៧ មករា

ខណៈប្រជាជនកម្ពុជា​ប្រារព្ធ​ការរំឭកអំពីថ្ងៃ ៧ មករា ទិវា​ជ័យជម្នះ​លើរបប​ប្រល័យពូជសាសន៍ខ្មែរក្រហម ​យើងចាំបាច់​​ត្រូវ​ឆ្លុះបញ្ចាំង​អំពីសំណួរ​មួយចំនួន ដែល​ត្រូវជជែក​វែកញែក​រហូតមកទល់ពេល​សព្វថ្ងៃ ពាក់ព័ន្ធទៅនឹង​ប្រធានបទនេះ។

ទោះបីជារបប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ​បាន​ដួល​រលំទៅ​អស់រយៈកាលប្រមាណជិត​កន្លះ​សតវត្សរ៍ទៅហើយក្តី គ្មាន​សំណួរណាមួយ​ដែល​បាន​ផ្តោតទៅលើ​ផលប៉ះពាល់​បង្កឡើង​ដោយរបប​នេះ ​នៅក្នុង​ប្រទេសកម្ពុជាទេ។ គ្មាន​ក្រុមគ្រួសារ, សហគមន៍ ឬស្ថាប័ន​កម្ពុជា​ណាមួយ​ ដែល​មិនទទួល​រងផល​ប៉ះពាល់ពី​​របបនេះ ហើយបច្ចុប្បន្ន ​ផលពិបាក​បង្កឡើង​ដោយ​របបខ្មែរក្រហម អាច​ត្រូវបានកត់សម្គាល់​យ៉ាង​ងាយ​នៅក្នុង​វប្បធម៌​និង​នៅតាម​ស្ថាប័ន​នានា។ ប្រសិន​បើ​ផ្អែក​ទៅលើ​គោលគំនិត​ជាសកល​ណាមួយ ប្រាកដណាស់ នេះគឺជា​ផលប៉ះពាល់​នៃ​ឧក្រិដ្ឋ​កម្ម​ឃោឃៅ ដែល​មិន​បាន​សាបរលាប ឬ​លុបចេញក្នុងរយៈកាលជាក់លាក់​ណាមួយ។​

មាន​មតិ​យល់​ឃើញនានា​ ទាក់ទងទៅនឹង​ថ្ងៃ ​៧ មករា ដែលជំរុញឲ្យមាន​ការឆ្លុះបញ្ចាំងផ្សេងៗ ដូចជា ហេតុអ្វីបានជា​របប​ខ្មែរក្រហម​ដួល​រលំ​នៅថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩ តែមិនមែននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៨, ឆ្នាំ​១៩៧៧ ឬឆ្នាំ​១៩៧៦? ហេតុអ្វី​បានជា​របប​ខ្មែរក្រហម​អាចឡើង​កាន់​អំណាច​លើប្រទេសកម្ពុជា? ហេតុអ្វី​បាន​ជា​កងកម្លាំង​ខ្មែរក្រហម​នៅតែ​រឹង​ត្អឹង ​ក្នុងការ​ប្រឆាំង​ជាមួយ​នឹង​រដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​​អស់រយៈកាល​ជាង​មួយ​ទសវត្សរ៍​បន្ទាប់ពី​របបនេះ​ដួល​រលំទៅ? សំណួរ​ទាំងអស់នេះ តែងតែត្រូវបាន​ចោទសួរ ទោះបីមិនមែន​ជាសាធារណៈ ក៏​ធ្វើឡើង​ដោយស្ងៀមស្ងាត់ នៅក្នុង​វេទិកាអប់រំ​សាធារណៈនានា​ ដែលរៀបចំឡើង​ដោយ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា។ ទោះបីជាយ៉ាងណាក្តី គ្មានចម្លើយណាមួយ​ ដែលអាច​ឆ្លើយតប​ឲ្យ​បាន​សមស្រប​ចំពោះសំណួរទាំងនេះឡើយ។

មនុស្សជាតិ​តែង​តែ​ត្រូវ​បែក​បាក់​នៅពេល​មានវត្តមានអំពើ​ហិង្សា, ឧក្រិដ្ឋកម្ម​ឃោរឃៅ និង​អំពើប្រល័យពូជសាសន៍ ដែលទាមទារ​ឲ្យមាន​ការឆ្លើយតប​ប្រកបដោយ​ការ​ប្តេជ្ញា។ ជាក់​ស្តែង មកទល់ពេល​បច្ចុប្បន្ន ឧក្រិដ្ឋកម្ម​ឃោរឃៅនៅតែត្រូវ​បាន​បន្ត​ប្រព្រឹត្តឡើងនៅតាម​បណ្តាប្រទេស​ជាច្រើន ហើយ​​​ជម្លោះ​នៅតែបន្តកើតមាននៅ​ទូទាំង​សកលលោក។ សំណួរ​ដ៏​ត្រឹមត្រូវ​បំផុត​ដែល​យើង​ត្រូវចោទសួរ គឺមិនមែន​ថា «តើយើងគួរ​ធ្វើសកម្មភាពឬអត់» ​និង ​«នៅពេល​ណានោះទេ» ក៏ប៉ុន្តែយើង​គួរ​តែចោទសួរថា «ហេតុអ្វី​បានជា​យើងមិន​ប្រតិកម្ម​» និង«​គួរប្រតិកម្ម​យ៉ាង​ដូច​ម្តេច?»

ឆ្លើយតបចំពោះ​សំណួរ​ថា ​«ហេតុអ្វី​បានជា​យើង​មិនប្រតិកម្ម​» ​មូលហេតុជាច្រើនត្រូវបាន​លើកឡើង​ ដែលរួមមាន​ ចាប់​ពីចំណាយផ្នែកសេដ្ឋកិច្ច រហូត​ដល់​ការ​គិតគូរពិចារណាអំពី​មូលន័យផ្នែក​នយោបាយ, ផ្នែកច្បាប់ និង​ផ្នែក​យោធា ​ពាក់ព័ន្ធទៅនឹង​​ការចូលរួម​ណាមួយ ដែលអាច​រុញ​ច្រាន​ឲ្យ​បុគ្គល​ដែល​មាន​សន្តានចិត្តល្អ ត្រូវ​ប្រឈមជាមួយនឹង​ហានិភ័យ និង​ការវាយ​ប្រហារពី​គោលគំនិត​អន្តរជាតិ​ស្តីពី​ដែន​អធិបតេយ្យភាព និង​សណ្ដាប់​ធ្នាប់​ជាដើម។ មូល​ហេតុទាំងនេះគឺសុទ្ធតែសមហេតុសមផល ក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់​នៅឡើយ។ មូលហេតុទាំងនេះ មិនគ្រប់​គ្រាន់​សម្រាប់​ប្រពន្ធ​ម្នាក់ ដែល​ប្តីរបស់​ខ្លួន​ត្រូវ​បាន​ឃាត់ខ្លួន​ និង​ទទួលរង​ទារុណកម្មទេ។ មូលហេតុទាំងនេះ មិន​គ្រប់​គ្រាន់សម្រាប់​ឪពុកម្នាក់ ដែល​មើលឃើញ​កូន​របស់​ខ្លួន​ត្រូវដាច់ពោះស្លាប់។ មូលហេតុទាំងនេះ ថែមទាំងមិនគ្រប់​គ្រាន់ចំពោះម្តាយម្នាក់ ដែល​កូនរបស់​ខ្លួន​ត្រូវ​បានសម្លាប់។ ហើយមូលហេតុ​ទាំងនេះ គឺមិនគ្រប់​គ្រាន់​សម្រាប់​
កូនៗ ដែលបន្ត​សួរនាំរហូតមកទល់បច្ចុប្បន្ន ​ថាតើហេតុអ្វី​ឪពុកម្តាយ និងជីដូន​ជីតា​របស់​ខ្លួន​ ត្រូវ​ស្លាប់ដោយ​គ្មានមូលហេតុ។

ខណៈយើងឆ្លុះ​បញ្ចាំងអំពី​ថ្ងៃ ៧ មករា យើងគួរ​ធ្វើការ​ឆ្លុះ​បញ្ចាំង​មិនមែន​ត្រឹម​តែទៅលើ​សំណួរ​នានា ដែល​ផ្តើមចេញពី «មាន​រឿង​អ្វី​កើតឡើង» «ដោយ​សារអ្វី» និង«អាច​ទៅជាយ៉ាង​ម៉េចវិញ» ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​ថែមទាំង​ត្រូវ​ចោទសួរថា «ហេតុអ្វី​បានជា​យើងមិន​ប្រតិកម្ម​» និង​«គួរប្រតិកម្ម​យ៉ាង​ដូច​ម្តេច»។ កម្ពុជា អាច​ដឹកនាំពិភពលោក​ក្នុង​ការ​ជជែកវែកញែកទៅលើ​​ប្រធាន​បទនេះ មិនមែន​ត្រឹមតែក្នុង​នាមជា​ជនរងគ្រោះ និងអ្នក​រស់រាន​មានជីវិត​ពីឧក្រិដ្ឋកម្ម​ឃោរឃៅតែ​​ប៉ុណ្ណោះទេ ប៉ុន្តែ​ក្នុង​នាមជា​អ្នក​ឈ្នះ។

អត្ថបទ ៖  ឆាំង យុ នាយក​នៃ​មជ្ឈមណ្ឌលឯកសារកម្ពុជា និង​ជា​អ្នករស់​រាន​មាន​ជីវិត​ពីវាលពិឃាដ​នៃរបប​ប្រល័យពូជសាសន៍​ខ្មែក្រហម។

រូបថត ៖ ដេវីត ហក/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖