ខ្ញុំឈ្មោះ យាន់ យួន អាយុ៦៧ឆ្នាំ កើតនៅភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ សៅ យាន់ និងម្ដាយឈ្មោះ ងួន ផាង និងមានបងប្អូន៩នាក់ ក្នុងនោះប្រុស២នាក់។ នៅអាយុ ១៣ ឆ្នាំ ខ្ញុំបានចូលរៀនថ្នាក់អក្ខរកម្មនៅវត្តស្វាយយា ជាមួយគ្រូព្រះសង្ឃ។ បន្ទាប់ពីឈប់រៀន ខ្ញុំបានជួយឃ្វាលគោក្របី និងធ្វើស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំ។ នៅឆ្នាំ១៩៧១ ពេលខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំបានរៀបការជាមួយប្តីឈ្មោះ មាស ហាត់ និងបានផ្លាស់ទៅរស់នៅជាមួយប្តីនៅភូមិអង្គ្រង ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែងវិញ។ ប្ដីរបស់ខ្ញុំកាលនោះធ្វើជាសេនាជននៅក្នុងភូមិអង្គ្រង ហើយពេលទំនេរគាត់ធ្វើស្រែចម្ការដើម្បីចិញ្ចឹមគ្រួសារ។
នៅចុងឆ្នាំ១៩៧២ ខ្ញុំបានសម្រាលកូនទីមួយរបស់ខ្ញុំនៅផ្ទះ។ បន្ទាប់ពីឆ្លងទន្លេបានប្រមាណ២ខែ ប្រធានភូមិបានស្នើសុំឲ្យក្រុមមីងៗទៅជួយសែងកងទ័ពរំដោះខ្មែរក្រហមរងរបួសនៅពេលឡើងទៅវាយជាមួយកង ទ័ពរដ្ឋការ លន់ នល់ នៅសមរភូមិព្រៃទប់ និងស្ពានត្រាំ ក្នុងខេត្តស្វាយរៀង យកទៅព្យាបាលនៅមន្ទីរដែលមានទីតាំងស្ថិតនៅក្នុងវត្តបន្ទាយ។ ចន្លោះឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋការ ជាមួយកងទ័ពរំដោះខ្មែរក្រហម។ កាលនោះ ក្រុមសែងកងទ័ពរងរបួសរបស់ខ្ញុំមានគ្នា១០នាក់ ស្រីចំនួន៥នាក់ និងប្រុស៥នាក់។ ក្រុមរបស់ខ្ញុំបានទៅទទួលកងទ័ពរងរបួសពីភូមិសូ យកមកឲ្យប្រជាជននៅក្នុងភូមិក្ដីស្លា ដើម្បីសែងបន្តទៀត។ ការសែងអ្នករបួសនេះបញ្ចប់ទៅនៅត្រឹមឆ្នាំ១៩៧៤ ព្រោះកងទ័ព លន់ នល់ បានចាញ់សង្គ្រាមនៅខេត្តស្វាយរៀង។ ចាប់ពីឆ្នាំ១៩៧៤ នៅក្នុងភូមិអង្គ្រងចាប់ផ្ដើមធ្វើស្រែប្រវាស់ដៃ និងចាប់ផ្ដើមប្រមូលរបស់របរប្រជាជនដាក់ជារបស់រួម។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅក្នុងភ្នំពេញជាច្រើននាក់ត្រូវបានជម្លៀសមករស់នៅក្នុងភូមិអង្គ្រង។ ប្រជាជន១៧ មេសា មួយចំនួនដែលមានចំណេះដឹងត្រូវបានអង្គការយកទៅរៀនសូត្រ ហើយអ្នកដែលនៅសេសសល់មួយចំនួនត្រូវបានអង្គការតាមដានបន្ដទៀត។ ខ្ញុំចាំបានថា អង្គការបានឲ្យប្រជាជនដែលជម្លៀសមកពីទីក្រុងភ្នំពេញបង្រៀនប្រជាជននៅក្នុងភូមិទាំងចាស់ ទាំងក្មេង ហើយខ្ញុំក៏បានចូលរៀនដែរ។ សាលារៀននៅពេលនោះមាន៣កម្រិតគឺ ថ្នាក់រៀនសម្រាប់កុមារគ្រូបង្រៀននៅពេលព្រឹក, ថ្នាក់រៀនសម្រាប់យុវជន-យុវនារីគ្រូបង្រៀននៅពេលថ្ងៃ និងថ្នាក់រៀនសម្រាប់មីងៗនិងពូៗគ្រូបង្រៀននៅពេលថ្ងៃដូចគ្នា។ ខ្ញុំរៀនបានប្រមាណ៣ទៅ៤ខែ អង្គការក៏បញ្ជូនលោកគ្រូអ្នកគ្រូទាំងអស់នោះទៅរៀនសូត្រអស់។ ខ្ញុំរៀនបណ្ដើរ និងធ្វើការងារបុកស្រូវបណ្ដើរដើម្បីយកអង្ករដាក់ក្នុងរោងបាយ ព្រោះនៅក្នុងភូមិអង្គ្រងប្រជាជនចាប់ផ្ដើមហូបបាយរួមហើយ។ ខ្ញុំត្រូវបុកស្រូវក្នុងមួយថ្ងៃឲ្យបាន៥តៅ ដើម្បីយកអង្គរដាក់ក្នុងរោងបាយរួម។ អ្នកបុកស្រូវក្នុងរោងបាយរួមមួយមានសមាជិកចំនួន៣នាក់។ ខ្ញុំបានធ្វើការនេះរហូតដល់ខ្ញុំឆ្លងទន្លេកូនទី២របស់ខ្ញុំ នៅឆ្នាំ១៩៧៦។
បន្ទាប់ពីឆ្លងទន្លេរួច អង្គការបានអនុញ្ញាតឲ្យខ្ញុំឈប់សម្រាកចំនួន១ខែដើម្បីឲ្យខ្ញុំមានសុខភាពរឹងមាំ មុនពេលចុះទៅច្រូតស្រូវបន្តនៅក្បែរៗភូមិ។ នៅពេលច្រូតស្រូវខ្ញុំអាចឡើងមកបំបៅដោះកូនរបស់ខ្ញុំបាននៅពេលដែលកូនរបស់ខ្ញុំឃ្លានខ្លាំង។ នៅពេលដែលផុតរដូវច្រូតកាត់ អង្គការបានឲ្យក្រុមមីងៗ និងខ្ញុំទៅដងទឹកយកមកស្រោចដំណាំរបស់ប្រជាជនដែលដាំនៅតាមផ្ទះ។
នៅចុងឆ្នាំ១៩៧៨ អង្គការបានកត់ឈ្មោះគ្រួសាររបស់ខ្ញុំដើម្បីជម្លៀសទៅខេត្តពោធិ៍សាត់ ប៉ុន្តែដោយសារតែខ្ញុំឈឺពោះឆ្លងទន្លេកូនទី៣របស់ខ្ញុំ ទើបខ្ញុំសុំពន្យាពេលមួយរយៈ និងចាំទៅលើកក្រោយ។ ខ្ញុំឆ្លងទន្លេបាន រយៈពេល២ខែ ស្រាប់តែអង្គការឲ្យប្រជាជនទាំងអស់ជម្លៀសទៅខេត្តភាគខាងលិច ហើយខ្ញុំនិងគ្រួសារបានធ្វើដំណើរទៅដល់ភ្នំឈើកាច់។
នៅដើមខែមករា ឆ្នាំ១៩៧៩ គ្រួសាររបស់ខ្ញុំបានត្រឡប់មកភូមិស្រុកវិញ និងបានប្រកបរបរធ្វើស្រែចម្ការបន្តទៀតដើម្បីចិញ្ចឹមជីវិត។ ក្រោយមកនៅឆ្នាំ២០១១ ប្ដីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺបេះដូង។ ខ្ញុំរស់នៅជាមួយកូនៗចំនួន៧នាក់ ក្នុងនោះមានស្រី១នាក់។ សព្វថ្ងៃខ្ញុំរស់នៅជាមួយកូនប្រុសពៅរបស់ខ្ញុំ ចំណែកកូនផ្សេងទៀតបានរៀបការ និងមានគ្រួសារបែកផ្ទះរៀងៗខ្លួនអស់ហើយ។
អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង