សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ប្រអប់សង្រ្គោះជីវិតក្នុងពេលជម្លៀសដោយបង្ខំ»

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម ដែលជាសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើប្រធានបទ «ប្រអប់សង្រ្គោះជីវិតក្នុងពេលជម្លៀសដោយបង្ខំ»។ វេទិកាថ្នាក់រៀនចុងសប្តាហ៍នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះត្រូវបានរៀប ចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ដាប់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

មុនការធ្វើបទបង្ហាញស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរំឭកអំពីព្រឹត្តិការណ៍ការសម្លាប់រង្គាល និងអំពើប្រល័យពូជសាសន៍ជាច្រើន ដែលបានកើតមានឡើងនៅក្នុងសតវត្សរ៍ទី២០ និងជាញឹកញាប់កើតនៅខែមេសា។​ លោក ស៊ាង ចិន្ដា បន្តពន្យល់ទៅកាន់សិស្សដែលចូលរួមថា «ខែមេសា គឺជាខែនៃការក្រើនរំឭកអំពីអំពើប្រល័យពូជសាសន៍ដែលបានចាប់ផ្ដើមកើតមានឡើងនៅក្នុងប្រវត្តិសាស្រ្តសកលលោក។ អំពើប្រល័យពូជសាសន៍ដែលបានចាប់ផ្ដើមកើតមានឡើងនៅក្នុងខែមេសានេះ គឺរួមមាន អំពើប្រល័យពូជសាសន៍អាមេនី (១៩១៥-១៩១៧), អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិជ្វីបនៅអឺរ៉ុប ឬហៅថា ហូឡូខសត៍ (១៩៣៣-១៩៤៥), អំពើប្រល័យពូជសាសន៍កម្ពុជា (១៩៧៥-១៩៧៩), អំពើប្រល័យពូជសាសន៍​បូស្នី(១៩៩២) និងអំពើប្រល័យពូជសាសន៍រ្វ៉ាន់ដា (១៩៩៤)។

ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា បានធ្វើបទបង្ហាញដោយផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រួមមាន ៖ រដ្ឋប្រហារលន់ នល់ នៅឆ្នាំ១៩៧០,  ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមដែលបានអូសបន្លាយរយៈពេលជិត៥ឆ្នាំ, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជនទៅកាន់ជនបទ និង ការកាប់សម្លាប់ទៅលើប្រជាជន។ បន្ថែមលើនេះទៀត លោក​ ស៊ាង​ ចិន្ដា បានចាក់បញ្ចាំងវីដេអូអំពីការជម្លៀសប្រជាជនដោយបង្ខំ និងការធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់។ ផ្នែកចុងក្រោយនៃបទបង្ហាញរបស់លោក ស៊ាង ចិន្ដា គឺផ្តោតទៅលើនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ និងប្រល័យពូជសាសន៍។

បន្ទាប់ពីបទបង្ហាញបានបញ្ចប់ លោក ស៊ាង ចិន្ដា បន្តដឹកនាំកិច្ចពិភាក្សាទៅលើប្រធានបទ ៖ «ប្រអប់សង្រ្គោះជីវិត និងទិសដៅជម្លៀសដោយបង្ខំ» និងបែងចែកយុវសិស្សចូលរួមទាំងអស់ទៅជា៥ក្រុម។ សកម្មភាពនៃប្រអប់សង្រ្គោះជីវិត និងទិសដៅជម្លៀសដោយបង្ខំ» បានធ្វើឡើងដើម្បីឲ្យយុវសិស្សដែលជាក្មេងជំនាន់ក្រោយមានការត្រិះរិះពិចារណារបស់ខ្លួន ក្នុងការបង្កើតប្រអប់សង្រ្គោះរបស់ខ្លួនក្នុងគ្រាលំបាក​ និងយល់អំពីទុកលំបាករបស់ប្រជាជនជម្លៀសក្នុងអាកាសធាតុក្ដៅក្នុងខែមេសា។

ក្រុមពិភាក្សាទាំង៥ទទួលបានប្រធានបទទិសដៅជម្លៀសដោយបង្ខំផ្សេងៗគ្នា និងមានរយៈពេល១៥នាទីដើម្បីពិភាក្សាជាក្រុមក្នុងការជ្រើសរើសយកសម្ភាចំាបាច់ ក្នុងការធ្វើដំណើរថ្មើរ​ជើង​ក្រោម​កម្ដៅថ្ងៃនៃខែមេសា។ បន្ទាប់ពីការពិភាក្សាបានបញ្ចប់ ក្រុមនីមួយៗបានជ្រើសរើសតំណាងដើម្បីប្រាប់ពីទីតាំងត្រូវបានជម្លៀសទៅ និងសម្ភារដែលក្រុមរបស់ខ្លួនបានជ្រើសរើស ដូចខាងក្រោម ៖

  • ក្រុមទី១ ដែលមានសមាជិកក្រុម រួមមាន យ៉ុន សេងហួយ, ហាក់ កញ្ញា,​​ លឹម ពៅ, ឆាយ លីណេ, ឌឺន ថុនា, រេត មុនីរត្ន, ខឿន ស្រីនាង, នាថ ហេងរ៉ា, ឈួន ឈុនហ៊ាង និង ហន ស្រីណេង ទទួលបានទិសដៅជម្លៀសពីទីក្រុងភ្នំពេញមកកាន់ស្រុកចំការលើ ខេត្តកំពង់ចាម និងបានជ្រើសរើសសម្ភារ និងរបស់របរដាក់ក្នុងប្រអប់សង្រ្គោះជីវិតរបស់ខ្លួន រួមមាន ៖ ឆ្នាំង, ក្រមា, ទឹក, អង្ករ, ថ្នាំប៉ារ៉ា, ចង្កៀង, ក្អម, កាំបិត, ចាន, ស្លាបព្រា និងសម្លៀកបំពាក់។ ក្រុមទី១បានបន្ថែមថា «ការជ្រើសរើសយកសម្ភារខាងលើនេះ គឺសំខាន់ណាស់ក្នុងការចាកចេញពីផ្ទះដើម្បីធ្វើដំណើរវែងឆ្ងាយ និងក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង»។
  • ក្រុមទី២ ដែលមានសមាជិកក្រុមរួមមាន លន់ ប៊ុនណូ, ឡេង វិចិត្ត, ស៊ី ស៊ឺ, ភោគ ថាវី, សំ មុននី, ជឿន បុផ្ផាលីហ្សា, សល់ សុធារ៉ា, ផៃ គន្ធា, ខេង សូលីដា, និងថាំ ធារ៉ា ទទួលបានទិសដៅជម្លៀសពីទីក្រុងភ្នំពេញមកកាន់ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានជ្រើសរើសសម្ភារ និងរបស់របរដាក់ក្នុងប្រអប់សង្រ្គោះជីវិតរបស់ខ្លួនរួមមាន ៖ ទឹក, អង្ករ, សម្លៀកបំពាក់, ចាន, ឆ្នាំង, កាំបិត, ដែកកេះ, អំបិល ប្រហុក, ថ្នាំសង្កូវ និងអាហារក្រៀម។ ក្រុមទី២បានបន្តថា «ទឹកមានសារសំខាន់ជាងគេ ពីព្រោះខែមេសា មានអាកាសធាតុក្ដៅខ្លាំង ហើយយើងត្រូវផឹកទឹកជាចាំបាច់»។
  • ក្រុមទី៣ ដែលមានសមាជិកក្រុម រួមមាន ណាល់ ស្រីមុំ, សែម នីហ្សា, ស៊ុល សៃណាល់, សុខ សុខិតា, ប៉ុម គឹមស័ង, គិត លីហ្សា, ជួន សុភក្រ្តា, ចាន់ ដា, ឆេន ឈុននី, ឌីន ធីតា, និង ណាស៊ាត រ៉ូហ្សានី ទទួលបានទិសដៅជម្លៀសពីទីក្រុងភ្នំពេញមកកាន់ស្រុកកោះសូទិន ខេត្តកំពង់ចាម និងបានជ្រើសរើសសម្ភារ និងរបស់របរដាក់ក្នុងប្រអប់សង្រ្គោះជីវិតរបស់ខ្លួនរួមមាន ទឹក, ថ្នាំ, អាហារ, ឆ្នាំងដាំបាយ, មាសប្រាក់, ក្រមា, ខ្ទឹមស, កាំបិត, ស្បែកជើង, អង្ករ និងអំបិល។ ក្រុមទី៣បានគូសបញ្ជាក់ថា «អាហារ និង បាយ អាចជួយឲ្យយើងមានកម្លាំងបន្តដំណើរទៅមុខបាន»។
  • ក្រុមទី៤ ដែលមានសមាជិកក្រុម រួមមាន ណុល លីណា, គង់ សុខគា​, កេម វិនី​, ហ៊ាង ធារី, ស្រេង រតនា​,​ សារី រំលី, ថាត សុភ័ក្រ, យ៉េ នីតា, ផន ឧត្តម, លីម រតនា, រៀម ចាន់រដ្ឋា និង រដ្ឋា រតនា ទទួលបានទិសដៅជម្លៀសពីទីក្រុងភ្នំពេញមកកាន់ស្រុកស្ទឹងត្រង់ និងបានជ្រើសរើសសម្ភារ និងរបស់របរដាក់ក្នុងប្រអប់សង្រ្គោះជីវិតរបស់ខ្លួនរួមមាន ទឹកចាំបាច់បំផុត, អង្ករសម្រាប់យកមកដាំបាយ, ថ្នាំសង្កូវសម្រាប់ព្យាបាលពេលឈឺ, សម្លៀកបំពាក់ប្រើសម្រាប់បិទបាំងរាងកាយ, ចង្កៀងប្រេងប្រើសម្រាប់ពន្លឺពេលយប់, មាស ពេជ្រ, ក្រមាសម្រាប់ទទូរពេលដើរហាលថ្ងៃ, ភួយសម្រាប់ដណ្ដប់ការពារភាពត្រជាក់, ស្បែកជើង, មុង ការពារកុំឲ្យមូសខាំ, ម្ហូបសម្រាប់ហូប និងកាំបិតសម្រាប់ប្រើប្រាស់។ ក្រុមទី៤បានលើកឡើងអំពីសម្ភារមួយដែលខុសភ្លែកពីក្រុមផ្សេងទៀតនោះគឺចង្រ្កៀងថា «ការធ្វើដំណើរដោយថ្មើរជើងក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងក្នុងខែមេសានេះ គឺមិនបានឆ្ងាយនោះទេ និងពិតថាហត់នឿយខ្លាំងណាស់។ ដូច្នេះហើយ យើងបានយកចង្កៀងបំភ្លឺផ្លូវដើម្បីធ្វើដំណើរនៅពេលយប់ ដែលមិនសូវក្ដៅ»។
  • ក្រុមទី៥ ទទួលបានទិសដៅជម្លៀសពីទីក្រុងភ្នំពេញមកកាន់ស្រុកកងមាស ខេត្តកំពង់ចាម។ សមាជិកក្នុងក្រុមបានជ្រើសរើសសម្ភារ និងរបស់របរដាក់ក្នុងប្រអប់សង្រ្គោះជីវិតរបស់ខ្លួនរួមមាន៖ ទី១) រៀម រតនា យកអង្ករទុកដាំបាយតាមផ្លូវ។ ទី២) រ៉េត រដ្ឋា យកផ្អកដើម្បីហូប​​ជា​មួយបាយ។ ទី៣) រំលី រ៉ទីយ៉ា យកស្ករផែន ពីព្រោះស្ករផែនអាចផ្ដល់កម្លាំងដល់យើងពេលធ្វើដំណើរនិងមិនមានអាហារហូប។ ទី៤) វែង វួចលី យកទឹកដើម្បីផឹក។ ទី៥) មឿន សុម៉ាវត្ត យកថ្នាំសង្រ្គោះបឋមដើម្បីប្រើប្រាស់នៅពេលធ្លាក់ខ្លួនឈឺ។ ទី៦) ផុន យូរីណា យកកាំបិតដើម្បីប្រើប្រាស់។ ទី៧) វ៉ុន ដាម៉ាន់ យកប្រហុកដើម្បីហូប ពីព្រោះប្រហុកអាចរក្សាទុកបានយូរ។ ទី៨-៩) សេង រិន និង ហេង សុគន្ធ យកដែកកេះដើម្បីបង្កាត់ភ្លើង និង ទី១០)ដំរី សហ្វារី យកឆ្នាំងដើម្បីដាំបាយ និងស្ល។

ក្រុមនីមួយៗបានឡើងចែករំលែកអំពីសម្ភារ និងរបស់របរក្នុងប្រអប់សង្រ្គោះជីវិត និងទិសដៅជម្លៀសរបស់ខ្លួន និងការយល់ឃើញរបស់ខ្លួនអំពីទុក្ខលំបាករបស់ប្រជាជនដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ខ្លួន និងធ្វើដំណើរក្រោមកម្ដៅព្រះអាទិត្យនៃខែមេសា។

កម្មវិធីបន្ទាប់​ គឺការចុះទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ដែលស្ថិតនៅកណ្ដាលវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ នៅពេលទៅដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍នេះ សិស្សទាំងអស់ត្រូវបានផ្តល់ឱកាសឲ្យជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ៊ំប្រុស តុង សុភា អ្នករស់រានមានជីវិតពរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិប បាននិយាយប្រាប់សិស្សអំពីទីតាំងសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហម, បទពិសោធន៍ និងការបាត់បង់ឳពុក និងគោលបណងនៃការសាងសង់ចេតិយរំឭកនេះឡើង។ បន្ទាប់មក សិស្សចូលរួមទាំងអស់បន្តទៅទស្សនកិច្ចនៅវត្តរកាគយដែលជាអតីតបន្ទាយទាហាន លន់ នល់ និងទីតាំងសមរភូមិក្ដៅរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។

សិស្ស វ៉ែង វួចលី រៀនថ្នាក់ទី១២ មុខវិជ្ជាវិទ្យាសាស្រ្តពិតនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ បង្ហាញទស្សនយល់ឃើញបន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនថា «ខ្ញុំទទួលបានចំណេះដឹងថ្មីៗអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និង វិនាសកម្ម ព្រមទាំងការបាត់បង់ដែលបន្សល់ទុកដោយរបបនេះ។ ខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់ប្រជាជនជំនាន់មុនខ្លាំងណាស់។ បន្ថែមលើនេះទៀត ខ្ញុំដឹងអំពីព្រឹការណ៍សម្លាប់រង្គាល និងអំពើប្រល័យពូជសាសន៍ដែលបានចាប់ផ្ដើមនៅទីកន្លែងផ្សេងទៀតក្នុងប្រវត្តិសាស្រ្តសកលលោកនៅខែមេសានេះដែរ»។

សិស្ស ហ៊ាង ធារី ថ្នាក់ទី១២ មុខវិជ្ជាវិទ្យាសាស្រ្តពិតនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ និយាយថា «ខ្ញុំមិនដែលដឹងទេថា ខែមេសា គឺជាខែដាស់តឿន និងរំឭកអំពីអំពើប្រល័យដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត។ ការចងចាំអំពីជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម និងការស្ដាប់រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតដែលបានឆ្លងកាត់របបនេះ គឺពិតជាមានអត្ថន័យណាស់សម្រាប់ខ្ញុំដែលជាក្មេងជំនាន់ក្រោយ។ ខ្ញុំនឹងខិតខំរៀនសូត្របន្ថែមទៀតដើម្បីចូលរួមការពារកុំឲ្យរបបនេះកើតឡើងជាថ្មីម្ដងទៀត»។

សិស្ស សាលី រំលី ថ្នាក់ទី១២ មុខវិជ្ជាវិទ្យាសាស្រ្តពិតនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ទទួលបានចំណេះដឹងថ្មីៗដែលខ្លួនមិនដែលដឹងពីមុនមក និងបានលើកឡើងថា «ខ្ញុំយល់ដឹងអំពីប្រជាជនខ្មែរជំនាន់មុនដែលបានរស់នៅឆ្លងកាត់សង្រ្គាមរ៉ុំារ៉ៃ និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំដឹងអំពីទុកលំបាកប្រជាជនជម្លៀសក្នុងអាកាសធាតុក្ដៅ និងការមិនមានសម្ភារគ្រប់គ្រាន់នៅពេលនោះ។ ខ្ញុំមានការអាណតិអាសូរដល់អ្នកទាំងនោះ»។

អត្ថបទ ៖ លី ដេវីត និង ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម