វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ៖ «ការអប់រំកុមារក្នុងរបបខ្មែរក្រហម»

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការអប់រំកុមារក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចំនួន៥៥នាក់។ វេទិកាអប់រំសហគមន៍នេះ រៀបចំធ្វើនៅក្រោមផ្ទះប្រជាជនដែលជាអតីតកន្លែងស្នាក់នៅ និងបង្រៀនកុមារក្នុងរបបខ្មែរក្រហម ក្នុងគោលបំណងដើម្បីបង្កើតឱកាសឲ្យមានកិច្ចសន្ទនាអន្តរជំនាន់រវាងអ្នកកើតមុននិងក្រោយរបបខ្មែរក្រហម និងជំរុញឲ្យមានការយល់ដឹងអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងកម្រិតសហគមន៍ក្នុងរបបខ្មែរក្រហម។

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩) និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ រួមមាន៖ រដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, ការផ្ទុះឡើងសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, និងការឡើងកាន់អំណាចរបស់ខ្មែរក្រហម ។ បន្ទាប់ពីបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបំបាត់វិស័យអប់រំជាផ្លូវការ។ ការអប់រំត្រូវបានធ្វើឡើងនៅក្រៅសាលារៀន ឬនៅក្រោមផ្ទះប្រជាជន។ គ្រូបង្រៀនគឺជាកសិករដែលមានចំណេះដឹងតិចតួច។ ការអប់រំគឺជាការរៀនសូត្រ និងបំពាក់បំប៉ននយោបាយ។ ខ្មែរក្រហមចង់ឲ្យកុមារធ្វើការជាជាងរៀនសូត្រ។ កុមារនៅក្នុងរបបខ្មែរក្រហមត្រូវបានបំបែកចេញពីគ្រួសារ និងដាក់នៅក្នុងកងកុមារដើម្បីធ្វើការងារ និងរៀនសូត្រជាមួយគ្រូបង្រៀនរបស់ខ្លួន។

មួង សុម៉ាលី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអតីតកងកុមារក្នុងរបបខ្មែរក្រហម បានរំឭកទៅកាន់យុវសិស្សដែលចូលរួមអំពីបទពិសោធន៍របស់ខ្លួនថា «ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ ដូច្នេះ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅក្នុងកងកុមារ។ ខ្ញុំត្រូវបានបញ្ជូនទៅរៀនសូត្រនៅក្នុងកងកុមារ ដែលមានមិត្តនារី  ឈាង គឺជាគ្រូបង្រៀនកុមារមូលដ្ឋាន។ កងកុមារបែងចែកជាក្រុមកុមារា និងក្រុមកុមារី ដែលមានកុមារទាំងអស់ប្រមាណ២០-៣០នាក់។​ នៅពេលព្រឹក ខ្ញុំនិងកុមារផ្សេងទៀត ត្រូវក្រោកនៅម៉ោង៦ព្រឹកដើម្បីទៅរៀនជាមួយអ្នកគ្រូ ឈាង នៅក្រោមផ្ទះរបស់អ្នកភូមិ។ អ្នកគ្រូ ឈាង បង្រៀនអក្សរ និងលេខ រហូតដល់ម៉ោង៩ ទើបខ្ញុំទៅធ្វើពលកម្ម ដូចជា សែងអាចម៍គោចេញពីក្រោមផ្ទះអ្នកភូមិ និងដើរកាត់ដើមទន្រ្ទានខែត្រដើម្បីយកមកធ្វើជីដាក់ស្រូវ។ រហូតដល់ម៉ោង១២ថ្ងៃត្រង់ អ្នកគ្រូ ឈាង ដឹកនាំកុមារទាំងអស់ទៅហូបបាយនៅរោងបាយសហករណ៍។ បន្ទាប់ពីសម្រាកថ្ងៃត្រង់បានបន្តិច កុមារទាំងអស់ត្រូវបន្តសែងអាចម៍គោយកមកដាក់ទុកនៅកន្លែងធ្វើជី។ នៅពេលនោះ មិនទាន់មានសាលា និងម៉ោងសិក្សាជាប់លាក់ទេ។ ការបង្រៀនរបស់អ្នកគ្រូ ឈាង គឺគាត់ដើរបង្រៀនសិស្សចល័តនៅតាមផ្ទះរបស់អ្នកភូមិ»។

បន្ទាប់ពីការចែករំលែកបទពិសោធន៍នៅក្នុងកងកុមារនិងការរៀនសូត្រនៅក្នុងរបបខ្មែរក្រហមរបស់ សុម៉ាលី បានបញ្ចប់ សិស្សបានចោទសួរសំណួរជាច្រើនទាក់ទងរបបខ្មែរក្រហម និងការអប់រំក្នុងរបបខ្មែរក្រហមដែលចំណាយអស់រយៈពេលជិតមួយម៉ោង។

កម្មវិធីបន្ទាប់គឺការចុះទស្សនកិច្ចសិក្សាទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ ដើម្បីឈ្វេងយល់ បន្ថែមទៅលើរឿងរ៉ាវរបស់ជនរងគ្រោះ បទពិសោធន៍របស់អ្នករស់រានមានជីវិត និងទីតាំងសម្លាប់ក្នុងរបបខ្មែរក្រហម និងទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដើម្បីឈ្វេងយល់អំពីការងារស្រាវជ្រាវចងក្រង និងអប់រំផ្សព្វផ្សាយប្រវត្តិសាស្រ្តខ្មែរក្រហម។

ចុងបញ្ចប់នៃវេទិការអប់រំសហគមន៍នេះ សិស្សានុសិស្សបង្ហាញទស្ស​នយល់ឃើញរបស់ខ្លួនដូចខាងក្រោម ៖

សិស្ស ឡាយ សុខលាប ថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្រ្តពិត នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ បានចែករំលែកចំណេះដឹងដែលខ្លួនទទួលបានថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានឱកាសចូលរួមវេទិកាអប់រំសហគមន៍ ពីព្រោះខ្ញុំទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗពីប្រវត្តិ​សាស្រ្តកម្ពុជាប្រជាធិបតេយ្យដែលបាននាំប្រទេសកម្ពុជាធ្លាក់ក្នុងវិនាសកម្ម។ នៅថ្ងៃនេះ ខ្ញុំដឹងអំពីការអប់រំកុមារក្នុងរបបខ្មែរក្រហម ដែលធ្វើឡើងនៅក្រោមផ្ទះប្រជាជន។ ការរៀនសូត្រនៅពេលនោះ គឺផ្ដោតលើការធ្វើការងារជាជាងការរៀន។ ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត និងចូលរួមកសាងប្រទេសជាតិ។ នាពេលបច្ចុប្បន្ននេះ ខ្ញុំមានឱកាសរៀនសូត្រពេញលេញ ប៉ុន្តែចាស់ៗជំនាន់មុនមិនមានឱកាសនោះឡើយ ដោយសារតែសង្រ្គាម និងរបបខ្មែរក្រហម»។

សិស្ស អៀរ សុម៉ានី ថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្រ្តពិត នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ បានលើកឡើងថា «ខ្ញុំពេញចិត្តចំពោះវេទិកាអប់រំសហគមន៍នេះដែលអាចឲ្យខ្ញុំយល់ដឹងអំពីរបបខ្មែរក្រហម រួមមាន ជីវិតប្រចាំថ្ងៃ, ការធ្វើការងារហួសកម្លាំង, ការអប់រំ, ការបង្អត់អាហារ, និងការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនក្នុងរបបខ្មែរក្រហម។ ខ្ញុំក៏ទទួលបានឱកាសស្ដាប់ពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំពិតជាអាណិតប្រជាជនក្នុងសម័យនោះយ៉ាងខ្លាំង»។

សិស្ស សាន ស្រីពៅ ថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្រ្តពិត នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចែករំលែកចំណេះដឹងថ្មីក្នុងរបបខ្មែរក្រហមដែលខ្លួនទទួលបានពីវេទិកាអប់រំសហគមន៍នេះថា «វេទិកានេះធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍ដូចរស់ក្នុងស្ថានភាពរបស់កុមារក្នុងរបបខ្មែរក្រហម ដែលខ្វះភាពកក់ក្ដៅ ខ្វះការអប់រំ និងការហូបចុកមិន។ នេះគឺជាចំណេះដឹងថ្មីដែលខ្ញុំទទួលបានពីវេទិកានេះ»។

អត្ថបទ ៖ លី ដេវីត និងទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖