វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ(១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

សិស្សានុសិស្សចំនួន២៩នាក់ក្នុងនោះប្រុស១១នាក់ និងស្រី១៨នាក់ មកពីវិទ្យាល័យតេជោ ហ៊ុន សែនសំរោង បានចូលរួមវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះ។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។

លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានផ្ដោតបទបង្ហាញលើនិយមន័យនៃអំពើប្រល័យពូជសាសន៍ ដំណើរការស្វែងរកយុត្ដិធម៌របស់តុលាការខ្មែរក្រហម និងវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងកម្រិត​បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ពាក្យថា «អំពើប្រល័យពូជសាសន៍» ត្រូវបានបង្កើតឡើងដោយ លោក រ៉ាហ្វល លឹមគីន ដែលជាមេធាវីជនជាតិប៉ូឡូញ កាលពីឆ្នាំ១៩៤៤។ ពាក្យនេះ ត្រូវបានពិពណ៌នាពីអំពើឃោរឃៅដែលបានកើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក រួមមាន ប្រទេសអាមេនី អាល្លឺម៉ង់ កម្ពុជា បូស្នី-ហឺហ្សីហ្គោវីន និង រ៉្វាន់ដា។ នៅក្នុងឆ្នាំ១៩៤៩ អនុសញ្ញាស្ដីពី «ការបង្ការ និងផ្ដន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍» ត្រូវបានបង្កើតឡើង ហើយប្រទេសប្រមាណជាង១៥០ប្រទេស បានផ្ដល់សច្ចាប័ន និងកំណត់និយមន័យនៃអំពើប្រល័យពូជសាសន៍។ ក្នុងចំណោមប្រទេសទាំងអស់នោះ ក៏មានប្រទេសកម្ពុជាផងដែរ បានផ្ដល់សច្ចាប័ននៅក្នុងឆ្នាំ១៩៥១។ នៅក្នុងមាត្រា២នៃអនុញ្ញាស្ដីពី «ការបង្ការ និងផ្ដន្ទាទោសចំពោះបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» បានឲ្យនិយមន័យនៃអំពើប្រល័យពូជសាសន៍ថា គឺជាអំពើមួយក្នុងចំណោមអំពើទាំងឡាយដែលបានប្រព្រឹត្តក្នុងគោលបំណងបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជនជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាណាមួយ ដូចជា ក) ការសម្លាប់សមាជិកទាំងឡាយនៃក្រុម, ខ) ការបង្កការឈឺចាប់ និងខូចខាតយ៉ាងដំណំលើផ្នែករាងកាយ ឬស្មារតីនៃសមាជិកទាំងឡាយនៅក្នុងក្រុម, គ) ការបង្កឡើងដោយចេតនានូវមហន្តរាយលើស្ថានភាពរស់នៅរបស់ក្រុម ដោយនាំមកនូវការបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុម, ឃ) ការបង្ខាំង និងប្រើប្រាស់វិធានការនានា ដើម្បីបង្ការមិនឲ្យមានកំណើតទារកនៅក្នុងសង្គម, ង) ការយកកុមារចេញពីសង្គមមួយ ទៅដាក់នៅក្នុងសង្គមមួយទៀតដោយបង្ខំ។ ប្រទេសកម្ពុជាបានជួបនូវអំពើប្រល័យពូជសាសន៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលដឹកនាំដោយរបបខ្មែរក្រហម។

ប៉ុល ពត មានឈ្មោះដើម សាឡុត ស បាន​ដឹកនាំរបបនេះ​អស់រយៈកាលប្រមាណបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ដោយ​បានធ្វើឲ្យបាត់បង់ជីវិតប្រជាជនស្លូតត្រង់ប្រមាណជិត២លាននាក់ តាមរយៈការធ្វើការងារហួសកម្លាំង ការអត់អាហារ ការធ្វើទារុណកម្ម និង ការសម្លាប់យ៉ាងរង្គាល។ ប្រជាជន ត្រូវបានជម្លៀសឲ្យចាកចេញពីលំនៅឋានរបស់ខ្លួនពីទីក្រុង និងទីប្រជុំជននានា នៅក្នុងរដូវក្ដៅនាខែមេសា ឆ្នាំ១៩៧៥ ពោល គឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលក្រុមខ្មែរក្រហមឡើងកាន់អំណាចរបស់ខ្លួន។ ក្រៅពីនោះ ខ្មែរក្រហមបានដាក់ផែនការសម្លាប់ទៅលើអតីតទាហាន លន់ នល់ និង មន្ដ្រីរដ្ឋការអំឡុងពេលនោះដែរ។ មានការប៉ាន់ស្មានថា ទាហាន លន់ នល់ ចន្លោះពី២ពាន់នាក់ទៅ៨ពាន់នាក់ ត្រូវបានសម្លាប់នៅទួលពោធិ៍ជ្រៃ ដែលជាវាលធំមួយ ស្ថិតនៅកៀកទៅនឹងបឹងទន្លេសាប និងជាប់តំបន់ព្រៃរនាម នៃខេត្តពោធិ៍សាត់។ វេទិកាថ្នាក់រៀន បានផ្ដល់នូវទស្សនីយ៍ភាពអំពីមន្ទីរស២១ ឬគុកទួលស្លែងទៅកាន់សិស្សានុសិស្ស តាមរយៈវីដេអូឯកសារដែលថតដោយ ហូ វ៉ាន់តាយ ជាអ្នកថតរូបជនជាតិវៀតណាម ដែលបានទៅដល់ទីតាំងនោះភ្លាមៗបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំនៅក្នុងឆ្នាំ១៩៧៩។

បច្ចុប្បន្ន វីដេអូឯកសារនេះ ត្រូវបានរក្សាទុកនៅបណ្ណសារដ្ឋានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ក៏បាននាំសិស្សានុសិស្សទៅកាន់ការិយាល័យរបស់ខ្លួន នៅលើខ្នងភ្នំដងរែក ដែលជាអតីតផ្ទះប្រជុំរបស់តាម៉ុក ដើម្បីទស្សនាពិព័រណ៍ស្ដីពី «សង្គ្រាម និងអំពើប្រល័យពូជសាសន៍»។ ពិព័រណ៍ទាំងនោះ គឺជាភ័ស្ថុតាងសេសសល់ពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាសន៍។ នៅផ្នែកចុងក្រោយនៃពិព័រណ៍ គឺបង្ហាញអំពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត, ការរស់ឡើងវិញនៃសង្គមកម្ពុជាក្រោយឆ្នាំ១៩៧៩ រួមមានផ្នែក សិល្បៈ តូរ្យតន្ដ្រី មុខរបរអាជីពកាត់ដេរ ជីវិតដើរកំសាន្ដនៅតាមមាត់ទន្លេរ រមណីយដ្ឋាននានា ការរស់ឡើងវិញនៃសាសនា សិក្សាធិការ ជនជាតិភាគតិច (ជនជាតិភាគតិចតំបន់ភ្នំ) ព្រមទាំងដំណើរការស្វែងរកយុត្ដិធម៌ជូនដល់ជនរងគ្រោះ។ នៅក្នុងដំណើរការអប់រំដល់យុវជនអំពីប្រវត្ដិសាស្រ្ដខ្មែរក្រហម មជ្ឈមណ្ឌលឯកសារកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួន ដោយរួមបញ្ចូលនូវបណ្ដុំឯកសារជាច្រើនសិបទំព័រ និងភ័ស្ថុតាងជាច្រើនទៀតដែលរួមមាន រូបថត និងខ្សែវីដេអូដែលសេសសល់ពីរបបខ្មែរក្រហម ព្រមទាំងទិដ្ឋភាពផ្លូវច្បាប់តាមរយៈកេរដំណែលរបស់តុលាការខ្មែរក្រហម ដែលបានស្វែងរកយុត្ដិធម៌ជូនជនរងគ្រោះអស់រយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះក្នុងឆ្នាំ២០០៧ ដល់ ឆ្នាំ២០២២។ តុលាការខ្មែរក្រហម បានបញ្ចប់បេសកកម្មរបស់ខ្លួន បន្ទាប់ពីបានប្រកាសសាលក្រមចុងក្រោយ ទៅលើទណ្ឌិត ខៀវ សំផន អតីតប្រធានរដ្ឋ ឬប្រមុខរដ្ឋ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ កេរដំណែលតុលាការខ្មែរក្រហម និងសក្ខីកម្មផ្លូវច្បាប់ជាច្រើន បានជំនួយដល់ការអប់រំ និងបង្ហាញទៅកាន់យុវជនថា ប្រវត្ដិសាស្រ្ដខ្មែរក្រហម មិនមែនជារឿងព្រេងនិទាននោះទេ។

ឃឿយ ច័ន្ទយី ភេទស្រី ជាសិស្សថ្នាក់ទី១២ដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀនខាងលើនេះ បានយល់ឃើញថា ការអប់រំពលរដ្ឋឲ្យយល់ដឹងពីផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍ និងការរៀនគិតពីបញ្ហាប្រឈម ព្រមទាំងការប្រើសន្ដិវិធីក្នុងការដោះស្រាយបញ្ហាអ្វីមួយ គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងជម្លោះ។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖