថិតនៅភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជាជនជាតិដើមភាគតិចស្ទៀង និងកូនចៅជំនាន់ក្រោយចូលរួមចំនួន៤០នាក់។
ជាកិច្ចចាប់ផ្តើមលោកមេភូមិ កង យីន បានរៀបរាប់ថា ចាស់ៗដែលរស់នៅក្នុងភូមិបុស្សតាអឹមបានដំណាលតៗមកថា កាលពីដើមឡើយមានក្រុមគ្រួសារជនជាតិដើមភាគតិចស្ទៀងមួយគ្រួសារមានកូនប្រុសបីនាក់ឈ្មោះថា អឹម,ពេជ្រ និង ម៉ៅ។ នៅពេលកូនប្រុសទាំងបីនាក់នៃគ្រួសារនេះធំដឹងក្តីឡើង បានរៀបការនិងមានប្រពន្ធកូនរៀងៗខ្លួន។ កូនប្រុសៗទាំងបីនាក់បាននាំប្រពន្ធកូនទៅធ្វើស្រែចម្ការនៅកន្លែងផ្សេងៗពីគ្នា ប៉ុន្តែនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។ ក្រុមគ្រួសារ ពេជ្រ បានទៅកាប់ឆ្ការព្រៃបុស្សធ្វើស្រែចម្ការ និងរស់នៅ បន្ទាប់មកទីកន្លែងនោះត្រូវបានហៅថាភូមិស្រែ តាពេជ្រ។ គ្រួសារ ម៉ៅ បានទៅរស់នៅធ្វើស្រែចម្ការនៅទីតាំងមួយបច្ចុប្បន្នប្រជាជនបានដាក់ឈ្មោះថា ភូមិជាំតាម៉ៅ ។ ចំណែកក្រុមគ្រួសារឈ្មោះ អឹម បានកាប់ឆ្ការព្រៃបុស្សធ្វើស្រែចម្ការនិងរស់នៅទីតាំងភូមិបុស្សតាអឹម សព្វថ្ងៃនេះ។ តាអឹម និងក្រុមគ្រួសារ មានសន្តានចិត្តល្អ និងជួយដល់ប្រជាជនជាច្រើននៅក្នុងភូមិ។ អំពើល្អនេះបានធ្វើឲ្យអ្នកភូមិស្រឡាញ់ចូលចិត្តនិងកោតសរសើរ តាអឹម។ នៅពេលតាអឹម ចាស់ជរាស្លាប់ទៅអ្នកភូមិបាននាំគ្នាហៅឈ្មោះភូមិនេះថា ភូមិបុស្សតាអឹម រហូតមកដល់សព្វថ្ងៃនេះ ដើម្បីជាការរំឭកនឹកដល់ តាអឹម ដែលបានកាប់ឆ្ការព្រៃបុស្សនៅក្នុងភូមិនេះមុនគេ និងសេចក្ដីល្អដែល តាអឹម បានធ្វើចំពោះអ្នកភូមិកាលពីពេលនោះ។ បច្ចុប្បន្នភូមិបុស្សតាអឹម មានប្រជាពលរដ្ឋរស់នៅចំនួន២៤៥គ្រួសារ សរុបចំនួន១០៦២នាក់ ស្រីមានចំនួន ៥៤៩នាក់ ក្នុងនោះចាប់ពីអាយុ១៨ឆ្នាំឡើងមានចំនួន ៧០៥នាក់ ស្រីមានចំនួន ៣៥១នាក់ ។
បន្ទាប់មក លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម មានប្រសាសន៍ថា នៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះគឺជាទិវាជាតិនៃការចងចាំអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ជារៀងរាល់ឆ្នាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែដឹកនាំប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ និងការឈឺចាប់ពីឧក្រិដ្ឋកម្មរបបខ្មែរក្រហម និងទប់ស្កាត់កុំឲ្យរបបនេះវិលត្រឡប់មកវិញម្តងទៀត។ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារសន្តិភាពឲ្យស្ថិតស្ថេរគង់វង្ស។
ចំពោះប្រវត្តិថ្ងៃ២០ ឧសភានេះ លោក ឡុង ដានី បានបញ្ជាក់ជាសង្ខេបថា កាលពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ១៩៨៣ សភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកំណត់យកថ្ងៃ២០ ឧសភា ជាទិវាចងកំហឹងលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការកំណត់យកថ្ងៃ២០ ឧសភានេះ គឺដោយសារមេដឹកនាំខ្មែរក្រហមបានចាប់ផ្តើមប្រព្រឹត្តអំពើប្រល័យពូជសាសន៍យ៉ាងចំហចំពោះប្រជាជនកម្ពុជា ដោយអនុវត្តនូវគោលនយោបាយមួយចំនួនដូចខាងក្រោម៖
១) បក្សកុម្មុយនីស្តកម្ពុជាបានអបអរសាទរ នឹងកំណត់យកថ្ងៃ២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតសហករណ៍។ ការបង្កើតសហករណ៍នេះគឺមេដឹកនាំខ្មែរក្រហមបានបង្ខំប្រជាជនឲ្យលុបបំបាត់ចោលកម្មសិទ្ធិឯកជន និងរបបមូលធននិយម និងដើម្បីពង្រឹងវណ្ណៈកម្មករ និងកសិករ។ ការរស់នៅជាលក្ខណៈគ្រួសារខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះ ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)។ ខ្មែរក្រហមបង្កើតសហករណ៍មានន័យថាប្រជាជនត្រូវរស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា ហូបចុកជាមួយគ្នា និងចែករំលែកការកម្សាន្តជាសមូហភាព។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) មេដឹកនាំខ្មែរក្រហមបានរៀបចំជាសហករណ៍ជាពីរកម្រិត គឺសហករណ៍កម្រិតទាប ដែលមានសមាជិកចំនួន៣០០ទៅ៤០០គ្រួសារ ឬក៏មួយភូមិទាំងមូល និងសហករណ៍កម្រិតខ្ពស់ដែលរួមមានសមាជិក១ពាន់គ្រួសារ ឬក៏មួយឃុំទាំងមូល។ ក្រោយពេលឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានអនុវត្តនូវគោលនយោបាយសហករណ៍នេះ គឺបានប្រែក្លាយប្រជាជនទៅជាទាសករដាច់ថ្លៃរបស់អង្គការខ្មែរក្រហម ប្រជាជនត្រូវបានបង្ខំឲ្យធ្វើការងារពលកម្មធ្ងន់ធ្ងរហួសកម្លាំង ធ្វើទារុណកម្ម ឈឺគ្មានថ្នាំព្យាបាល និងសម្លាប់រង្គាលជាដើម។
២) ២០ ឧសភា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានប្រកាសចេញនូវគោលនយោបាយរួមមាន ៖ ការជម្លៀសប្រជាជន ការលុបបំបាត់ទីផ្សារ រូបិយប័ណ្ណ ដកយកក្រដាសប្រាក់ដែលខ្លួនបានបោះពុម្ពរួច ផ្សឹកព្រះសង្ឃ បង្កើតផ្ទះបាយរួម បណ្តេញជនជាតិវៀតណាម បញ្ជូនកងទ័ពទៅព្រំដែន បិទមន្ទីរពេទ្យនៅភ្នំពេញ បិទសាលាអនុវិទ្យាល័យ វិទ្យាល័យ និងមហាវិទ្យាល័យជាដើម ដូច្នេះថ្ងៃ ២០ ឧសភា គឺជាថ្ងៃដែលខ្មែរក្រហមអនុវត្តគោលនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា។
នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ ទិវាចងកំហឹង នេះត្រូវបានប្តូរមកមកជាទិវាចងចាំវិញពីព្រោះប្រទេសកម្ពុជាបានឈានចូលមកដល់ដំណាក់កាលនៃការបង្រួបបង្រួម និងផ្សះផ្សាជាតិ។ នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ»។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ញ៉ ឆាន ជនជាតិដើមភាគតិចស្ទៀង មានអាយុ៦៦ឆ្នាំ ភេទប្រុស មានទីកន្លែងកំណើតនៅក្នុងភូមិបុស្សតាអឹម ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្ននេះខេត្តត្បូងឃ្មុំ បានរៀបរាប់ថា ឪពុកម្ដាយខ្ញុំបានស្លាប់អស់។ ខ្ញុំមានបងប្អូនចំនួន៣នាក់ ប្រុសចំនួន២នាក់ និងស្រីម្នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ សាំង ស មានអាយុ៦២ឆ្នាំ និងមានកូនចំនួន៤នាក់ គឺប្រុស២នាក់ និងស្រី២នាក់។ នៅឆ្នាំ១៩៧០ ពេលខ្ញុំនៅកុមារមានទាហានអាមេរិកាំង និងកងទ័ពវៀតកុងឬយួនខាងជើងចូលមកនៅក្នុងភូមិ។ ពេលចូលឆ្នាំ១៩៧៣ ខ្មែរក្រហមរៀបចំជាសហករណ៍ ធ្វើចម្ការរួមគ្នា ហើយបានផលមកចែកគ្នា ព្រោះកាលនោះប្រជានជនហូបបាយនៅតាមផ្ទះនៅឡើយ។ ចូលដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យទៅរៀននៅសាលាស២០០ភូមិភាគ បានរយៈពេលមួយខែ បន្ទាប់មកបញ្ជូនទៅធ្វើយោធានៅភ្នំពេញ។ ប៉ុន្តែដោយសារខាងសហជីពត្រូវការកម្មករ ខ្មែរក្រហមចាត់ក្រុមរបស់ខ្ញុំដែលមានសមាជិកប្រហែលជាចំនួន១០នាក់ឲ្យចូលធ្វើការនៅក្នុងសហជីពវិញ។ សម័យនោះគឺពិបាកខ្លាំងណាស់ព្រោះខ្មែរក្រហម ប្រើប្រជាជនឲ្យធ្វើការទាំងយប់ថ្ងៃលើសពីកម្លាំង ចំណែកការហូបចុកក៏មិនបានគ្រប់គ្រាន់ជាហេតុធ្វើឲ្យប្រជាជនបានស្លាប់ច្រើន។ នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យទៅរស់នៅខេត្តពោធិ៍សាត់ និងឲ្យទៅធ្វើជាកងចល័ត ប្រមូលស្រូវ និងអង្ករ។ នៅឆ្នាំ១៩៨០ ខ្ញុំធ្វើដំណើរមកជួបជុំបងប្អូននៅស្រុកកំណើតវិញ ហើយខ្ញុំបានយកប្រពន្ធនឹងរស់នៅក្នុងភូមិបុស្សតាអឹមនេះរហូតមក។
កង យីន មេភូមិបុស្សតាអឹម អាយុ៧១ឆ្នាំ បានមានប្រសាសន៍ថា ការរៀបចំវេទិកាអប់រំប្រវត្តិសហគមន៍ស្តីអំពីប្រវត្តិសាស្រ្តនេះ មានផលប្រយោជន៍ច្រើនចំពោះក្មេងៗជំនាន់ក្រោយបានដឹងអំពីប្រវត្តិសាស្រ្ត តាមរយៈការស្តាប់រឿងរ៉ាវជីវិតដែលលោកតា លោកយាយ ក៏ដូចជារូបខ្ញុំផ្ទាល់ធ្លាប់ ឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។ ក្មេងៗជំនាន់ក្រោយគឺជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ និងបានដឹងពីការលំបាកវេទនារបស់ប្រជាជនដែលធ្លាប់រស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទម្រាំបានរស់មកដល់សព្វថ្ងៃ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានរៀបចំវេទិកាអប់រំប្រវត្តិសាស្រ្តសហគមន៍នៅក្នុងភូមិបុស្សតាអឹមនេះ។ វាគឺជាឱកាសល្អមួយ ដែលខ្ញុំ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀតមានពេលវេលាចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានដឹង ហើយម្យ៉ាងទៀតខ្ញុំគិតថាក្មេងៗគួរតែសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តនេះឲ្យបានច្រើន។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា