ម៉ាន រុន៖ កងសិល្បៈបដិវត្តន៍ខ្មែរក្រហម

ម៉ាន រុន ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរបានរៀបរាប់ថា ខ្ញុំមានស្រុកកំណើតនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ ម៉ាន និងម្តាយឈ្មោះ រ៉េន។  កាលពីកុមារ ខ្ញុំរៀននៅសាលាបារាំង ពីព្រោះឪពុកម្តាយជាកម្មករចៀរជ័រកៅស៊ូបារាំង។ ខ្ញុំផ្លាស់ទៅរៀននៅសាលាបឋមសិក្សាដារ ដល់ថ្នាក់ទី៩ចាស់។ ក្រោយមកខ្ញុំបានតាមឪពុករបស់ខ្ញុំទៅចម្ការកៅស៊ូបារាំងសាឡង់៣ ដើម្បីមើលការខុសត្រូវលើកម្មករចៀរជ័រកៅស៊ូ។

ម៉ាន រុន ភេទប្រុស អាយុ៦៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (គាត ស្រីឡែន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ក៏មានការធ្វើបាតុកម្មកើតឡើង ហើយខ្ញុំក៏ចេញពីចម្ការកៅស៊ូមករស់នៅឃុំដារវិញ។ ខ្ញុំបានទៅចូលរួមធ្វើបាតុកម្មរយៈពេល២ថ្ងៃ ដេកមួយយប់នៅបេនឡានមេមត់ រួចក៏ត្រឡប់មកផ្ទះវិញ ព្រោះមានការបាញ់បង្រ្កាបបាតុករម្នាក់ស្លាប់ តែខ្ញុំអត់បាននៅកន្លែងបាញ់ប្រហារទេ ខ្ញុំនៅខាងផ្នែកចែកនំបុ័ង និងបាយ។ ក្រោយពីរដ្ឋប្រហារ ទាហានធីវគីបានបោះបន្ទាយនៅខាងកើតឃុំដារ ចំណែកទាហានអាមេរិកបោះបន្ទាយនៅខាងលិចឃុំដារ។ ទាហានអាមេរិកចូលចិត្តឲ្យក្មេងៗទៅលេងក្នុងបន្ទាយ ប៉ុន្តែទាហានធីវគីកាចអត់មានក្មេងណាហ៊ានទៅជិតទេ។ នៅក្នុងបន្ទាយអាមេរិកខ្ញុំឃើញមានរថក្រោះ ចំណែកយន្តហោះអត់មានឃើញទេ ឃើញម្តងម្កាលពេលដែលយន្តហោះយោងស៊ីទែនទឹក និងស្បៀងមកឲ្យបន្ទាយ។ ពេលខ្ញុំទៅលេងបន្ទាយអាមេរិកម្តងៗ ទាហានអាមេរិកតែងតែឲ្យនំ បាយចាក់ទឹកឆ្អិន និងត្រីខកំប៉ុង។ នៅក្នុងឃុំដារ ទាហានអាមេរិកអត់មានទម្លាក់គ្រាប់ ឬក៏ផ្លោងចូលមកក្នុងឃុំទេ មានតែផ្លោងមកជិតៗឃុំ។

នៅឆ្នាំ១៩៧១ នៅក្នុងតំបន់ខ្ញុំរស់នៅគឺមានកងទ័ពរំដោះចូលមកហើយ។ ខ្ញុំបានស្គាល់បងម្នាក់ឈ្មោះ រីន ហៅខ្ញុំឲ្យទៅចូលហាត់សិល្បៈ ដោយប្រាប់ថា មានអ្នកណាស័្មគ្រចិត្តចង់ហាត់សិល្បៈទេ បើចង់នាំគ្នាទៅហាត់ ទាន់គេមកយកទៅហាត់សិល្បៈ។ ខ្ញុំក៏ស្ម័គ្រចិត្តចូលហាត់ តែខ្ញុំអត់ដឹងថាទៅហាត់នៅឆ្ងាយរហូតដល់រតនគិរីទេ។ ពេលដើរក្នុងព្រៃ ជិតមួយខែទើបដល់កន្លែងហាត់។ ពេលហាត់គឺហាត់ក្នុងព្រៃ ហើយមិនមានបង្រៀនច្រៀងទេ គឺបង្ហាត់តែសំដែងកាយវិការ ដូចជាខឹង ដូចជាគាំទ្រជាដើម។ គ្រូដែលបង្ហាត់ជាជនជាតិភាគតិច តែខ្ញុំមិនចាំឈ្មោះ។ រយៈពេលដែលហាត់មានតែ៧ថ្ងៃប៉ុណ្ណោះ ហាត់ចប់ក៏ដើរត្រឡប់មកស្រុកកំណើតវិញ។ ពេលត្រឡប់មកវិញ គឺលោកគ្រូឈ្មោះ ត្រេន បានស្នើឲ្យខ្ញុំបង្ហាត់កូនសិស្សអំពីសិល្បៈ។ ខ្ញុំបង្ហាត់នៅក្រោមផ្ទះ ហាត់រៀនកាយវិការចេះស្ទាត់ ទើបយកភ្លេងមកបញ្ចូល។ កូនសិស្សដែលរៀនជាមួយខ្ញុំមានមួយក្រុមដែលមានសមាជិកប្រហែល២០នាក់។

ម៉ាន រុន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម។ (គាត ស្រីឡែន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយមកទាហាន លន់ នល់ បានដកចេញទៅនៅក្រែក ទើបកងទ័ពរំដោះចូលមកច្រើន និងមានឈ្មោះ តាស្វាយ ជាអ្នកគ្រប់គ្រង។ ក្រោយមកបងខ្ញុំឈ្មោះ យ៉េន បានឡើងធ្វើប្រធានសិល្បៈនៅស្រុកអូររាំងឪ។ គណៈឃុំមហាលាភបានដឹងថាខ្ញុំចេះសម្តែងសិល្បៈ ក៏បានស្នើខ្ញុំតាមរយៈបងយ៉េនឲ្យមកជួយបង្ហាត់សិល្បៈនៅក្នុងឃុំមហាលាភ។ នៅពេលមកដល់ឃុំមហាលាភ ខ្ញុំមិនបានបង្ហាត់សិល្បៈទេ គឺលេងអាយ៉ៃ លេងល្ខោន ហើយដើរតួ ដាំ ផេង។ ខ្ញុំនៅសម្ដែងសិល្បៈរហូតដល់ឆ្នាំ១៩៧៤ ទើបខ្មែរក្រហមដកខ្ញុំពីក្រុមសិល្បៈឲ្យទៅជួយបាញ់ម៉ារីននៅដូនម៉ៅខាងទន្លេបិទ។ ខ្ញុំមិនបាញ់ទេ តែខ្ញុំជាអ្នកជញ្ជូនគ្រាប់។ ខ្ញុំបានទៅជួយខាងយោធាបាន១ខែ ប្រធានសង្កាត់មហាលាភបានហៅខ្ញុំឲ្យត្រឡប់មកវិញ។ ពេលត្រឡប់មកវិញលែងមានការសម្ដែងសិល្បៈ ខ្ញុំក៏មករស់នៅជាមួយម្តាយខ្ញុំវិញ។

នៅពេលដែលជម្លៀសអ្នកភ្នំពេញមកកាន់ឃុំមហាលាភ ស្រុកអូររាំងឪ ខ្មែរក្រហមក៏មានបំណងជម្លៀសក្រុមគ្រួសារខ្ញុំទៅរស់នៅបាត់ដំបងដែរ។ ប៉ុន្តែ បងយ៉េន បានផ្លាស់មកជាប្រធានសិល្បៈនៅស្រុកមេមត់ និងបានស្គាល់ជាមួយគណៈស្រុកមេមត់ ក៏ទៅស្នើឲ្យគណៈស្រុកមេមត់ធ្វើសំបុត្រ ដើម្បីយកក្រុមគ្រួសារខ្ញុំមករស់នៅស្រុកមេមត់វិញ។ តា គង្គា ជាគណៈស្រុក, តាសំអឿន ជាគណៈស្រុករង។ តាសំអឿន ជាអ្នកសរសេរសំបុត្រឲ្យក្រុមគ្រួសារខ្ញុំ ជិះឡានពីមហាលាភមកនៅភូមិស្រែពោធិ៍ ឃុំគគីរ ​ស្រុកមេមត់។ នៅភូមិស្រែពោធិ៍ ខ្ញុំនៅកងចល័តឃុំ ដែលគណៈសង្កាត់ឈ្មោះ តាតាំងស៊ីម, តាយាំ អនុសង្កាត់, តាខ្មៅ ប្រធានសហករណ៍, ប្រធានកងចល័តឈ្មោះ រីន។ ពេលរស់នៅឃុំគគីរ ពេលថ្ងៃធ្វើស្រែ ពេលយប់គឺលេងសិល្បៈ។ របបអាហារមួយថ្ងៃ ពីរពេល ព្រឹកបបរ និងពេលល្ងាចជួនកាលបានបាយហូបក្នុងមួយខែ ៣-៤ដង។ ចំណែកសម្លរគឺស្លរដើមចេកជាមួយត្រី ហើយសម្រាកនៅក្នុងវត្ត។ ខ្ញុំធ្លាប់ឈឺម្តងហើយទៅសម្រាកនៅមន្ទីរពេទ្យឃុំ បើថ្នាំទឹកគឺដាក់ដបទឹកក្រូច បើថ្នាំគ្រាប់គឺថ្នាំអាចម៍ទន្សាយ។ មុនដំបូងខ្ញុំឈឺគ្រុន ក្រោយពីបានជាពីជំងឺគ្រុន បែរជាដើរមិនរួចគឺទន់ជើងអស់រយៈពេល១៥ថ្ងៃ។ ខ្មែរក្រហមបានចោទខ្ញុំថា ឈឺគ្រុនទន្សាយ ដើរមិនរួច តែហូបច្រើន។ នៅឃុំគគីរមានមន្ទីរសន្តិសុខមួយនៅស្រែសង្កែ ប្រធានសន្តិសុខមានឈ្មោះតាបាន។ ខ្ញុំមិនដែលឃើញសន្តិសុខសម្លាប់អ្នកទោសទេ តែធ្លាប់ឃើញសន្តិសុខចងស្លាបសេក តាខ្មៅ, តាសៅ និងតាស៊ីន ព្រោះពេលដែលកងទ័ពមជ្ឈិមខ្មែរក្រហមចូលមក គឺចាប់ថ្នាក់ដឹកនាំបូព៌ាទាំងអស់យកទៅសម្លាប់។

ម៉ាន រុន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម។ (គាត ស្រីឡែន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៧ ខ្ញុំនិងឈ្មោះ រីន បានទៅលើកទំនប់បឹងក្រចាប់អស់រយៈពេលរាប់ខែទើបលើកទំនប់រួច។ បន្ទាប់ពីខ្ញុំលើកទំនប់រួច ទើបខ្មែរក្រហមឲ្យត្រឡប់មកផ្ទះវិញ ព្រោះខ្ញុំនៅលីវ។ នៅបឹងក្រចាប់មិនមានទឹកស្អាតប្រើប្រាស់ត្រឹមត្រូវទេ ហូប មុជ គឺប្រើប្រាស់ប្រភពទឹកតែមួយ។ ភាគច្រើនអ្នកដែលលើកទំនប់នៅបឹងក្រចាប់ គឺមានជំងឺរាកមួល។ បន្ទាប់មកមានការជ្រើសរើសទាហានយកទៅវាយនៅព្រំដែនកម្ពុជា វៀតណាម នៅម្តុំច្រកដូនរ័ត្ន។ ប្រធានយោធាស្រុកមេមត់ឈ្មោះ ខុន ហើយ ស្រ៊ាន អនុយោធា។ ខ្ញុំនៅក្នុងង-១០៣, មានឈ្មោះសេន គឺជាប្រធានគ-៣។ នៅពេលនោះមានសភាពការណ៍កងទ័ពមជ្ឈិមដើរចាប់មេអង្គភាពអស់ជាច្រើន។ ក្រោយមក ខ្ញុំក៏សុំបង សេន ដោយប្រាប់ថាឪពុកខ្ញុំស្លាប់ ហើយម្តាយខ្ញុំឲ្យត្រឡប់ទៅរៀបចំទុកដាក់សពឪពុកខ្ញុំ។ សេន ក៏អនុញ្ញាតឲ្យខ្ញុំត្រឡប់មកឃុំគគីរវិញ។ ពេលទៅដល់ឃុំគគីរ ខ្ញុំអត់ត្រឡប់ទៅអង្គភាពកងទ័ពវិញទេ។ ខ្ញុំលាក់ខ្លួននៅក្នុងព្រៃកៅស៊ូ ដោយសុំបាយខាងសហជីពជីប៉េះហូប។

ក្រោយមកខាងនិរតីបានជម្លៀសខ្ញុំទៅខាងជប់ ចំណែកម្តាយខ្ញុំទៅខាងមហាលាភ។ ពេលនោះខ្មែរក្រហមបានឲ្យខ្ញុំរៀបការ ដោយប្រាប់ខ្ញុំពីព្រលប់ថា ស្អែកកាត់សក់ កាត់ក្រចកឲ្យស្អាត ខានស្អែករៀបការ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ សាបីន គឺជាអ្នកឃុំជាំក្រវៀន។ ពេលរៀបការរួចខ្ញុំក៏បានសុំខ្មែរក្រហមនាំប្រពន្ធ និងប្អូនមកលេងម្តាយ។ ពេលត្រឡប់មកវិញ ខ្ញុំអត់យកប្អូនមកវិញទេ គឺទុកឲ្យនៅជាមួយម្តាយខ្ញុំ។ រយៈពេលកន្លះខែក្រោយមក កងទ័ពវៀតណាមបានវាយចូលមក ខ្មែរក្រហមបានជម្លៀសខ្ញុំ និងក្រុមគ្រួសារទៅខាងកំពង់ទ្រាស ស្រុកក្រូចឆ្មារ។ នៅពេលវៀតណាមទៅទាន់ ខ្មែរក្រហមបានរត់ចេញអស់ ហើយខ្ញុំក៏ត្រឡប់មកកំណើតស្រុកវិញ។ ខ្ញុំបានមករស់នៅស្រុកកំណើតប្រពន្ធខ្ញុំនៅឃុំជាំក្រវៀនបានរយៈពេលមួយឆ្នាំ ខ្ញុំក៏លែងគ្នា ហើយខ្ញុំបានត្រឡប់ទៅរស់នៅឃុំមហាលាភជាមួយម្តាយខ្ញុំវិញ។ ក្រោយមកខ្ញុំរៀបការជាលើកទី២នៅឃុំគគីរ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ មុំ ហេន និងមានកូនសរុប១១នាក់ (ស្រី៦នាក់ និងប្រុស៥នាក់)។

អត្ថបទ ៖ រី លក្ខិណា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖