ប្រធានមន្ទីរពាណិជ្ជកម្មតំបន់៤១ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ជា ខេងថៃ អាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំគឺជាគ្រូបង្រៀនចូលនិវត្តន៍កាលពីឆ្នាំ២០១១។ ខ្ញុំរៀបការប្រពន្ធឈ្មោះ យា ឆេងស៊ន និងមានកូន​ចំនួន៤នាក់ (ស្រី៣ និងប្រុស១)។ ខ្ញុំកើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ ខ្ញុំមានឪពុកឈ្មោះ ជា ម៉េត និងម្ដាយឈ្មោះ គា ណៃគីម។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន​៣នាក់។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាកំពង់ក្របីរហូតដល់ចប់ថ្នាក់ទី៧ និងបានប្រឡងជាប់ដើម្បីបន្តការរៀនសូត្រនៅវិទ្យាល័យព្រះសីហនុ។ ប្រហែលជា៣ខែបន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចសីហនុនៅដើមឆ្នាំ១៩៧០ ខ្ញុំឃើញមានបាតុកម្មដង្ហែរចូលមកទីរួមខេត្តកំពង់ចាមរយៈពេល៣ថ្ងៃ។ នៅពេលនោះ ខ្ញុំរៀនថ្នាក់ទី៦។ បើទោះបីជាមានការធ្វើបាតុកម្មយ៉ាងណាក្ដី ខ្ញុំនៅតែបន្តការសិក្សា និងស្នាក់អាស្រ័យជាមួយឪពុកមានៅទីរួមខេត្តកំពង់ចាម។ បន្ទាប់ពីបាតុកម្មបានបញ្ចប់ ការផ្ទុះអាវុធរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានកើតឡើង។

នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ភូមិកំណើតរបស់ខ្ញុំដើម្បីត្រៀមវាយបន្ទាយ លន់ នល់ នៅម្ដុំកោះរកា។ ខ្ញុំតែងតែមកលេងផ្ទះដោយដើរតាមផ្លូវវាង។ មូលហេតុដែលខ្ញុំមិនអាចមកតាមផ្លូវពីព្រែកដើមចាន់មកភូមិចំការសាមសិបគឺមានទាហាន លន់ នល់ ត្រូវបានដាក់ឈរជើងដើម្បីទប់ទល់ និងវាយប្រហារទៅលើ កងទ័ពរំដោះខ្មែរក្រហមនៅភូមិជិតនោះ។ ខ្ញុំបានបន្តរៀននៅវិទ្យាល័យព្រះសីហនុរហូតដល់ឆ្នាំ១៩៧៣ ត្រឹមថ្នាក់ទី៣។ ខ្ញុំបានឈប់រៀន បន្ទាប់ពីមកលេងផ្ទះនាពេលចុងសប្ដាហ៍។ នៅពេលនោះ លោកតា របស់ខ្ញុំបាននិយាយប្រាប់ខ្ញុំថាកុំវិលទៅរៀននៅទីរួមខេត្តកំពង់ចាម ព្រោះតែស្ថានការណ៍ច្របូកច្របល់។

ជា ខេងថៃ អាយុ៧០ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ចាប់តាំងពីឆ្នាំ១៩៧៣ មក ខ្ញុំបានចូលបម្រើបដិវត្តន៍ និងត្រូវបានមិត្ត ជឿន ដែលជាមេភូមិក្នុងតំបន់រំដោះនាពេលនោះ ដាក់ចូលធ្វើការងារនៅកងពាណិជ្ជកម្មស្រុកកំពង់សៀម។ នៅក្នុងកងពាណិជ្ជកម្មស្រុក មានសមមិត្តប្រហែលជា១០នាក់ ដែលមានតួនាទីដឹកជញ្ជូនសម្ភារប្រើប្រាស់ផ្សេងៗ។ នៅឆ្នាំ១៩៧៣ ដដែល ខ្ញុំត្រូវបានផ្លាស់ទៅធ្វើការនៅមន្ទីរពាណិជ្ជកម្មតំបន់៤១ ដែលមានមិត្ត ងួន គឺជាប្រធាន។ នៅពេលនោះ ខ្ញុំទទួលបានមុខងារជាអ្នកកត់ត្រា និងធ្វើបញ្ជីទំនិញសម្ភារប្រើប្រាស់។ នៅមន្ទីរពាណិជ្ជកម្មតំបន់៤១នេះ មានសមមិត្តទាំងអស់ចំនួន១០នាក់ដែលត្រូវបានចាត់តាំងធ្វើការងារផ្សេងៗគ្នា។ សមរភូមិរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើង។ កងពាណិជ្ជកម្មតំបន់៤១បានជិះកង់ទៅដឹកឥវ៉ាន់សម្ភារប្រើប្រាស់ពីព្រំប្រទល់វៀតណាម ដើម្បីយកមកចែកចាយនៅតាមស្រុកនានាក្នុងតំបន់។

បន្ទាប់ពីទីក្រុងភ្នំពេញត្រូវបានរំដោះនៅឆ្នាំ១៩៧៥ ខ្ញុំនៅបន្តធ្វើជាអ្នកកត់បញ្ជីឃ្លាំងនៅមន្ទីរពាណិជកម្មតំបន់៤១ដដែរ ដែលស្ថិតនៅទីប្រជុំជនថ្នល់ទទឹង ស្រុកព្រៃឈរ។ ខ្ញុំមិនដែលបានមកលេងផ្ទះនោះឡើយ។ តាមអ្វីដែលខ្ញុំដឹងនោះគឺតំបន់៤១ ស្ថិតនៅភូមិភាគកណ្ដាលដែលមាន កែ ពក គឺជាលេខាភូមិភាគ មានស្រុកចំនុះចំនួន៥ រួមមាន៖ ស្រុកកំពង់សៀម (ហៅថាស្រុក៨៨), ស្រុកព្រៃឈរ (ហៅថាស្រុក៧៧), ស្រុកកងមាស (ហៅថាស្រុក១០១), ស្រុកជើងព្រៃ (ហៅថាស្រុក៤៤) និង ស្រុកបាធាយ (ហៅស្រុក៧៣)។ នៅឆ្នាំ១៩៧៦ តំបន់៤១ មានប្រធានឈ្មោះមិត្ត តាំង។ ប្រធានមន្ទីរពាណិជកម្មតំបន់គឺមិត្ត សាន ដែលបានចាត់តាំងឲ្យខ្ញុំកត់ត្រាបញ្ជីសម្ភារប្រើប្រាស់ក្នុងឃ្លាំង។

នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកដល់ និងចាប់ផ្ដើមចាប់ខ្លួនកម្មាភិបាលមូលដ្ឋាន។ នៅពេលនោះ មិត្ត តាំង ប្រធានតំបន់ និងមិត្ត សាន ត្រូវបានចាប់ខ្លួន និងសម្លាប់។ មិត្ត ស៊ុប ប្រធានមន្ទីរសន្តិសុខតំបន់ គឺជាអ្នកដើរចាប់។ ប៉ុន្តែក្រោយមក មិត្ត ស៊ុប ត្រូវបានសម្លាប់ដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីវិញម្ដង។ នៅក្នុងឆ្នាំដដែល សមមិត្ត អោ អាន ត្រូវបានផ្លាស់មកគ្រប់គ្រងតំបន់៤១។ បន្ទាប់ពីការមកដល់របស់ សមមិត្ត អោ អាន មានការចាប់ប្រធានកង និងកម្មាភិបាលមូលដ្ឋាននៅតាមស្រុកកាន់តែច្រើនឡើង។ ខ្ញុំត្រូវបានចាត់តាំងធ្វើជាប្រធានមន្ទីរពាណិជ្ជកម្ម។ ថ្នាក់លើប្រាប់ថា ខ្ញុំមិនទាន់ត្រូវបានចាប់យកទៅសម្លាប់នៅពេលនេះ ពីព្រោះតែមិនទាន់មានអ្នកជំនួសចេះធ្វើបញ្ជីនៅឃ្លាំង។ ចាប់តាំងពីពេលនោះមក ខ្ញុំបានកិនគ្រាប់ស្លែងនិងដាក់តាមខ្លួនរហូត។ នៅពេលដែលខ្ញុំត្រូវបានចាប់ខ្លួនធ្វើទារុណកម្ម ខ្ញុំនឹងសម្លាប់ខ្លួនដោយការលេបគ្រាប់ស្លែងដែលកិនរួចជាស្រេចនោះ។ ខ្ញុំខ្លាចការធ្វើទារុណកម្ម។ រាល់ពេលខ្ញុំទៅមន្ទីរតំបន់៤១ ខ្ញុំតែងតែឮសូរការសួរចម្លើយ និងសម្រែកឈឺចុកចាប់ចេញពីការធ្វើទារុណកម្ម។ ខ្ញុំមិនចង់ជួបភាពឈឺចុកចាប់បែបនេះទេ។ មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវបានចាប់ខ្លួន ដូច្នេះខ្ញុំបានត្រៀមគ្រាប់ស្លែងកិនដាក់តាមខ្លួន។

ក្នុងអំឡុងពេលធ្វើជាប្រធានមន្ទីរពាណិជ្ជកម្ម ខ្ញុំតែងតែដឹកនាំកងដឹកជញ្ជូនពាណិជ្ជកម្មទៅយកអំបិល សម្ភារប្រើប្រាស់ និងក្រណាត់ខ្មៅនៅមន្ទីរភូមិភាគកណ្ដាលនៅម្ដុំចំការលើ។ បន្ទាប់ពីដឹកអំបិល សម្ភារប្រើប្រាស់ និងក្រណាត់ចូលឃ្លាំងវិញមក មិត្ត អោ អាន លេខាតំបន់៤១ មិនអនុញ្ញាតឲ្យដឹកយកទៅចែកនៅតាមបណ្ដាស្រុកក្នុងតំបន់នោះឡើយរហូតដល់របស់ទាំងអស់នេះនៅសល់ពេញឃ្លាំង។ ខ្ញុំដឹងថា មិត្ត កែ ពក លេខាភូមិភាគ បានបញ្ជាឲ្យលេខាតំបន់៤១ គឺមិត្ត អោ អាន ធ្វើការចែកចាយសម្ភារៈប្រើប្រាស់ ជាពិសេសក្រណាត់ខ្មៅទៅកាន់ស្រុកផ្សេងៗ ប៉ុន្តែមិត្ត អាន មិនស្ដាប់និងអនុវត្តតាមនោះឡើយ។ នៅថ្ងៃមួយចុងឆ្នាំ១៩៧៧ ខ្ញុំបានឡើងទៅដឹកសម្ភារប្រើប្រាស់បន្ថែមនៅមន្ទីរភូមិភាគ និងសរសេរសំបុត្រអនាមិកមួយរាយការណ៍ដល់លេខាភូមិភាគអំពីការមិនចែកចាយសម្ភារប្រើប្រាស់ ជាពិសេសក្រណាត់ខ្មៅនៅតំបន់៤១។ ២ទៅ៣ថ្ងៃបន្ទាប់មក នីរសារភូមិភាគចំនួន២នាក់ត្រូវបានបញ្ជូនមក ដើម្បីពិនិត្យមើលឃ្លាំងនៅមន្ទីរពាណិជ្ជកម្មតំបន់៤១។ ប៉ុន្មានថ្ងៃក្រោយមក មិត្ត អាន បានឡើងទៅប្រជុំនៅមន្ទីរភូមិភាគ។ បន្ទាប់ពីការប្រជុំនៅមន្ទីរភូមិភាគ មិត្ត អាន បានបញ្ជាឲ្យកងពាណិជ្ជកម្មតំបន់ចាប់ផ្ដើមចែកចាយសម្ភារ និងក្រណាត់ខ្មៅនៅតាមស្រុក និងសហករណ៍នៅក្នុងតំបន់៤១។ ខ្ញុំមានការព្រួយបារម្ភជាខ្លាំងពីការដែលអង្គការដឹងថា ខ្ញុំគឺជាអ្នកសរសេរសំបុត្រអនាមិកជូនលេខាភូមិភាគ។ នៅឆ្នាំ១៩៧៨ ខ្ញុំបន្តធ្វើការនៅមន្ទីរពាណិជ្ជកម្មតំបន់៤១ដដែល។

នៅពេលដែលកងទ័ពវៀតណាមខិតចូលមកដល់នៅដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានជម្លៀសជាមួយអ្នកផ្សេងទៀតទៅទិសខាងលិចប្រទេស។ ដោយសារតែភ័យខ្លាចការនាំទៅសម្លាប់ ខ្ញុំ និងមិត្ត៣នាក់ទៀតបានលួចឡានជិះរត់ទៅខាងចំការលើ និងបានទុកឡានចោលក្នុងចម្ការចេក។ ខ្ញុំបានបន្តដើរមកកាន់ភូមិកំណើតវិញ និងរួចផុតពីសេចក្ដីស្លាប់ក្នុងរបបខ្មែរក្រហម។ នៅឆ្នាំ១៩៨១ ខ្ញុំចូលបង្រៀនសិស្សនៅសាលាបឋមសិក្សាកំពង់ក្របី និងចូលនិវត្តន៍អស់រយៈពេលជិត១០ឆ្នាំហើយ។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖