ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំធ្វើវេទិកាប្រវត្តិសាស្ត្រគ្រួសារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជាមួយអ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហម នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្តាប់រឿងរ៉ាវជីវិត របស់គាត់ដែលបានឆ្លងរបបខ្មែរក្រហម។ ខាងក្រោម គឺជារឿងរ៉ាវសង្ខេបរបស់អ្នករស់រាន មានជីវិតពីរបបខ្មែរក្រហម ៖
ប៊ុន ច័ន្ទ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិព្នង មានទីកន្លែងកំណើតនៅភូមិ កោះម៉ាយើល ឃុំជីមៀត (បច្ចុប្បន្ន ឃុំណងធីឡឹក) ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ ច័ន្ទ បច្ចុប្បន្នរស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ច័ន្ទ បានចែករំលែករឿងរ៉ាវរបស់គាត់ថា ខ្ញុំមានបងប្អូនចំនួនពីរនាក់។ ខ្ញុំគឺជាកូនទីពីរនៅក្នុងគ្រួសារ ដែលមានឪពុកគឺជាជនជាតិរដែ និងម្ដាយគឺជាជនជាតិព្នង។ កាលពីកុមារខ្ញុំមិនបានរៀនសូត្រនៅសាលាទេ ប៉ុន្តែខ្ញុំមានបងបង្រៀននៅផ្ទះ រហូតខ្ញុំអាចអានអក្សរ និងសរសេរអក្សរបាន។ ខ្ញុំនៅចាំថា មានការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃនៅស្រុកកោះញ៉ែក ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង, ងាប់គោ, ក្របី, មាន់, ទា ជាពិសេសប្រជាជនត្រូវបាត់បង់ជីវិតស្ទើតែរាល់ថ្ងៃ។ លុះឆ្នាំ១៩៧២ ខ្ញុំបានចាកចេញពីគ្រួសារនៅអាយុ១២ឆ្នាំ។ នៅពេលនោះខ្ញុំត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការនៅក្នុងមន្ទីរកុមារ។ កិច្ចការងារដែលខ្ញុំត្រូវធ្វើនៅពេលនោះ រួមមាន ស្រោចស្ពៃ, ត្រកួន, ដឹកទឹក និងជញ្ជូនអូស។ កាលនោះដោយសារខ្ញុំមានចំណេះដឹងគ្រាន់បើជាងក្មេងដទៃ ខ្ញុំក៏ត្រូវបានចាត់ឲ្យធ្វើជាគ្រូបង្រៀនអក្សរដល់ក្មេងដទៃទៀតនៅក្នុងមន្ទីរ បន្ទាប់ពីទំនេរពីការងារ។ លុះនៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញ មន្ទីរកុមារក៏ត្រូវបានរំសាយ។ ខ្មែរក្រហមកចាប់ផ្ដើមបែងចែកកុមារទៅតាមមុខជំនាញ ខ្លះទៅខាងពេទ្យ ខ្លះខាងបើកបរ ខ្លះទៀតខាងរោងចក្រ និងមុខជំនាញផ្សេងៗជាច្រើនទៀត។ ដោយឡែកខ្ញុំមានចំណេះដឹងគ្រាន់បើជាងកុមារដទៃ ក៏ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមកធ្វើការខាងកាន់បញ្ជី និងស្រង់ស្ថិតិនៅក្នុងកងកុមារ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ចូនមកកាន់ដាក់ដាំ ខេត្តមណ្ឌលគិរី ជាប់ព្រំដែនវៀតណាម។ នៅទីនោះខ្ញុំធ្វើជានីរសាររបស់ ប៊ុនរៀម ដែលជាប្រធានកងវរសេនាតូច។ ខ្ញុំរស់នៅដាក់ដាំបានរយៈពេលមួយឆ្នាំ ទើបខ្មែរក្រហមបញ្ជូនមកស្រុកពេជ្រាដាវិញដោយបំពេញការងារជានីរសារដដែល។ រហូតដល់ឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក ខ្ញុំបានរត់ភៀសខ្លួនចូលទៅរស់នៅក្នុងព្រៃខេត្តមណ្ឌលគិរី។ ពេលនោះ ខ្ញុំចិញ្ចឹមជីវិតដោយជីកមើមក្ដួច និងមើមដំឡូងហូប ព្រោះខ្ញុំគ្មានស្បៀងឡើយ។ នៅឆ្នាំ១៩៨០ ខ្ញុំបានរៀបការ។ លុះឆ្នាំ១៩៨២ ទើប ប៊ុនរៀម ប្រធានកងវរសេនាតូចដឹកនាំកម្លាំងទាំងអស់របស់ខ្លួនធ្វើដំណើរមកកាន់ព្រំដែនថៃ។ ដូច្នេះខ្ញុំនៅកងវរសេនាតូច តស៊ូជាមួយ ប៊ុនរៀម រហូតខ្ញុំផ្លាស់មកនៅក្នុងភូមិ១០៥នេះ ដែលជាឈ្មោះដាក់តាមលេខអង្គភាពជាប់រហូតមកសព្វថ្ងៃនេះ។
សៃ ខាំអាន ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិលាវ មានទីកន្លែងកំណើតនៅភូមិកោះម៉ាយើល ឃុំណងធីឡឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ខាំអានរស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ខាំអាន បានរៀបរាប់ថា កាលពីកុមារខ្ញុំរៀន បានត្រឹមថ្នាក់ទី៩សង្គមចាស់ ដូច្នេះខ្ញុំអាចសរសេរ និងអានអក្សរបានតិចតួចប៉ុណ្ណោះ។ បន្ទាប់មកនៅឆ្នាំ១៩៦៧ ខ្ញុំបានចូលតស៊ូនៅក្នុងព្រៃ ប៉ុន្តែកាលនោះ ខ្ញុំនិងប្រជាជនចេញតស៊ូតាមគ្នាដោយមិនដឹងថា នរណាអ្នកដឹកនាំឡើយ។ យើងនៅតស៊ូនិងធ្វើខ្ទមតូចៗសម្រាប់ស្នាក់ជាបណ្ដោះអាសន្ន។ បន្ទាប់មកខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនអក្សរដល់ក្មេងៗ ដែលរត់ភៀសខ្លួនចូលទៅនៅក្នុងព្រៃដែរដើម្បីឲ្យក្មេងៗទាំងនោះចេះអក្សរខ្មែរ។ មកដល់ឆ្នាំ ១៩៧០ ក៏មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ទើបខ្ញុំនិងអ្នកភូមិផ្សេងទៀតត្រឡប់មករស់នៅភូមិវិញ។ ប៉ុន្តែយើងរស់នៅ និងរកស៊ីដោយលួចលាក់។ យើងលាក់ខ្លួនតែនៅក្នុងលេណដ្ឋានតែប៉ុណ្ណោះ ព្រោះពេលថ្ងៃមានយន្តហោះទម្លាក់គ្រាប់បែក។ លុះដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមវាយរំដោះបានភ្នំពេញ ទើបប្រជាជនលែងភ័យព្រួយពីការទម្លាក់គ្រាប់បែកទៀត។ ប៉ុន្តែយើងត្រូវបានខ្មែរក្រហមដាក់ឲ្យរស់នៅក្នុងសហករណ៍ និងធ្វើការរួមគ្នា។ យើងត្រូវបានដាក់ឲ្យហូបរួមគ្នានៅក្នុងរោងបាយសហករណ៍ ដែលមានរបបបីពេលក្នុងមួយថ្ងៃ។ ចំណែកការងារ ខ្មែរក្រហមចាត់តាំងប្រជាជនឲ្យលើកទំនប់, រែកដី និងជីកប្រឡាយ។ នៅសម័យនោះយើងគ្មានសិទ្ធសូម្បីតែនិយាយស្ដី ហើយប្រសិនបើហ៊ានប្រព្រឹត្តខុសវិន័យច្បាស់ជាត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលជាមិនខាន។ ចំណែកប្រធានសហករណ៍មានតែអ្នកមកពីស្រុកក្រៅ ឬប្រជាជនខ្មែរតែប៉ុណ្ណោះដែលជាអ្នកគ្រប់គ្រង។ រីឯជនជាតិភាគតិចនោះមិនសូវមានឡើយ។ ជំនាន់នោះ នរណាប្រព្រឹត្តខុស ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលដោយពុំបាច់មានតុលាការកាត់ទោសឡើយ។ បច្ចុប្បន្ន ប្រទេសមានសន្តិភាព ដូច្នេះខ្ញុំសប្បាយចិត្តណាស់ ហើយខ្ញុំក៏មិនចង់បានអ្វីទៀតដែរ។
នោ រ៉ាមើស ភេទប្រុស អាយុ៧០ឆ្នាំ កើតនៅក្នុងឃុំអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ រ៉ាមើស រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រ៉ាមើល និយាយរៀបរាប់អំពីបទពិសោធន៍តស៊ូរបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា កាលពីកុមារភាពខ្ញុំរៀនសូត្របានថ្នាក់ទី៩ពីសង្គមចាស់។ គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ឪពុករបស់ខ្ញុំគឺជាជនជាតិព្នង ចំណែកម្ដាយគឺជាជនជាតិខ្មែរ។ នៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឈប់រៀនដោយសារមានការទម្លាក់គ្រាប់បែក។ ប្រជាជនដែលរស់នៅក្នុងភូមិបាននាំគ្នាជីកលេណដ្ឋានក្បែរៗផ្ទះ ដើម្បីលាក់ខ្លួនពីការទម្លាក់គ្រាប់បែក។ កាលណោះ គ្រួសារមីងបង្កើតរបស់ខ្ញុំមួយគ្រួសារបានស្លាប់ដោយសារការគ្រាប់បែកធ្លាក់ចំផ្ទះរបស់គាត់។ បន្ទាប់មក នៅក្នុងស្រុកអូររាំងក៏មានការកេណ្ឌប្រជាជនឲ្យចូលព្រៃធ្វើជាយោធាខ្មែរក្រហម។ ខ្ញុំបានរស់នៅជាមួយឪពុកម្ដាយរបស់ខ្ញុំ។ នៅក្នុងឆ្នាំ១៩៧៣ ឪពុកម្តាយខ្ញុំបានស្លាប់ចោលខ្ញុំ និងប្អូនៗ។ ខ្ញុំទៅរស់នៅជាមួយមីងរបស់ខ្ញុំរហូតដល់ឆ្នាំ១៩៧៦ ទើបខ្ញុំចូលធ្វើការខាងបើករថយន្តនៅអង្គភាពដឹកជញ្ជូនជើងគោក។ កាលណោះ ខ្ញុំនៅអង្គភាពពាណិជ្ជកម្ម ក្រោមការមើលខុសត្រូវរបស់ តាសៀង នៅទីក្រុងភ្នំពេញ។ នៅពេលដែលខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុងភ្នំពេញ ខ្ញុំសង្កេតឃើញថា មិនមានប្រជាជនរស់នៅទេ គឺមានតែអ្នកធ្វើការនៅរោងចក្រ និងកងទ័ពនៅយាមល្បាតតាមផ្លូវ។ កាលណោះទីកន្លែងធ្វើការនិងស្នាក់នៅរបស់ខ្ញុំគឺនៅជិតស្ពានជ្រោយចង្វារ។ នៅពេលដែលតំបន់នីមួយៗ ស្នើសុំក្រណាត់ឬសម្លៀកបំពាក់ ខ្ញុំត្រូវដឹកក្រណាត់យកទៅឲ្យតំបន់ទាំងនោះឲ្យគ្រប់ចំនួន។ ពេលខ្ញុំធ្វើដំណើរនៅតាមដងផ្លូវ ខ្ញុំឃើញប្រជាជនកំពុងច្រូតកាត់ និងលើកទំនប់។ ខ្ញុំសម្លឹងមើលទៅឃើញទឹកមុខប្រជាជនសោកសៅ និងនឿយហត់។ ចំណែកឯការធ្វើដំណើររបស់ក្រុមដឹកជញ្ជូនរបស់ខ្ញុំមិនសូវជួបការលំបាកទេ។ ប៉ុន្តែមានថ្ងៃមួយ ពេលក្រុមរបស់ខ្ញុំដឹកជញ្ជូនក្រណាត់ទៅ អូរជ្រៅ ក្នុងភូមិភាគពាយ័ព្យ ក៏មានភាពអសន្តិសុខខ្លះព្រោះនៅទីនោះមានកងកម្លាំងខ្មែរស ឡាវ និងថៃស នៅទីនោះ ប៉ុន្តែមានថៃក្រហមជាអ្នកយាមការពារផ្លូវឲ្យក្រុមដឹកជញ្ជូនរបស់ខ្ញុំមិនឲ្យមានការវាយប្រហារឡើយ។ នៅពេលដែលទំនេរពីការងារ ខ្ញុំអាចទៅលេងបាល់ទាត់ និងបាល់ទះបាន ព្រោះខ្មែរក្រហមមិនប្រើឲ្យយើងធ្វើការងារបន្តទេ។ ចំពោះការហូបចុកក្រុមដឹកជញ្ជូនរបស់ខ្ញុំទទួលបានអាហារហូបចុកគ្រប់គ្រាន់ ប៉ុន្តែប្រជាជនដែលរស់នៅនិងធ្វើការក្នុងសហករណ៍ហូបមិនគ្រប់គ្រាន់ឡើយ។ ខ្ញុំធ្វើការក្នុងអង្គភាពដឹកជញ្ជូនរហូតដល់កងទ័ពវៀតណាមវាយចូលមកដល់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៩។ បន្ទាប់មកខ្ញុំ រួមទាំងកងទ័ពនិងប្រជាជនបានប្រមូលសម្ភារដាក់ឡានធ្វើដំណើរមកកាន់ខេត្តកំពង់ចាម។ ពេលមកដល់ខេត្តកំពង់ចាម ខ្ញុំទុករថយន្តចោលរួចនាំគ្នាចុះដើរឆ្ពោះទៅកាន់ភ្នំដងរែក។ យើងធ្វើដំណើរអស់រយៈពេល១ឆ្នាំទើបទៅដល់តំបន់មុំបី ព្រំដែនខ្មែរ, ថៃ និង ឡាវ។ បន្ទាប់មក ខ្ញុំបានចូលធ្វើជាកងទ័ព ចេញទៅវាយនៅសមរភូមិខាងស្រុកក្រឡាញ់, ខេត្តកំពង់ធំ និងផ្លូវជាតិលេខ៦លេខ៧។ កាលនោះ ខ្ញុំនៅកងពលលេខ១០៥ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ តាសារុន និង តាអនស៊ី។ នៅក្នុងឆ្នាំ១៩៨៨ ខ្ញុំបានផ្លាស់មករស់នៅអន្លង់វែង ដោយស្នាក់នៅក្បែរស្ពានអូរជីក។ ប៉ុន្តែដោយសារតែនៅអូរជីកទឹកលិច ខ្ញុំរួមទាំងប្រជាជនផ្លាស់មករស់នៅក្នុងភូមិ១០៥ ដែលបច្ចុប្បន្ន ភូមិថ្នល់កែងនេះរហូតមក។
ឌី ប៊ុនសុំ ភេទប្រុស អាយុ៧០ឆ្នាំ កើតនៅក្នុងភូមិជីមៀត ឃុំជីមៀត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ ប៊ុនសុំ រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប៊ុនសុំ បាននិយាយរៀបរាប់អំពីបទពិសោធន៍តស៊ូរបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់ ក៏ឈប់រៀនដោយសារមានសង្គ្រាមនៅក្នុងប្រទេស។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ១៩៦៨ ប្រជាជនរស់នៅក្នុងស្រុកកោះញ៉ែកបាននាំគ្នារត់ទៅរស់នៅក្នុងព្រៃជាប់ព្រំដែនវៀតណាម។ នៅឆ្នាំ១៩៧០ ប្រជាជនបាននាំគ្នាចេញពីព្រៃមករស់នៅក្នុងភូមិរបស់ខ្លួនរៀងៗខ្លួនវិញ។ នៅពេលដែលខ្ញុំត្រឡប់មកដល់ភូមិវិញ ខ្ញុំឃើញ ផ្ទះប្រជាជនមួយចំនួនធំត្រូវបានដុតបំផ្លាញចោល។ នៅចន្លោះឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ ការរស់នៅក្នុងស្រុកកោះញ៉ែក បានផ្លាស់ប្ដូរទាំងស្រុង។ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមប្រមូលចូលជាសហករណ៍ហូបបាយរួម និងធ្វើការងាររួម។ ការរស់នៅក្នុងសហរកណ៍ ខ្ញុំ រួមទាំងប្រជាជនមានការលំបាកណាស់។ ជូនកាលខ្ញុំធ្វើការទាំងយប់ ចំណែកឯអាហារក៏ហូបមិនបានគ្រប់គ្រាន់។ ខ្ញុំរស់នៅ និងធ្វើការក្នុងសហករណ៍រហូតដល់ឆ្នាំ១៩៧៥ ទើបខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅនៅខាងពាណិជ្ជកម្មដោយបើករថយន្តដឹកក្រណាត់ និងសម្លៀកបំពាក់ទៅចែកតាមតំបន់នីមួយៗ។ នៅពេលនោះការហូបចុករបស់ខ្ញុំមិនមានការខ្វះខាតឡើយ។ បន្ទាប់ពីខ្ញុំដឹកជញ្ជូនក្រណាត់រួចរាល់ និងមានពេលទំនេរ ខ្ញុំបើករថយន្ត ឬជិះកង់ដើរលេងនៅមុខវាំង ទៅទួលគោក ពោធិ៍ចិនតុង និងចោមចៅ។ ខ្ញុំរស់នៅក្នុងមន្ទីរពាណិជ្ជកម្ម និងដឹកក្រណាត់រហូតដល់កងទ័ពវៀតណាមវាយចូលមកដល់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៩។ ខ្ញុំរួមទាំងប្រជាជនជាច្រើននាក់បានរត់ភៀសខ្លួនទៅកាន់ភ្នំដងរែកតាមបណ្តោយព្រំដែនថៃ។ ខ្ញុំធ្វើដំណើរអស់រយៈពេលកន្លះខែ ទើបទៅដល់ច្រក១០០១ ដែលស្ថិតនៅក្រោមការគ្រប់គ្រង់របស់ សុន សេន។ បន្ទាប់ពីមកដល់ច្រក១០០១ ខ្ញុំធ្វើការនៅអង្គភាពបិតចម្រូងរហូតដល់ឆ្នាំ១៩៨៥ ទើបកងទ័ពវៀតណាមវាយចូលមកដល់។ ខ្ញុំនិងប្រជាជនដែលរស់នៅទីនោះបាននាំគ្នារត់មកកាន់តំបន់១០០៣វិញ ដែលគ្រប់គ្រង់ដោយ តាម៉ុក។ នៅក្នុងឆ្នាំ១៩៩០ តាម៉ុក បានឲ្យប្រជាជនដែលរស់នៅលើភ្នំដងរែកចុះមករស់នៅក្នុងស្រុកអន្លង់វែង។
ឈន សាអ៊ុន ភេទប្រុស អាយុ៧០ឆ្នាំ កើតនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សព្វថ្ងៃ សាអ៊ុន រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សាអ៊ុន បាននិយាយថា នៅឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពេលនោះខ្ញុំឃើញមានឧទ្ធម្ភាគចក្រអាមរិកជាច្រើនគ្រឿងចាំទម្លាក់គ្រាប់នៅរកាខ្នុរ។ នៅឆ្នាំ១៩៧២ ខ្ញុំបានចូលតស៊ូជាមួយខ្មែរក្រហម។ ដំបូងខ្ញុំធ្វើការជាស្មៀនឃុំ ប៉ុន្តែដោយសារមិនមានការងារធ្វើខ្ញុំក៏សុំផ្លាស់ទៅនៅខាងយោធាវិញ។ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ចូនឲ្យទៅសមរភូមិមុខនៅទួលគក។ អស់រយៈពេលមួយយប់មួយថ្ងៃ យើងប្រយុទ្ធគ្នារហូតគ្មានពេលសម្រាកឡើយ។ ពេលនោះ កងកម្លាំងរបស់ខ្មែរក្រហមមានភាពស្វាហាប់ និងបានជីកលេណដ្ឋានដើម្បីលាក់ខ្លួន។ កាលនោះ កងទ័ព លន់ នល់ បានដឹកជញ្ជូនស្បៀង និងសម្ភារតាមទន្លេអ្នកលឿង ដូច្នេះខ្មែរក្រមហមបានលួចដាក់កាំភ្លើងធំនៅតាមបណ្តោយទន្លេអ្នកលឿង និងបានឲ្យកម្លាំងទ័ពរបស់ខ្លួននៅសមរភូមិទីក្រុងភ្នំពេញ វាយសម្រុកជាមុនធ្វើឲ្យកងទ័ព លន់ នល់ នៅអ្នកលឿងចលាចលព្រោះខ្លាចខ្មែរក្រហមវាយយកភ្នំពេញបាន។ លន់ នល់ ក៏ដកកងទ័ពមួយចំនួនរបស់ខ្លួនពីទន្លេអ្នកលឿងទៅភ្នំពេញវិញ។ ដូច្នេះខ្មែរក្រហមឆ្លៀតឱកាសវាយយកអ្នកលឿង។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមវាយយកបានភ្នំពេញ ខ្មែរក្រហមបានបញ្ជូនខ្ញុំមកកាន់ខេត្តមណ្ឌលគិរី។ ខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិទាំងអស់ដាក់រួម ដោយមិនឲ្យមានកម្មសិទ្ធិឯកជនឡើយ។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានសង្ស័យគ្នាឯង និងបានកាប់សម្លាប់គ្នា។ នៅពេលដែលថ្នាក់លើចុះមកត្រួតពិនិត្យ មេសហករណ៍ដាំបាយនិងធ្វើម្ហូបឲ្យប្រជាជនហូបឆ្អែត ប៉ុន្តែពេលថ្នាក់លើទៅផុតគឺប្រជាជនត្រូវធ្វើការងារធ្ងន់ និងអត់អាហារដដែល។
រ៉ានី ភេទស្រី អាយុ៧០ឆ្នាំ កើតនៅក្នុងភូមិកោះរំយើល ឃុំពាមជីមៀត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ រ៉ានី រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រ៉ានី បាននិយាយរៀបរាប់អំពីបទពិសោធន៍តស៊ូរបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា ខ្ញុំគឺជាកូនកាត់ជនជាតិភាគតិច ចារាយ ព្នង និងលាវ។ ម្ដាយរបស់ខ្ញុំជនជាតិចារាយរីឯឪពុករបស់ខ្ញុំកាត់ព្នង និងលាវ។ កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់ក៏ឈប់រៀនដោយសារតែគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត។ ប្រជាជនដែលរស់នៅខេត្តមណ្ឌលគិរីភាគច្រើនគឺជាជនជាតិភាគតិច រួមមាន ព្នង ចារាយ លាវ និងទំពូន។ ជារៀងរាល់ឆ្នាំប្រជាជនតែងតែប្រារព្ធធ្វើពិធីសុំទឹកភ្លៀង និងធ្វើពិធីបន់ស្រន់សុំជាសះស្បើយពីជំងឺដែលកំពុងតែកើតមាន។ ជនជាតិភាគតិចរបស់ខ្ញុំមិនអាចរៀបការជាមួយសាច់ញាតិ បងប្អូនជីដូនមួយ ឬ ជាប់សាច់ឈាមគ្នា បានទេពីព្រោះយើងតំណមខ្លាចអ្នកតាកាច់ឬខ្លាចរន្ទះបាញ់ជាដើម។ នៅក្នុងឆ្នាំ១៩៦៨ គ្រូសារខ្ញុំរួមទាំងប្រជាជនដែលរស់នៅក្នុងស្រុកកោះញ៉ែកនាំគ្នា ចូលទៅរស់នៅក្នុងព្រៃដោយសារអាមេរិកទម្លាក់គ្រាប់បែក។ រហូតដល់ឆ្នាំ១៩៧០ ប្រជាជនដែលរស់នៅក្នុងព្រៃបានចេញមករស់នៅក្នុងភូមិស្រុករៀងៗខ្លួនវិញ។ ប៉ុន្តែខ្ញុំរស់នៅក្នុងភូមិមិនបានប៉ុន្មានខែផងក៏រត់ចូលព្រៃម្តងទៀត ដោយសារ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែង។ គ្រួសាររបស់ខ្ញុំ រួមទាំងប្រជាជនជាច្រើននាក់ទៀតដែលរស់នៅក្នុងព្រៃគឺស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយចិញ្ចឹមជីវិតដោយការជីកក្ដួច និងជីកដំឡូងព្រៃហូបនៅពេលអស់ស្បៀងអាហារ។ នៅចន្លោះឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៤ ខ្ញុំបានចូលធ្វើជាគ្រូពេទ្យ។ កាលនោះខ្ញុំអាចចូលរៀនពេទ្យបានដោយសារខ្ញុំអាចអាន និងសរសេរអក្សរបាន។ ខ្ញុំរៀនខាងជំនាញព្យាបាលជំងឺគ្រុនចាញ់។ នៅក្នុងមន្ទីរពេទ្យខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រង និងបង្រៀនពីវេជ្ជបណ្ឌិត ជួន ជឿន។ បន្ទាប់ ពីខ្ញុំរៀនពេទ្យបានរយៈពេល៣ទៅ៤ខែ ខ្មែរក្រហមបញ្ជូនខ្ញុំមកព្យាបាលកងទ័ព និងប្រជាជននៅក្នុងព្រៃដែលស្ថិតក្នុងខេត្តមណ្ឌលគិរី។ ខ្ញុំគឺជាមេក្រុមគ្រប់គ្រងក្រុមគ្រូពេទ្យនារីនៅក្នុងកងពលលេខ១៥។ ចំពោះការហូបចុក ទោះបីជាខ្ញុំជាគ្រូពេទ្យក៏ហូបខ្វះខាតដូចប្រជាជនទូទៅដែរ គឺខ្ញុំត្រូវទៅជីកក្ដួចនិងដំឡូងយកមកហូបដើម្បីចិញ្ចឹមជីវិត។ មកដល់ឆ្នាំ១៩៨១ ខ្ញុំមានប្ដីដែលធ្វើជាកងទ័ព។ ខ្ញុំរស់នៅក្នុងព្រៃដែលស្ថិតក្នុងខេត្តមណ្ឌលគិរីរហូតដល់ឆ្នាំ១៩៨៦ ទើបខ្ញុំនិងប្រជាជនទាំងអស់សម្រេចចិត្តធ្វើដំណើរឆ្ពោះមកភ្នំដងរែកដើម្បីចូលទៅរស់នៅជំរំក្នុងទឹកដីថៃ។ កាលនោះខ្ញុំមានការលំបាកក្នុងការធ្វើដំណើរ ព្រោះអាកាសធាតុក្ដៅ អត់អាហារ ម្យ៉ាងវិញទៀតខ្ញុំមានកូនខ្ចី។ ខ្ញុំធ្វើដំណើរអស់រយៈពេល២ខែកន្លះទើបបានមកដល់ព្រំដែនថៃ។ បន្ទាប់ពីខ្ញុំបានរស់នៅក្នុងជំរំក្នុងទឹកដីថៃ ទើបខ្ញុំលែងមានការខ្វះខាត។ នៅក្នុងឆ្នាំ១៩៩០ គ្រួសាររបស់ខ្ញុំ រួមទាំងប្រជាជនដទៃទៀតដែលបានទៅរស់នៅជំរំក្នុងទឹកដីថៃ បានចុះមករស់នៅក្នុងស្រុកអន្លង់វែងវិញ។ នៅពេលនេះ តាម៉ុក បានរៀបចំចែកដីធ្លីឲ្យប្រជាជនធ្វើផ្ទះសម្បែង និងធ្វើស្រែចម្ការ សម្រាប់ហូបចុករៀងៗខ្លួន។ ប្រជាជនបានប្រកបមុខរបរធ្វើស្រែចម្ការ និងរស់នៅស្ងប់សុខរហូតដល់ អ៊ុន តាក់ ចូលមកដល់អន្លង់វែង នៅឆ្នាំ១៩៩៣។ ពេលនោះ ខ្ញុំរួមទាំងប្រជាជនបានរត់ឡើងលើភ្នំម្តងទៀត។ ខ្ញុំ និងប្រជាជនជាច្រើននាក់បានរស់នៅលើភ្នំដងរែករហូតដល់មានការផ្សះផ្សារធ្វើសមាហរណកម្មនៅអន្លង់វែងទើបនាំគ្នាចុះមករស់នៅតាមភូមិរៀងៗខ្លួនវិញ។
អត្ថបទ និងរូបថត ៖ សួត វិចិត្រ, មេក វិន និង ហ៊ាន ពិសី អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង