ខ្ញុំឈ្មោះ នាង យ៉ុន អាយុ៧៧ឆ្នាំ កើតនៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ នៅអាយុ១៣ ខ្ញុំបានចូលរៀនឆ្នាំជាមួយព្រះសង្ឃនៅវត្តពន្លៃ។ នៅពេលនោះគ្រួសារខ្ញុំជួបការលំបាក និងខ្វះខាតខ្ញុំក៏ឈប់
រៀនមកជួយធ្វើការងារឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៦០ ខ្ញុំបួសជាព្រះសង្ឃនិងគង់នៅវត្តពន្លៃ។ នៅឆ្នាំ១៩៦១ ខ្ញុំរៀនសូត្រសាលាបាលីវត្តស្វាយផ្អែម ក្នុងខេត្តស្វាយរៀងរយៈពេល៣ឆ្នាំ។ ពេលអាយុបាន២០ឆ្នាំ ខ្ញុំបានបំពេញជាភិក្ខុ ក៏មកគង់នៅវត្តក្រោលគោវិញ។
នៅពេលកើតមានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីអំណាច នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ ខ្ញុំក៏បានលាចាកសិក្ខាបទ។ នៅក្នុងឆ្នាំ១៩៧០ ដដែល ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ នួន យុទ្ធ។ បន្ទាប់ពីរៀបការរួច យើងមានកូនចំនួន៨នាក់ ក្នុងនោះមានកូនស្រីចំនួន៣នាក់។ នៅអំឡុងពេលនោះក៏មានការទម្លាក់គ្រាប់បែកក្នុងភូមិពន្លៃ បណ្តាលឲ្យរបួសនិងស្លាប់មនុស្ស ខូចខាតទ្រព្យសម្បត្តិ និងងាប់គោ-ក្របីអស់ជាច្រើន។ នៅពេលខ្ញុំនិងគ្រួសារជួបការលំបាកក្នុងជីវភាពរស់នៅ ព្រោះត្រូវរត់គេចខ្លួនពីការទម្លាក់គ្រាប់បែកស្ទើររាល់ថ្ងៃ។ មួយរយៈក្រោយមកសកម្មភាពទម្លាក់គ្រាប់បែកបានស្ងប់ស្ងាត់ទៅវិញ និងមានការផ្លាស់ប្ដូរអ្នកដឹកនាំថ្មីនៅតាមភូមិឃុំស្រុក។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានទទួលបានជ័យជម្នះ នៅទីក្រុងភ្នំពេញ។ ខ្ញុំឃើញមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឲ្យមករស់នៅតាមទីជនបទ។ ពេលនោះនៅក្នុងភូមិពន្លៃក៏មានប្រជាជនថ្មីជាច្រើនគ្រួសារត្រូវខ្មែរក្រហមជម្លៀសមករស់នៅដែរ។ អ្នកមកពីទីក្រុងភ្នំពេញទាំងនោះ ត្រូវបានហៅថា ប្រជាជនថ្មី។ ក្រោយមកអង្គការឃោសនាក្នុងចំណោមប្រជាជនថ្មីឲ្យចូលរួមប្រជុំដើម្បីរាយការណ៍ប្រាប់អង្គការពីការងាររបស់ខ្លួនធ្លាប់ធ្វើពីមុនមក។
អង្គការប្រមូលអ្នកធ្លាប់ធ្វើការងារពីសង្គមចាស់ឲ្យនៅម្ដុំ និងអ្នកដែលមិនមានតួនាទីនៅក្នុងសង្គមចាស់ឲ្យនៅម្ដុំ។ ពេលស្រង់ឈ្មោះប្រជាជនថ្មីអស់ហើយ អង្គការចាប់ផ្ដើមបញ្ជូនអ្នកដែលធ្លាប់ធ្វើការងារពីសង្គមចាស់ឲ្យទៅរៀនសូត្រ។ រីឯអ្នកដែលមិនធ្លាប់មានតួនាទីនៅក្នុងសង្គមចាស់ អង្គការឲ្យរស់នៅជាមួយប្រជាជននៅក្នុងមូលដ្ឋាន។ អង្គការឲ្យប្រជាជនប្រមូលរបស់របរប្រើប្រាស់ផ្ទាល់ រួចហើយយកទៅដាក់នៅក្នុងសហករណ៍ និងរោងបាយទុកជាសម្បត្តិរួម។ នៅក្នុងភូមិពន្លៃ មានរោងបាយចំនួន៨កន្លែង។ ក្រោយមកអង្គការ ចាត់តាំងប្រជាជនឲ្យទៅជីកប្រឡាយ លើកប្រព័ន្ធភ្លឺស្រែ និងជីកព្រែកនៅចន្ទៃ។ ចំណែកខ្ញុំត្រូវបានអង្គការចាត់ឲ្យធ្វើជីលេខមួយ និងស្ទូងដក។ ជារៀងរាល់ល្ងាចបន្ទាប់ពីធ្វើការងាររួច អង្គការតែងតែធ្វើការប្រជុំទិតៀន ចំពោះអ្នកដែលខ្ជិលធ្វើការងារ។ ចំពោះការហូបចុកគឺខ្ញុំហូបមិនដែលបានឆ្អែតគ្រប់គ្រាន់ទេ គឺអង្គការឲ្យហូបតែបបរជាមួយសម្លត្រកួន,សម្លធាងត្រាវ និងសម្លដើមចេក។
នៅឆ្នាំ១៩៧៨ ខ្ញុំឃើញកម្មាភិបាលមកពីខាងនិរតីចូលមកដឹកនាំ និងគ្រប់គ្រងការងារជំនួសកម្មាភិបាលចាស់នៅភូមិពន្លៃ។ កម្មាភិបាលមកខាងនិរតីធ្វើការចាប់អ្នកដឹកនាំចាស់នៅក្នុងមូលដ្ឋានយកទៅសម្លាប់ចោលនៅភូមិតាកែន ដោយចោទថា ខ្មាំងក្បត់នឹងមួយអង្គការ។
នៅចុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានអង្គការជម្លៀសទៅត្រពាំងស្រែ។ នៅពេលនោះខ្ញុំបានជួបកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមករំដោះ និងបានប្រកាសឲ្យប្រជាជនវិលត្រឡប់ទៅស្រុកកំណើតវិញ។ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំត្រឡប់មករស់នៅជួបជុំជាមួយគ្រួសារនៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែងវិញ។ នៅឆ្នាំ១៩៨០ ខ្ញុំបានធ្វើស្រែប្រវាស់ដៃ ទើបខ្ញុំហូបចុកគ្រប់គ្រាន់។ សព្វថ្ងៃគ្រួសារខ្ញុំមានជីវភាពខ្វះខាត ដោយសារខ្ញុំមានជំងឺប្រចាំកាយ ដូច្នេះខ្ញុំត្រូវចំណាយប្រាក់ដើម្បីទិញថ្នាំផឹកនិងព្យាបាលជំងឺ។
អត្ថបទ ៖ សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
រូបថត ៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា