យុវជនដូចតា កុមារដូចពូ

ខ្ញុំឈ្មោះ ហម ង៉ុន កើតនៅក្នុងឆ្នាំ១៩៤៥ នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ហម ង៉ែត និងម្តាយឈ្មោះ ញឹម សេន ប្រកបរបរកសិកម្ម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ គឺប្រុស៣នាក់ និងស្រី៣នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានប្រពន្ធឈ្មោះ មុំ ងិន និងមានកូនចំនួន៧នាក់ គឺប្រុស៦នាក់និងស្រីម្នាក់។ កូនប្រុសច្បងរបស់ខ្ញុំស្លាប់ម្នាក់នៅឆ្នាំ១៩៨៦ ដោយសារជំងឺគ្រុនចាញ់។

នៅក្នុងរបបសង្គមរាស្រ្តនិយម ខ្ញុំរៀននៅសាលាវត្តវិហារខ្ពស់ដល់ថ្នាក់ទី៣។ ចូលមកដល់របប លន់ នល់ ខ្ញុំចូលរៀនបន្តនៅសាលាវត្តលាយបូរដល់ថ្នាក់ទី៧ ក៏ឈប់រៀនដោយសារជីវភាពគ្រួសារខ្វះខាត។ ខ្ញុំត្រឡប់មកធ្វើស្រែចម្ការវិញ។ ក្រោយមកខ្ញុំបានរៀបការ ហើយប្រកបរបរជាអ្នកធាក់ស៊ីក្លូ និងដាំបន្លែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ហម ង៉ុន សព្វថ្ងៃរស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងរបប លន់ នល់ ខ្ញុំឮព័ត៌មានថាប្រជាជនបាននាំគ្នាធ្វើបាតុកម្មនៅម្តុំសាលា១ឧសភានៅអង្គតាសោម ដូច្នេះខ្ញុំមិនហ៊ានចេញទៅខាងក្រៅភូមិឡើយ។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានចូលមក ហើយជម្លៀសប្រជាជនក្នុងភូមិត្រពាំងព្រីងទាំងអស់ រួមទាំងគ្រួសារខ្ញុំដែរ ទៅនៅភូមិបារាយ​ណ៍ ក្នុងស្រុកទ្រាំង។ ខ្មែរក្រហមបាននិយាយប្រាប់ប្រជាជនក្នុងភូមិថា នឹងកែប្រែឃុំលាយបូរឲ្យក្លាយជាតំបន់បៃតង។

នៅភូមិបារាយណ៍ ខ្ញុំមិនបានរស់នៅជួបជុំគ្រួសារទេ ព្រោះខ្មែរក្រហមបានចាត់ខ្ញុំឲ្យធ្វើការខាងភ្ជួររាស់ ចំណែកឯប្រពន្ធ និងប្អូនស្រីរបស់ខ្ញុំពីរនាក់ទៀតនៅកងដកស្ទួង។ រីឯឪពុកម្តាយ ក៏នៅកងផ្សេងគ្នាដែរ។ នៅទីនោះ ខ្មែរក្រហមបានចាត់ទុកខ្ញុំគឺជាអ្នកថ្មី។ នៅពេលថ្ងៃខ្ញុំធ្វើការមិនមានពេលសម្រាកឡើយ ហើយពេលយប់ខ្មែរក្រហមហៅទៅប្រជុំដល់ម៉ោង១២អធ្រាត្រ ចំណែកពេលព្រឹកប្រធានកងដាស់ខ្ញុំឲ្យក្រោកទៅភ្ជួរស្រែតាំងពីម៉ោង៣ទៀបភ្លឺ។

ហម ង៉ុន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅរដូវវស្សា ខ្មែរក្រហមប្រើខ្ញុំឲ្យភ្ជួរស្រែ រីឯរដូវប្រាំងប្រើខ្ញុំឲ្យជីកប្រឡាយ រែកដី និងលើកទំនប់។ ប៉ុន្តែការហូបចុកវិញគឺមានតែបបររាវ លាយអង្ករមួយគ្រាប់ៗប៉ុណ្ណោះ។ ដោយ​សារតែខ្ញុំហូបមិនឆ្អែត ហើយធ្វើការហួសកម្លាំង ទើបខ្ញុំធ្លាក់ខ្លួនឈឺរយៈពេលខែ។ ពេលនោះខ្មែរក្រហមបាននិយាយដៀម​ដាមឲ្យខ្ញុំថា «គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនបាយបាន»។ មួយឃ្លានេះខ្មែរក្រហមចង់មានន័យថា ខ្ញុំមិនមែនឈឺពិតប្រាកដទេ គឺខ្ញុំធ្វើពុតជាឈឺ ហើយកេងកម្លាំងពលកម្មរបស់អ្នកដទៃ។ កាលនោះខ្ញុំក៏ឧស្សាហ៍គ្រុនក្តៅដែរ ជាពិសេសនៅពេលព្រឹក និងពេលថ្ងៃ ប៉ុន្តែសំណាងល្អមានគ្រូពេទ្យចិត្តល្អបានព្យួរសេរ៉ូម និងឲ្យថ្នាំមកខ្ញុំលេប។ ខ្ញុំមិនទាន់បានធូរស្បើយពីជំងឺផង ខ្មែរក្រហមបញ្ជូនខ្ញុំទៅធ្វើការនៅកងផ្សេងទៀត។ នៅទីនោះ ខ្ញុំមានតួនាទីរកឧស និងពុះឧសឲ្យខាងចុងភៅដុតចម្អិនម្ហូបអាហារសម្រាប់កុមារចំនួន៧០០នាក់។ ខ្មែរក្រហមកំណត់ឲ្យខ្ញុំ ពេលព្រឹកកាប់ឧសឲ្យបានមួយរទេះ ហើយពេលថ្ងៃទៅឃ្វាលគោ។ ថ្វីត្បិតខ្ញុំហេវហត់យ៉ាងណាក៏ដោយ ក៏ខ្ញុំមិនហ៊ានទៅលួចអាហាររបស់អ្នកភូមិដែរ ព្រោះខ្ញុំខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាត់តាំងម្តាយខ្ញុំឲ្យទៅនៅជាមួយកងយាយៗដែលស្ថិតនៅខាងកើតក្រុងតាកែវ ប៉ុន្តែដោយសារតែអត់អាហារហូប ទើបបណ្តាលឲ្យគាត់កើតជំងឺហើម ហើយស្លាប់ទៅ។ ពេលម្តាយខ្ញុំស្លាប់ សូម្បីតែសម្លៀកបំពាក់ជាប់នឹងខ្លួនរបស់គាត់ដែលខ្ញុំទិញជូនគាត់ក៏មានអ្នកលួចដែរ។ កាលនោះខ្ញុំ និងក្រុមគ្រួសារមិនបាននៅទាន់ដង្ហើមម្តាយខ្ញុំទេ។ ខ្មែរក្រហមបានផ្តាច់មនោសញ្ចេតនារវាងម្តាយនិងកូន សូម្បីតែខ្ញុំសុំទៅមើលម្តាយកំពុងឈឺក៏ខ្មែរក្រហមិនឲ្យទៅដែរ ហើយថែមទាំងនិយាយដាក់ខ្ញុំថា «ពូឯងមិនមែនជាពេទ្យទេ ទៅក៏មិនបានប្រយោជន៍អ្វីដែរ ធ្វើការងារនៅទីនេះឲ្យបានល្អទៅប្រសើរហើយ»។ ខ្ញុំមានការឈឺចាប់ខ្លាំណាស់ដែលមិនអាចទៅមើលមុខម្តាយដែលស្លាប់ជាលើកចុងក្រោយ។

ហម ង៉ុន ទទួលប្រអប់អនុស្សាវរីយ៍ពីក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងរបបខ្មែរក្រហម រាងកាយរបស់ខ្ញុំនៅសល់តែស្បែកដណ្តប់ឆ្អឹងប៉ុណ្ណោះ ហើយពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែខ្សោយទៅៗដូចជាមនុស្សចាស់។ នៅក្នុងរបបនោះមានពាក្យមួយឃ្លាដែលប្រជាជនលើកមកនិយាយជាញឹកញាប់គឺ «យុវជនដូចតា កុមារដូចពូ»។ ឃ្លានេះមានន័យថា ប្រជាជននៅក្នុងរបបខ្មែរក្រហម ដោយសារតែភាពហេវហត់ និងពិបាកវេទនាខ្លាំងពេក ទើបប្រជាជនប្រែទៅជាមនុស្សចាស់មុនអាយុ ជាក់ស្តែង យុវជនកាលនោះរូបរាងកាយដូចជាតា ចំណែកឯកុមារដូចពូៗអញ្ចឹង។

មួយរយៈក្រោយមក កងទ័ពវៀតណាមបានវាយចូលមករំដោះ ដែលធ្វើឲ្យខ្ញុំរួចផុតពីរបបខ្មែរក្រហមដ៏ជូរចត់។ ចំណែកប្អូនស្រីរបស់ខ្ញុំ និងប្តី ព្រមទាំងកូនពីរនាក់របស់គាត់បានស្លាប់ដោយសារការវាយប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងកងទ័ពវៀតណាម។ បន្ទាប់ពីយោធាខ្មែរក្រហមបាក់ទ័ព ខ្ញុំនិងគ្រួសារបានមករស់នៅក្នុងភូមិកាច់ត្រករយៈពេលមួយឆ្នាំ ដោយមិនហ៊ានចូលមករស់នៅក្នុងភូមិត្រពាំងព្រីងភ្លាមៗទេ ព្រោះខ្លាចកងឈ្លបខ្មែរក្រហមធ្វើបាប ព្រោះខ្ញុំឮថាមានយោធាខ្មែរក្រហមមួយចំនួនបានចូលមកគំរាមអ្នកភូមិយកស្បៀងអាហារ។ រហូតដល់ប្រទេសជាតិមានសន្តិភាពហើយ ទើបខ្ញុំនិងគ្រួសារនាំគ្នាមករស់នៅក្នុងភូមិត្រពាំងព្រីង ហើយប្រកបរបរធ្វើស្រែចម្ការរហូតមក។

អត្ថបទ ៖ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

អត្ថបទផ្សេងទៀត៖