វេទិកាថ្នាក់រៀនចុងសប្តាហ៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ នៅខេត្តតាកែវ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានធ្វើវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រយៈពេលកន្លះថ្ងៃ ដោយមានការចូលរួមពី លោកគ្រូដឹកនាំម្នាក់ និងសិស្សានុសិស្សនៃវិទ្យាល័យអង្គរកា ចំនួន២៩នាក់ ក្នុងនោះមានសិស្សស្រីចំនួន១៥នាក់។ គោលបំណងដែលនាំឲ្យមានការធ្វើវេទិកាថ្នាក់រៀននេះឡើង គឺដើម្បីឲ្យយុវជនជំនាន់ក្រោយ យល់ដឹងកាន់តែស៊ីជម្រៅទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងបណ្តុះឲ្យយុវជនស្អប់ខ្ពើមអំពើប្រល័យពូជសាសន៍ ហើយចេះស្រឡាញ់គ្នា និងរួបរួមគ្នាដើម្បីកសាងប្រទេសជាតិ។

នៅពេលសិស្សានុសិស្សមកដល់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ លោក ផេង ពង្សរ៉ាស៊ី គឺជាគ្រូឧទេ្ទសបានទទួលស្វាគមន៍និង​ណែនាំសិស្សឲ្យពិនិត្យមើលផ្ទាំងពិព័រណ៍រូបថត ដែលតាំងបង្ហាញនៅខាងមុខការិយាល័យមជ្ឈ​ម​ណ្ឌល​ឯកសារខេត្តតាកែវម្តងមួយផ្ទាំងៗ និងអានចំណងជើងរូបថត។  បន្ទាប់មក គ្រូឧទេ្ទសពន្យល់សិស្សអំពីរូបថតនីមួយៗយ៉ាងក្បោះក្បាយ។ តមក គ្រូឧទ្ទេសបង្ហាញពិព័រណ៍រូបថតនៅខាងមុខការិយាល័យ រួចហើយនាំសិស្សា​នុសិស្សចូលក្នុងការិយាល័យជាន់ខាងក្រោម និងបានបង្ហាញរូបថតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទូររក្សាទុកឯកសារប្រវត្តិសាស្រ្តដែលតម្រៀបជាពីរជួរ។

លោក ផេង ពង្សរ៉ាស៊ី បានលើកសំណុំឯកសារបង្ហាញសិស្សានុសិស្ស និងរៀបរាប់ប្រាប់ថា ឯកសារទាំងនេះជាសំណុំឯកសារប្រវត្តិរូបអ្នកទោសដែលជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១។ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់បន្ថែមទាក់ទងនឹងប្រវត្តិរូបទាំងនោះថា នៅក្នុងរបបខ្មែរក្រហម មានប្រវត្តិរូបយ៉ាងហោចណាស់ពីរប្រភេទ គឺប្រវត្តិរូបធម្មតា និងប្រវត្តិរូបអ្នកជាប់ឃុំឃាំង។ ប្រវត្តិរូបអ្នកជាប់ឃុំឃាំង គឺត្រូវបានធ្វើឡើងនៅពេលដែលអ្នកទោសត្រូវបានបញ្ជូនមកដល់មន្ទីរសន្តិសុខស-២១។

បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី នាំសិស្សានុសិស្សទៅបណ្ណាល័យប្រវត្តិសាស្រ្តខ្មែរក្រហមនៅជាន់ទីពីរដែលជាកន្លែងស្រាវជ្រាវ និងតម្កល់សៀវភៅជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និងជាបន្ទប់វេទិកាថ្នាក់ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

មុននឹងធ្វើបទបង្ហាញ លោក ផេង ពង្សរ៉ាស៊ី បានឲ្យក្រុមការងារចែកកម្រងសំណួរវាស់ស្ទង់ចំណេះដឹងដល់សិស្សានុសិស្សម្នាក់មួយច្បាប់ដើម្បីបំពេញចម្លើយ និងដើម្បីឈ្វេងយល់ថាសិស្សានុសិស្សមានការយល់ដឹងកម្រិត​ណាទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម។ ក្រោយពេលដែលសិស្សានុសិស្សបានបំពេញកម្រងសំណួររួចហើយ លោក ផេង ពង្សរ៉ាស៊ី ធ្វើបទបង្ហាញទាក់ទងនឹងនិយមន័យ និងកត្តាដែលនាំឲ្យមានរបបប្រល័យពូជសាសន៍ដើម្បីឲ្យសិស្សយល់ឲ្យកាន់តែច្បាស់អំពីនិយមន័យប្រល័យពូជសាសន៍។

បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី សួរទៅកាន់សិស្ស «តើមានសំណួរអ្វីខ្លះដែលប្អូនៗចង់សួរទាក់ទងនឹងបទបង្ហាញនេះ?» សិស្សម្នាក់ បានសួរថា «ប្រសិនបើការសម្លាប់មនុស្ស មានចំនួនតិចតួច តើអាចចាត់ទុកថាជាអំពើប្រល័យពូជសាសន៍ដែរឬទេ?» ដំបូងលោក ផេង ពង្សរ៉ាស៊ី ឲ្យសិស្សានុសិស្សពិនិត្យមើលលើការសម្លាប់នោះ គឺជាចេតនាដែរឬទេ? ប្រសិនបើការសម្លាប់នោះគឺចេតនា ការប្រព្រឹត្តនោះនឹងអាចឈានដល់អំពើប្រល័យពូជសាសន៍។ សិស្សទាំងអស់ស្តាប់ដោយយកចិត្តទុកដាក់ និងមានការកត់ត្រា។ តមក លោក ផេង ពង្សរ៉ាស៊ី ធ្វើបទបង្ហាញពីឧក្រិដ្ឋកម្មចំនួនពីរទៀតគឺ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ព្រមទាំងបានលើកឧទាហរណ៍មួយចំនួនទាក់ទងនឹងឧក្រិដ្ឋកម្មទាំងពីរនោះ។

ជាកិច្ចបន្ទាប់ លោក ផេង ពង្សរ៉ាស៊ី ធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩) ដោយសង្ខេបដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សសួរសំណួរ។ លោក ផេង ពង្សរ៉ាស៊ី ឆ្លើយតបរាល់សំណួរទៅកាន់សិស្សម្នាក់ម្តងៗ។ បន្ទាប់មកក្រុមការងារបានចែកកម្រងសំណួរដល់សិស្សម្តងទៀត ដើម្បីវាស់ស្ទង់ចំណេះដឹងរបស់សិស្សថាមានការកើនឡើងកម្រិតណា។

នៅចុងបញ្ចប់នៃកម្មវិធី សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងវេទិ​កា​ថ្នាក់រៀននេះដូចតទៅ ១) វេទិកាថ្នាក់រៀននេះមានសារសំខាន់ណាស់សម្រាប់សិស្សវិទ្យាល័យ ដោយសារការរៀនតាមសៀវភៅ​គោលតែមួយមុខមិនគ្រប់គ្រាន់ទេសម្រាប់យើង ប៉ុន្តែវេទិកាថ្នាក់រៀននេះបានបើកឱកាសឲ្យយើងអាចដោះស្រាយចម្ងល់ទាំងឡាយ ដែលមានជាយូរមកហើយ ហើយមានគ្រូឧទ្ទេសផ្នែកប្រវត្តិសាស្រ្តបានពន្យល់យ៉ាងក្បោះក្បាយ។ ២) ស្នើសុំឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវបើកវេទិកាថ្នាក់រៀននេះម្តងទៀត ដើម្បីឲ្យសិស្សា​នុសិស្សផ្សេងអាចមកចូលរួមដូចយើងដែរ។ ៣) ស្នើ សុំសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហមខ្លះៗយកទៅដាក់នៅក្នុងបណ្ណាល័យ ដើម្បីឲ្យអ្នកដែលមិនបានមកចូលរួមវេទិកាថ្នាក់រៀននេះអាចអានបាន។ ៤) យើងពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានចូលរួមវេទិកាថ្នាក់រៀននេះ។

អត្ថបទ ៖ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖