នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាសហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោក ព្រាប សារ៉េត អនុប្រធានការិយាល័យរដ្ឋបាល ផ្តល់រទេះរុញចំនួន៥គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពចំនួន៥នាក់ រស់នៅភូមិអូរស្វាយ និងភូមិអូររុណ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ការផ្តល់រទេះរុញទាំង៥គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពនៅពេលនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃនិងទុក្ខលំបាករបស់គាត់។
នៅក្នុងឱកាសនោះ លោក ព្រាប សារ៉េត តំណាងឲ្យលោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបាននាំយករទេះរុញមកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព និងជរាភាពនៅក្នុងមូលដ្ឋានរបស់គាត់។ ការផ្តល់ជូនរទេះរុញនៅពេលនេះ គឺនៅក្នុងពេលវេលាដ៏ត្រឹមត្រូវ និងមានសារសំខាន់ណាស់ ខណៈដែលគាត់អាចមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅទទួលការព្យាបាល និងការជួបប្រជុំ។ បន្ថែមលើនេះទៀត ការផ្ដល់រទេះរុញនាពេលនេះគឺជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមិនទុកចោលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងគ្រាលំបាកឡើយ។
បន្ទាប់ពីលោក ព្រាប សារ៉េត មានប្រសាសន៍ចប់ លោក ស៊ាង ចិន្តា និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាប្រគល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព ព្រមទាំងសួរនាំគាត់អំពីសុខទុក្ខ និងរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមដែលបានសង្ខេបដូចខាងក្រោម ៖
ហ៊ឹម ម៉ាលី អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងមានពិការភាពមិនអាចដើររួចរយៈពេល៧ឆ្នាំ បានរៀបរាប់ថា «ខ្ញុំឈ្មោះ ហ៊ឹម ម៉ាលី កើតនៅភូមិអំពិល ឃុំកន្ដុំ ស្រុកអង្គរជ័យ ខេត្តកំពត។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ពុំ ភារម្យ។ ខ្ញុំគឺជាកូនទី១០ ក្នុងចំណោមបងប្អូនទាំងអស់ចំនួន១៣នាក់ ដែលមាន៧នាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ នៅវ័យកុមារ ខ្ញុំរៀនថ្នាក់ទី១២ចាស់ នៅខេត្តកំពត។ នៅឆ្នាំ១៩៦៩ បងប្រុសរបស់ខ្ញុំឈ្មោះ ហ៊ឹម ឌីន គឺជាទាហានវិស្វកម្ម និងត្រូវបានបញ្ជូនមកបុរីអូរស្វាយសែនជ័យនៅចន្លោះឆ្នាំ១៩៦៤ និងឆ្នាំ១៩៦៥ បាននាំខ្ញុំមករស់នៅជាមួយគាត់នៅអូរស្វាយដើម្បីជួយមើលថែកូនរបស់គាត់។ ខ្ញុំមកដល់មិនដល់រយៈពេល១ឆ្នាំផង រដ្ឋប្រហាររបស់ លន់ នល់ បានកើតឡើង។ នៅពេលនោះ ក៏ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែកនៅបន្ទាយទាហាន។ រាល់ពេលដែលមានការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំនិងគ្រួសារបងប្រុសខ្ញុំរត់គេចខ្លួនទៅជ្រកនៅតាមអូរ។ ការទម្លាក់គ្រាប់បែកនៅពេលនោះមានរយៈពេលពីកន្លះម៉ោងទៅ១ម៉ោង។ ចាប់ពីចុងឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៣ ទាហាន លន់ នល់ តែងតែទទួលរងការវាយប្រហារពីកងទ័ពរំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ ខ្ញុំ និងគ្រួសារបងប្រុសបន្តរស់នៅបុរីអូស្វាយដដែល។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការងារនៅស្ដៅ គឺធ្វើស្រែប្រាំង, លើកភ្លឺស្រែ និងគាស់គល់ឈើ។ ខ្ញុំនៅកងចល័តនារី ដែលមានគ្នាចំនួន៣០នាក់។ ខ្ញុំនិងក្រុមរបស់ខ្ញុំត្រូវលើកភ្លឺស្រែប្រវែង១០ម៉ែត្រ នៅពេលព្រឹក និងនៅពេលល្ងាចលើកឲ្យបាន១០ម៉ែត្របន្ថែមទៀត។ ប្រធានកងចល័មានឈ្មោះមិត្ត ចា និងមិត្ត ផាន់។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំបានវិលត្រឡប់មករស់នៅអូរស្វាយ រហូតមកដល់សព្វថ្ងៃ»។
នុត ចំរើន អាយុ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀត និងមានពិការភាពមិនអាចដើររួចរយៈពេលជិត៥ឆ្នាំ រស់នៅភូមិគគីរសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រៀបរាប់អំពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម និងអារម្មណ៍រំភើបបន្ទាប់ពីទទួលបានរទេះរុញថា «ខ្ញុំមានស្រុកកំណើតនៅឃុំអង្គតាចាក ស្រុកបាទី ខេត្តតាកែវ ។ ខ្ញុំមានបងប្អូនចំនួន៣នាក់ គឺស្រី២និងប្រុសម្នាក់។ កាលនៅក្មេង ខ្ញុំរៀននៅសាលាឯកជនទួលប្រស្រី រហូតដល់ថ្នាក់ទី១១ចាស់។ ក្រោយមក ខ្ញុំបានឈប់រៀន ពីព្រោះខ្ញុំកំព្រាម្ដាយឪពុក និងមានតែបងប្អូន៣នាក់។ នៅពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំផ្លាស់ទៅនៅភ្នំពេញ និងរស់នៅម្ដុំកៀនស្វាយនៅឆ្នាំ១៩៧២។ ខ្ញុំដេកនៅតាមមុខផ្ទះប្រជាជន។ នៅពេលដែលទីក្រុងភ្នំពេញត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តបាត់ដំបង ដោយដើរថ្មើរជើងជាមួយប្រជាជនជាច្រើននាក់ទៀត។ ខ្ញុំដើររយៈពេលកន្លះខែទើបបានទៅដល់ភូមិភ្នំធំ ខេត្តបាត់ដំបង។ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅលើកទំនប់កំពីងពួយ។ ខ្ញុំត្រូវក្រោកម៉ោង៤ទៀបភ្លឺដើម្បីទៅតម្រង់ជួរ និងមានស្ពាយចានឆ្នាំងនៅជាប់ខ្លួនការពារកុំឲ្យបាត់។ ខ្ញុំលើកទំនប់ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១១ព្រឹក ទើបឈប់សម្រាកហូបបបររាវ។ ខ្មែរក្រហមឲ្យខ្ញុំលើកទំនប់ប្រវែង៤ម៉ែត្រ ទៅ៦ម៉ែត្រក្នុង១ថ្ងៃ។ ខ្ញុំចាប់ផ្ដើមធ្វើការបន្តនៅម៉ោង១រសៀល ដល់ម៉ោង៦យប់ ទើបបានឈប់ និងទទួលរបបអាហារ។ ចាប់ពីម៉ោង៧ដល់ម៉ោង៩ ខ្ញុំនិងអ្នកផ្សេងទៀតនៅកងចល័តត្រូវចូលរួមប្រជុំទិតៀន។ ខ្ញុំត្រូវបានអង្គប្រជុំទិតៀន ហើយប្រធានឃុំបានហៅខ្ញុំទៅអប់រំ រួចហើយបានដោះលែងមកវិញ។ ខ្ញុំរៀបការប្ដីក្រោយរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៩៤ ខ្ញុំនិងគ្រួសារមករស់នៅកៀនស្វាយ ហើយឆ្នាំ២០១៣ ទើបខ្ញុំនិងគ្រួសារបានផ្លាស់មករស់នៅស្រុកបុរីអូស្វាយសែនជ័យ រហូតមដល់សព្វថ្ងៃ»។
កើត វ៉ាន់ថុន អាយុ៧២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀត និងមានពិការភាពមិនអាចដើររួច ចែករំលែករឿងរ៉ាវរបស់ខ្លួនថា «ខ្ញុំឈ្មោះ កើត វ៉ាន់ថុន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ សាន នាង និងមានកូនប្រុសម្នាក់។ កាលនៅពីក្មេង ខ្ញុំរៀនបានដល់ថ្នាក់ទី៧ចាស់ នៅសាលាបឋមសិក្សារាជានគរ។ នៅសម័យនោះ ខ្ញុំក៏រៀនភាសាបារំាងដែរ និងចេះអានភាសាបារាំងបន្តិចបន្តួច។ ខ្ញុំឈប់រៀនដោយសារតែខ្ញុំមានតែម្ដាយ និងមានជីវភាពក្រលំបាក។ ម្តាយខ្ញុំធ្វើជាកម្មករនៅត្រាវ៉ូ ហើយខ្ញុំធ្វើការងារសម្អាតស្មៅតាមចិញ្ចើមមថ្នល់។ ខ្ញុំទទួលបានប្រាក់ខែចំនួន៧៥០រៀល។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានចូលធ្វើជាទាហាន លន់ នល់។ ក្រោយមក បន្ទាយទាហានរបស់ខ្ញុំ ត្រូវបានកងទ័ពរំដោះខ្មែរក្រហមវាយប្រហារ ទើបខ្ញុំវិលត្រឡប់មកផ្ទះវិញ។ នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមចូលក្នុងភូមិ ខ្ញុំក៏សម្រេចចិត្តចូលបម្រើជាកងទ័ពរំដោះខ្មែរក្រហមវិញ។ នៅឆ្នាំ១៩៧៥ ខ្ញុំផ្លាស់មកនៅកងដឹកជញ្ជូនរហូតដល់ឆ្នាំ១៩៧៩។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំមករស់នៅផ្ទះវិញ»។
ឈឹម វ័យ អាយុ៦៧ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងមានពិការភាពមិនអាចដើររួច រយៈពេលជិត៧ឆ្នាំ។ សព្វថ្ងៃ ឈឹម វ័យ រស់នៅភូមិអូររុណ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា «ខ្ញុំរៀបការប្រពន្ធឈ្មោះ ហៃ សុខជា និងមានកូនចំនួន៨នាក់ ក្នុងនោះប្រុស៥នាក់និងស្រី៣នាក់។ ខ្ញុំមានបងប្អូនចំនួន៣នាក់ ហើយខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារ។ កាលពីក្មេង ខ្ញុំបានចូលរៀន និងចេះអក្សរដែរ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានបង្ខំឲ្យលើកទំនប់ និងធ្វើស្រែគ្មានពេលសម្រាក ហើយ ហូបមិនបានគ្រប់គ្រាន់ទេ។ ខ្ញុំរស់នៅពិបាកណាស់ក្នុងរបបខ្មែរក្រហម។ ខ្ញុំបាត់បង់បងប្រុសម្នាក់ក្នុងរបបខ្មែរក្រហម។ ខ្ញុំពិការដើរមិនរួចរយៈពេល៧ឆ្នាំមកហើយ។ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់រទេះរុញឲ្យខ្ញុំដើម្បីជួយសម្រួលក្នុងការដំណើរ»។
អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា