មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងចែករទេះជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅឃុំព្រៃកណ្ដៀង និងស្តាប់ការរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បាននាំយករទេះរុញចំនួន៦គ្រឿង ទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៦នាក់ រស់នៅឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ការប្រគល់រទេះរុញនេះធ្វើឡើងនៅសាលាឃុំព្រៃកណ្តៀង។

លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានប្រាប់អំពីគោលបំណងនៃការផ្តល់រទេះរុញជូនអ្នកដែលមានពិការភាព ជាពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលត្រូវបានអ្នកស្ម័គ្រចិត្តកម្ពុជាសម្ភាសន៍កន្លងមក។ លោក ផេង ពង្សរ៉ាស៊ី បន្តថា ការចែកជូនរទេះរុញនេះគឺដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព ដូចជាការធ្វើដំណើរទៅណាមកណាដោយខ្លួនឯង និងអាចជួយសម្រាលបន្ទុកក្នុងគ្រួសារ។

បន្ទាប់មក លោកមេឃុំព្រៃកណ្តៀងឈ្មោះ ឈិន សាខន បានថ្លែងថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានគិតគូរ និងយកចិត្តទុកដាក់ផ្តល់រទេះរុញចំនួន៦គ្រឿងជូនដល់ប្រជាពលរដ្ឋដែលមានពិការភាពរស់នៅក្នុងឃុំព្រៃកណ្តៀងនេះ»។ លោកមេឃុំ ឈិន សាខន បានបន្តថា «នៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់ប្រជាពលរដ្ឋដែលមានពិការភាពរស់នៅក្នុងឃុំព្រៃកណ្តៀងនេះ។ ខ្ញុំសូមស្នើមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងផ្តល់រទេះរុញថែមទៀត ដល់ប្រជាពលរដ្ឋដែលមានពិ​ការ​ភាពនៅក្នុងឃុំព្រៃកណ្តៀង»។ ចុងបញ្ចប់ លោកមេឃុំ ឈិន សាខន បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងជូនពរដល់ក្រុមការងារទាំងអស់ដែលបាននាំយករទេះរុញមកចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំង៦នាក់។

ក្រោយចប់កម្មវិធី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលទទួលបានរទេះរុញ បានបង្ហាញពីចំណាប់អារម្មណ៍ និងចែករំលែករឿងរ៉ាវដែលបានឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម៖

ប្រាជ្ញ យ៉ន៖ បងប្រុសខ្ញុំគឺជាប្រធានសហករណ៍ឃុំ ត្រូវបានយកទៅសម្លាប់

ខ្ញុំឈ្មោះ ប្រាជ្ញ យ៉ន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខ្ញុំមានជំងឺគ្រុនស្វិតដៃជើង តាំងពីខ្ញុំមានអាយុ៨ខែ។ រហូតមកដល់សព្វថ្ងៃនេះជើងខាងស្តាំរបស់ខ្ញុំស្វិតម្ខាង និងមិនអាចកម្រើកបានទេចាប់ពីចង្កេះរហូតមកដល់ចុងជើង។ ខ្ញុំមានការលំបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែនៅពេលនេះខ្ញុំទទួលបានរទេះរុញដើម្បីជិះនៅជិតៗផ្ទះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់កូនចៅ។ រទេះរុញនេះពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ និងកូនរបស់ខ្ញុំ។ កូនប្រុសខ្ញុំឈ្មោះ ផាត មានអាយុ៤៦ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារដេញគោឆ្លងថ្នល់ ហើយត្រូវរថយន្តបុកបណ្តាលឱ្យបាក់ឆ្អឹងចង្កេះ ហើយពិការជើងទាំងសងខាងកម្រើកមិនបានអស់រយៈពេល៦ឆ្នាំមកហើយ។  ខ្ញុំមានឪពុកឈ្មោះ ញឹក ប្រាជ្ញ និងម្តាយឈ្មោះ ជា អៀត។ សព្វថ្ងៃឪពុកម្តាយខ្ញុំស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ គឺស្រី២នាក់ និងប្រុស៥នាក់។ នៅក្នុងរបបខ្មែរក្រហម បងប្រុសរបស់ខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ចំណែកប្អូនស្រីរបស់ខ្ញុំម្នាក់ទៀតស្លាប់ដោយសារជំងឺ។

ខ្ញុំរៀនសូត្រត្រឹមថ្នាក់ទី១០ដែលជាកម្រិតអទិកដ្ឋាន។ នៅឆ្នាំ១៩៦៧ ខ្ញុំបួសជាព្រះសង្ឃនៅវត្តព្រៃកណ្តៀងដើម្បីរៀនសូត្របន្ត។ ខ្ញុំបួសរៀនរយៈពេល៩វស្សាក៏ត្រូវខ្មែរក្រហមបង្ខំឱ្យសឹក។ នៅអំឡុងពេល ទម្លាក់គ្រាប់បែកប្រជាជនស្ទើរតែទាំងអស់បានចាកចេញពីភូមិព្រៃកណ្តៀង។ ខ្ញុំនិងព្រះសង្ឃផ្សេងទៀតបានភៀសខ្លួនទៅគង់នៅវត្តទឹកថ្លាហើយត្រូវបានផ្សឹកនៅទីនោះតែម្តង គឺប្រហែលជាកន្លះខែក្រោយពេលទីក្រុងភ្នំពេញត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ កាលនោះខ្ញុំមិនចង់សឹកឡើយព្រោះកាលណាខ្ញុំសឹកខ្ញុំលែងបានរៀនសូត្របន្តទៀតហើយ។ ទោះបីជាខ្ញុំស្តាយយ៉ាងណាក៏មិនអាចបដិសេធបានដែរ ព្រោះទូទាំងប្រទេសព្រះសង្ឃត្រូវបានផ្សឹកអស់ហើយ។ បងរបស់ខ្ញុំឈ្មោះ ប្រាជ្ញ អ៊ួន គឺជាប្រធានសហករណ៍ឃុំព្រៃកណ្តៀង នៅពេលនោះបានកាត់ខោអាវពណ៌ខ្មៅឱ្យខ្ញុំ និងឱ្យខ្ញុំវិលត្រឡប់មកភូមិព្រៃកណ្តៀងវិញ។ បន្ទាប់មកបង អ៊ួន ក៏បានចាត់តាំងខ្ញុំឱ្យធ្វើការនៅក្នុងមន្ទីរវប្បធម៌ដែលមានការបង្រៀនសិស្សនិងមើលការខុសត្រូវគ្រូបង្រៀនចំនួន៥នាក់ទៀត។ ខ្ញុំបានធ្វើការនៅមន្ទីរវប្បធម៌តាំងពីរបបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស រហូតដល់របបខ្មែរក្រហមដួលរលំ។ ខ្ញុំចាប់ផ្តើមចូលធ្វើការងារនៅឆ្នាំ១៩៧៥ ដោយរៀងរាល់ថ្ងៃ ខ្ញុំក្រោកម៉ោង៤ទៀបភ្លឺដើម្បីដឹកនាំកុមារទូលជីដាក់ស្រែ។ បន្ទាប់មក ខ្ញុំបង្រៀនសិស្សយៈពេល១ម៉ោងកន្លះទៅ២ម៉ោង ទើបដឹកនាំសិស្សទៅជម្រះស្មៅ, ទៅដាំពោត, លាយដីដំបូកធ្វើជី, លើកប្រព័ន្ធភ្លឺស្រែ និងទៅកាប់ដើមទន្រ្ទានខែត្រនៅឃុំព្រៃកណ្តៀង។

នៅឆ្នាំ១៩៧៦ សិស្សគ្រប់ថ្នាក់ដែលមានចំនួនប្រមាណ២០០នាក់តម្រូវឱ្យកាប់ព្រៃ និងតម្រង់ប្រព័ន្ធផ្លូវនៅក្នុងភូមិ។ មូលហេតុដែលប្រមូលសិស្សមកកាប់ព្រៃដូច្នេះដោយសារតែនៅក្នុងភូមិព្រៃកណ្តៀងពីមុនគឺសម្បូរទៅដោយព្រៃ និងដើមឈើដុះជាច្រើន។

នៅឆ្នាំ១៩៧៧ ខ្ញុំបានដឹកនាំកុមារ ទៅជាន់រហាត់ទឹកស្រែប្រាំង នៅខាងលិចភូមិព្រៃកណ្តៀង។ រហាត់មួយគឺមានកុមារជាន់ចំនួន២នាក់ ប៉ុន្តែការជាន់រហាត់ទឹកនេះគឺនឿយហត់ជាងការកាប់ព្រៃធ្វើផ្លូវទៅទៀតព្រោះកុមារត្រូវជាន់ទឹកទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណានៅក្នុងស្រែ១ហិកតា មានទឹកគ្រប់គ្រាន់។ កាលណាមានអ្នកចុះមកត្រួតពិនិត្យហើយឃើញស្រែមានទឹកគ្រប់គ្រាន់ នោះយើងនឹងមិនត្រូវបានទិតៀនទេ។ ចំណែកអាហារហូបចុកប្រចាំថ្ងៃ ពេលខ្លះបានហូបបបរ និងពេលខ្លះទៀតបានហូបបាយ។ នៅរដូវប្រាំង ឆ្នាំ១៩៧៧ អ្នកដែលធ្វើការនៅសាលាស្រុក សាលាសង្កាត់ ឬមានតួនាទីនៅផ្នែកវប្បធម៌ និងកសិកម្មត្រូវបានកោះហៅឱ្យទៅរៀនសូត្រនៅស្រុកបាភ្នំ។ កាលនោះឃុំព្រៃកណ្តៀងបានបញ្ជូនខ្ញុំនិងសមាជិកចំនួន២នាក់ទៀតឱ្យទៅរៀនសូត្រ។ ពេលនោះខ្ញុំបានជួបជាមួយ សោ ភឹម លេខាភូមិភាគបូព៌ាជាលើកដំបូង។ សោ ភឹម​ ជិះឡានស៊ីប អាឌើ។ សោ ភឹម មកចូលរួមលើកនេះក្នុងនាមជាគ្រូឧទ្ទេសបង្រៀនដល់កម្មាភិបាលដែលបានចូលរួមអំពីនយោបាយ និងត្រូវលើកស្ទួយវិស័យកសិកម្ម និងសហករណ៍ឱ្យបានថ្កុំថ្កើងរុងរឿង។ ការរៀននេះគឺរៀនក្នុងរយៈពេល១សប្តាហ៍។ រៀងរាល់ថ្ងៃ បន្ទាប់ពីរៀនរួច សហករណ៍បាននាំយើងជិះឡានដើរមើលស្រុកភូមិ ដំណាំស្រែចម្ការ ប្រព័ន្ធប្រឡាយដើម្បីឱ្យយើងយកមកអនុវត្តនៅក្នុងស្រុកភូមិរបស់ខ្លួនវិញ។ ទោះបីយ៉ាងណា ខ្ញុំនៅមានអារម្មណ៍ភ័យខ្លួនជារៀងរាល់ថ្ងៃ។ នៅពេលយប់ខ្ញុំតែងលួចជជែកគ្នាស្ងាត់ៗអំពីអ្នកដែលខ្ញុំធ្លាប់ស្គាល់ពីមុនមក ហើយត្រូវបានអង្គការចាប់យកទៅសម្លាប់ម្តងម្នាក់ៗ។ ខ្ញុំគិតក្នុងចិត្ត និងបានជជែកគ្នាថាមិនដឹងខ្មែរក្រហមយកយើងទៅសម្លាប់នៅយប់នេះ ឬយប់ណានោះទេព្រោះឱ្យតែពាក្យថារៀនសូត្រគឺរស់ពុំបានយូរឡើយ។ សំណាងល្អ យើងទាំងអស់គ្នាបានវិលត្រឡប់មកមូលដ្ឋានរបស់ខ្លួនវិញ។ រយៈពេលប្រមាណជា៥ខែក្រោយ សោ ភឹម លេខាភូមិភាគបូព៌ាត្រូវបានខ្មែរក្រហមចោទថាក្បត់។ អ្នកដែលធ្លាប់បានទៅរៀនជាមួយខ្ញុំមួយចំនួនត្រូវបានខ្មែរក្រហមយកទៅសម្លាប់ទាំងអស់ នៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ។ បងប្រុសរបស់ខ្ញុំដែលជាប្រធានសហករណ៍ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់។ កាលនោះខ្ញុំភ័យខ្លាំងណាស់ ព្រោះខ្លាចប្រធានសហករណ៍ថ្មីរាយការណ៍ឈ្មោះខ្ញុំឡើងទៅកាន់ថ្នាក់លើដូចអ្នកឯទៀតដែរ ប៉ុន្តែជាសំណាងល្អប្រធានសហករណ៍ថ្មីមិនបានផ្តល់ឈ្មោះខ្ញុំទៅថ្នាក់លើឡើយ។ បន្ទាប់ពីកងទ័ពមកពីភូមិភាគនិរតីចូលមកគ្រប់គ្រងនៅខាងភូមិភាគបូព៌ា ការសិក្សារបស់សិស្សក៏មិនបានជាប់លាប់ដែរ រហូតដល់របបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ក្រោយមក អ្នកភូមិបានមកហៅខ្ញុំឱ្យចូលធ្វើជាគ្រូបង្រៀន ប៉ុន្តែខ្ញុំខ្លាចដូចនៅក្នុងសម័យខ្មែរក្រហម ដោយខ្មែរក្រហមប្រើឱ្យធ្វើការងារច្រើន ហើយរៀបចំផែនការយកទៅសម្លាប់ទៀត។ ខ្ញុំមានសៀវភៅឯកសារនៅក្នុងរបបខ្មែរក្រហមច្រើនណាស់ ប៉ុន្តែខ្ញុំបានដុតចោលអស់ហើយ ព្រោះខ្ញុំខ្លាចទៅថ្ងៃខាងមុខឯកសារទាំងអស់នេះនាំបញ្ហាដល់ខ្ញុំ។ រហូតមកដល់សព្វថ្ងៃ ខ្ញុំមានការសោកស្តាយដែលពេលនោះខ្ញុំមិនបានចូលធ្វើជាគ្រូបង្រៀន។

ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលបានផ្តល់រទេះរុញមកឱ្យខ្ញុំ។ ខ្ញុំសូមជូនពរដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងឱ្យមានសេចក្តីសុខ អាយុវែង និងរីកចម្រើនតរៀងទៅ។

ជិន ឆន៖ ខ្មែរក្រហមមកចាប់ប្ដីខ្ញុំ ដោយប្រាប់ថាបោសម្អាតខ្មាំង

ខ្ញុំឈ្មោះ ជិន ឆន ភេទស្រី មានអាយុ៧៦ឆ្នាំ រស់នៅភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ ជិន និង ម្តាយឈ្មោះ សន។ ខ្ញុំមានប្ដីឈ្មោះ អ៊ុំ អឿន។ សព្វថ្ងៃខ្ញុំមានបញ្ហាពុកឆ្អឹងខ្នង ឈឺចង្កេះ និងកប់សរសៃពិបាកដើរ។ ជើងរបស់ខ្ញុំស្ពឹក និងទន់ស្ទើរទាំងអស់។  ខ្ញុំបានទៅមន្ទីរពេទ្យក្រុងព្រៃវែង ដើម្បីឱ្យពេទ្យព្យាបាល។ គ្រូពេទ្យបានឱ្យថ្នាំមកខ្ញុំលេប និង ឱ្យខ្សែរឹតចង្កេះមកខ្ញុំ។ ខ្ញុំបានធូរស្រាលដែរ ប៉ុន្តែមិនបានជាទាំងស្រុងទេ។ រៀងរាល់ថ្ងៃ ខ្ញុំមិនអាចដើរទៅងូតទឹកដោយខ្លួនឯងបានទេទាល់តែមានអ្នកមកជួយទប់។ ខ្ញុំមានជំងឺនេះរយៈពេល៤ទៅ៥ឆ្នាំហើយ។ ខ្ញុំសម្រាន្តមិនសូវលក់។ ខ្ញុំពិបាកចិត្តខ្លាំងណាស់។ ខ្ញុំធ្លាប់តែដើរធ្វើបុណ្យ ប៉ុន្តែនៅពេលនេះខ្ញុំមិនអាចទៅណាមកណាបាន។ មានពេលខ្លះខ្ញុំដេកយំហូរទឹកភ្នែកចង់គិតខ្លីសម្លាប់ខ្លួន។ ក្រោយមកទើបខ្ញុំខំកាត់ចិត្តដោយខ្លួនឯង ដោយព្យាយាមស្វែងយល់ធម៌ក្នុងព្រះពុទ្ធសាសនា។ ឥឡូវនេះផ្លូវចិត្តរបស់ខ្ញុំបានល្អប្រសើរហើយ។

កាលពីតូចខ្ញុំរស់នៅក្រុងព្រៃវែង។ ខ្ញុំបានរៀននៅសាលាក្រុងព្រៃវែងត្រឹមថ្នាក់ទី៧ ក៏ឈប់រៀន។ នៅឆ្នាំ១៩៧០ ខ្ញុំរៀបការជាមួយប្ដីខ្ញុំ និងបានមករស់នៅជាមួយប្ដីនៅភូមិស្តៅ។ ប្ដីរបស់ខ្ញុំគឺជាទាហាន ប៉ុន្តែខ្ញុំមិនដឹងថាគាត់ជាទាហានខាងណាទេ។

នៅឆ្នាំ១៩៧៣ កំឡុងពេលមានសង្គ្រាម និងការទម្លាក់គ្រាប់បែក ខ្ញុំនិងប្ដីបានបីកូនរត់ចូលទៅក្នុងលេណដ្ឋាន។ កាលនោះខ្ញុំគ្រុនក្តៅ។ ប្ដីខ្ញុំកំពុងតែបីកូន និងបំពេកូននៅក្នុងលេណដ្ឋានស្រាប់តែមានមនុស្ស២ទៅ៣នាក់មកចាប់ប្តីរបស់ខ្ញុំចេញទៅ ដោយប្រាប់ថា មេបញ្ជាការបញ្ជាមកឱ្យបោសសម្អាតខ្មាំង។ ពេលនោះខ្ញុំគ្រុនក្តៅផង ខ្ញុំយំបោកខ្លួន។ កម្មាភិបាលខ្មែរក្រហមបានស្តីឱ្យខ្ញុំនិងប្រាប់ខ្ញុំថា «កុំឱ្យខ្ញុំស្តាយស្រណោះពួកខ្មាំង នាងឯងនៅអាយុប៉ុណ្ណឹងអាចរកប្តីបានទៀត»។ ប្ដីខ្ញុំបានបែកចេញទៅចោលប្រពន្ធ និងកូនទើបតែមានអាយុ១ខែ តើឱ្យនរណាធ្វើចិត្តបានយ៉ាងឆាប់រហ័ស? ខ្ញុំកាន់តែពិបាកចិត្ត និងនឹកប្ដី កាន់តែខ្លាំងឡើងនៅពេលដែលកូនរបស់ខ្ញុំយំ ហើយខ្ញុំក៏យំតាមកូន។ ជីវិតខ្ញុំលំបាកណាស់ ត្រូវមើលថែម្តាយចាស់ និងថែកូនតែម្នាក់ឯងដោយមិនមានប្ដីនៅក្បែរ។ ដៃម្ខាងរបស់ខ្ញុំបីកូន ដៃម្ខាងវេចអីវ៉ាន់ ដើម្បីរត់គេចខ្លួនពីការទម្លាក់គ្រាប់បែក និងទៅរស់នៅឃុំធាយ។

នៅឆ្នាំ១៩៧៥ ក្រុមគ្រួសារខ្ញុំបានវិលត្រឡប់មកស្រុកកំណើតវិញ។ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យចូលក្នុងក្រុមយុវជនកម្លាំងស្រួច នៅក្នុងភូមិស្តៅ ដែលមានសមាជិកចំនួន២០នាក់ ដែលមានតា ហ៊ុន គឺជាប្រធានក្រុម។ កាលនោះខ្ញុំធ្វើការធ្ងន់ៗសព្វគ្រប់បែបយ៉ាងទៅតាមការបញ្ជារបស់ប្រធានកង ដូចជាភ្ជួរស្រែ ដែលភាគច្រើនការងារនេះបុរសៗគឺជាអ្នកធ្វើ ប៉ុន្តែខ្ញុំក៏អាចភ្ជួរបានដែរ។ ក្រៅពីការងារភ្ជួរ ខ្ញុំទៅដកស្ទូង លើកប្រព័ន្ធភ្លឺស្រែ ជីកប្រឡាយ ដែលសុទ្ធសឹងជាការងារធ្ងន់។ ឯរបបអាហារហូបចុក ខ្ញុំមិនបានហូបគ្រប់គ្រាន់ឡើយដោយសារតែខ្ញុំត្រូវបែងចែកចំណែកទុកឱ្យកូនខ្លះ។ ខ្ញុំតែងតែលួចអាហារមកហូបជារៀងរាល់ថ្ងៃ។ ដូចជាពេលទៅដាំដំឡូង ខ្ញុំលួចដកដំឡូង ពេលទៅដាំពោតខ្ញុំលួចកាច់ពោត ពេលទៅច្រូតស្រូវខ្ញុំលួចបូតស្រូវមកបុកខ្លួនឯង និងពេលទៅដាំអំពៅ ខ្ញុំក៏លួចកាច់អំពៅមកហូបដើម្បីរស់។ ជួនកាល ពេលខ្ញុំឃើញផ្លែខ្វិតទុំ ខ្ញុំក៏លួចផ្លែខ្វិតយកមកដុតហូបទៀត។ សំណាងល្អ ដែលខ្មែរក្រហមមិនបានឃើញខ្ញុំលួច។ ចំណែកអ្នកផ្សេងទៀតក៏បានលួចរបស់ហូបដូចខ្ញុំដែរប៉ុន្តែត្រូវកងឈ្លបចាប់បាន ហើយយកទៅរៀនសូត្រ និងមិនដែលឃើញត្រឡប់មកកងវិញទេ។ ឃើញដូច្នេះ ខ្ញុំក៏ផ្អាកលួច។ ដោយសេចក្តីស្រេកឃ្លាន និងចង់ឱ្យកូននិងក្រុមគ្រួសារបានហូបគ្រប់គ្រាន់ខ្ញុំដាច់ចិត្តលួចបន្តទៀត។

នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវអង្គការស្នើឱ្យទៅដកសំណាបនៅភូមិព្រហ៊ួត និងភូមិព្រលឹងមាស ស្រុកស្វាយអន្ទរ ខេត្តព្រែវែង។ នៅទីនោះស្រែនីមួយៗសម្បូរទៅដោយសត្វឈ្លើងច្រើនណាស់។ សត្វឈ្លើងជាច្រើនបានមកទាមជើងរបស់ខ្ញុំ។ ខ្ញុំបានស្រែក និងលោតដោយសារតែឃើញសត្វឈ្លើងហែលមកទាមជើងខ្ញុំច្រើនពេក ។ ប្រពន្ធរបស់ប្រធានក្រុមក៏បានស្តីបន្ទោសខ្ញុំ។ ខ្ញុំបានយំសុំដូរការងារ ប៉ុន្តែប្រពន្ធប្រធានក្រុមមិនយល់ព្រមឡើយ។ កំឡុងពេលខ្ញុំចាកចេញឆ្ងាយពីកូនមកដកសំណាបនៅព្រហ៊ូត មានអ្នកភូមិផ្តល់ដំណឹងមកខ្ញុំថា កូនរបស់ខ្ញុំបានគ្រុនក្តៅ និងកើតជំងឺកញ្ជ្រឹលពេញខ្លួន។ ខ្ញុំបានសុំប្រធានក្រុមទៅមើលកូន ប៉ុន្តែប្រធានក្រុមមិនអនុញ្ញាតឱ្យខ្ញុំទៅមើលកូនឡើយ ទោះបីជាខ្ញុំយំអង្វរ ហើយព្យាយាមសុំអនុញ្ញាតច្រើនដងក៏ដោយ។ ប្រធានក្រុមបានតបមកខ្ញុំវិញថា ឱ្យខ្ញុំគិតអំពីផលប្រយោជន៍រួម និងមិនគួរចោលការងារដោយសារប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ខ្ញុំបានរង់ចាំអស់រយៈពេលប្រហែលជិត១ខែ ទើបការងារដកសំណាបត្រូវបានរំសាយ ហើយខ្ញុំអាចវិលត្រឡប់មកផ្ទះវិញ និងបានមកមើលថែកូន។ ពេលមកដល់ផ្ទះ កូនរបស់ខ្ញុំបានស្រែកហៅខ្ញុំធ្វើខ្ញុំអាណិតកូនរហូតស្រក់ទឹកភ្នែក។ ជំងឺកញ្ជ្រឹលរបស់កូនខ្ញុំនៅពេលនោះ នៅមិនទាន់ជាសះស្បើយទេ ព្រោះពុំមានថ្នាំដើម្បីព្យាបាល។

នៅដើមខែមករា ឆ្នាំ១៩៧៩ ខណៈពេលដែលខ្ញុំកំពុងដាំដំឡូងកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីមកប្រាប់ប្រជាជនឱ្យភៀសខ្លួនចេញពីភូមិ ប៉ុន្តែនៅពេលនោះខ្ញុំពុំបានចេញទៅណាឡើយ។ ខ្ញុំក៏មិនខ្លាចទាហានវៀតណាមដែរ ហើយបើខ្ញុំត្រូវស្លាប់គឺខ្ញុំសុខចិត្តស្លាប់នៅក្នុងភូមិរបស់ខ្ញុំ។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំចូលធ្វើការងារជានារីភូមិស្តៅរហូតដល់ឆ្នាំ១៩៨៨ ទើបខ្ញុំឈប់ពីការងារ ហើយត្រឡប់មកធ្វើស្រែចម្ការវិញ។

ខ្ញុំពិតជារីករាយ និងអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលគិតគូរអំពីសុខទុក្ខខ្ញុំ។ រទេះរុញនេះធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅជាងមុន ព្រោះខ្ញុំអាចធ្វើដំណើរទៅណាមកណាបានស្រួល។ ខ្ញុំនឹងជិះរទេះនេះជារៀងរាល់ថ្ងៃ ដើម្បីស្រូបយកខ្យល់អាកាសជុំវិញផ្ទះនៅពេលព្រឹក និងពេលល្ងាច។

នួន រុន ៖ កងដឹកជញ្ជូន

ខ្ញុំឈ្មោះ នួន រុន ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ នួន និងម្តាយឈ្មោះ ស៊ុម។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ឡាត ប៉ុន្តែគាត់បានស្លាប់ចោលខ្ញុំប្រហែលជាជិត៤០ឆ្នាំមកហើយ។​ សព្វថ្ងៃខ្ញុំមានជំងឺលើសឈាម។ ខ្ញុំធ្លាក់ខ្លួនពិការ និងស្លាប់មួយចំហៀងខ្លួនរយៈពេល៣ខែមកហើយ។ ខ្ញុំទើបតែអាចនិយាយបានតិចៗនៅក្នុងខែនេះ ប៉ុន្តែដៃនិងជើងខាងឆ្វេងរបស់ខ្ញុំមិនអាចកម្រើកបានទេ។ ពេលខ្ញុំឈឺដំបូង ខ្ញុំងើបពីកន្ទេលមិនរួចទេ។ នៅពេលនេះ ខ្ញុំបានធូរស្រាលជាងមុនបន្តិចហើយព្រោះខ្ញុំអាចអង្គុយបាន ប៉ុន្តែខ្ញុំមិនអាចអង្គុយបានយូរឡើយ។ ចាប់តាំងពីខ្ញុំធ្លាក់ខ្លួនពិការមក ខ្ញុំមានអារម្មណ៍ខ្មាស់អ្នកស្រុកអ្នកភូមិជាខ្លាំង។

កាលពីតូច ខ្ញុំចូលសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តពោធិ៍លាស់ ក្នុងភូមិចាន់ ត្រឹមថ្នាក់ទី៥។ នៅឆ្នាំ១៩៧០ ខ្ញុំចូលធ្វើការនៅក្នុងកងដឹកជញ្ជូន។ ខ្ញុំគឺជាអ្នកដឹកសាកសពទាហានវៀតកុង ឬវៀតណាមខាងជើង ដែលបានស្លាប់ដោយសារសង្គ្រាមចេញពីភូមិស្នេហ៍ឆ្ពោះទៅកាន់មាត់ទន្លេ រួចមានមនុស្សដឹកសាកសពបន្តតាមកាណូតទៅកាន់កន្លែងផ្សេងទៀត។ នៅឆ្នាំ១៩៧៥ ខ្ញុំនៅបន្តធ្វើការនៅក្នុងកងដឹកជញ្ជូនដដែល រហូតដល់ខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩។ ជារៀងរាល់ថ្ងៃ ការដឹកជញ្ជូនគឺមិនទៀងទាត់ទេ។ ជួនកាលខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅដឹកស្បៀងពីបន្ទាយដេក យកមកទុកនៅក្នុងឃ្លាំងភូមិស្តៅ។ ជួនកាលដឹកបាយសម្លយកទៅឱ្យអ្នកស្ទូងនៅវាលស្រែ និងជួនកាលដឹកក្រណាត់ ដឹកអង្ករ និងថ្នាំពេទ្យយកទៅដាក់នៅឃ្លាំងភូមិពន្លៃ។ ការងារដឹកជញ្ជូននេះគឺពុំមានការលំបាកខ្លាំងសម្រាប់ខ្ញុំទេដោយសារតែខ្ញុំទទួលបានរបបអាហារគ្រប់គ្រាន់។

នៅឆ្នាំ១៩៧៨ នៅពេលដែលកងទ័ពភូមិភាគនិរតីចូលមកបានសម្លាប់កម្មាភិបាលនិងកងទ័ពភូមិភាគបូព៌ាអស់ជាច្រើននាក់។ នៅពេលនោះ ខ្ញុំបានដឹកសាកសពចេញពីភូមិចាន់ ទៅខាងលិចភូមិពន្លៃ។ ខ្ញុំបានដឹកសាកសពអ្នកស្លាប់ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រហែលជាកន្លះខែ។ ចំនួនសាកសពសរុបដែលខ្ញុំ ដឹកគឺចន្លោះពី២០ ទៅ៣០នាក់។ ខ្ញុំមានអារម្មណ៍រន្ធត់ខ្លះដែរពេលដឹកសាកសព ប៉ុន្តែខ្ញុំមិនសូវភ័យខ្លាំងពេកនោះទេ។ កាលនោះ ខ្ញុំតែងតែយកអង្ករ ផ្លែឈើ អំពៅ យកទៅជូនកម្មាភិបាលដែលមានតួនាទីធំ ដូច្នេះខ្ញុំមិនសូវបារម្ភទេ។ កម្មាភិបាលទាំងនោះចូលចិត្តខ្ញុំ និងលើកសរសើរខ្ញុំដែរ។ នៅខាងមុខផ្ទះរបស់ខ្ញុំ ពីមុនមានព្រៃ និងមានស្រះយ៉ាងធំ។ ខ្មែរក្រហមបានយកអ្នកទោសមកសម្លាប់នៅទីនេះជាច្រើននាក់​ ហើយកងឈ្លបមិនឱ្យប្រជាជនទៅក្បែរស្រះនោះទេ។ ក្រោយបែកឃើញមានខ្នោះជាច្រើននៅជាប់ដៃរបស់សាកសព។

ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលបាននាំយករទេះរុញមកប្រគល់ឱ្យខ្ញុំដល់ផ្ទះ ព្រោះខ្ញុំមិនអាចធ្វើដំណើរទៅចូលរួមកម្មវិធីចែករទេះរុញនៅសាលាឃុំព្រៃកណ្តៀងបាន។ ខ្ញុំត្រេកអរខ្លាំងណាស់។ រទេះរុញនេះ ខ្ញុំងាយស្រួលផ្អែក ហើយធ្វើឱ្យខ្ញុំអង្គុយបានយូរជាងមុន។

វ៉ាន់ សាន់ ៖ កងចល័ត

ខ្ញុំឈ្មោះ វ៉ាន់ សាន់ ភេទស្រី អាយុ៨៣ឆ្នាំ។ ខ្ញុំរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ វ៉ាន់ ហើយម្ដាយ ឈ្មោះ ឃិន។ ខ្ញុំគឺជាកូនទោលនៅក្នុងគ្រួសារ។ នៅអាយុ២០ឆ្នាំ ឪពុករបស់ខ្ញុំធ្លាក់ខ្លួនឈឺហើយក៏ស្លាប់។ គ្រួសារខ្ញុំមានហូបគ្រប់គ្រាន់ ប៉ុន្តែមិនសូវធូរធារប៉ុន្មានទេ។ កាលពីក្មេង ខ្ញុំមិនបានសិក្សារៀនសូត្រទេ គឺត្រូវជួយឃ្វាលគោ និងរកខ្យងស្ងោរលក់។ ពេលខ្ញុំអាយុ២១ឆ្នាំ ក្នុងឆ្នាំ១៩៦៥ ខ្ញុំរៀបការជាមួយឈ្មោះ វេន ជុន ដែលជាអ្នករស់នៅភូមិជាមួយគ្នា ហើយការរៀបការរបស់ខ្ញុំមានរយៈពេល៣ថ្ងៃ។

នៅសម័យ លន់ នល់ ក្នុងភូមិខ្ញុំចាប់ផ្ដើមមានសង្គ្រាម និងមានគ្រាប់ផ្លោងពីទីរួមខេត្តព្រៃវែង និងមកពីខាងជ្រោយជ្រែ។ គ្រួសាររបស់ខ្ញុំបានជម្លៀសទៅស្រុកបាភ្នំ ហើយរស់នៅចល័តពីភូមិមួយទៅភូមិមួយទៀត។ អំឡុងពេលនោះខ្ញុំមានកូនចំនួន៣នាក់ ប៉ុន្តែកូនខ្ញុំនៅតូចៗណាស់។ នៅស្រុកបាភ្នំ អ្នកភូមិបាននាំគ្នាផ្ដល់ស្រូវឱ្យគ្រួសារខ្ញុំបន្តិចបន្តួច ក្រៅពីនោះគឺប្ដីខ្ញុំឆ្លៀតត្រឡប់មកធ្វើស្រែនៅភូមិកំណើតវិញ។ ការរស់នៅរបស់គ្រួសារខ្ញុំមិនសូវលំបាកប៉ុន្មានទេ គឺមានហូបគ្រប់គ្រាន់ ព្រោះប្ដីខ្ញុំបានចេញរកបន្លែត្រីសាច់ទុកឱ្យខ្ញុំធ្វើម្ហូប។ នៅខាងស្រុកបាភ្នំ ខ្ញុំបានជួយធ្វើស្មុគស្លឹកត្នោត ដាក់បាយឱ្យកងទ័ពខ្មែរក្រហមនៅសមរភូមិ។ ក្រោយមកផ្ទះរបស់ខ្ញុំត្រូវភ្លើងចេះអស់។ ខ្ញុំមិនដឹងថាត្រូវគ្រាប់ផ្លោងត្រូវ ឬក៏មានទាហានចូលមកដុតនោះទេ។

នៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំបានត្រឡប់មករស់នៅក្នុងភូមិព្រៃកំពែងវិញ ព្រោះកងទ័ពរំដោះខ្មែរក្រហមទទួលបានជ័យជម្នះហើយ។ ពេលត្រឡប់មកដល់ភូមិព្រៃកំពែង ប្ដីរបស់ខ្ញុំបានសាងសង់ខ្ទមតូចមួយសម្រាប់គ្រួសាររស់នៅ។ ការងាររបស់ខ្ញុំនៅក្នុងភូមិគឺធ្វើស្រែជាក្រុម ប៉ុន្តែខ្មែរក្រហមមិនទាន់ប្រមូលរបស់របរ និងឱ្យប្រជាជនហូបបាយរួមទេ។ ការងាររបស់ខ្ញុំនៅពេលនោះគឺធ្វើស្រែដកស្ទូងស្រូវ ហើយទទួលបានផលចែកតាមផ្ទះ។ ការចែកស្រូវក្នុងពេលនោះគឺគិតទៅតាមចំនួនសមាជិកក្នុងគ្រួសារ ដែលមានកូនច្រើនទទួលបានផលច្រើនជាងអ្នកភូមិដែលមានកូនតិច។

នៅឆ្នាំ១៩៧៦ ខ្ញុំឆ្លងទន្លេបានកូនប្រុសម្នាក់។ នៅពេលឆ្លងទន្លេ ខ្មែរក្រហមឱ្យខ្ញុំសម្រាករយៈពេលពីរខែ។ ការងាររបស់ស្រ្តីដែលទើបឆ្លងទន្លេរួច គឺត្រូវដាំដំណាំ ពោត សណ្ដែក ដំឡូង អំពៅ ចេក និងដំណាំផ្សេងៗទៀតនៅក្នុងភូមិ។​ នៅរដូវវស្សា ខ្ញុំជួយដក ស្ទួង ច្រូតកាត់នៅក្នុងសហករណ៍។ ក្រោយមក នៅក្នុងភូមិរបស់ខ្ញុំចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិដាក់រួម ហើយហូបអាហាររួម។ ការហូបចុកនៅក្នុងសហករណ៍របស់ខ្ញុំគឺបបរ ប៉ុន្តែសំណាងល្អយើងអាចយកដំណាំដែលដាំក្នុងផ្ទះមកហូបបាន ហើយពេលខ្លះយើងត្រូវលួចអង្គការ។

នៅដើមឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមចូលមករំដោះ គ្រួសារខ្ញុំមិនបានរត់ទៅណានោះទេ។ គ្រួសាររបស់ខ្ញុំបានទៅយករបស់របរដែលដាក់រួមមកវិញ និងប្រកបរបរធ្វើស្រែខ្លួនឯងចាប់តាំងពីពេលនោះមក។ សព្វថ្ងៃនេះខ្ញុំមានកូន៦នាក់។ ខ្ញុំតែងនិយាយរឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់ប្រាប់ទៅកូនៗរបស់ខ្ញុំអំពីការហូបបបរនៅក្នុងរបបខ្មែរក្រហម ហើយកូនៗរបស់ខ្ញុំក៏ជឿខ្ញុំដែរ។

ខ្ញុំធ្លាក់ខ្លួនឈឺងងឹតភ្នែកអស់រយៈពេល៣ឆ្នាំមកហើយ ហើយសម្រាកខ្ញុំនៅមួយកន្លែងក្នុងផ្ទះ។ ខ្ញុំធ្លាប់បានទៅពិនិត្យនៅពេទ្យព្រះអង្គឌួងដែរ ប៉ុន្តែគ្រួពេទ្យថាព្យាបាលមិនជាសះស្បើយនោះទេព្រោះដាច់សរសៃភ្នែក។ ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនរទេះរុញមួយមកខ្ញុំ។ ខ្ញុំអាចជិះរទេះរុញនេះទៅលេងផ្ទះកូន បងប្អូនជិតខាង ហើយក៏អាចជិះទៅវត្តបានដែរ ទោះបីជាខ្ញុំមើលមិនឃើញក៏ដោយ។

ជ្រាវ លាង ៖ ខ្ញុំគិតថាបងខ្ញុំស្លាប់នៅទួលពោធិ៍

ខ្ញុំឈ្មោះ ជ្រាវ លាង ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិស្ដៅ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ បច្ចុប្បន្ន ខ្ញុំមិនអាចធ្វើការបានទៀតទេ ហើយក៏មិនអាចដើរចេញទៅក្រៅបានដែរ។ ខ្ញុំធ្លាក់ខ្លួនឈឺប្រហែល២ឆ្នាំមកហើយ។ ខ្ញុំលើសឈាម ទឹកនោមផ្អែម និងខ្លាញ់រំសរសៃឈាម។ ខ្ញុំធ្លាប់បានទៅព្យាបាលនៅពេទ្យរុស្សី, ខាងកោះខ្យង ខេត្តកោះកុង និងនៅខេត្តព្រៃវែង បន្តែមិនបានធូរស្រាលប៉ុន្មានទេ។ អាការរបស់ខ្ញុំក្នុងពេលឥឡូវគឺញ័រដៃជើងខាងស្ដាំ និយាយមិនច្បាស់ ដើរមិនរួច ហើយខ្ញុំក៏មិនដែលបានទៅព្យាបាលទីណាទៀតដែរ គឺនៅបើកថ្នាំលើសឈាមពីមណ្ឌលសុខភាពយកមកលេប។

ខ្ញុំមានម្តាយឈ្មោះ នៅ ញឹម និងមានបងប្អូនចំនួន៦នាក់។ ស្ថានភាពគ្រួសារខ្ញុំគឺមានហូបគ្រប់គ្រាន់ ព្រោះឪពុកម្ដាយខ្ញុំប្រកបរបបធ្វើស្រែ។ ខ្ញុំចូលរៀនដំបូងនៅវត្តស្ដៅ ជាមួយលោកគ្រូឈ្មោះ លី។ ខ្ញុំរៀនបានពីរឆ្នាំ ក៏បន្តការសិក្សាថ្នាក់ទី១០ សង្គមចាស់នៅបឋមសិក្សាព្រៃកណ្ដៀង ដោយស្នាក់នៅក្នុងវត្តព្រៃកណ្ដៀងជាមួយលោកតា មិន។ ខ្ញុំរៀននៅព្រៃកណ្ដៀងបានតែមួយឆ្នាំ ក៏មានសង្គ្រាមកើតឡើង ហើយខ្ញុំបានឈប់រៀនត្រឡប់មកផ្ទះវិញ។ នៅផ្ទះ ខ្ញុំជួយឃ្វាលគោ ក្របីម្ដាយឪពុករបស់ខ្ញុំ។

នៅចន្លោះពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៣ ក៏មានការទម្លាក់គ្រាប់បែក និងបាញ់ផ្លោង ចូលមកក្នុងភូមិ។ គ្រួសាររបស់ខ្ញុំបានជម្លៀសប្រជាជនទៅភូមិវាលព្រៅ ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ អំឡុងពេលធ្វើដំណើរ និងការស្នាក់នៅវាលព្រៅ គ្រួសាររបស់ខ្ញុំបានលួចចូលមកក្នុងភូមិវិញដើម្បីកើបស្រូវជង្រុកយកទៅបុកហូប។ រយៈពេលមួយឆ្នាំក្រោយមក ខ្ញុំបានប្ដូរមកនៅខាងកើតភូមិធាយវិញ។ នៅទីនោះ មេភូមិឈ្មោះ អួន បានដឹកនាំប្រជាជននិងចងក្រងជាសហករណ៍ធ្វើការងាររួម។ ការងាររបស់ខ្ញុំនៅទីនោះ គឺគ្រាន់តែចាំត្រៀមសែងអ្នករបួសវាយនៅសមរភូមិព្រៃវែង និងស្រុកពាមរក៍។ ខ្ញុំមកចាំសែងអ្នករបួសនៅម្តុំទួលកំពង់ទឹក វាយប្រយុទ្ធសមរភូមិសំរោង ខាងលិចភូមិព្រៃកណ្ដៀងក្នុងមួយសប្ដាហ៍ម្ដង។

នៅឆ្នាំ១៩៧៥ អ្នកភូមិរបស់ខ្ញុំដែលរស់នៅស្រុកបាភ្នំ បានត្រឡប់ចូលមករស់នៅក្នុងភូមិវិញ។ អ្នកភូមិទាំងអស់ចាប់ផ្ដើមរុះផ្ទះធំ មកធ្វើជាខ្ទមស្នាក់នៅរៀងៗខ្លួនវិញ។ ពេលមករស់នៅក្នុងភូមិ ស្រួល​បួល ខ្ញុំស្ម័គ្រចិត្តចូលធ្វើការជាកងឈ្លបភូមិ។ កងឈ្លបមានសមាជិកប្រមាណ១០នាក់ ហើយអ្នកដែលចូលក្រុមនេះបានទាល់តែជាអ្នកស្មោះត្រង់ជាមួយខ្មែរក្រហម និងមិនមានទំនាក់ទំនងជាមួយបងប្អូន។ ខ្មែរក្រហមបានប្រាប់កងឈ្លបឱ្យរើសអើងប្រជាជនដែលជម្លៀសមកពីភ្នំពេញ និងប្រជាជនដែលរត់ទៅនៅខាង លន់ នល់។ ការងាររបស់កងឈ្លបគឺដើរយាមនៅពេលយប់។ នៅចុងឆ្នាំ១៩៧៥ នៅក្នុងភូមិស្ដៅចាប់ផ្ដើមប្រមូលរបស់របរដាក់រួម និងហូបបាយរួម។

នៅខែមិថុនា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានរៀបការឱ្យខ្ញុំជាមួយប្រពន្ធឈ្មោះ ម៉េង ហ៊ន។ ពេលនោះខ្ញុំស្នើទៅអង្គការដើម្បីរៀបការដោយខ្លួនឯង មិនមែនអង្គការបង្ខំឡើយ។ ការរៀបការនៅពេលនោះ គឺមានចំនួន៦គូ នៅក្នុងវត្តស្ដៅ។ ខ្ញុំរៀបការនៅពេលព្រឹក ចំណែកពេលរសៀលគឺចេញទៅធ្វើការធម្មតា និងមិនមានការជួបជុំហូបអាហារទេ។ បន្ទាប់ពីរៀបការរួច ប្រធានកងបានប្ដូរខ្ញុំឱ្យទៅធ្វើការក្នុងកងចល័តនៅទួលបេះដូង។ នៅរដូវវស្សា ខ្ញុំភ្ជួរស្រែ និងដឹកជញ្ជូន ចំណែករដូវប្រាំងគឺលើកប្រព័ន្ធភ្លឺស្រែ។ ខ្ញុំនិងប្រពន្ធបាន ជួបគ្នានៅកន្លែងធ្វើការ ប៉ុន្តែយើងមិនអាចឈប់និយាយគ្នាបានទេ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបាន សម្រាកពេទ្យម្ដង គឺដោយសារខ្ញុំកាប់ចបទៅត្រូវអណ្ដូង ហើយខ្ទាតមកត្រូវជើង។ ខ្ញុំបានមកព្យាបាលពេទ្យឃុំ ក្នុងភូមិព្រៃកណ្ដៀង។ ការព្យាបាលរបស់ខ្ញុំគឺមានថ្នាំចាក់ដាក់ក្នុងដប ពណ៌ក្រហមដូចទឹកក្រូច ហើយក៏មានថ្នាំទឹកផឹកដែរ។ ខ្ញុំសម្រាកព្យាបាលនៅពេទ្យបានកន្លះខែទើបបានធូរស្រាល និងទៅធ្វើការវិញ។ បងប្រុសរបស់ខ្ញុំម្នាក់ឈ្មោះ ជ្រាវ ម៉ារីន ត្រូវបានខ្មែរក្រហមយកទៅធ្វើការបាត់ដំណឹងរហូតដល់បច្ចុប្បន្ន។ ខ្ញុំគិតថាបងប្រុសរបស់ខ្ញុំបានស្លាប់នៅទួលពោធិ៍ ព្រោះគាត់បានបញ្ចេញសកម្មភាពមិនពេញចិត្តជាខ្មែរក្រហម។ ចាប់តាំងពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ គ្រួសាររបស់ខ្ញុំបានប្រកបរបរធ្វើស្រែដើម្បូចិញ្ចឹមកូនៗ។

ខ្ញុំសប្បាយចិត្តណាស់ដែលមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងផ្ដល់រទេះរុញមកខ្ញុំ។ ខ្ញុំនឹងឱ្យចៅៗជួយរុញរទេះដែលខ្ញុំជិះដើរលេងផ្ទះបងប្អូននៅក្នុងភូមិ។

សន ភាង ៖ កងកុមារ

ខ្ញុំឈ្មោះ សន ភាង ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ សព្វថ្ងៃនេះខ្ញុំមានកូន៤នាក់គឺស្រីទាំងអស់។ កូនៗរបស់ខ្ញុំមានគ្រួសារអស់ហើយ ហើយខ្ញុំនៅតែពីរនាក់ប្តីរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមានឪពុកឈ្មោះ សន ចំណែកម្ដាយខ្ញុំឈ្មោះ ជា និងមានបងប្អូនចំនួន៥នាក់។ គ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត ហើយម្ដាយខ្ញុំតែងតែមានជំងឺ។

កាលពីតូច ខ្ញុំរៀនបានត្រឹមថ្នាក់ទី១១ពីសង្គមចាស់ (ស្មើថ្នាក់ទី២បច្ចុប្បន្ន)។ ការងារខ្ញុំនៅពេលនោះគឺឃ្ចាលគោក្របីនិងធ្វើស្រែប្រាំង។ មកដល់របប លន់ នល់ គ្រួសារខ្ញុំគេចទៅរស់នៅឃុំធាយ ស្រុកបាភ្នំ ជាមួយមីងរបស់ម្ដាយខ្ញុំ។ ការរស់នៅទីនោះគឺមិនងាយស្រួលទេ ព្រោះខ្ញុំត្រូវឡើងមកដងទឹកពីភូមិទ័ពស្ដេច យកទៅប្រើប្រាស់នៅផ្ទះ។ ចំណែកឪពុកខ្ញុំត្រូវទាហាន លន់ នល់ ជិះយន្តបាញ់ត្រូវជើង និងស្មា នៅពេលដែលគាត់មកស៊ីឈ្នួលលីអង្កាមឱ្យចិន។ ខ្ញុំខិតខំធ្វើការ មើលប្អូន រកម្ហូបអាហារ ហើយពេលខ្លះខ្ញុំបានលួចចូលមកក្នុងភូមិព្រៃអង្គុញវិញដើម្បីរកបន្លែ។ នៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំបានត្រឡប់មកនៅផ្ទះវិញព្រោះសង្គ្រាមបានបញ្ចប់។ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យចូលធ្វើការនៅក្នុងកងកុមារ។ ការងាររបស់កុមារគឺត្រូវឃ្វាលគោក្របី, រើសសំរាម, លើកប្រព័ន្ធភ្លឺស្រែ និងទៅកាច់ពោតនៅបន្ទាយដេក។ ពេលខ្ញុំអាយុ១៦ឆ្នាំ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យចូលក្នុងកងចល័ត និងត្រូវទៅរែកដីនៅខាងកោះជ័យ ស្រុកព្រះស្ដេច រយៈពេល៣ខែ។ ពេលខ្ញុំត្រឡប់មករស់នៅផ្ទះក្នុងភូមិបានតែ៣ថ្ងៃ ប្រធានសហករណ៍បញ្ជូនខ្ញុំឱ្យទៅកាត់ដេរនៅខាងអន្លង់ទ្រា។ ខ្ញុំធ្វើដំណើរចេញពីភូមិ២នាក់ ប៉ុន្តែទៅដល់ត្រឹមឡូនេសាទ ខ្មែរក្រហមក៏ឱ្យខ្ញុំនៅធ្វើត្រីប្រហុកសិន។ ការងាររបស់ខ្ញុំ គឺដាំបាយ និងធ្វើត្រីប្រហុក។ នៅឡូនេសាទ មានម្ហូបច្រើនណាស់ គឺ មានត្រី បង្កង អន្ទង់ និងអណ្ដើកទៀត។ ខ្ញុំរស់នៅឡូនេសាទបានរយៈពេល៣ខែ ក៏រត់ត្រឡប់មកផ្ទះវិញ ព្រោះនៅទីនោះមានការកាប់សម្លាប់គ្នា។ ខ្ញុំបានត្រឡប់មកធ្វើការនៅក្នុងកងចល័តវិញ ហើយការងាររបស់ខ្ញុំគឺច្រូតស្រូវនៅក្នុងភូមិ។

នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក គ្រួសាររបស់ខ្ញុំបាននាំគ្នារត់ទៅសំដៅអ្នកលឿង ប៉ុន្តែមួយរយៈក្រោយមកក៏ត្រឡប់មកយកម្ដាយដែលឈឺទៅសម្រាកនៅពេទ្យតំបន់ក្នុងភូមិស្ដៅ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំចាប់ផ្ដើមប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមគ្រួសារ។

នៅឆ្នាំ១៩៨១ ខ្ញុំរៀបការជាមួយឈ្មោះ ថី ថាន។ ការរៀបការរបស់ខ្ញុំប្រព្រឹត្តទៅតាមប្រពៃណី ហើយប៉ុន្តែមិនទាន់មានប្រាក់ចាយទេ។ ពេលរៀបការរួចខ្ញុំ ត្រូវមើលថែប្អូនៗ ឪពុកម្ដាយចាស់ ហើយត្រូវ ស្ទូង ដក ច្រូតកាត់ និងភ្ជួររាស់ដោយខ្លួនឯង។ ខ្ញុំមិនបានសម្រាកទេ ទោះបីជាខ្ញុំសម្រាលកូនហើយក៏ដោយ ចំណែកប្ដីរបស់ខ្ញុំមកជួយខ្ញុំបានបន្តិចបន្តួចព្រោះគាត់ត្រូវរត់គេចពីការចាប់ទៅធ្វើទាហាន។

ខ្ញុំត្រូវធ្វើការងារធ្ងន់រហូតដល់ខ្ញុំធ្លាក់ខ្លួនឈឺ។ មុនដំបូងខ្ញុំចាប់ផ្ដើមឈឺជើងទាំងសងខាង ហើយនៅពេលទៅពិនិត្យពេទ្យថាខ្ញុំកប់សរសៃ។ ខ្ញុំបានទៅព្យាបាលខ្លះដែរ ប៉ុន្តែមិនបានធូរស្បើយទេ។ ខ្ញុំគិតថា ជំងឺរបស់ខ្ញុំមកពីការធ្វើការធ្ងន់តាំងពីខ្ញុំនៅក្មេង។ បច្ចុប្បន្ននេះខ្ញុំមានជំងឺលើសឈាម ឡើងជាតិស្ករ និងឈឺនៅក្នុងខ្លួន។ ខ្ញុំមិនអាចដើរបានទេប្រសិនបើគ្មានឈើច្រត់ ហើយជាញឹកញាប់ខ្ញុំតែងតែវិលមុខ។

ខ្ញុំអរគុណក្រុមការងារមជ្ឈមណ្ឌល​ឯកសារខេត្តព្រៃវែងដែលផ្តល់រទេះរុញមកឱ្យខ្ញុំ។ រទេះរុញនេះនឹងជួយខ្ញុំឱ្យធ្វើដំណើរចេញទៅក្រៅបាន នៅពេលដែលខ្ញុំមានអារម្មណ៍ថុញថប់។

អត្ថបទ ៖ ភា រស្មី និង ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»