ទេព សារឿន អាយុ៦១ឆ្នាំ គឺជាប្រជាពលរដ្ឋរស់នៅភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានរៀបរាប់ថា ខ្ញុំមានឪពុកឈ្មោះ ម៉ែន ទុន និងម្ដាយឈ្មោះ ពៅ សុខ។ ខ្ញុំមានបងប្អូនចំនួន២នាក់ ប្រុស
ទាំង២នាក់ ហើយខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ ខ្ញុំបានចូលសិក្សានៅសាលាបឋមសិក្សាស្រះតាអឹម ហើយឈប់រៀននៅត្រឹមថ្នាក់ទី១១ នៅក្នុងសម័យសង្គមរាស្ត្រនិយម។
ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញវត្តមានរបស់កងទ័ពវៀតកុង ចូលមករស់នៅក្នុងភូមិជាមួយប្រជាជន។ ទន្ទឹមគ្នានោះ ក៏មានការទម្លាក់គ្រាប់បែកកើតមានជាហូរហែ រហូតមកដល់ចុងឆ្នាំ១៩៧៣។ ខ្ញុំរស់នៅមានការលំបាកយ៉ាងខ្លាំង ដោយត្រូវរត់ចូលពួនក្នុងលេណដ្ឋានជាញឹកញាប់ ដើម្បីគេចពីការទម្លាក់គ្រាប់បែក។
នៅឆ្នាំ១៩៧៤ ការទម្លាក់គ្រាប់បែកបានស្ងប់ស្ងាត់ទៅវិញ។ ក្រោយមក កងទ័ពរំដោះខ្មែរក្រហមចាប់ផ្ដើមប្រមូលប្រជាជនធ្វើស្រែប្រវាស់ដៃ។
នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពេលយោធាខ្មែរក្រហមទទួលបានជ័យជម្នះ នៅទីក្រុងភ្នំពេញ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង។ ពេលនោះ ខ្ញុំបានចូលរួមមីទ្ទីញ និងដើរហែក្បួនស្រែកអបអរសាទរជ័យជម្នះរបស់ខ្មែរក្រហម។ ខ្ញុំនៅចងចាំពាក្យដែលខ្មែរក្រហមប្រើក្នុងអង្គមីទ្ទីញថា «ជយោ! បដិវត្តិន៍!»។ មិនបានយូរប៉ុន្មាន អារម្មណ៍សប្បាយរបស់ខ្ញុំបានបាត់បង់អស់ទៅវិញ។ ខ្ញុំឃើញយោធាខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងឲ្យទៅរស់នៅតាមទីជនបទ ហើយបន្ទាប់មកធ្វើការជម្លៀសបន្តទៅកាន់តំបន់ផ្សេងៗទៀត។ ចំណែកការរស់នៅរបស់ប្រជាជនកាន់តែរឹតត្បិត និងមិនមានសិទ្ធិសេរីភាព។ ខ្មែរក្រហមធ្វើការបែងចែកការរស់នៅរបស់ប្រជាជនទៅតាមក្រុមគឺ៖ ក្រុមមនុស្សចាស់រស់នៅដោយមនុស្សចាស់, ក្រុមយុវជនរស់នៅដោយយុវជន, ក្រុមកុមាររស់នៅដោយកុមារ។
ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅលើកទំនប់ ជីកព្រែកនៅចន្ទៃ និងសង់ស្ថានីយ៍ស្តុកទឹកចេកធ្លកជាដើម។ នៅពេលខ្ញុំទៅលើកទំនប់ ជីកព្រែក និងសង់ស្ថានីយ៍ស្តុកទឹក ប្រធានកងចែករបបអាហារឲ្យខ្ញុំយកដាំហូបនៅការដ្ឋាន។ ប៉ុន្តែពេលត្រឡប់ចូលក្នុងភូមិវិញ ប្រធានកងឲ្យខ្ញុំហូបតែបបរលាយជាមួយសម្លដើមចេកប៉ុណ្ណោះ។
នៅក្នុងមូលដ្ឋានដែលខ្ញុំរស់នៅមានរោងបាយចំនួន៣កន្លែង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់តា សាក់ គឺជាប្រធានឃុំ។ ចំណែកនៅភូមិស្រះតាអឹម គ្រប់គ្រងដោយ ចាន់ ញឹម គឺជាប្រធានភូមិ។ ក្រោយមកការគ្រប់គ្រងនៅក្នុងសហករណ៍ក៏មានការផ្លាស់ប្ដូរ ដោយខ្មែរក្រហមចាប់អ្នកគ្រប់គ្រងចាស់យកទៅសម្លាប់ចោល ហើយយកអ្នកថ្មីមកគ្រប់គ្រងជំនួសវិញ។ ខ្មែរក្រហមបានចោទប្រកាន់កម្មាភិបាលចាស់ថា ចូលរួមជាមួយវៀតណាម ហើយក្បត់ អង្គការថ្នាក់លើ។ ខ្មែរក្រហមបានយកកម្មាភិបាល និងកងទ័ពមកពីខាងនិរតីមកគ្រប់គ្រងលើអ្នកដែលទើបឡើងថ្មីទាំងនោះ។ ប្រធានឃុំអង្គរសដែលឡើងថ្មីមានឈ្មោះ ផាន និងប្រធានភូមិស្រះតាអឹម មានឈ្មោះ អាត។ បើយើងធ្វើខុស អ្នកដឹកនាំថ្មីនឹងរាយការណ៍ទៅថ្នាក់លើភ្លាម ហើយជម្លៀសអ្នកប្រព្រឹត្តខុសទាំងនោះទៅស្រុកស្អាង និងយកអ្នកនោះទៅសម្លាប់ចោលនៅភ្នំឈើកាច់។ ក្រៅពីនោះ ខ្មែរក្រហមក៏ជម្លៀសប្រជាជនទៅកាន់ខេត្តពោធិ៍សាត់ និងបាត់ដំបងដែរ។
នៅឆ្នាំ១៩៧៨ ខ្ញុំបានស្គាល់នារីម្នាក់ ហើយបានស្នើសុំអង្គការដើម្បីរៀបការ។ នៅថ្ងៃរៀបការរបស់ខ្ញុំ ក៏មានអ្នករៀបការចំនួន១១គូផ្សេងទៀត។ អង្គការបានអនុញ្ញាតឲ្យឪពុកម្ដាយ និងបងប្អូនអាចចូលរួមក្នុងកម្មវិធីរៀបការនេះបាន។ ពេលកម្មវិធីចាប់ផ្ដើម អង្គការតម្រូវឲ្យគូនីមួយៗអង្គុយទន្ទឹមគ្នា បន្ទាប់មកមានតំណាង១គូឡើងប្ដេជ្ញាចិត្ត និងសំដែងការដឹងគុណដល់អង្គការ។ ពេលចប់កម្មវិធី ខ្ញុំនិងប្តីប្រពន្ធ១១គូផ្សេងទៀតបាននាំគ្នាទៅហូបអាហារនៅតាមរោងបាយសហករណ៍រៀងៗខ្លួន។ ក្រោយពីរៀបការ ខ្ញុំនិងប្រពន្ធមានកូនចំនួន៦នាក់។
មកដល់ចុងឆ្នាំ១៩៧៨ ខ្ញុំនិងគ្រួសារត្រូវបានអង្គការជម្លៀសចេញពីភូមិ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពេលខ្ញុំធ្វើដំណើរទៅដល់កំពង់សឹង ក៏ជួបកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងបានប្រកាសឲ្យខ្ញុំវិលមករស់នៅស្រុកកំណើតរបស់ខ្លួនវិញ។ ខ្ញុំបានជូបជុំជាមួយគ្រួសារឡើងវិញ។ នៅឆ្នាំ១៩៨០ គ្រួសាររបស់ខ្ញុំបានដាំបន្លែបង្ការ ធ្វើស្រែនិងចិញ្ចឹមសត្វ ទើបគ្រួសារខ្ញុំមានការហូបចុកគ្រប់គ្រាន់។ សព្វថ្ងៃនេះ ខ្ញុំពោះម៉ាយ និងទទួលការផ្គត់ផ្គង់ពីកូនចៅ ហើយពេលទំនេរ ខ្ញុំដាំបន្លែទុកសម្រាប់ហូបក្នុងគ្រួសារដែរ។
អត្ថបទ ៖ សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា