ឈុន ញាណ ភេទស្រី អាយុ៧៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបរាប់រឿងរ៉ាវជីវិតក្នុរបបខ្មែរក្រហមថា ខ្ញុំឈ្មោះ ឈុន ញាណ កើតនៅឆ្នាំ១៩៤៩ ក្នុងភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានប្តីឈ្មោះ ជឹម ជឿន និងមានកូនចំនួន៧នាក់ គឺស្រី៤នាក់ និងប្រុស៣នាក់។ សព្វថ្ងៃនេះ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំមានឪពុកឈ្មោះ ឈុន ជា និងម្ដាយឈ្មោះ សៀង ផាប។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។
កាលនៅវ័យកុមារ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាមហាលាភ រហូតថ្នាក់ទី៧ចាស់។ ដោយសារតែជីវភាពគ្រួសារលំបាកពេក ខ្ញុំសុំឪពុកម្ដាយឈប់រៀនដើម្បីមកជួយធ្វើការងារផ្ទះ និងស្រែចម្ការវិញ។ នៅឆ្នាំ១៩៦៨ ខ្ញុំបានរៀបការ និងផ្លាស់ទៅរស់នៅជាមួយឪពុកម្ដាយក្មេក។ ខ្ញុំ និងប្ដីប្រកបរបរធ្វើស្រែចម្ការ។ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក៏មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ និងមានបាតុកម្មនៅតាមផ្លូវដើម្បីប្រឆាំងនឹង លន់ នល់។ នៅពេលនោះ ប្ដីរបស់ខ្ញុំបានចូលរួមបាតុកម្មជាមួយអ្នកភូមិផ្សេងទៀត និងបានដង្ហែរក្បួនទៅដល់ទីរួមខេត្តកំពង់ចាម។ នៅពេលល្ងាច ប្ដីរបស់ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ និងបានប្រាប់ខ្ញុំថា ទាហាន លន់ នល់ បានបាញ់បង្រ្កាបបាតុករ។ ចំណែកប្អូនប្រុសរបស់លោក លន់ នល់ គឺឈ្មោះ លន់ និល និងប្រពន្ធ ដែលធ្វើការនៅចម្ការកៅស៊ូខាងជប់ ត្រូវបានបាតុករសម្លាប់ដោយអារក និងវះពោះនៅម្ដុំថ្នល់ទទឹង។
នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហម បានចូលមកដល់ក្នុងភូមិមហាលាភ និងបានស្នាក់នៅក្រោមផ្ទះប្រជាជន។ កងទ័ពរំដោះខ្មែរក្រហមស្លៀកខោខ្មៅអាវខ្មៅ និងចេញចូលភូមិជាប្រចាំ។ ខ្ញុំដឹងថា កងទ័ពរំដោះខ្មែរក្រហម ត្រូវបានបញ្ជូនទៅត្រៀមឈរជើងនៅម្ដុំកោះចិតន និងកំពង់រាប ដើម្បីស្ទាក់បាញ់ម៉ារីនរបស់ទាហាន លន់ នល់ ដែលដឹកស្បៀង និងអាវុធយុទ្ធភ័ណ្ឌពីទីក្រុងភ្នំពេញទៅទីរួមខេត្តកំពង់ចាម។ ចន្លោះពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៣ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម បានផ្ទុះឡើងកាន់តែខ្លាំង។ នៅពេលនោះមានការទម្លាក់គ្រាប់បែកជាច្រើននៅលើភូមិសាស្រ្តឃុំមហាលាភ។ ខ្ញុំនៅចាំថា នៅមុនពេលទម្លាក់គ្រាប់បែកម្តងៗ មានយន្តហោះ (ប្រជាជនទូទៅហៅថាអាចានស្រាក់) ហោះមកឆ្វែលចុះឆ្វែលឡើងដើម្បីស៊ើបយកការណ៍អំពីទីតាំងរបស់ខ្មែរក្រហម។ បន្តិចក្រោយមក យន្តហោះស្លាបកាត់បានហោះមកទម្លាក់គ្រាប់បែក ដែលបណ្ដាលឲ្យប្រជាជនក្នុងភូមិស្លាប់ និងរងរបួសជាច្រើន ចំណែកផ្ទះសម្បែងត្រូវខ្ទេចខ្ទី។
នៅឆ្នាំ១៩៧៤ ខ្ញុំកើតបានកូនប្រុសម្នាក់។ បន្ទាប់ពីកើតកូនរួច ខ្ញុំបានស្នាក់នៅផ្ទះរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៧៥ ទើបខ្មែរក្រហមចាត់តាំងខ្ញុំឲ្យទៅរែកដីនៅតាមការដ្ឋានក្នុងភូមិ។ អ្នកភូមិខ្លះដកស្ទូង អ្នកខ្លះរែកដី និងខ្លះទៀតជីកប្រឡាយ ប៉ុន្តែខ្មែរក្រហមមិនទាន់ចាត់តាំងឲ្យប្រជាជនទៅធ្វើការនៅកងចល័តឆ្ងាយពីភូមិឡើយ។ នៅចុងឆ្នាំ១៩៧៦ ខ្ញុំឃើញមានអ្នកភូមិជាច្រើនគ្រួសារត្រូវបានចល័តទៅធ្វើការងារនៅតាមការដ្ឋាន ក្នុងខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧៧ កម្មាភិបាល និងយោធាខ្មែរក្រហមនៅភូមភាគនិរតីបានចូលមកភូមិមហាលាភ។ នៅពេលនោះ គ្រួសារអ្នកភូមិជាច្រើន រួមទាំងគ្រួសារខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តកំពង់ធំ។ គ្រួសារខ្ញុំ បានដើរពីភូមិមហាលាភទៅដេកនៅទន្លេបិទមួយយប់។ នៅពេលព្រឹក គ្រួសារខ្ញុំឆ្លងស្រឡាងទៅជ្រោយថ្មី និងជិះគោយន្តបន្តទៅវត្តតាំងក្រសាំង។ នៅថ្ងៃបន្ទាប់ ខ្ញុំនិងគ្រួសារបានបន្តដំណើរដោយថ្មើរជើងទៅភូមិសំបូរ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងបានធ្វើការនៅការដ្ឋាននោះរយៈពេល២៧ថ្ងៃ។
នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានរំសាយប្រជាជនពីការដ្ឋានការងារ និងបានរត់ភៀសខ្លួនចូលព្រៃ ព្រោះកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក។ ខ្ញុំ និងគ្រួសារមិនបានរត់ទៅតាមខ្មែរក្រហមឡើយ។ ខ្ញុំសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំនិងគ្រួសារបានរួចផុតពីសេចក្ដីស្លាប់ ចំណែកគ្រួសារជាច្រើនទៀតនៅក្នុងភូមិបានបាត់សមាជិកគ្រួសាររហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា