វេទិកាថ្នាក់រៀនចុងសប្តាហ៍ នៅមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្តាហ៍ជាមួយសិស្សចំនួន៣០នាក់មកពីស្រុកគិរីវង់។ សិស្សដែលបានចូលរួមមកពីវិទ្យាល័យគិរីវង់ដោយធ្វើដំណើរមកកាន់មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ដឹកនាំដោយអ្នកស្រីនាយិកា កែវ គឹមស៊្រុន និងគ្រូបង្រៀនចំនួនពីរនាក់។ អាណាព្យាបាលយុវជនម្នាក់ ក៏បានមកចូលរួមជាមួយកូនរបស់គាត់ និងក្រុមយុវជនទាំងអស់ដែរ។ វេទិកាចុងសប្តាហ៍នេះ ត្រូវបង្កើតឡើងដើម្បីផ្តល់ដល់យុវជន និងអាណាព្យាបាលយុវជនកើតក្រោយឆ្នាំ១៩៧៩ នូវចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម  និង   បណ្តុះគំនិតយុវជនឲ្យចេះស្រឡាញ់សន្តិភាព ស្អប់ខ្ពើម និងប្រឆាំងចំពោះការកកើតអំពើប្រល័យពូជសាសន៍ រួមទាំងឲ្យចេះរួបរួមគ្នាដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

នៅពេលលោកគ្រូអ្នកគ្រូ យុវជន និងអាណាព្យាបាល អញ្ជើញមកដល់ការិយាល័យមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ដំបូងក្រុមការងារបានបាញ់ទឹកកអាកុល និងគោរពតាមការណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ គ្រូឧបទ្ទេសបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូដែលជាអ្នកដឹកនាំសិស្ស ហើយយុវជនមើលផ្ទាំងរូបភាពតាំងពិព័រណ៌ដែលតាំងបញ្ឈរនៅខាងមុខការិយាល័យមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ បន្ទាប់មក លោកគ្រូឧ្ទេសណែនាំក្រុមយុវសិស្សអំពីផ្ទាំងពិព័រណ៍ និងឲ្យយុវជនអានចំណងជើងដែលស្ថិតនៅផ្នែកខាងក្រោមផ្ទាំងរូបថត ហើយធ្វើការពន្យល់បន្ថែមអំពីរូបភាពនីមួយៗយ៉ាងក្បោះក្បាយ។ ទន្ទឹមនឹងការស្តាប់គ្រូឧ្ទេសពន្យល់ ក្រុមសិស្សខ្លះកត់ត្រានូវរាល់ចំណុចសំខាន់ៗដែលខ្លួនមិនធ្លាប់ដឹងពីមុនមក។ ឆ្លៀតពេលនោះយុវជនខ្លះបានសួរសំណួរមួយចំនួនដែលខ្លួនមិនទាន់យល់ច្បាស់ទៅកាន់លោក ផេង ពង្សរ៉ាស៊ី  ហើយលោកគ្រូឧ្ទេស ក៏បានឆ្លើយតបទៅនឹងសំណួរនោះភ្លាមៗវិញផងដែរ។

លោក ផេង ពង្សរ៉ាស៊ី ចាប់ផ្ដើមធ្វើបទបង្ហាញទាក់ទងនឹងនិយមន័យឧក្រិដ្ឋកម្មឃោឃៅ និងធាតុផ្សំមួយចំនួនអាចបង្កើតទៅជាឧក្រិដ្ឋកម្ម។ នៅពេលលោកគ្រូឧទេ្ទស កំពុងធ្វើបទបង្ហាញ យុវជនទាំងអស់ស្តាប់ដោយយកចិត្តទុកដាក់ ហើយមានការកត់ត្រា។ បទបង្ហាញរបស់លោកគ្រូឧទ្ទេស សម្រេចធ្វើបទបង្ហាញលើចំណុចចំនួពីរគឺ៖១) ផែនការ និងការចូលមកដល់ទីក្រុងភ្នំពេញរបស់ខ្មែរក្រហម  ២) ការជម្លៀសប្រជាជនដោយបង្ខំដំណាក់កាលទី១ និងទី២។ លោក ផេង ពង្សរ៉ាស៊ី បានបង្ហាញរូបភាពជាច្រើនសន្លឹកស្តីអំពីទិដ្ឋភាពការចូលមកដល់ទីក្រុងភ្នំពេញ និងទិដ្ឋភាពនៃការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនកម្ពុជាក្នុងទីក្រុងភ្នំពេញ។ រូបថតទាំងនោះ គឺជាប្រភេទរូបភាពស-ខ្មៅ និងអមដោយការពន្យល់ខ្លឹមសារលម្អិត ។ សំណួរ និងចម្លើយអំពីប្រវត្តិសាស្ត្រ បន្ទាប់ពីការធ្វើបទបង្ហាញរួចអ្នកស្រីនាយិកា បានជំរុញបន្ថែមដល់ក្រុមយុវជនទាំងអស់ ឲ្យសួរសំណួរទៅកាន់លោកគ្រូឧទ្ទេស។ យុវជនមួយចំនួន ភាគច្រើនជាស្ត្រីបានសួរសំណួរអំពីប្រវត្តិសាស្ត្រ ហើយសំណួរទាំងនោះជាសំណួរដែលទាក់ទងនឹងការជម្លៀស ផែនការ៤ឆ្នាំរបស់ខ្មែរក្រហម កិច្ចការបរទេសរបស់ខ្មែរក្រហម និងការដួលរលំរបស់ខ្មែរក្រហម។ បន្ទាប់ពីសួរ និងឆ្លើយសំណួររួច គ្រូឧ្ទេសបានឲ្យក្រុមការងារចែកកម្រងសំណួរឲ្យយុវជនម្តងទៀត ដើម្បីវាស់ស្ទង់ពីចំណេះដឹងរបស់យុវជន តើមានការកើនឡើងកម្រិតណា? ឆ្លៀតពេលដែលយុវជនបំពេញកម្រងវាស់ស្ទង់រួចក្រុមការងារបានសួរចំណាប់អារម្មណ៍ទៅកាន់គ្រូដឹកនាំ និងសិស្សហើយពួកគាត់លើកឡើងស្រដៀងគ្នាបីចំណុច ១)ចំណាប់អារម្មណ៍របស់ពួកគាត់មានការចូលចិត្តនូវមុខវិជ្ជាប្រវត្តិសាស្រ្តដោយសារពួកគាត់អាចទទួលបានចំណេះដឹងជាច្រើន និងមានការសប្បាយរីករាយដែលបានមកចូលរួមកម្មវិធីវេទិកាថ្នាក់រៀនប្រចាំសប្ដាហ៍ ២)ពួកគាត់សូមលោកគ្រូឧ្ទេស ឲ្យមានការបើកវេទិកាថ្នាក់រៀនបែបនេះបន្តទៀតដើម្បីឲ្យយុវជនផ្សេងទៀតអាចមានឱកាសចូលរួមដូចពួកគាត់  ៣)ពួកគាត់បានស្នើសូមឲ្យមានទីកន្លែងទូលាយជាងនេះដើម្បីអាចនសិស្សចូលរួមបានច្រើន។

បន្ទាប់មកក៏មានការចែកជូនសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដល់សិស្សចូលរួមចំនួន៣០នាក់។ វេទិកានេះក៏​មានដំណើរទស្សនកិច្ចទៅកាន់មជ្ឈ​មណ្ឌលឧក្រិដ្ឋកម្មក្រាំងតាចាន់ដែលជាអតីត មន្ទីរសន្តិសុខក្នុងរបបខ្មែរក្រហម គឺមន្ទីរសន្តិសុខក្រាំងតាចាន់។ នៅទីនោះ លោកគ្រូ ផេង ពង្សរ៉ាស៊ី បានពន្យល់ដល់ក្រុមយុវជន បន្ថែមទៀតពីការកកើត ការប្រតិបត្តិ ការធ្វើទារុណកម្មអ្នកទោស និងការសម្លាប់អ្នកទោសនៅក្នុងមន្ទីរ សន្តិសុខ។

អត្ថបទ ៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត ៖ កាន់ សុខភាព/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖