អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ រំឭកឡើងវិញពីការងារលើកទំនប់ក្នុងរបបខ្មែរក្រហម

ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក ទូច វណ្ណេត, សាំង ចាន់ធូ, លី ដេវីត និង ស៊ាង ចិន្ដា បានចុះទៅកាន់តំបន់ទំនប់ដែលកសាងឡើងក្នុងរបបខ្មែរក្រហម សរុបចំនួន​៧​ទីតាំង គឺ ១) ទំនប់អណ្ដូងអាង, ២) ទំនប់ទឹកឆា, ៣) ទំនប់តាកុដ, ៤) ទំនប់ក្បាលទឹក, ៥) ទំនប់បឹងធំ, ៦) ទំនប់ស្រុកជើងព្រៃ និង៧) ទំនប់តំបន់៤១ ស្ថិតនៅក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ក្នុងភូមិសាស្រ្តតំបន់៤១នៃ​ភូមិភាគ​កណ្ដាល (ភូមិភាគឧត្តរចាស់) ក្នុងរបបខ្មែរក្រហម។ ទីតាំងទំនប់ខាងលើ បច្ចុប្បន្នប្រែក្លាយទៅជាអាងស្ដុកទឹកសម្រាប់ស្រោចស្រពដំណាំ ស្រែ ចម្ការ និងជាកន្លែងសម្រាប់ប្រជាជនមូលដ្ឋានមកទស្សនា កម្សាន្តនាពេលល្ងាច និងចុង​សប្ដាហ៍។

នៅក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៦ ដល់ចុង ឆ្នាំ១៩៧៨ ប្រជាជននៅភូមិសាស្រ្តតំបន់៤១ ត្រូវអង្គការចាត់តាំង និងប្រមូលផ្ដុំ រួចហើយបញ្ជូនទៅធ្វើការងារនៅតាមការដ្ឋានទំនប់ខាងលើ។ ប្រជាជនជាច្រើនបានបាត់បង់ជីវិត​ដោយ​សារ​ការបង្ខំឲ្យធ្វើការលើកទំនប់ហួសកម្លាំង, ការគ្មានអាហារបរិភោគគ្រប់គ្រាន់, ការធ្លាក់ខ្លួនឈឺដោយគ្មានថ្នាំព្យាបាល និងការកាប់សម្លាប់។

ខាងក្រោម គឺជាការរៀបរាប់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់ធ្វើការងារនៅតាមការរដ្ឋានទំនប់ក្នុងតំបន់៤១៖

ខ្ញុំឈ្មោះ ហ៊ាង សាយ អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៦០ ខ្ញុំរៀបការប្ដីឈ្មោះ គ្រឹន និងមានកូនប្រុសស្រីសរុបចំនួន៧នាក់។ ខ្ញុំគឺជាបងស្រីច្បងក្នុងចំណោម​បងប្អូនប្រុស​ស្រីចំនួន៧នាក់ ហើយខ្ញុំគឺជាកូនទី១។ ខ្ញុំមិនបានរៀនសូត្រទេ ពីព្រោះខ្ញុំទទួលបន្ទុកដាំបាយ និងមើលថែប្អូនៗ នៅពេលដែលឪពុកមា្ដយខ្ញុំចេញទៅទៅធ្វើស្រែចម្ការ។

នៅឆ្នាំ១៩៧០ ស្រាប់តែមានរដ្ឋប្រហារទម្លាក់សម្ដេចឪ។ ពេលនោះខ្ញុំឃើញបាតុករដង្ហែគ្នាទៅធ្វើបាតុកម្មនៅភ្នំពេញ។ ចន្លោះពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ កងទ័ពរំដោះខ្មែរក្រហមចូលដល់ភូមិខ្ញុំជាបន្តបន្ទាប់។ នៅពេលនោះ ការ​ប្រយុទ្ធ​គ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមចាប់ផ្ដើមផ្ទុះឡើង។ ខ្ញុំ និងគ្រួសារបានរត់ភៀសខ្លួនចេញពីភូមិទៅរស់នៅម្ដុំដូងដុំ។ នៅឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ ក្នុងទ្រង់ទ្រាយធំ រហូតដល់ទីកន្លែងដែលគ្រួសារខ្ញុំរស់នៅ។ ក្រុមគ្រួសារខ្ញុំរត់គេចខ្លួននិងចូលសម្ងំក្នុងរណ្ដៅត្រង់សេ។ នៅឆ្នាំ១៩៧៤ នៅពេលដែលប្ដីខ្ញុំទៅមើលស្រែប្រាំងនៅត្រើយម្ខាង យន្ដហោះទាហាន លន់ នល់ បើកមកទម្លាក់គ្រាប់បែក និង​បាញ់​រះពីលើ បណ្ដាលឲ្យគាត់រងរបួស។ ភ្លាមៗនោះ បងប្អូនខ្ញុំហែលឆ្លងទឹកមកយកប្ដីខ្ញុំដែលកំពុងពួនក្នុងព្រៃដើម្បីយកទៅពេទ្យព្យាបាលរបួស។

នៅពេលដែលខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ក្រុមគ្រួសារខ្ញុំបានវិលត្រឡប់មកនៅភូមិកំណើតវិញ។ នៅឆ្នាំ១៩៧៦ អង្គការខ្មែរក្រហមបានបង្កើតសហករណ៍ ដែលតម្រូវឲ្យប្រជាជនធ្វើការរួម និង ហូបរួម។ បន្ទាប់មកឪពុកខ្ញុំបានធ្លាក់ខ្លួនឈឺ និងត្រូវអង្គការចាត់តាំងឲ្យចល័តទៅខាងដូងដុំ។ ចំណែកឯម្ដាយខ្ញុំវិញត្រូវបានអង្គការបញ្ជូនទៅធ្វើការខាងកំពង់ចាម។ ខ្ញុំទទួលដំណឹងពីអ្នកភូមិថា ឪពុកខ្ញុំបានយំនឹកម្ដាយខ្ញុំ និងកូនៗ រហូតដល់​ធ្លាក់ខ្លួនឈឺ។ ចាប់ពីពេលនោះមក ខ្ញុំមិនដែលបានឃើញគាត់ទាំងពីរទៀតទេ។ ខ្ញុំត្រូវអង្គការដាក់ផែនការឲ្យនៅធ្វើការងារនៅកងចល័ត ដើម្បីស្ទូងស្រូវ និងលើកទំនប់។ ខ្ញុំធ្វើការដកស្ទូងជាមួយមិត្តៗសរុបចំនួន៣៥នាក់ ដែលមាន មិត្ត សាវួន ជាប្រធានកងចល័ត និងមិត្ត ខ្វន់ ជាអនុប្រធានកង។

បន្ទាប់មក ខ្ញុំត្រូវអង្គការបញ្ជូនទៅធ្វើអង្ករនៅតាមសហករណ៍ដូងដុំ។ ការហូបចុកគឺមិនគ្រប់គ្រាន់នោះទេ ដោយទទួលបានតែបបររាវមួយចានក្នុងមួយពេល ដូច្នេះពេលខ្លះ ខ្ញុំលួចបេះត្រួយដំឡូង ឬស្លឹកផ្ទី លាយជាមួយបបរហូប។ នៅ​ឆ្នាំ១៩៧៨ ខ្ញុំត្រូវអង្គការបញ្ជូនឲ្យទៅលើកទំនប់តំបន់ ដែលមានទីតាំងស្ថិតនៅស្រុកជើងព្រៃ។ បន្ទាប់ពីរែកដីបានមួយរយៈ ខ្ញុំគ្រេចជើង និងហើមជើង ហើយទោះបីយ៉ាងណាខ្ញុំត្រូវក្រោកទៅធ្វើការនៅទំនប់​ពីព្រលឹមទល់ព្រលប់​ដដែល​។ ប្ដីខ្ញុំត្រូវអង្គការឲ្យទៅកាប់ដើមឈើយកមកធ្វើថ្នាំ ខណៈពេលដែលកូនរបស់ខ្ញុំត្រូវបានអង្គការចាត់ចូលធ្វើការនៅក្នុងកងកុមារ។ គ្រួសារខ្ញុំត្រូវរស់នៅបែកបាក់គ្នា និងរស់នៅទាំងលំបាកវេទនា រហូតដល់របបខ្មែរក្រហមដួលរលំនៅ​ឆ្នាំ១៩៧៩ ទើបគ្រួសារខ្ញុំអាចរស់នៅជួបជុំគ្នាវិញ។ រាល់ពេលដែលខ្ញុំរំឭកអំពីរបបខ្មែរក្រហម ខ្ញុំនៅតែមានអារម្មណ៍តក់ស្លុត និងមិនអាចបំភ្លេចបាន ដូចជាការធ្វើការងារហួសកម្លាំង និងគ្មានអាហារហូបចុកគ្រប់គ្រាន់។

ខ្ញុំឈ្មោះ ស៊ន់ នាង អាយុ៦៤ឆ្នាំ កើតនៅភូមិតាកុដ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នខ្ញុំរស់នៅឃុំដដែល។ ខ្ញុំរៀបការប្ដីឈ្មោះ ឃុន និងមានកូនសរុបចំនួន៥នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។

កាលពីកុមារភាព ខ្ញុំរៀនសូត្របានតិចតួចណាស់ ពីព្រោះតែសង្រ្គាម។ ក្នុងពេលសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ខ្ញុំរត់ភៀសខ្លួនទៅរស់នៅក្នុងភូមិកេស។ ក្រោយមកទៀត ខ្ញុំឃើញកងទ័ពរំដោះខ្មែរក្រហម​ចូល​មក​ក្នុងភូមិជាបណ្ដើរៗ។

ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ ទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម បើកការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង។ ឪពុកម្ដាយខ្ញុំ នាំខ្ញុំនិងកូនៗរត់គេចខ្លួន និងចូលពួនក្នុងព្រៃ។ ចន្លោះឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៧៤ សមរភូមិប្រយុទ្ធ​រវាង​ភាគីទាំង២ផ្ទុះកាន់តែខ្លាំង រួមទាំង ការទម្លាក់គ្រាប់បែក និងការបាញ់រះពីលើអាកាស។ ដូច្នេះឪពុករបស់ខ្ញុំក៏ជីករណ្ដៅត្រង់សេដើម្បីការពារខ្លួន។

នៅឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមឡើងកាន់កាប់អំណាចទាំងស្រុង។ ប្រជាជនត្រូវអង្គការចាត់តាំងឲ្យធ្វើការងារប្រវាស់ដៃអស់រយៈពេល៤ទៅ៥ខែ ទើបសហករណ៍ត្រូវបានបង្កើត។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យ​ធ្វើការ​នៅក្នុងកងចល័តនារី ដើម្បីដើរដកស្ទូង។ ក្រោយមកទៀត អង្គការបញ្ជូនខ្ញុំទៅលើកទំនប់តំបន់ ដែលស្ថិតនៅព្រំប្រទល់រវាងស្រុកជើងព្រៃ និងស្រុកព្រៃឈរ។ មានប្រជាជនជាច្រើនពាន់នាក់ត្រូវបានបញ្ជូនមកលើកទំនប់តំបន់ ដោយកងចល័តបុរសគឺជាអ្នកកាប់ដី ចំណែកឯកងចល័តនារី គឺជាអ្នករែកដីរហូតដល់ទំនប់នេះសាងសង់រួចរាល់។

នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានមកដល់ និងគ្រប់គ្រងការដ្ឋានទំនប់។ អង្គការកំណត់របបអាហារចំពោះប្រជាជន គឺឲ្យហូបមិនបានគ្រប់គ្រាន់, ការធ្វើការងារគ្មានពេលសម្រាក និងការធ្លាក់ខ្លួនឈឺស្លាប់​ដោយសារតែគ្មានថ្នាំព្យាបាល។ ខ្ញុំរួចផុតពីការបង្ខំធ្វើការងារជាទម្ងន់នៅទំនប់ បន្ទាប់ពីប្រជាជនត្រូវបានរំដោះដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចេញពីខ្មែរក្រហម។ ខ្ញុំធ្វើស្រែចម្ការ រហូតមកដល់សព្វថ្ងៃ។

ខ្ញុំឈ្មោះ គ្រី អូនទូត អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិទូល ឃុំបាធាយ ស្រុកជើងព្រៃ (បច្ចុប្បន្ន ស្រុកបាធាយ) ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៧ ប្រធានកងចុងភៅរបស់ខ្ញុំឈ្មោះ មិត្ត ណែត ដឹកនាំខ្ញុំមកលើកទំនប់។ នៅពេលនោះ គឺជាពេលដែលកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកកាន់កាប់តំបន់ខ្ញុំរស់នៅ។ ប្រជាជនដែលមកលើកទំនប់ គឺជាប្រជាជនមកពីស្រុកជើងព្រៃ និងស្រុកព្រៃឈរ។ ក្រោយមកទៀត ខ្ញុំត្រូវបានដកទៅលើកទំនប់ផ្សេងទៀត​នៅ​ស្រុក​ជើងព្រៃរហូតដល់រំដោះប្រទេសនៅឆ្នាំ១៩៧៩។

ខ្ញុំឈ្មោះ កែវ ហុកគ្រី អាយុ៦០ឆ្នាំ កើតនៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំគឺជាមេឃុំសូទិព្វ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ធុច តៃឆេង និងមានកូនចំនួន៣នាក់។ នៅឆ្នាំ១៩៧៦ ប្រជាជនជាច្រើនរយនាក់​ត្រូវ​បាន​ចល័តមកលើកទំនប់ស្រុក។ ប្រជាជនលើកទំនប់ទាំងអស់ស្លៀកពាក់ខ្មៅ និងមើលទៅឃើញតែខ្មៅនៅពាសពេញដី។ ខ្ញុំត្រូវជីកដី និងរែកដី ទៅតាមការកំណត់របស់អង្គការ ចាប់ពីព្រលឹមទល់ព្រលប់។ ឪពុករបស់ខ្ញុំត្រូវបាន​ខ្មែរ​​ក្រហមឲ្យធ្វើជាមេ៥០ខ្នង (បើគិតនាពេលបច្ចុប្បន្ននេះវិញ គឺជាមេភូមិ)។ មួយរយៈពេលក្រោយមក ឪពុកខ្ញុំ និងមិត្តភក្តិគាត់២នាក់ផ្សេងទៀតត្រូវបានចាត់តាំងឲ្យទៅរកថ្នាំខ្មែរនៅស្រុកលើសម្រាប់​ព្យាបាលអ្នកជំងឺរយៈពេល​ប្រមាណ​​៣ខែ ទើបគាត់វិលត្រឡប់មកភូមិវិញ។ ចំណែកម្ដាយរបស់ខ្ញុំជរា និងមិនអាចទៅណាឆ្ងាញពីភូមិបានទេ ដូច្នេះការងាររបស់គាត់គឺមើលថែក្មេងៗ។ បន្ទាប់មក ឪពុកខ្ញុំត្រូវបានឲ្យធ្វើជាមេក្រុម ដែលគ្រប់គ្រងមនុស្សចំនួន​១២នាក់ដើម្បីដើររែកអង្ករ និងស្បៀងអាហារផ្សេងៗយកទៅឲ្យកងទ័ពខ្មែរក្រហមនៅសមរភូមិមុខ។ នៅពេលដែលប្រជាជនត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបគ្រួសាររបស់ខ្ញុំអាចរស់នៅជួបជុំគ្នា និងប្រកបរបរធ្វើស្រែ​ដើម្បីចិញ្ចឹមជីវិត។

អត្ថបទ និង រូបថត ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖