ទូទ័ល សារ៉ស់៖ អ្នកត្បាញក្រមាឲ្យអង្គការ

ខ្ញុំឈ្មោះ ទូទ័ល សារ៉ស់ ភេទស្រី អាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កាលជំនាន់ដើមខ្ញុំប្រកបរបរត្បាញសំពត់សូត្រ និងក្រមា។ ចំណែកឪពុកខ្ញុំឈ្មោះ ទូទ័ល គឺជាអ្នកធ្វើកន្ទេល និងមានចំណេះដឹងផ្នែកសាសនាក្នុងភូមិមួយរូប ហើយម្តាយខ្ញុំឈ្មោះ សុះ ភាស គឺជាអ្នកបង្កើតគោមសំពត់សូត្រ ត្បាញ ដែលជារបរបន្ទាប់បន្សំជួយជីវភាពក្នុងគ្រួសារ។ ឪពុកម្តាយខ្ញុំមានកូនចំនួន១០នាក់គឺប្រុស៥នាក់ និង ស្រីចំនួន៥នាក់។ បងៗប្រុសខ្ញុំសុទ្ធតែជាទាហាន លន់ នល់។ ក្រោយរបបខ្មែរក្រហម គឺបងប្អូនខ្ញុំនៅសល់តែពីរនាក់ប៉ុណ្ណោះ គឺខ្ញុំ និងបងប្រុសខ្ញុំម្នាក់ដែលបានរត់ចេញទៅប្រទេសវៀតណាម។

ទូទ័ល សារ៉ស រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅផ្ទះរបស់គាត់កាលពីខែកក្កដា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

 

កាលពីតូច ឪពុកម្តាយខ្ញុំជំរុញខ្ញុំឲ្យសិក្សាពីក្បួនច្បាប់ផ្នែកសាសនាដល់អាយុប្រហែលជា១៥ឆ្នាំ ខ្ញុំឈប់រៀនហើយងាកមករៀនសូត្ររបរប្រពៃណីតម្បាញសូត្រពីម្តាយខ្ញុំ។ មួយផ្នែកទៀត ខ្ញុំចង់ជួយសម្រាលការងារគាត់។ ដំបូងម្តាយខ្ញុំឲ្យរៀនត្បាញជាមុនសិន។ បន្ទាប់ពីខ្ញុំចេះត្បាញហើយ គាត់ចាប់ផ្ដើមបង្រៀនខ្ញុំឲ្យចងគោម ហើយណែនាំខ្ញុំដាក់ពណ៌អ្វីឲ្យត្រូវជាមួយគោមសំពត់នីមួយៗ។ ទម្រាំខ្ញុំចេះចាំ និងអាចចងគោមបានដោយខ្លួនឯង វាមិនមែនជារឿងងាយស្រួលទេ គឺយូរណាស់ បានធ្វើចេញជាសំពត់មួយ។ កាលខ្ញុំនៅត្បាញសំពត់បានប្រវែងតែពីរម៉ែត្រគឺកាត់ចេញហើយ មិនដូចបច្ចុប្បន្នត្រូវត្បាញឲ្យបានបួនម៉ែត្រ រួចហៅថាមួយក្បិនទេ។ ប្រហែលនៅក្នុងកំឡុងឆ្នាំ១៩៦២ ឈ្មួញពេញនិយមទិញសំពត់គោមផ្ការំយោង ផ្កាម្លិះ ផ្ការាំង គោមភ្នែកគោ កូនហ៊ីង គោមផ្កាទទឹមតូចៗ គោមភ្នែកមាន់ និង គោមចំណិតសណ្ដាន់។ គោមទាំងនេះមានពណ៌ លឿង ក្រហម ខ្មៅ និងបៃតង ដោយប្រើលក្ខធម្មជាតិ ឬហៅម្យ៉ាងទៀតលក្ខខ្មែរ។ គោមដែលខ្ញុំបានរៀបរាប់នេះ គឺសុទ្ធតែជាគោមដែលខ្ញុំធ្លាប់ចងដោយផ្ទាល់ ហើយអតិថិជនចូលចិត្តប្រើប្រាស់។ ឈ្មួញកុម្មង់យកទៅលក់បន្តដោយកក់យកគោមទាំងនេះជាបន្តបន្ទាប់។

នៅក្នុងឆ្នាំ១៩៦៧ ឪពុកម្តាយខ្ញុំបានរៀបចំពិធីរៀបការឲ្យខ្ញុំនិងប្តីខ្ញុំឈ្មោះ ស្មាស់ អេល។ ខ្ញុំរៀបការហើយនៅតែបន្តការងារតម្បាញរបស់ខ្ញុំដដែល។ ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មិនបានប៉ុន្មានផង ស្រាប់តែឃើញមានព្រឹត្តិការណ៍ប្លែកៗនៅក្នុងភូមិ គឺខ្ញុំឃើញមានកងកម្លាំងរំដោះខ្មែរក្រហមចូលមកគ្រប់គ្រង ហើយចាត់តាំងប្តីរបស់ខ្ញុំកាន់តួនាទីខាងគ្រប់គ្រងឃ្លាំង ឬហៅថាកាន់ខាងគមនាគមន៍។ ក្រោយមក ហាកឹម តួន និង អ្នកមានធនធានក្នុងភូមិ ត្រូវកងកម្លាំងរំដោះមកហៅឲ្យចុះពីលើផ្ទះនិងយកទៅរាល់យប់។ សូម្បីតែឪពុករបស់ខ្ញុំ និងបងប្រុសៗរបស់ខ្ញុំក៏កងកម្លាំងរំដោះខ្មែរក្រហមចាប់យកទៅដែរ ព្រោះបងប្រុសរបស់ខ្ញុំធ្វើជាទាហាន លន់ នល់ ។ ខ្ញុំខំស្រែកថា កុំយកគាត់ទៅអី គួរយោគយល់ប្ដីរបស់ខ្ញុំផង គាត់ក៏ជាអ្នកធ្វើការឲ្យកងកម្លាំងរំដោះដែរ។ ប៉ុន្តែសំដីដែលកងកម្លាំងរំដោះតបមកខ្ញុំវិញឮតែ «ឯងឡើងលើផ្ទះវិញទៅគ្មានប្រយោជន៍ទេ»។ ក្រោយពីចាប់ឪពុកខ្ញុំនិងបងៗបានបីថ្ងៃ ព្រឹកឡើងពេលខ្ញុំចុះពីផ្ទះជាន់កាំជណ្ដើរ ស្រាប់តែឃើញខោអាវឪពុកនិងបងៗរបស់ខ្ញុំ។ ខ្ញុំដឹងក្នុងចិត្តរួចហើយថាពួកគាត់ត្រូវកងកម្លាំងរំដោះខ្មែរក្រហមយកទៅសម្លាប់។

នៅឆ្នាំ១៩៧៥ ក្រោយពីកងទ័ពខ្មែរក្រហមរំដោះទីក្រុងភ្នំពេញរួច ខ្មែរក្រហមចាប់ផ្ដើមជម្លៀសជនជាតិចាមចេញពីភូមិ ដោយទុកតែប្រាំមួយគ្រួសារសម្រាប់ត្បាញក្រមា និងធ្វើនំពុម្ពបារាំង។ ខ្ញុំត្បាញក្រមាឲ្យកងទ័ពខ្មែរក្រហមរហូតដល់ចុងឆ្នាំ១៩៧៨។ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើជាមេក្រុមកីតម្បាញ ដឹកនាំជ្រលក់ពណ៌ រវៃអំបោះ ហាលអំបោះ។ ក្រមាដែលខ្ញុំត្បាញគឺមានពណ៌ខ្មៅ លាយក្រហម គឺជាប្រភេទក្រមាបង់ក។ ក្រមាដែលខ្ញុំត្បាញភាគច្រើនឃើញកម្មាភិបាលខ្មែរក្រហមជូនដល់កូនកម្លោះកូនក្រមុំ ដែលអង្គការបានរៀនចំផ្សំផ្គុំ។ ទោះ​បីជាប្តីរបស់ខ្ញុំគឺជាប្រធានឃ្លាំង ប៉ុន្តែសម្ភារ ដូចជា ក្រណាត់ ក្រមា និង នំ គឺខ្ញុំមិនដែលបានបរិភោគ ឬប្រើប្រាស់ឡើយ។

កីសម្រាប់ត្បាញក្រមារបស់ជនជាតិចាមនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំរស់នៅក្នុងភូមិដដែលនិងរង់ចាំមើលផ្លូវ បងប្អូន កូនក្មួយត្រឡប់មកវិញ។ ប៉ុន្តែជាអកុសល បងប្រុស បងស្រី រួមជាមួយបងថ្លៃប្រុសស្រី ខ្ញុំមិនបានវិលត្រឡប់មកវិញទេរហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំនិងប្តីប្រកបមុខរបរនេសាទត្រីលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងសន្សំលុយប្រាក់ខ្លះដើម្បីទុកចាយវាយសម្រាប់ថ្ងៃខាងមុខ។ ខ្ញុំនិងប្តី មិនមានកូនទេ ដូច្នេះខ្ញុំបានយកក្មួយពីរនាក់មកចិញ្ចឹម។

នៅឆ្នាំ១៩៨៤ ខ្ញុំឃើញអំបោះសូត្រមានលក់នៅលើទីផ្សារ ហើយដោយសារខ្ញុំមានចំណេះជំនាញពីម្តាយរបស់ខ្ញុំស្រាប់ ដូច្នេះខ្ញុំក៏រៀបចំដំឡើងកីត្បាញសំពត់សូត្រឡើងវិញ។ ខ្ញុំរកឈើថ្មី និងស្វែងរកកីតម្បាញចាស់ៗមកផ្សំគ្នាដំឡើងទៅជាកី។ ខ្ញុំរៀបចំរវៃសូត្រ ស្វែងរកលក្ខជ្រលក់ ហាលសូត្រ ចំណែកប្ដីរបស់ខ្ញុំរៀបចំកី។ គោមដែលខ្ញុំធ្វើដំបូងបន្ទាប់ពីអាក់ខានធ្វើជាយូរឆ្នាំ គឺគោមក្ញោក បន្ទាប់មកគោមសំរោង គោមចំណិតសណ្ដាន់ និងគោមជាច្រើនទៀត។ ចំណែកពណ៌ គឺមានពណ៌បៃតង ពណ៌ក្រហម ពណ៌លឿង និងពណ៌ស្វាយ។ សព្វថ្ងៃ ភូមិកំពង់ក្របីលែងមានកីតម្បាញសំពត់សូត្រទៀតហើយ ព្រោះសំពត់សូត្រគ្មានទីផ្សារ។ នៅក្នុងភូមិមានតែកីត្បាញក្រមា ហើយសល់តែបួនទៅប្រាំកីតែប៉ុណ្ណោះ។ ខ្ញុំពិតជាសោកស្តាយស្នាដៃត្បាញដែលជាប្រពៃណីជីដូនជីតាបន្សល់ទុកឲ្យ ហើយប្រសិនបើគ្មានការចាប់អារម្មណ៍លើការត្បាញនេះទៀតទេ នឹងធ្វើឲ្យបាត់បង់នៅពេលខាងមុខ។

អត្ថបទ ៖ មីន សាណាស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖