មាស វេន៖ នារីពេទ្យក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ មាស វេន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ខ្ញុំត្រូវខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើជាពេទ្យតាំងពីឆ្នាំ១៩៧៣។ ខ្ញុំរៀនវិជ្ជាពេទ្យនៅមន្ទីរពាមជីកងដោយមានឈ្មោះ យ៉ាត គឺជាអ្នកបង្រៀន ហើយមានឈ្មោះ វេន និង សម គឺជាប្រធានពេទ្យនៅទីនោះ។ ការរៀនគឺទៅតាមផ្នែកផ្សេងៗពីគ្នាចំណែកខ្ញុំនៅខាងផ្នែកផ្សំថ្នាំ និងចាក់ថ្នាំ។ ការព្យាបាលនៅអំឡុងពេលនោះយើងមានថ្នាំពេទ្យ គឺមិនមានថ្នាំបុរាណទេ ហើយអ្នកជំងឺភាគច្រើន ឈឺគ្រុនផ្ដាសាយ ក្ដៅខ្លួន ឬរបួសតិចតួចពុំសូវមានជំងឺធ្ងន់ធ្ងរទេ។ ប៉ុន្តែនៅចុងឆ្នាំ១៩៧៤ ខ្មែរក្រហមបញ្ជូនក្រុមពេទ្យឲ្យមកព្យាបាលខាងភ្នំបាសិត ព្រោះនៅទីនោះកងទ័ពរបួសច្រើនណាស់ដោយសារសង្គ្រាម។ ក្រុមគ្រូពេទ្យត្រូវធ្វើការឆ្លាស់គ្នាដើម្បីសែងអ្នករបួសដែលបញ្ជូនមកពីសមរភូមិមុខ។ អ្នកខ្លះរបួសស្រាល ខ្លះរបួសធ្ងន់រហូតដាច់ដៃជើងក៏មាន។

មាស វេន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ ហ៊ាន ពិសី បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ ខ្ញុំត្រូវបានផ្លាស់ឲ្យមកធ្វើការនៅឃ្លាំងរដ្ឋជិតស្ពានជ្រោយចង្វារវិញ។ អំឡុងពេលខ្ញុំចូលទៅដល់ក្នុងទីក្រុងភ្នំពេញដំបូងគឺស្ងប់ស្ងាត់ណាស់ គឺមានតែក្រុមយោធាដែលឈរយាមនៅតាមផ្លូវប៉ុណ្ណោះ។ ចំណែកប្រជាជនត្រូវជម្លៀសចេញអស់។ ពេលទៅដល់ឃ្លាំងរដ្ឋ ខ្មែរក្រហមបង្គាប់ឲ្យខ្ញុំធ្វើការបោសសម្អាតជាមុនសិន។ បន្ទាប់មកទើបខ្ញុំឃើញមានឡានដឹកអំបិល ស្រូវ កៅស៊ូ យកមកដាក់ក្នុងឃ្លាំង។ ស្រូវទាំងអស់ត្រូវកិនទៅជាអង្ករ ហើយជ្រើសរើសយកតែអង្ករណាដែលល្អលេខមួយទុកសម្រាប់បញ្ចេញទៅលក់នៅប្រទេសចិន តាមរយៈកប៉ាល់ធំៗ។ ចំណែកការងារនារីៗគឺមិនសូវលំបាកទេនៅពេលនោះ ភាគច្រើនគឺជួយជួសបាវណាដែលដាច់រហែក ប្រសិនបើខ្វះកម្លាំងលើកស្រូវអង្ករ នារីជួយសែងខ្លះៗដែរ។ ខ្ញុំរស់និងធ្វើការនៅឃ្លាំងរដ្ឋរហូតដល់ឆ្នាំ១៩៧៨ ទើបខ្មែរក្រហមរៀបចំឲ្យខ្ញុំមានប្តី និងក្រោយមកមានកូនចំនួនពីរនាក់។

មាស វេន និងចៅស្រី នៅពេលចូលរួមវេទិកាប្រវត្តិសាស្រ្តគ្រួសារ នៅខែកញ្ញា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចាប់ផ្ដើមវាយលុកចូលមកប្រទេសកម្ពុជា ខ្ញុំនិងគ្រួសារបានភៀសខ្លួនមករស់នៅភ្នំដងរែកដែលមាន តាម៉ុក គឺជាអ្នកគ្រប់គ្រងនិងផ្គត់ផ្គង់ស្បៀងអាហារ។ ចាប់ពីពេលនោះមកស្រ្តីៗណាដែលមានគ្រួសារ និងមានកូនត្រូវនៅសមរភូមិក្រោយដើម្បីថែទាំកូន។ ចំណែកអ្នកនៅលីវគឺជួយដឹកជញ្ជូនស្បៀង និងគ្រាប់ឲ្យកងទ័ពនៅសមរភូមិមុខទៅតាមសមត្ថភាពដែលខ្លួនអាចធ្វើបានដោយពុំមានការបង្ខិតបង្ខំឡើយ។ នៅឆ្នាំ១៩៨៩ ទើបខ្ញុំនិងគ្រួសារចុះមករស់នៅស្រុកត្រពាំងប្រាសាទ។ ចំណែកប្ដីរបស់ខ្ញុំដែលជាកងទ័ពនៅតស៊ូជាមួយខ្មែរក្រហមនៅអន្លង់វែងបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨ បន្ទាប់មកគាត់ឈប់ពីកងទ័ពមករស់នៅជុំគ្រួសារវិញ។

អត្ថបទ ៖ ហ៊ាន ពិសី បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត​ ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖