មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំដំណើរទស្សនកិច្ចសិក្សាអំពី «ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធប្រជាធិបតេយ្យ» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់ទៅលើ «ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)» ដល់និស្សិតស្ម័គ្រចំនួនចំនួន៦៨នាក់ មកពីតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។
ទិដ្ឋភាពទូទៅ និងគោលបំណង៖
នៅថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃអ្នកស្ម័គ្រចិត្តសហរដ្ឋអាមេរិក (AmeriCorps) ដែលជាទីភ្នាក់ងារសម្រាប់សេវាជាតិ និងការងារស្ម័គ្រចិត្ត។ទីភ្នាក់ងារនេះបង្កើតឡើងដោយប្រធានាធិបតី គ្លីនតុន នៅឆ្នាំ១៩៩៣ ដើម្បីផ្តល់ការងារដល់ប្រជាជនសហរដ្ឋអាមេរិកនៅទូទាំងប្រទេស អាចបម្រើសហគមន៍របស់ខ្លួន មានដូចជាការផ្តោតទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ ការអប់រំ ការអភិរក្សភាសាកំណើត ការគាំទ្រដល់ទាហានចូលនិវត្តន៍ នៅពេលដែលគាត់ផ្លាស់ប្តូរពីភារកិច្ចយោធាទៅជាប្រជាជនស៊ីវិល និងជួយលើវិស័យយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋពេញវ័យឲ្យរស់នៅក្នុងសង្គមឡើងវិញ។
ការផុសគំនិត និងឥទ្ធិពលនៃអ្នកស្ម័គ្រចិត្តសហរដ្ឋអាមេរិកនេះ បានកើតឡើងមកលើមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយបានជ្រើសរើសអ្នកស្ម័គ្រចិត្តកម្ពុជា (CamboCorps) ដើម្បីបង្កើតនូវស្មារតីដូចគ្នានឹងសេវាកម្មជាតិ និងការងារស្ម័គ្រចិត្តសម្រាប់យុវជនកម្ពុជា។ នៅឆ្នាំ២០២១ មជ្ឈមណ្ឌលឯកសារកម្ពុជាបានជ្រើសរើសអ្នកស្ម័គ្រចិត្តកម្ពុជា ដើម្បីផ្សារភ្ជាប់យុវជនកម្ពុជាជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងគោលបំណងឲ្យអ្នកស្ម័គ្រចិត្តកម្ពុជារៀនសូត្រពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាំទ្រគាត់ក្នុងការទទួលបានការថែទំា និងពិនិត្យសុខភាព ព្រមទាំងបង្កើតកិច្ចសន្ទនាអន្តរជំនាន់ដែលរួមចំណែកក្នុងការថែរក្សាប្រវត្តិសាស្រ្តកម្ពុជា។
សម្រាប់អ្នកជំនាន់មុន ដែលបានឆ្លងកាត់សង្គ្រាមលោកលើកទីពីរនៅអឺរ៉ុប ឬរបបខ្មែរក្រហមនៅប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ផ្លូវរថភ្លើងគឺជាមធ្យោបាយមួយដែលត្រូវបានប្រើប្រាស់សម្រាប់ឧក្រិដ្ឋកម្មជាប្រព័ន្ធប្រឆាំងនឹងមនុស្សជាតិ ឬអំពើប្រល័យពូជសាសន៍ តាមរយៈការជម្លៀសប្រជាជនជាច្រើនដោយបង្ខំ។
ប្រជាជនប្រហែលប្រាំមួយលាននាក់នៅអឺរ៉ុប និងពីរលាននាក់នៅកម្ពុជាត្រូវបានបាត់បង់ជីវិត។ ស្ថានីយនីមួយៗប្រែក្លាយជាទីកន្លែងកំណត់ជោគវាសនារបស់ប្រជាជន ហើយប្រជាជនទាំងអស់ត្រូវបានអស់ជីវិតនៅជុំរុំនៃរបបណាស៊ី ឬវាលពិឃាដនៃរបបខ្មែរក្រហម។
ព្រឹត្តិការណ៍ទាំងនេះ បានរម្លឹកយើងពីការចងចាំរបស់អ្នកជំនាន់មុនអំពីរបៀប ដែលផ្លូវរថភ្លើងបានប្រើប្រាស់សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅពេលនោះ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមនុស្សជំនាន់ក្រោយមិនអាចបំភ្លេចបាន។
តាមរយៈការវិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធថ្មីៗកាន់តែកើនឡើង និងសម្រាប់អំឡុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ ទីតាំងប្រវត្តិសាស្ត្រទាំងនេះអាចនឹងត្រូវបាត់បង់ ហើយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក៏មិនអាចបន្តប្រាប់រឿងរ៉ាវទាំងនោះបានទៀតដែរ។
ពេលនេះអាចជាឱកាសដ៏ល្អបំផុតសម្រាប់យុវជន ដើម្បីធ្វើទស្សនកិច្ចសិក្សាកន្លែងប្រវត្តិសាស្ត្រដែលអំពើប្រល័យពូជសាសន៍បានកើតឡើង តាមរយៈកម្មវិធីមានឈ្មោះថា “ផ្លូវរថភ្លើងខ្មែរក្រហម៖ ទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យសម្រាប់យុវជន ការជម្លៀសដោយបង្ខំ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)” ដែលអ្នកស្ម័គ្រចិត្តកម្ពុជា នឹងជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដើម្បីស្តាប់ការពិត។ ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងស្នូលចំនួនបី៖
១- ស្វែងយល់ពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលត្រូវបានជម្លៀសដោយបង្ខំតាមរថភ្លើង
នៅពេលដែលខ្មែរក្រហមកាន់អំណាចគ្រប់គ្រងទីក្រុង ខ្មែរក្រហមបានប្រព្រឹត្តិឧក្រិដ្ឋកម្មដ៏ឃោរឃៅមួយ ដោយបានបណ្តេញប្រជាជនចេញពីលំនៅដ្ឋានដោយបង្ខំ។ ការជម្លៀសនេះ បានផ្តល់ផលវិបាកដល់ផ្លូវកាយ និងផ្លូវចិត្ត និងបានបំផ្លាញសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ ជនរងគ្រោះនៃការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហមត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះដោយគ្មានហេតុផលតាមច្បាប់ជាតិ និងអន្តរជាតិ។ ដោយសារតែឧក្រិដ្ឋកម្មនេះមានភាពជាក់ស្តែង ហើយស្ទើរតែគ្រប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានឃើញ ឬជួបប្រទះដោយផ្ទាល់ ធ្វើឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ងាយស្រួលក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហមទាំងពីររូបគឺ នួន ជា និងខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីការជម្លៀសដំណាក់កាលទីមួយ និងទីពីរនៅក្នុងសំណុំរឿង០០២/០១។
ខ្មែរក្រហមបានប្រព្រឹត្តឧក្រិដ្ឋកម្មជម្លៀសប្រជាជនដោយបង្ខំជាបីដំណាក់កាល៖
ដំណាក់កាលទីមួយ៖ គឺភ្លាមៗនៃការចូលកាន់កាប់ទីក្រុងនានា នៅថ្ងៃទី១៧ ខែមេសា ដល់ ខែកញ្ញា ឆ្នាំ១៩៧៥។ ទាហានខ្មែរក្រហមតែងតែប្រាប់ប្រជាជនតាមរយៈកាណុងកាំភ្លើងថា ចាកចេញតែបីថ្ងៃប៉ុណ្ណោះ ដើម្បីគេចពីការទម្លាក់គ្រាប់បែក បេ៥២ របស់សហរដ្ឋអាមេរិក។
ដំណាក់កាលទីពីរ៖ គឺចាប់ពីក្រោយខែកញ្ញា ឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៧។ ប្រជាជនមកពីភូមិភាគ កណ្តាល ភូមិភាគនិរតី និងភូមិភាគបូព៌ា ត្រូវបានជម្លៀសឆ្ពោះទៅកាន់ខេត្តសៀមរាប ព្រះវិហារ និងភូមិភាគពាយ័ព្យ រួមមានខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ប្រជាជនត្រូវបានគេប្រាប់ថាផ្លាស់ទីលំនៅដើម្បីទៅតំបន់ដែលមានអាហារច្រើន និងដីមានជីវជាតិសម្រាប់ការដាំដុះ។
ដំណាក់កាលទីបី៖ គឺចាប់ពីចុងឆ្នាំ១៩៧៧ ដល់ចុងឆ្នាំ១៩៧៨។ ការជម្លៀសនេះធ្វើឡើងសម្រាប់ប្រជាជនមកពីភូមិភាគបូព៌ា នៅពេលមានសង្រ្គាមកាន់តែខ្លាំងជាមួយវៀតណាម និងការបោសសម្អាតកម្មាភិបាលភូមិភាគបូព៌ា។ អ្នកជម្លៀសទាំងនោះគឺជាកម្មាភិបាល និងទាហានខ្មែរក្រហម ត្រូវបានចោទប្រកាន់ថា ជាជនក្បត់ និងមានទំនាក់ទំនងជាមួយវៀតណាម ឬ សោ ភឹម ដែលជាលេខាភូមិភាគបូព៌ា និងប្រជាជនថ្មីដែលជម្លៀសមកពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងៗ។ ប្រជាជនភាគច្រើនគឺមកពីខេត្តព្រៃវែង និងស្វាយរៀង ត្រូវបញ្ជូនទៅខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង។
អ្នកជម្លៀសត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅចុងក្រោយ តាមរយៈមធ្យោបាយ ឡានដឹកទំនិញ រទេះគោ ទូក រថភ្លើង ឬដោយថ្មើរជើង។ រថភ្លើងហាក់ដូចជាមធ្យោបាយអំណោយផលរបស់ខ្មែរក្រហមប្រើសម្រាប់ការជម្លៀសដោយបង្ខំនៅដំណាក់កាលទី២ និងដំណាក់កាលទី៣ ទៅកាន់ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ក្នុងទូររថភ្លើងមួយមានប្រជាជនប្រហែល១០០នាក់ ឈរចង្អៀតគ្នា ហើយសំខាន់ទៀតនោះគឺគ្មានអាហារ និងទឹកគ្រប់គ្រាន់សម្រាប់បរិភោគ។ ដោយសារស្ថានភាពធ្វើដំណើរមានភាពអាក្រក់ ធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ក្នុងពេលជម្លៀសដោយបង្ខំនោះ។
២-បង្កើនការយល់ដឹងអំពីរឿងរ៉ាវ ដែលមិនបានចងក្រង/បោះពុម្ភផ្សាយ នៃប្រវត្តិសាស្រ្តផ្ទាល់មាត់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមរបស់អ្នកស័្មគ្រចិត្តកម្ពុជា តាមរយៈបទពិសោធន៍របស់មជ្ឈ មណ្ឌលឯកសារកម្ពុជា ក្នុងការចងក្រង និងផ្សព្វផ្សាយប្រវត្តិសាស្រ្តផ្ទាល់មាត់ពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មានប្រជាជនពីរលាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម ប៉ុន្តែមានអ្នករស់រានមានជីវិតប្រមាណប្រាំលាននាក់ ដើម្បីប្រាប់ពីអ្វីដែលគាត់បានជួបប្រទះ។ ក្នុងចំណោមប្រជាជនប្រាំលាននាក់នោះ ដែលស្មើនឹង ៣៣.១៦% នៃចំនួនប្រជាជនសរុប ប្រជាជនជាច្រើនបានស្លាប់ តែនៅមានប្រជាជនមួយចំនួននៅមានជីវិត ដែលរឿងរ៉ាវរបស់គាត់នៅតែមិនទាន់បានស្តាប់ និងមិនទាន់ដឹងឮនៅឡើយ។
៣-ផ្តល់ឱកាសដល់យុវជនដើម្បីស្វែងយល់ពីផ្លូវរថភ្លើង និងការធ្វើដំណើរតាមរថភ្លើងដើម្បីលើកកម្ពស់ការចូលរួមពីលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងសម័យបច្ចុប្បន្ន រថភ្លើងត្រូវបានប្រើប្រាស់ជាមធ្យោបាយមួយសម្រាប់ការធ្វើដំណើរប្រចំាថ្ងៃ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយប្រសិទ្ធភាព និងមានតម្លៃទាប និងបញ្ចៀសផលប៉ះពាល់ដល់ បរិស្ថាន ដែលនាំមកនូវនិរន្តរភាព។
នៅប្រទេសឥណ្ឌាវិញ មានទស្សនៈមួយលើកឡើងអំពីផ្លូវរថភ្លើង ដែលបានឆ្លុះបញ្ចាំងពីចលនាដើម្បីសេរីភាពដឹកនាំដោយ មហាត្មៈ គន្ធី (Mahatma Gandhi) ។ គោលការណ៍អហិង្សារបស់លោក មហាត្មៈ គន្ធី បាននាំឲ្យប្រទេសឥណ្ឌាទទួលបានឯករាជ្យពីចក្រភពអង់គ្លេស និង បានក្លាយជាប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក ដែលមានប្រជាជនសរុបចំនួន ១.៤ ពាន់លាននាក់។
ទស្សនៈសំខាន់ពីរអំពីប្រវត្តិសាស្ត្រទាក់ទងនឹងផ្លូវរថភ្លើងគឺ ១).ផ្លូវរថភ្លើងនៃភាពអស់សង្ឃឹម ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ២).ផ្លូវរថភ្លើងជាសេចក្តីសង្ឃឹម សម្រាប់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈអត្ថប្រយោជន៍នៃផ្លូវរថភ្លើង។
ទិសដៅ៖
សិរីសោភ័ណ, ព្រះនេត្រព្រះ, ថ្មពួក, សិរីសោភ័ណ, និងភ្នំស្រុក ស្ថិតក្នុងផ្នែកទី៥ ភូមិភាគពាយ័ព្យ ដែលគ្រប់គ្រងដោយ រស់ ញឹម ជាលេខាភូមិភាគ ដែលមាន តា កឺ និងតាប៉ែត ជាអនុលេខា។
ទីតាំងដែលបានកំណត់គឺ (១) តំបន់៥ ស្ថិតនៅស្ថានីយ៍រថភ្លើងក្រុងសិរីសោភ័ណ ដឹកនាំដោយ ម៉ែន ជុន ហៅ ហ៊ឹង និង អនុលេខាតំបន់ ឈ្មោះ ឆ្នាំង ហៅ ជាល ដែលជាកូនប្រុសរបស់ រស់ ញឹម។ (២) ប្រាសាទបន្ទាយឆ្មារត្រូវបានរងគ្រោះដោយសង្រ្គាមស៊ីវិលនៅឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥ និងត្រូវបានបោះបង់ចោលនៅក្នុងរបបខ្មែរក្រហម ហើយក៏នៅតែស្ថិតនៅក្នុងតំបន់សមរភូមិនៅបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ (៣) ស្រុកព្រះនេត្រព្រះ ដែលជាកន្លែងធ្វើការក្នុងលក្ខខណ្ឌការងារដ៏ឃោរឃៅ និងដឹកនាំដោយ អាន ម៉ោង ដែលត្រូវបានសម្លាប់នៅឆ្នាំ១៩៧៧ និងបន្ទាប់មកដឹកនាំដោយ អ៊ឹម ចែម ដែលជាជនសង្ស័យក្នុងសំណុំរឿង០០៤ របស់ អ.វ.ត.ក. ដែលត្រូវបានចោទប្រកាន់ពីការទទួលខុសត្រូវលើឧក្រិដ្ឋកម្មនៅទំនប់ត្រពាំងថ្ម។ កន្លែងចុងក្រោយគឺវត្តរំលេច ស្ថិតក្នុងតំបន់២ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ វត្តរំលេច គឺជាកន្លែងសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។ វត្តរំលេច មានប្រជាជនខ្មែរក្រោមជាច្រើននាក់ត្រូវបានសម្លាប់ ហើយក៏មានប្រជាជនជាច្រើននាក់ដែលត្រូវបានជម្លៀសដោយបង្ខំពីខេត្តស្វាយរៀង និងខេត្តព្រៃវែង ក៏ត្រូវបានសម្លាប់ក្នុងបរិវេណវត្តនេះ។