វេទិកាពិភាក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ជាមួយអាណាព្យាបាលសិស្ស នៅសមាគមសួនច្បារកែប ខេត្តកែប

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមជាវាគ្មិននៅក្នុងកម្មវិធីជួបជុំអាណាព្យាបាលសិស្សចំនួនប្រមាណ​៥០នាក់ ក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំរបស់សមាគមសួនច្បារកែប (Kep Gardens Association) ដើម្បីផ្តល់ចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។ កម្មវិធីនេះ រៀបចំឡើងដោយប្រធានសមាគមសួនច្បារកែប គឺលោកស្រី ចានីន ជុដ (Janine Judd)។ វត្តមានរបស់អាណាព្យាបាលសិស្សភាគច្រើន គឺជាអ្នកដែលកើតក្រោយរបបខ្មែរក្រហម។

អ្នកស្រី ចានីន បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំឲ្យគាត់អញ្ជើញវាគ្មិនដោយសារមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្ដល់ព័ត៌មានថាប្រវត្តិសាស្ត្រខ្មែរក្រហម គឺផ្តើមចេញពីការជជែកគ្នានិងមិនជឿថា អដ្ឋិធាតុដែលដាក់តម្កល់នៅក្នុងចេតីយ៍មួយកន្លែង ស្ថិតនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីទីតាំងសមាគម គឺមិនមែនជាអដ្ឋិធាតុរបស់អ្នកស្លាប់ក្នុងរបបខ្មែរក្រហមឡើយ។ អ្នកស្រី ចានីន បានបន្ថែមថា មាតាបិតាក្មេងៗទាំងនោះ ហាក់ដូចជាស្ទើរស្ទាក់ថា របបខ្មែរក្រហមគឺពិតជាបានកើតមានឡើងក្នុងចន្លោះឆ្នំា១៩៧៥ដល់១៩៧៩។

នាពេលបច្ចុប្បន្ននេះ ចេតីយ៍ដែលទើបនឹងលាបពណ៌ថ្មីមួយ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ត្រឡាច ភូមិកំពង់ត្រឡាច ឃុំកែប ក្រុងកែប មានតម្កល់អដ្ឋិធាតុជាពីរជួរនៅខាងក្នុង។ ជួរខាងស្តាំដៃ គឺមានតម្កល់អដ្ឋិធាតុជាលលាដ៏ ក្បាលសាកសព និងជួរខាងឆ្វេងដៃ មានតម្កល់អដ្ឋិធាតុជាឆ្អឹងស្មងដៃនិងស្មងជើងមនុស្ស។ តាមរបាយការណ៍របស់គម្រោង «ផែនទីរណ្តៅសាកសពជំនាន់ខ្មែរក្រហម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថាចេតីយ៍នេះមានតម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហមចំនួន៧៥០នាក់។ សាកសពទាំងនោះ ត្រូវបានកប់នៅក្នុងរណ្តៅធំៗចំនួន១៣រណ្ដៅ គឺនៅក្នុងបរិវេណវត្តកំពង់ត្រឡាច​ចំនួន២រណ្តៅ និងនៅទីតាំងសម្លាប់ព្រៃត្រពាំងស្តោរ ចំនួន១១រណ្តៅ។ សាក្សីឈ្មោះ ណាត កែវ គឺជាអតីតអនុប្រធានឃុំកែបកាលឆ្នាំ១៩៩៥ បានប្រាប់ឲ្យដឹងថា ឆ្អឹងលលាដ៍ក្បាលចំនួន៥០០ និងឆ្អឹងស្មងដៃជើងជាច្រើនទៀត ត្រូវបានគាស់ចេញពីរណ្តៅចំនួន១១នៅក្នុងព្រៃត្រពាំងស្តោរ រួចជញ្ជូនមកដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តកំពង់ត្រឡាច កាលពីឆ្នាំ១៩៧៩ រួមជាមួយឆ្អឹងលលាដ៏ក្បាលចំនួន២៥០ទៀតដែលប្រជាជនបានគាស់ចេញពីរណ្តៅនៅក្នុងបរិវេណវត្តកំពង់ត្រឡាច។

អ្នកស្រី ចានីន ទោះបីជាគាត់ធ្លាប់បានមកធ្វើទស្សនកិច្ចនៅមន្ទីរសន្តិសុខស-២១ ទីតាំងវាលពិឃាតបឹងជើងឯក និងអានឯកសារជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមក៏ដោយ ក៏គាត់មិនអាចធ្វើការបកស្រាយបាន ឬនិយាយបញ្ចុះបញ្ចូលឲ្យអ្នកភូមិ ឬអាណាព្យាបាលសិស្សឲ្យជឿជាក់បានថា កន្លែងតម្កល់អដ្ឋិធាតុនេះ ពិតជាបានតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហមពិតប្រាកដបានដែរ។ អ្នកស្រី ចានីន បានមកដល់ប្រទេសកម្ពុជាដំបូងនៅឆ្នាំ២០០៦ ហើយចាប់ផ្តើមបើកសមាគមសួនច្បារកែបនៅឆ្នាំ២០០៧ ក្នុងគោលបំណងផ្តល់ការអប់រំភាសាអង់គ្លេស និងជំនាញផ្សេងៗដល់កុមារកម្ពុជាដែលរស់នៅភូមិកំពង់ត្រឡាច សង្កាត់កែប សម្រាប់ការអភិវឌ្ឍគ្រួសារ និងភូមិឃុំរបស់ខ្លួន។ មកដល់ពេលនេះ មានកុមារតូចៗចំនួនប្រមាណ៣០០នាក់ បានទទួលការបង្រៀន និងហ្វឹកហ្វឺនក្លាយទៅជាកុមារគំរូដែលអាចធានាបានថា អ្នកទាំងនោះមានជំនាញ និងចំណេះដឹងក្នុងការប្រកបរបរចិញ្ចឹមជីវិត និងគ្រួសារទៅថ្ងៃអនាគត។

សម្រាប់រយៈពេលមួយម៉ោងកន្លះនៅពេលព្រឹក និងមួយម៉ោងកន្លះទៀតនៅពេលរសៀល ផេង ពង្សរ៉ាស៊ី បានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម ព្រមទាំងបានបង្ហាញនូវរូបថតជាច្រើនសន្លឹក និងខ្សែវីដេអូឯកសារចំនួនពីរគឺ កុមារកម្ពុជា និងតំបន់រំដោះឆ្នាំ១៩៧៣។ អ្នកចូលរួមដែលអាណាព្យាបាលសិស្ស​ បានសម្លឹងមើលរូបថតដែលបានបង្ហាញនៅលើផ្ទាំងសំពត់ស និងបានស្តាប់ការបង្ហាញយ៉ាងយកចិត្តទុកដាក់ និងបានសួរសំណួរមួយចំនួនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម ការទប់ស្កាត់របបខ្មែរក្រហម និងតួនាទីរបស់ប្រជាជនម្នាក់ៗក្នុងការចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍។​

អ៊ំស្រីមិនស្គាល់ឈ្មោះម្នាក់ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម បានចូលរួមចែករំលែកបទពិសោធន៍របស់គាត់ឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅអ្នកចូលរួមឯទៀតថា គាត់បានបាត់បង់ឪពុកម្តាយ និងបងប្អូនប្រុសស្រីបង្កើតចំនួន៤នាក់ក្នុងរបបខ្មែរក្រហម។ គាត់គឺជាអ្នករស់នៅស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧៨ គាត់និងក្រុមគ្រួសារ ត្រូវខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើតឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងឆ្ពោះមកខេត្តពោធិ៍សាត់។ ឪពុកគាត់ត្រូវកម្មាភិបាលខ្មែរក្រហមចាប់ចងស្លាបសេក រួចដឹកតាមរទះគោយកចេញទៅបាត់ ក្នុងពេលធ្វើដំណើរចាកចេញពីខេត្តកំពង់ចាម។ ម្តាយ និងបងៗបីនាក់ទៀតរបស់គាត់ ក៏ត្រូវខ្មែរក្រហមចាប់ជាបន្តបន្ទាប់ដែរ ហើយពួកគាត់ក៏បានបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្នគាត់រស់នៅខេត្តកែប និងមិនបានវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់ទេ។ គាត់បានស្នើសុំមើលវីដេអូឯកសារមួយចំនួនដូចជា ព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក ព្រឹត្តិការណ៍​ថ្ងៃ​វិលត្រឡប់មកកាន់ស្រុកកំណើតវិញនៅឆ្នាំ១៩៧៩ និងព្រឹត្តិការណ៍រែកដីប្រណាំងគ្នាក្នុងរបបខ្មែរក្រហម។

ចំណែកអាណាព្យាបាលសិស្សម្នាក់ទៀតដែលមានអាយុជាង៣០ឆ្នាំ បាននិយាយទាំងទឹកមុខស្រពាប់ស្រពោន និងខ្សឹកខ្សួល ពីការបាត់បង់ជីដូនជីតា និងសាច់ញាតិរបស់ម្តាយក្នុងរបបខ្មែរក្រហម ដោយសារតែអ្នកទាំងនោះជាប់ពាក់ព័ន្ធនឹងនិន្នាការនយោបាយក្នុងរបប លន់ នល់។ គាត់និយាយដូច្នេះថា «ខ្ញុំសួរម្តាយខ្ញុំថា ហេតុអ្វីបានជាខ្ញុំមិនដែលឃើញមុខឪពុកម្តាយនិងបងប្អូនរបស់ម៉ែ? ម្តាយខ្ញុំប្រាប់ថា​ គាត់រួចជីវិតពី​របបខ្មែរក្រហមតែម្នាក់ឯងទេ។ ចំណែកជីដូនជីតា និងអ៊ំៗពូៗមីងៗរបស់ខ្ញុំ ត្រូវខ្មែរក្រហមសម្លាប់អស់ហើយ។ ខ្ញុំឆ្ងល់ ក៏សួរគាត់បន្តថា ហេតុអ្វីក៏ពួកគាត់ត្រូវបានគេសម្លាប់យ៉ាងនេះ? ម្តាយខ្ញុំប្រាប់ថា ដោយសារជីតាខ្ញុំពាក់ស័ក្តិ៣ជំនាន់ លន់ នល់ ហើយបងប្អូនឯទៀតមិនជាប់ពាក់ព័ន្ធទេ ប៉ុន្តែខ្មែរក្រហមមកចាប់យកទៅទាំងអស់។ ខ្ញុំសួរគាត់ទៀតថា ហេតុអ្វីបានជាម៉ែនៅរស់តែឯង? គាត់ប្រាប់ខ្ញុំថា ពេលដែលខ្មែរក្រហមមកចាប់យើងចេញពីផ្ទះ ម៉ែមិននៅក្នុងផ្ទះទេ ហើយអ្នកភូមិក៏បានឃាត់ម៉ែមិនឲ្យទៅផ្ទះដែរ។ ម៉ែនៅពួននឹងផ្ទះអ្នកភូមិរហូតដល់ខ្មែរក្រហមចាប់ពុកម៉ែ និងបងប្អូនទៅអស់»។

អាណាព្យាបាលសិស្សវ័យប្រហែល៥០ឆ្នាំម្នាក់ទៀត បានងើបឈរពីកៅអីខាងក្រោយបង្អស់ រួចសួរពីទំនាក់ទំនងគ្នារវាងការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ថា «តើការសិក្សាពីប្រវត្តិសាស្ត្រនេះ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?» សំណួរនេះ បានធ្វើឲ្យអ្នកចូលរួមជាអាណាព្យាបាលសិស្សទាំងអស់​ បានស្វែងយល់កាន់តែច្បាស់ថា ការចងចាំប្រវត្តិ​សាស្ត្រខ្មែរក្រហម គឺជាដំណាក់កាលដំបូងនៃយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍ មុនពេលដែលវិធីសាស្ត្រនានាស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ត្រូវបានដាក់ចេញឲ្យអនុវត្ត ព្រោះថាក្មេងៗឬសិស្សានុ​សិស្ស​ទាំងឡាយរំឭកពីការចងចាំរបស់ខ្លួន នៅពេលដែលអំពើមួយដែលប្រុងនឹងកើតឡើង ហើយដែលអំពើនោះអាចនឹងឈានដល់ការប្រព្រឹត្តអំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត។ ដូច្នេះ ក្មេងៗ​ឬសិស្សានុសិស្សអាចនឹងជ្រើសរើសយកវិធីសាស្ត្រដ៏មានសារសំខាន់មួយចំនួនដើម្បីបង្ការការកើតមានអំពើហិង្សាមកអនុវត្ត និងបង្រៀនអ្នកដទៃកុំឲ្យប្រព្រឹត្តអំពើហិង្សាតទៅទៀត។

ចុងបញ្ចប់នៃការធ្វើបទបង្ហាញរបស់វាគ្មិន ផេង ពង្សរ៉ាស៊ី បានសួរសំណួរចំនួនបីគឺ៖ ទី១) តើអាណាព្យាបាលរបស់សិស្សទាំងអស់ ជឿជាក់ថារូបថត និងវីដេអូដែលបានចាក់បង្ហាញ គឺជាឯកសារពិតប្រាកដ ឬឯកសារប្រឌិត? ទី២) តើអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ ជឿថាមានរបបខ្មែរក្រហមកើតឡើងមែន ឬមិនមែន? និងទី៣) តើអ្នកទាំងអស់គ្នាចង់ឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញដែរឬទេ? សម្រាប់សំណួរទី១ និងទី២ អ្នកចូលរួមទាំងអស់បានឆ្លើយព្រមគ្នាថា «ជឿ»។ សម្រាប់សំណួរទី៣ អ្នកចូលរួមទាំងអស់បានឆ្លើយថា «មិនចង់ឲ្យ (របបនេះ) វិលត្រឡប់មកវិញទេ»។

អត្ថបទ ៖  ផេង ពង្សរ៉ាស៊ី  នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖