ស្រេង ស៊ីថា ៖ ខ្មែរក្រហមសម្លាប់ក្រុមគ្រួសារនិងម្តាយរបស់ខ្ញុំទាំងមានផ្ទៃពោះជិតគ្រប់ខែ

ខ្ញុំឈ្មោះ ស្រេង ស៊ីថា អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាអតីតគ្រូបង្រៀនថ្នាក់ទី១នៅសាលាបឋមសិក្សាទីប្រជុំ។ ខ្ញុំរៀបការប្ដីឈ្មោះ អ៊ុត ម៉ៅ និងមានកូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ស ស្រេង គឺជានាយទាហានក្នុងរបប លន់ នល់ និងម្ដាយឈ្មោះ មែន ជា។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ ខ្ញុំមានស្រុកកំណើតនៅភូមិចុងកោះជើង ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅវ័យកុមារ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាទួលថ្មរហូតដល់បញ្ចប់ថ្នាក់ទី៧ចាស់។ ខ្ញុំបានប្រឡងចូលរៀនថ្នាក់ទី៦នៅ វិទ្យាល័យព្រះសីហនុ។

បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅដើមឆ្នាំ១៩៧០ ខ្ញុំឃើញមានការធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាម។ បាតុកម្មបានអូសបន្លាយរយៈពេលប្រហែល២ទៅ៣ថ្ងៃ។ មិនយូរប៉ុន្មានបន្ទាប់ពីបាតុកម្មបានបញ្ចប់ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើង។ នៅពេលនោះ ឪពុករបស់ខ្ញុំគឺជានាយទាហាន លន់ នល់ ថ្នាក់អនុសេនីយ៍ឯក។ ចាប់ពីចុងឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧២ សង្រ្គាមរវាងទាហាន លន់ នល់ ដែលឈរជើងនៅតាមក្រវាត់ក្រុងកំពង់ចាម និងកងទ័ពរំដោះខ្មែរក្រហមដែលឈរជើងនៅតាមភូមិផ្ទុះឡើងកាន់តែខ្លាំងឡើង។ នៅឆ្នាំ១៩៧៣ ដោយបានឃើញស្ថានភាពការណ៍មិនស្រួល ឪពុករបស់ខ្ញុំបាននាំគ្រួសារទៅជិះយន្តហោះស្ថិតនៅម្ដុំវាលវង់ ក្នុងក្រុងកំពង់ចាម ដើម្បីរកកន្លែងសុវត្ថិភាពគឺទីក្រុងភ្នំពេញ។ បន្ទាប់មក ឪពុករបស់ខ្ញុំបានផ្លាស់ទៅធ្វើការនៅកំពង់សោម។ ខ្ញុំនិងក្រុមគ្រួសារបានទៅរស់នៅជាមួយឪពុកនៅទីនោះដែរ។

ស្រេង ស៊ីថា អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ (ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៤ ឪពុករបស់ខ្ញុំបានផ្លាស់មកធ្វើការនៅភ្នំពេញវិញ។ នៅពេលនោះ ឪពុកនិងម្ដាយរបស់ខ្ញុំបានទិញផ្ទះមួយនៅម្ដុំវត្តទឹកល្អក់។ ខ្ញុំបានចូលរៀននៅសាលាឯកជនមួយឈ្មោះ តារាសាស្រ្ត ដោយបានរៀនត្រឹមថ្នាក់ទី៤។ ប៉ុន្មានខែបន្ទាប់មក ឪពុករបស់ខ្ញុំទទួលបានតួនាទីជាបាឡ័តខេត្តកំពត។ នៅពេលនោះ ឪពុករបស់ខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តកំពតតាមរយៈយន្តហោះខ្នាតតូច ព្រោះការធ្វើដំណើរតាមផ្លូវគោកគឺមិនមានសុវត្ថិភាពឡើយ ហើយអាចទទួលរងការវាយប្រហារពីកងទ័ពរំដោះខ្មែរក្រហម។ ម្ដាយ និងបងប្អូនរបស់ខ្ញុំផ្សេងទៀតគឺបន្តរស់នៅទីក្រុងភ្នំពេញ។ នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមខិតជិតមកដល់ទីក្រុងភ្នំពេញ ឪពុករបស់ខ្ញុំសម្រេចចិត្តជិះយន្តហោះខ្នាតតូចវិលត្រឡប់មកភ្នំពេញដើម្បីជួបជុំជាមួយគ្រួសារ។ ឪពុករបស់ខ្ញុំបានមកដល់ផ្ទះវិញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ គឺមួយថ្ងៃមុនពេលកងទ័ពរំដោះខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅវេលាប្រហែលម៉ោង៤រសៀល ខ្ញុំឮសូរគ្រាប់បែកធ្លាក់នៅម្ដុំខ្ញុំរស់នៅ។

នៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង។ កងទ័ពខ្មែរក្រហមបានមកគោះទ្វារផ្ទះ ប៉ុន្តែឪពុករបស់ខ្ញុំបានសុំស្នាក់នៅផ្ទះមួយយប់សិន។ នៅព្រឹកថ្ងៃបន្ទាប់គឺថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានមកប្រាប់គ្រួសារខ្ញុំឲ្យចាកចេញពីទីក្រុងភ្នំពេញត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ ភ្លាមនោះ ម្ដាយខ្ញុំបានរៀបចំយកមុង ភួយ និងខោអាវខ្លះៗ មុនពេលចាកចេញពីផ្ទះ។ គ្រួសាររបស់ខ្ញុំដើរតាមផ្លូវទឹកល្អក់ រហូតដល់អង់តែនទួលគោកឆ្ពោះទៅគីឡូម៉ែត្រលេខ៦ និងបន្តទៅព្រែកក្ដាមដើម្បីឆ្លងទន្លេទៅខាងកំពង់ចាម។ ខ្ញុំឃើញប្រជាជនជាច្រើននាក់ដើរពាសពេញផ្លូវទៅព្រែកក្ដាម។ គ្រួសារខ្ញុំដើររយៈពេល៤ថ្ងៃទើបទៅដល់កំពង់ចម្លងព្រែកក្ដាម។ ខ្ញុំនៅចាំបានថា កងទ័ពខ្មែរក្រហមបានស្កាត់សួរអំពីប្រវត្តិរបស់ប្រជាជនជម្លៀសចេញពីទីក្រុងភ្នំពេញ។ ការស្កាត់សួរអំពីប្រវត្តិរូបលើកទី១គឺនៅក្នុងវត្តមួយ ដែលខ្ញុំមិនចាំឈ្មោះ។ នៅពេលនោះ ឪពុករបស់ខ្ញុំប្រាប់កងទ័ពខ្មែរក្រហមថា គាត់គឺជាអ្នកបើកឡាននៅភ្នំពេញ។ ការស្កាត់សួរប្រវត្តិរូបលើកទី២គឺនៅម្ដុំរការកោង។ ប្រជាជនជាច្រើននាក់ ដែលត្រូវបានស៊ើបដឹងថា ធ្លាប់បម្រើការជាគ្រូបង្រៀន ទាហាន ឬមន្រ្តីក្នុងរបបលន់ នល់ ត្រូវបានកងទ័ពខ្មែរក្រហមមិនអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតទេ និងក្រោយមកត្រូវបានយកទៅសម្លាប់ចោល។ គ្រួសារខ្ញុំបន្តដំណើរទៅដល់ភូមិត្រពាំងស្នោរ និងបានស្នាក់នៅប្រហែល១ខែ។

នៅខែមិថុនា ឆ្នាំ១៩៧៥ គ្រួសារខ្ញុំបានលួចរត់ទាំងយប់ចេញពីភូមិត្រពាំងស្នោរ មកភូមិកំណើតរបស់ជីដូនដែលកំពុងរស់នៅគឺភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចាប់ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ខ្ញុំចូលធ្វើការក្នុងកងចល័តនារីឃុំស្វាយទាប ដោយបានដើរលើកទំនប់ ជីកប្រឡាយ និងភ្ជួររាស់។ ចំណែកឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅតាមកងចល័តរៀងៗខ្លួន។ នៅថ្ងៃមួយ ខ្ញុំនិងកងចល័តនារីផ្សេងទៀតត្រូវបានប្រធានកងប្រាប់ឲ្យទៅប្រជុំនៅផ្ទះលេខាភូមិភាគ គឺមិត្ត កែ ពក។ នៅពេលនោះ ខ្ញុំឃើញមានកងចល័តជាច្រើនបានអង្គុយប្រជុំ។ មិត្ត កែ ពក បាននិយាយឲ្យយើងខិតខំធ្វើការងារ។ នៅឆ្នាំ១៩៧៨ កងចល័តនារីរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរទៅលើកទំនប់នៅខេត្តកំពង់ធំគឺទំនប់១មករាអស់រយៈពេល៣ខែ។ ការដ្ឋានទំនប់១មករាមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែកងចល័តនារីរបស់ខ្ញុំត្រូវបានផ្លាស់មកកាន់ភូមិប្រមាត់ដីវិញ។ បន្ទាប់ពីមកដល់ភូមិបានប្រហែល២ទៅ៣ខែ ខ្ញុំត្រូវបានមិត្ត រឿន ដែលជាប្រធានកងចល័តឃុំ ជ្រើសរើសឲ្យចូលក្នុងកងកម្លាំងស្រួច ដែលមានសមមិត្តនារីប្រហែល២៥នាក់ ដើម្បីទៅធ្វើការនៅកន្លែងនេសាទត្រីនៅខេត្តកំពង់ធំ និងទៅបោចវល្លិ៍នៅខេត្តព្រះវិហារ។ ខ្ញុំបាននិយាយលាឪពុកម្ដាយ និងបងប្អូនមុនពេលចាកចេញដំណើរទៅ។ បន្ទាប់ពីបានទៅធ្វើការឆ្ងាយពីភូមិរយៈពេល៣ខែ ខ្ញុំបានសុំច្បាប់មកលេងផ្ទះបាន៣ថ្ងៃ។ នៅពេលដែលខ្ញុំចេញពីផ្ទះវិលត្រឡប់ទៅធ្វើការងារវិញ ប្អូនប្រុសរបស់ខ្ញុំបានសុំខ្ញុំទៅជាមួយដែរ។ ប៉ុន្តែខ្ញុំមិនបានយកប្អូនទៅជាមួយទេ ពីព្រោះខ្ញុំធ្វើការបោចវល្លិ៍នៅក្នុងព្រៃក្បែរភ្នំត្បែង គឺពិបាករស់នៅខ្លាំងណាស់។ ៤ថ្ងៃបន្ទាប់ពីខ្ញុំចាកចេញពីផ្ទះលើកនេះ ខ្ញុំទទួលបានដំណឹងថា គ្រួសាររបស់ខ្ញុំរួមមានឪពុកម្ដាយដែលកំពុងពពោះជិត គ្រប់ខែ និងបងប្អូនទាំងអស់ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ទាំងអស់។ នៅពេលទទួលដំណឹងអំពីការស្លាប់របស់គ្រួសារ ខ្ញុំគ្មានព្រលឹងក្នុងខ្លួនឡើយ។ ប៉ុន្តែមិត្ត រឿន បាននិយាយលើកទឹកចិត្តខ្ញុំឲ្យពង្រឹងស្មារតីក្នុងការធ្វើការងារ ពីព្រោះខ្ញុំត្រូវបានដាក់ឲ្យស្ថិតនៅក្នុងប្រជាជនមានប្រវត្តិរូបមិនល្អ ដែលប្រឈមការចាប់យកទៅសម្លាប់គ្រប់ពេលវេលា។

នៅពេលដែលកងទ័ពវៀតណាមវាយចូលមកដល់ទីរួមខេត្តកំពង់ចាម នៅដើមឆ្នាំ១៩៧៩ កងចល័តទាំងអស់ត្រូវបានរំសាយ។ នៅពេលនោះ ខ្ញុំនិងមិត្តនារី៣នាក់ទៀត រត់ចេញពីកងនិងបានចែវទូកតាមទន្លេមកភូមិកំណើតវិញ ប៉ុន្តែត្រូវកងទ័ពខ្មែរក្រហមដែលនៅសេសសល់បានឃាត់ខ្លួនយើង។ ខ្ញុំនិងមិត្តនារីពីរនាក់ទៀតត្រូវបានដោះលែងវិញ ហើយយើងចែវទូករហូតមកដល់ភូមិវិញ។ ខ្ញុំដឹងថា មានប្រជាជនជាច្រើនគ្រួសារក៏បានចែវទូកនៅពីក្រោយខ្ញុំ ប៉ុន្តែត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ទាំងអស់។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់នាពេលនោះ ប៉ុន្តែបានបាត់បង់សមាជិកគ្រួសារទាំងអស់។ នៅឆ្នាំ១៩៨០ ខ្ញុំបានផ្លាស់មករស់នៅភូមិទី៨ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅឆ្នាំ២០១០ ខ្ញុំចាប់ផ្ដើមបង្រៀនសិស្សនៅសាលាបឋមសិក្សាទីប្រជុំ រហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០២០។ បច្ចុប្បន្នខ្ញុំលក់ដូរបន្តិចបន្តួចនៅផ្ទះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖