ឯម ម៉ើ ភេទប្រុស កើតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣១ បានរៀបរាប់ថា ខ្ញុំមានបងប្អូនចំនួន៧នាក់ (ប្រុស៦នាក់ និងស្រី១នាក់) ហើយខ្ញុំគឺជាកូនច្បង។ ខ្ញុំមានម្ដាយឈ្មោះ ឡុ ឈុន បានស្លាប់ តាំងពីខ្ញុំមានអាយុ១២ឆ្នាំ ចំណែកឪពុកឈ្មោះ ឯម។ ម្ដាយឪពុករបស់ខ្ញុំគឺជាជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (កាលពីមុនខេត្តកំពង់ចាម)។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រច្រើនទេ។ បងប្រុសរបស់ខ្ញុំបានជំរុញឲ្យខ្ញុំចូលរៀនដែរ ប៉ុន្តែខ្ញុំមិនចង់បែកពីម្ដាយ។ កាលពីតូច ខ្ញុំគ្មានសម្លៀកបំពាក់ទេ ខ្ញុំបានយកសម្បកឈើមកដំឲ្យទក់ដើម្បីបាំងខ្លួន។ នៅពេលខ្ញុំអាយុ១១ឆ្នាំ ខ្ញុំបានចូលរៀននៅវត្តក្រវៀន។ ខ្ញុំរៀនបានរយៈពេលបួនឆ្នាំ ព្រះចៅអធិការវត្តឈ្មោះ វែង បានឲ្យខ្ញុំបួស។ ខ្ញុំបានរៀនធម៌វិន័យ និងរៀនអក្សរសាស្ត្រ ពីគ្រូ អ៊ុង, គ្រូ វែង និង គ្រូជឹង។ អំឡុងពេលដែលសិក្សានៅក្នុងវត្ត គឺមានសិស្សចំនួន៤០នាក់ នៅក្នុងនោះមានសិស្សស្រីចំនួន៥នាក់តែប៉ុណ្ណោះ។ កាលពីសង្គមចាស់ ប្រជាជនមិនសូវឲ្យកូនស្រីសិក្សារៀនសូត្រទេ ព្រោះខ្លាចកាលណាកូនស្រីមានចំណេះដឹងច្រើន គឺចេះសរសេរសំបុត្រស្នេហា។ ខ្ញុំបួសបានរយៈពេល៨វស្សា គឺបួសសាមណេរបានរយៈពេល៥ព្រះវស្សា និងបួសភិក្ខុបានរយៈពេល៣វស្សា។ ក្រោយមក ខ្ញុំបានសឹកមកប្រកបរបរធ្វើស្រែចម្ការវិញ។ ក្រោយពីសឹករួច មេឃុំហៅខ្ញុំទៅឲ្យជួយសរសេររបាយការណ៍ជំនួសស្មៀន ព្រោះស្មៀនមិនសូវធ្វើការ ហើយផឹកស្រា។ ខ្ញុំបានធ្វើការជំនួសស្មៀនអស់រយៈពេលបីខែ ក៏សុំមេឃុំមកលេងផ្ទះ ព្រោះអត់មានអ្នកជួយធ្វើការងារជំនួសឪពុកម្ដាយ។ កាលពីសង្គមចាស់ នៅក្នុងភូមិសាទុំមានផ្លូវតែមួយខ្សែប៉ុណ្ណោះ។ ដំបូងបារាំងបានចូលមកដាំដើមកៅស៊ូនៅក្រឡុងសិទ្ធិ និងខ្ជាយ ដែលមានកម្មករជាជនជាតិខ្មែរ និងជនជាតិវៀតណាម។ ឪពុករបស់ខ្ញុំមានចំណេះដឹង ដូច្នេះខាងរាជការឲ្យគាត់វាស់វែងដីធ្លីសម្រាប់ធ្វើផ្លូវ។ នៅសង្គមចាស់អ្នកចេះដឹង ជនជាតិបារាំងហៅឈ្មោះថា ថី។ បារាំងបានធ្វើផ្លូវពីស្រុកឡុកនិញទៅព្រៃនគរ និងភ្ជាប់មកភូមិសាទុំ ភូមិប្រិយ៍, អូរអង្កាម, ក្រឡុងសិទ្ធិ រហូតទៅដល់មេមត់។ កាលពីដើមប្រជាជននៅក្នុងភូមិសាទុំមិនហ៊ានចូលព្រៃទេព្រោះខ្លាចសត្វខ្លានិងដំរី។ ខ្ញុំបានជួបសម្ដេចព្រះ នរោត្តម សីហនុ ម្ដង ពេលដែលទ្រង់ចុះមកដល់ស្រុកមេមត់។ កាលពីដើម នៅក្នុងភូមិសាទុំ មានផ្ទះចំនួន១៧ខ្នងតែប៉ុណ្ណោះ។ ភូមិសាទុំក្លាយមកពីរឿងដំណាល «ស្រីយំ» ព្រោះមានស្រីម្នាក់ដើរមកពីខាងភូមិព្រៃ ប៉ុន្តែដោយសារចុកជើងខ្លាំងពេកក៏អង្គុយយំ។ ក្រោយមកដោយសារអ្នកស្រុកនិយាយមិនច្បាស់ ក៏បាននិយាយតៗគ្នាថា «សាទុំ»។ ប្រជាជនខ្លះហៅភូមិនេះថា «ស្ទំ»។ ចំណែកប្រជាជនខ្លះទៀតដំណាលថា ពីដើមមានសត្វបក្សីជាច្រើនហើរមកទុំលើដើមពោធិ៍ ហើយក៏ហើរត្រឡប់ទៅវិញ ទើបអ្នកភូមិនាំគ្នាហៅថា «ស្រទុំ» ជាប់មក ។
កាលពីសម័យបារាំង ប្រជាជននាំគ្នាវេចខោអាវត្រៀមរួចជាស្រេច ហើយពេលឮសំឡេងគ្រាប់កាំភ្លើងម្តងៗក៏នាំគ្នាចូលរត់ពួននៅក្នុងព្រៃព្រោះខ្លាចចោរប្លន់។ ខ្ញុំដឹងថាចោរទាំងអស់នោះមានខ្មែរ និងវៀតណាមខ្លះ។ បារាំងបានយកជនជាតិវៀតណាមមកពីហាណូយមកចៀរជ័រកៅស៊ូ ជំនួសឲ្យជនជាតិខ្មែរ ព្រោះបារាំងប្រើខ្មែរមិនបាន។ នៅពេលដែលខ្ញុំពេញកំលោះ ខ្ញុំសុំម្តាយរៀបការជាមួយនារីម្នាក់ដែលខ្ញុំស្រឡាញ់នៅក្នុងភូមិ ប៉ុន្តែដំបូងម្តាយរបស់ខ្ញុំបដិសេធ។ ខ្ញុំនៅតែចចេសចង់រៀបការជាមួយនារីនោះដដែលដែលត្រូវជាកូនស្រីរបស់ប៉ូលីសឈ្មោះ ឡឹក និងប្រពន្ធឈ្មោះ យ៉ុង។ ក្រោយមក ខ្ញុំបានរៀបការជាមួយនារីនោះបានកូនពីរនាក់ ហើយកូនម្នាក់បានស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ប្រពន្ធដើមរបស់ខ្ញុំ មិនសូវរវល់ជាមួយគ្រួសារ និងខ្វល់ខ្វាយចំពោះកូនៗទេ។ ដោយសារតែយើងរស់នៅមិនចុះសម្រុងនឹងគ្នា ខ្ញុំបាននិយាយជាមួយប្រពន្ធរបស់ខ្ញុំថា បើយើងមិនស្រឡាញ់គ្នាទេយើងលែងគ្នា។ ក្រោយពេលខ្ញុំបានលែងលះជាមួយប្រពន្ធដើមរួចរាល់ហើយ ខ្ញុំបានរៀបការជាមួយប្រពន្ធក្រោយឈ្មោះ ឆន និងមានកូនចំនួន៧នាក់ ។ ក្រោយមក ប្រពន្ធក្រោយរបស់ខ្ញុំពិការដៃម្ខាងដោយសារពស់ចឹក ។
នៅពេលមានបាតុកម្មទម្លាក់សម្ដេចសីហនុ ខ្ញុំចាប់ផ្ដើមរកស៊ីលក់ដូរអង្ករ។ ខ្ញុំធាក់កង់ដឹកអង្ករពីមេមត់យកទៅលក់ឲ្យកងទ័ពវៀតណាម។ ខ្ញុំដឹកអង្ករម្ដងបាន២០គីឡូក្រាម ហើយក្នុងមួយគីឡូក្រាម ខ្ញុំចំណេញមួយរៀល។ នៅពេលយប់ខ្ញុំមិនសូវបានដេកទេ ព្រោះត្រូវចេញទៅដឹកអង្ករយកទៅលក់ឲ្យកងទ័ពវៀតកុង។ ខ្ញុំដឹកជញ្ជូនអង្ករឲ្យកងទ័ពវៀតកុងនៅម្តុំត្រពាំងតាហត និងត្រពាំងឈើខ្លឹម។ កាលនោះមានអ្នកដឹកអង្ករលក់ច្រើននាក់ មកពីឃុំជាំក្រវៀន។ ខ្ញុំលក់អង្ករគិតជាលុយខ្មែរ ហើយមេការដែលរង់ចាំទិញអង្ករឈ្មោះ សៅ ភុក។ ដោយសារតែមានសង្រ្គាមរវាងអាមេរិកាំង និងកងទ័ពវៀតកុង ខ្ញុំមិនបានចាយលុយទេ ហើយក្របីញីរបស់ខ្ញុំមួយក្បាល និងក្របីឈ្មោលមួយក្បាលលក់បានត្រឹមតែ១០០០ រៀលតែប៉ុណ្ណោះ។
កងទ័ពវៀតកុងបានសង់មន្ទីរពេទ្យនៅក្នុងព្រៃកាដូនម៉ាច និងព្រៃតាសឹង។ នៅមន្ទីរពេទ្យនោះគឺ មានផ្នែកវះកាត់ដែលប្រើឧបករណ៍ទំនើបៗ។ កងទ័ពវៀតកុងបានជួលខ្មែរឲ្យជួយបកប្រែ ហើយកងទ័ពវៀតកុងខ្លះអាចនិយាយភាសាខ្មែរបានប៉ុន្តែមិនសូវច្បាស់។ ខ្ញុំបានយកម្ដាយក្មេករបស់ខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យរបស់វៀតកុង ក្រោយមកម្ដាយក្មេករបស់ខ្ញុំបានជាសះស្បើយឡើងវិញ។ ក្រោយពេលយោធាអាមេរិកស៊ើបដឹងថាមានកងទ័ពវៀតកុង ទើបមានការទម្លាក់គ្រាប់បែកដើម្បីសម្លាប់កងទ័ពវៀតកុង។ គ្រាប់បែកបេ-៥២ ជាច្រើនគ្រាប់បានផ្ទុះរង្គើរដល់ផ្ទះប្រជាជនដែលរស់នៅក្នុងភូមិសាទុំ និងផ្ទះខ្លះដែលប្រក់ស្លឹកទ្រាំងបានរបើកដំបូល។ នៅវេលាម៉ោង៥ល្ងាច មានការទម្លាក់គ្រាប់លើទីជម្រកកងទ័ពវៀតកុង បណ្តាលឲ្យកងទ័ពវៀតកុង និងប្រជាជនមួយចំនួនបានស្លាប់ ហើយប្រជាជននៅក្នុងភូមិសាទុំមួយចំនួនទៀតរងរបួស។ នៅអំឡុងពេលសង្គ្រាមរវាងអាមេរិក និងកងទ័ពវៀតកុងបានផ្ទុះឡើង ប្រជាជននៅក្នុងភូមិសាទុំ បានភៀសខ្លួនទៅរស់នៅភូមិជាំក្រវៀន និងភូមិដូង។ នៅពេលចប់សង្គ្រាម ទើបប្រជាជននាំគ្នាមករស់នៅក្នុងភូមិវិញ។
នៅសម័យខ្មែរក្រហម ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិសាទុំឲ្យទៅនៅភូមិខ្មួរ។ ខ្មែរក្រហមចាត់តាំងឲ្យខ្ញុំនៅកងសិប្បកម្ម ធ្វើនង្គ័ល និងរនាស់។ ចំណែកប្រពន្ធកូនរបស់ខ្ញុំនៅក្នុងភូមិសាទុំដដែល។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានជម្លៀសប្រពន្ធរបស់ខ្ញុំឲ្យមករស់នៅភូមិខ្មួរជាមួយខ្ញុំដែរ។ ប្រធានកងបានចាត់តាំងខ្ញុំឲ្យទៅរកត្រី និងសាច់មកដាក់នៅក្នុងសហករណ៍ ចំណែកប្រពន្ធរបស់ខ្ញុំប្រធានកងចាត់តាំងឲ្យទៅស្ទូងស្រូវ និងធ្វើស្រែ។ មួយឆ្នាំក្រោយមក ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំឲ្យទៅនៅភូមិតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ វិញ។ នៅទៅនោះ ខ្ញុំធ្វើស្រែ លើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ។ តមក ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យទៅនៅសហករណ៍ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ប្រធានសហករណ៍បានចោទប្រកាន់ខ្ញុំថា លួចក្របី ហើយយកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ។ ប្រធានសហករណ៍យកខ្ញុំទៅឃុំរយៈពេលមួយយប់។ ខ្ញុំបាននិយាយថា ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ ប្រសិនបើមិត្តសម្លាប់ខ្ញុំក៏ខ្ញុំមិនខ្លាចស្លាប់ដែរ។ ព្រឹកឡើងប្រធានសហរណ៍ដោះលែងឲ្យខ្ញុំត្រឡប់មកផ្ទះវិញ ហើយបន្ទាប់មកបានចាត់តាំងខ្ញុំឲ្យបររទេះដឹកសំណាប។ ចំណែកកូនរបស់ខ្ញុំប្រធានកងប្រើឲ្យរើសអាចម៍គោដើម្បីធ្វើជី។ ចំពោះម្ហូបអាហារគឺមានតែបបរ ប៉ុណ្ណោះ ហើយខ្ញុំហូបមិនដែលឆ្អែតទេ។ ថ្ងៃមួយ ខ្ញុំបានបររទេះទៅដឹកសំណាបឲ្យអ្នកស្ទូង។ ខ្ញុំគិតក្នុងចិត្តថាប្រសិនបើខ្ញុំមិនលួចច្បាស់ជាដាច់ពោះស្លាប់មិនខាន ដូច្នេះខ្ញុំបានយកផ្លែសន្ទូចលាក់ទុកនៅក្នុងហោប៉ៅខោ។ នៅពេលខ្ញុំទៅដល់បឹង ខ្ញុំយកផ្លែសន្ទូចចេញពីហោប៉ៅដើម្បីស្ទួចត្រី។ ក្រុមដឹកសំណាបរបស់ខ្ញុំមានគ្នាបួននាក់ ដូច្នេះខ្ញុំនិយាយប្រាប់អ្នកនៅក្នុងក្រុមថាប្រសិនបើយើងចង់ហូបឆ្អែតយើងកុំរាយការណ៍ឲ្យអ្នកផ្សេងដឹង។ នៅថ្ងៃនោះយើងស្ទួចបានត្រី និងបានហូបឆ្អែត។ ខ្ញុំបានលួចខ្ចប់ត្រីយកទៅឲ្យប្រពន្ធនិងកូនរបស់ខ្ញុំនៅផ្ទះថែមទៀត។ នៅទីនោះ ឪពុកក្មេករបស់ខ្ញុំបានស្លាប់ដោយសារអត់អាហារ។ ក្រោយមកទៀត ខ្មែរក្រហមឲ្យខ្ញុំធ្វើជាជាងឈូសឈើ និងសសរផ្ទះ។ មេកងបានកំណត់ឲ្យខ្ញុំឈូសសសរផ្ទះឲ្យបាន២ទៅ៣ដើមក្នុងមួយថ្ងៃ។ ប្រសិនបើខ្ញុំឈូសមិនហើយ អង្គការនឹងយកខ្ញុំទៅរៀនសូត្រ។ ខ្ញុំរស់នៅក្នុងសហករណ៍ក្នុងស្រុកឆ្លូងរយៈពេលមួយឆ្នាំ ទើបខ្មែរក្រហមជ្រើសរើសខ្ញុំឲ្យទៅនៅស្រែរនាម ឃុំឃ្សឹម ស្រុកឈ្នួល ខេត្តក្រចេះវិញ។ នៅថ្ងៃនោះ ខ្មែរក្រហមបានជជែកគ្នាថានឹងបើករថយន្តទៅក្រុងក្រចេះទាំងយប់។ ក្រោយពេលខ្ញុំស្តាប់ឮដំណឹងនេះ ខ្ញុំជាមួយកូនៗនិងប្រពន្ធខ្ញុំលួចឡើងជិះរថយន្តខ្មែរក្រហមនោះ។ ព្រឹកឡើងខ្ញុំនិងគ្រួសារបានចុះពីលើឡាន ឃើញដូច្នេះអ្នកបើករថយន្តបានសួរថាខ្ញុំតើលោកពូឡើងជិះលើឡានតាំងពីពេលណា។ ខ្ញុំបានប្រាប់តាមត្រង់ថាលួចឡើងតាំងពីយប់មិញម្ល៉េះ បន្ទាប់មកខ្មែរក្រហមបានសួរខ្ញុំថាតើលោកពូចង់ទៅណា? ខ្ញុំបានឆ្លើយថាខ្ញុំមិនដឹងទៅណាទេ។ ខ្មែរក្រហមបាននាំខ្ញុំទៅរកកន្លែងសម្រាក និងឲ្យអង្ករមកខ្ញុំដើម្បីដាំបាយហូប។ នៅថ្ងៃបន្ទាប់ ខ្ញុំនិងគ្រួសារបានដើររហូតទៅដល់ឃុំថ្មគ្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ។ នៅទីនោះខ្ញុំឃើញយោធា និងត្រីងៀតជាច្រើន។ ដោយសារតែខ្ញុំឃ្លានខ្លាំងពេក ទើបខ្ញុំដាច់ចិត្តសុំត្រីងៀតពីយោធាយកមកហូប។ នៅខណៈនោះប្រធានសហករណ៍ថ្មគ្រែបានសួរខ្ញុំថា លោកពូមកពីណា? ខ្ញុំឆ្លើយថា ខ្ញុំមិនដឹងមកពីណាទេព្រោះជិះឡានពេលយប់។ ខ្ញុំនិយាយទៅកាន់ប្រធានសហករណ៍ថា បើមិត្តចង់សម្លាប់ខ្ញុំក៏សម្លាប់ចុះ។ ប៉ុន្តែប្រធានសហករណ៍មិនបានធ្វើបាបខ្ញុំទេ ហើយបានចាត់តាំងខ្ញុំទៅធ្វើសម្បុកមាន់។ ដោយសារតែឃ្លានខ្លាំងពេក ខ្ញុំបានលួចពងមាន់នៅក្នុង សម្បុកមួយគ្រាប់។ ពេលនោះខ្ញុំចេះជាងឈើ ដូច្នេះប្រធានសហករណ៍ឲ្យខ្ញុំធ្វើជាងសង់ផ្ទះ។ ថ្ងៃមួយមានអ្នកឃ្វាលគោម្នាក់បានប្រាប់ខ្ញុំថា នៅផ្ទះដែលខ្ញុំរស់នៅមានមនុស្សស្លាប់ទាំងគ្រួសារ ឪពុក ម្ដាយ និងកូន គឺ ស្លាប់ដោយសារលេបថ្នាំព្រោះតែស្ដាយទ្រព្យសម្បត្តិ។ អ្នកឃ្វាលគោបានសួរខ្ញុំថាខ្លាចខ្មោចដែរឬទេ? ខ្ញុំឆ្លើយថាស្លាប់ហើយគ្មានអ្វីត្រូវខ្លាចឡើយ។ មិនបានប៉ុន្មានថ្ងៃផង ខ្មែរក្រហមជម្លៀសខ្ញុំតាមកាណូតទៅស្រុកស្ទឹងត្រង់ បន្ទាប់មកជិះឡានបន្តទៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ដោយគ្មានបាយហូបឡើយគឺយើងហូបបាយលាយចេក។ ខ្មែរក្រហមបានប្រើខ្ញុំឲ្យរែកទឹក ជីកដី ធ្វើជី ដើម្បីស្រោចស្ពៃ ប៉ុន្តែដោយសារតែខ្ញុំអត់បាយយូរថ្ងៃទើបខ្ញុំគ្មានកម្លាំងរែកទឹក។ ខ្ញុំរស់នៅទីនោះបានកន្លះខែ កងទ័ពវៀតណាមចូលមកដល់ ហើយយើងក៏ធ្វើដំណើរដោយថ្មើរជើងមកស្រុកកំណើតវិញ។ ពេលខ្ញុំមកក្រុងសួង ខ្ញុំដើររើសកួរស្រូវ រួចបន្តដំណើរមករស់នៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ ឈុំ រ៉ា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកោះថ្ម