ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មចុះជួបនិងសម្ភាសន៍អ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហមនៅភូមិបុស្សតាអឹម

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម រួមមាន ឈុំ រ៉ា និង វី ស៊ីថា បានធ្វើដំណើរទៅកាន់ភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ និង ប្រជាពលរដ្ឋក្នុងភូមិបុស្សតាអ៊ឹម ក្នុងគោលបំណងរៀបចំវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅពេលខាងមុខ។ ឆ្លៀតឱកាសនោះ យើងបានជួបសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣រូប ហើយអ្នកទាំងនោះបានរៀបរាប់អំពីប្រវត្តិភូមិ និងរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម ៖

លោក កង យីន គឺជាមេភូមិបុស្សតាអឹម រៀបរាប់អំពីប្រវត្តិរបស់ភូមិនេះដូចតទៅ៖ កាលពីដើមខ្ញុំឮប្រជាជនក្នុងភូមិបុស្សតាអឹមដំណាលតគ្នាថា មានក្រុមគ្រួសារមួយមានកូនបីនាក់ឈ្មោះអឹម, ពេជ្រ និងម៉ៅ។ ពេលកូនៗទាំងបីនាក់ធំឡើងមានប្រពន្ធកូនរៀងៗខ្លួន ក៏នាំគ្នាទៅធ្វើស្រែចម្ការនៅកន្លែងផ្សេងៗគ្នា។ ក្រុមគ្រួសារពេជ្របានទៅកាប់ឆ្ការដីបុស្សហើយរស់នៅត្រង់នោះ សព្វថ្ងៃទីនោះមានឈ្មោះថាភូមិស្រែតាពេជ្រ។ ចំពោះ គ្រួសារម៉ៅវិញ បានទៅរស់នៅទីតាំងមួយ ដែលបច្ចុប្បន្នប្រជាជនហៅថាភូមិជាំតាម៉ៅ។ ចំណែកក្រុមគ្រួសារឈ្មោះអឹម គឺបាននៅធ្វើស្រែ ចម្ការ កាប់ឆ្ការដីបុស្សនៅត្រង់ភូមិបុស្សតាអឹមនេះមុនគេ ហើយគាត់មានសណ្តានចិត្តល្អ ធ្វើឲ្យអ្នកភូមិ ស្រឡាញ់ចូលចិត្ត កោតសរសើរ រីឯតាអឹមក៏ធ្វើអំពើល្អទៅលើប្រជាពលរដ្ឋនៅក្នុងភូមិដែរ។ នៅពេលគាត់ស្លាប់ទៅអ្នកភូមិបាននាំគ្នាហៅឈ្មោះភូមិនេះថា ភូមិបុស្សតាអឹមរហូតមកដល់សព្វថ្ងៃនេះ ដើម្បីជាការនឹករឭកដល់ តាអឹម ដែលបានកាប់ឆ្ការដីបុស្សនៅក្នុងភូមិនេះ។ សព្វថ្ងៃនេះភូមិបុស្សតាអឹមមានប្រជាជនរស់នៅចំនួន១០៦២នាក់ ស្រី៥៤៩នាក់ ក្នុងនោះចាប់ពីអាយុ១៨ឡើងមានចំនួន ៧០៥នាក់ បើគិតជាគ្រួសារមានចំនួន ២៤៥គ្រួសារ។

លោក សួង សុធី ភេទប្រុស អាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សួង ធី មានប្រពន្ធឈ្មោះ លឿង សុខឡេង មានកូនចំនួន៣នាក់ ស្រី២នាក់បានរៀបរាប់ថា ៖ កាលពីកុមារភាពខ្ញុំទៅរស់នៅជាមួយឪពុកធ្វើជាទាហាននៅទីក្រុងភ្នំពេញ។ ថ្វីត្បិតតែខ្ញុំរស់នៅជាមួយឪពុកមែនប៉ុន្តែ ខ្ញុំមិនបានជួបគាត់ទេ ព្រោះគាត់មិនសូវនៅផ្ទះ។ ព្រឹកឡើងខ្ញុំដឹងតែទៅរៀននៅសាលាសន្ធរម៉ុក។ ពេលនោះខ្ញុំជិតប្រឡងចូលអនុវិទ្យាល័យ ប៉ុន្តែមិនទាន់បានប្រឡងឡើយ។ ក្រោយពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឪពុករបស់ខ្ញុំត្រូវខ្មែរក្រហមចាប់ទៅសម្លាប់ ព្រោះឪពុកខ្ញុំជាទាហាន លន់ នល់។ ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ ខ្មែរក្រហមបាននិយាយថានៅទីក្រុងខ្វះស្បៀងសម្រាប់ហូប ណាមួយខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ ខ្ញុំត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញមករស់នៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ទម្រាំមកដល់ខេត្តកំពង់ចាម ខ្ញុំធ្វើដំណើរអស់រយៈពេល១សប្តាហ៍។ ខ្ញុំបានមករស់នៅជាមួយម្តាយធំដែលជាសាច់ញាតិខាងម្តាយ។ ដំបូងខ្ញុំចូលជាកងកុមារនៅក្នុងភូមិជើងព្រៃ។ បន្ទាប់មក នៅក្នុងភូមិជើងព្រៃមានការបែងចែកប្រជាជនចំនួន៣ប្រភេទ គឺប្រជាជនចាស់ ប្រជាជន៧៣ និងប្រជាជនថ្មី។ ខ្ញុំត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី។ នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសប្រជាជនថ្មីចេញពីភូមិ ដោយប្រាប់ថាឲ្យទៅរស់នៅភូមិថ្មីមួយទៀត។ ប្រជាជនដែលត្រូវបានខ្មែរក្រហមជម្លៀសចេញពីដំបូង គឺមិនដែលឃើញត្រឡប់មកវិញទេ។ នៅឆ្នាំ១៩៧៨ ខ្ញុំចូលក្នុងក្រុមកងចល័ត លើកប្រព័ន្ធភ្លឺស្រែ លើកទំនប់ រហូតដល់ខេត្តកំពង់ធំ។ នៅក្នុងកងចល័ត គឺពិបាកខ្លាំងណាស់ ព្រោះការហូបចុកមិនដែលបានគ្រប់គ្រាន់នោះទេ។ ប្រជាជននៅក្នុងកងស្លាប់ជារៀងរាល់ថ្ងៃ ដោយសារតែអត់មានអាហារ។ ចំណែក ខ្ញុំក៏ជិតស្លាប់ដែរ ប៉ុន្តែបានចាកចេញពីកងចល័តខេត្តកំពង់ធំទាន់ពេលវេលា។ ចូលដល់ឆ្នាំ១៩៧៩ ខ្ញុំចូលបម្រើនៅក្នុងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយជាមួយខ្មែរក្រហម នៅខេត្តកំពង់ធំ។ នៅឆ្នាំ១៩៨៥ ខ្ញុំត្រូវរបួសដៃនៅក្នុងសមរភូមិស្វាយចេក និងពិការរហូតមកដល់សព្វថ្ងៃ។

ខ្ញុំឈ្មោះ ស៊ិន ញិប ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ស៊ិន និង ម្ដាយឈ្មោះ ឆេង។ ឪពុករបស់ខ្ញុំស្លាប់នៅក្នុងជំនាន់ខ្មែរក្រហម ពេលនោះគាត់គឺជាកម្មាភិបាលនៅសហករណ៍។ កាលពីសម័យខ្មែរក្រហមខ្ញុំមិនបានរស់នៅក្បែរឪពុកម្ដាយទេ។ កម្មាភិបាលខ្មែរក្រហមចាត់ខ្ញុំឲ្យទៅលើកទំនប់នៅបឹងក្រចាប់ ដោយធ្វើការទាំងយប់ទាំងថ្ងៃ។ នរណាមិនទៅធ្វើការងារគឺខ្មែរក្រហមមិនចែករបបបាយឬបបរឲ្យ ហូបទេ។ មុនពេលទៅធ្វើការខ្មែរក្រហមតែងតែប្រជុំដាស់តឿនឲ្យប្រជាជនស្មោះត្រង់ជាមួយអង្គការ និងខិតខំធ្វើការងារឲ្យអស់ពីកម្លាំងកាយចិត្ត កុំលាក់កម្លាំង កុំធ្វើខុសច្បាប់ និងវិន័យរបស់អង្គការ។ សព្វថ្ងៃខ្ញុំគឺជាស្ត្រីមេម៉ាយរស់នៅពឹងផ្អែកទៅលើការត្បាញកន្ទេលលក់ដើម្បីចិញ្ចឹមកូន៩នាក់។ ខ្ញុំកាប់ដើមរុនមកធ្វើជាកន្ទេល និងក្រងស្បូវលក់។ ការកាប់ដើមរុនប្រើរយះពេលយូរព្រោះដើមរុនពិបាករក ហើយពេលដែលកាប់បានត្រូវយកមកពុះមួយដើមជាបួនចម្រផក រួចដាក់ហាលឲ្យស្ងួត។ បន្ទាប់មក ត្រូវយកមកសិតឲ្យស្អាត រួចយកទៅត្បាញ និងដេរជាកន្ទេល។ នៅពេលដែលធ្វើកន្ទេលរួចរាល់ គឺមានឈ្នួញមកទិញដល់ផ្ទះមិនដែលសល់ឡើយ។

អត្ថបទ ៖ ឈុំ រ៉ា និង វ៉ី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម

រូបថត ៖ ឈុំ រ៉ា និង វ៉ី ស៊ីថា/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖