"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី យាងទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ»

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម​ ម៉ារី​ ព្រះប្រធាន​មូលនិធិស្ត្រី សម្តេច​រស្មី​សោភ័ណ ទ្រង់​​ដឹកនាំ​ប្រតិភូ​កិត្តិយស​រួមមាន ព្រះ​អង្គម្ចាស់​ក្សត្រី នរោត្តម​ រតនាទេវី, ព្រះអង្គម្ចាស់​ នរោត្តម​ សីហឫទ្ធិ, ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ តេសូ និង​លោក​ជំទាវ ប៉ុក​ បុប្ផា យាងទស្សនកិច្ច​ «បណ្ណាល័យសម្តេចម៉ែ» នៃ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា នា​ព្រឹកថ្ងៃអង្គារ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១។

ព្រះអង្គម្ចាស់​ក្សត្រី នរោត្តម​ ម៉ារី ព្រះ​ប្រធាន​មូលនិធិ​ស្ត្រី សម្តេច​រស្មី​សោភ័ណ ទ្រង់​ប្រសូត​នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​១៩៤៨ និង​ទទួល​ការ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​បារាំង។ ក្នុង​ឆ្នាំ​១៩៨៥ ព្រះអង្គម្ចាស់​ក្សត្រី ​ព្រះ​រាជ​បង្កើត​សមាគម​ស្ត្រី​កម្ពុជា ដែល​មាន​ទីតាំង​ដំបូង​នៅឯ​ជំរំ​ជន​ភៀសខ្លួន​​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

បន្ទាប់​ពីសន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស សមាគម​ស្ត្រី​កម្ពុជា​ បាន​ប្តូរ​ឈ្មោះទៅជា​មូលនិធិ​ស្ត្រី​
សម្តេចរស្មីសោភ័ណ ដែល​ជា​ព្រះ​នាម​របស់​ព្រះ​អង្គម្ចាស់​ក្សត្រី នរោត្តម​ រស្មី​ សោភ័ណ ព្រះ​អនុជរបស់​ព្រះបាទ​សម្តេច​ នរោត្តម សុរាម្រិត។ មូលនិធិនេះ មាន​ទីស្នាក់​ការនៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ត្រូវ​បានទទួល​ស្គាល់​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ ដែល​ជួយ​ដល់​ស្ត្រីកម្ពុជា​លើវិស័យអប់រំ ​សុខាភិបាល និង​ការ​បណ្តុះ​បណ្តាល។

មូលនិធិ​ស្ត្រី សម្តេច​រស្មី​សោភ័ណ បានបង្កើតឡើង​និងគឺជា​អង្គការ​ឈាន​មុខ​ក្នុង​ការ​លើក​កម្ពស់​ការកកើត​ឡើង​វិញ​នៃ​សូត្រ​ខ្មែរ ដែល​បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ដំណើររស់រាន​ផ្នែក​សិល្បៈ ការស្តារ​មុខមាត់ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ។​

នៅក្នុងដំណើរទស្សនកិច្ច​នេះ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌលឯកសារ​កម្ពុជា, លោក​ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស អតីតលេខាព្រះ​បរមរតនកោដ្ឋ និង​លោក​ស្រី សូ ហ្វារីណា នា​យិកា​ររង​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា បាន​ទទួល​ស្វាគមន៍ព្រះ​​ប្រតិភូកិត្តិយសយ៉ាងកក់ក្តៅ។ លោក ឆាំង យុ បាន​បង្ហាញ​ភ្ញៀវ​កិត្តិយសនូវ​ពិព័រណ៍នៃ​ប្លង់​រចនា​វិទ្យាស្ថាន​ស្លឹករឹត​ ដែល​ជាស្នាដៃ​របស់លោកស្រី ហ្សាហា ហាឌីដ ​ស្ថាបត្យករស្ត្រី​ដ៏ល្បីល្បាញកម្រិត​ពិភពលោក។ ទន្ទឹម​នឹងនេះ លោក​ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស បាន​ណែនាំអំពី​ បន្ទប់បណ្ណាល័យ​នៃ «បណ្ណាល័យ​សម្តេចម៉ែ» ដែល​មាន​រក្សាទុក​ឯកសារ​កម្រ​នានា​ស្តីពី​ព្រះរាជកិច្ច​​និង​ព្រះរាជដំណើរ​ជីវិត​របស់​ព្រះ​បរមរតនកោដ្ឋ​។

ព្រះប្រតិភូកិត្តិយស បាន​យាង​ទត​បរិក្ខារ​រក្សាទុក​ឯកសារ​ខ្មែរក្រហមបែប​ឌីជីថល។ ព្រះប្រតិភូ​កិត្តិយស ក៏បាន​យាងទស្សនា​បរិក្ខារ​រក្សាទុក​ឯកសារជាសំឡេង ដែលជា​សមិទ្ធផល​នៃ​គម្រោង​ប្រវត្តិសាស្ត្រ​និយាយ​ដោយ​ផ្ទាល់​មាត់​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា។ គម្រោង​នេះ បាន​ប្រមែប្រមូល​សាច់​រឿង​ប្រមាណ​ជាង​១លាន​ ពីអ្នក​រស់​រាន​មានជីវិត​ពី​របប​ខ្មែរក្រហម។ គួរ​បញ្ជាក់ថា​ ប្រជាជនកម្ពុជា​​ប្រមាណ​ជាង​៥លាន​នាក់ ​បាន​បន្ត​រស់​រាន​មានជីវិត​ពីរបប​ខ្មែរក្រហម ដែល​បច្ចុប្បន្ន​ មជ្ឈ​មណ្ឌលឯកសារ​កម្ពុជា បាន​និងកំពុង​ស្វះស្វែង​ចងក្រង​បទពិសោធន៍និង​លើកស្ទួយ​សុខភាព​របស់​អ្នក​រស់​រាន​មានជីវិត​ពីរបប​ខ្មែរក្រហមទាំងនោះ​ តាម​រយៈគម្រោង​លើកកម្ពស់​សិទ្ធិ​និង​ការ​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មានជីវិត​ពីរបប​ខ្មែរក្រហម។

បន្ទាប់​មក​​ ព្រះ​ប្រតិភូកិត្តិយស និង​ក្រុម​ការងារ​មជ្ឈ​មណ្ឌលឯកសារ​កម្ពុជា ​ពិភាក្សា​ជុំវិញ​ការងារ​ដែល​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​​បាន​បន្ត​អនុវត្ត​ និង​ការ​ចូលរួម​ចំណែក​របស់​ស្ត្រី​នៅក្នុង​ការងារ​សង្គម​ ឈាន​ទៅសម្រេច​បាន​ការអភិវឌ្ឍ​។ កិច្ចពិភាក្សា​បាន​ផ្តោត​ជា​ពិសេស​លើ គម្រោង​សូត្រ​ចាម​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ដែល​បច្ចុប្បន្ន​ស្ថិត​នៅក្នុង​ដំណាក់កាល​ស្រាវជ្រាវលម្អិត​ស្តីពី​​ទម្រង់ ព័ណ៌ ការរចនា​និង​ការប្រើប្រាស់ជាដើម។ ការ​សិក្សាស្រាវជ្រាវនេះ​ គ្រោង​នឹងត្រូវបោះពុម្ពជាសៀវភៅ និង​ធ្វើ​ប្រតិបត្តិ​​ជាក់ស្តែង ​តាមរយៈការ​ធ្វើពិសោធន៍បែប​វិទ្យាសាស្ត្រ​ដើម្បី​បង្កើតជា​ផលិត​ផល​​​សម្រេច។

មជ្ឈមណ្ឌលឯកសារ​កម្ពុជា​សង្ឃឹមថា ​គម្រោង​នេះ​នឹង​​អាច​ស្តារ​ឡើង​វិញ​នូវកេរ​ដំណែល​​វប្បធម៌​នៃ​សហគមន៍​ជនជាតិចាម​ដែល​ស្ទើរតែនឹងបាត់បង់ តាមរយៈ​ការ​ផ្តល់​ឱកាស​ដល់​អ្នក​ត្បាញ​នៃ​សហគមន៍នេះ​ឲ្យ​វិល​ត្រឡប់​មក​ប្រកប​មុខរបរត្បាញ​ និង​អាចបង្កើន​ប្រាក់​ចំណូល​គ្រួសារ​របស់​ខ្លួន។ គម្រោង​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ដល់​ក្មេងជំនាន់​ក្រោយ​អំពី​សម្បត្តិ​វប្បធម៌ដ៏កម្រ ព្រមទាំង​ចូល​រួម​ថែរក្សា​កេរដំណែលនេះ​ឲ្យ​ប្រកបដោយចីរភាព។ គម្រោង​សូត្រចាមរបស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា នឹង​ប្រើប្រាស់​ធនធាន​ដែល​បង្កើត​បាន​ពីការ​លក់​ផលិតផល​សម្រេច​ ដើម្បី​បន្ត​និរន្តរភាព​របស់​ខ្លួន ក៏ដូចជា​លើកស្ទួយសេដ្ឋ​កិច្ច​របស់​អ្នក​តម្បាញ​ដទៃ​ទៀត​។

នៅមុន​ពេល​បញ្ចប់ព្រះរាជទស្សនកិច្ច​ ព្រះ​ប្រតិភូកិត្តិយស​បាន​សម្តែង​នូវ​អំណរគុណ ចំពោះគារវកិច្ច​ស្វាគមន៍ដ៏សោមនស្ស​​របស់​ថ្នាក់​ដឹក​នាំ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា។ ព្រះអង្គម្ចាស់​ក្សត្រី នរោត្តម ម៉ារី ទ្រង់​សព្វ​ព្រះហឫទ័យរាជទានបណ្តុំ​ឯកសារ​ដែល​មាន​តម្លៃ​ជា​ប្រវត្តិ​សាស្ត្រ​ ដើម្បី​ដាក់​តម្កល់​នៅ​ «បណ្ណាល័យ​សម្តេចម៉ែ» សម្រាប់​បម្រើ​ដល់​កិច្ច​ការ​ស្រាវជ្រាវ ​និង​អប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ​របស់កម្ពុជា​។

អត្ថបទ៖ សុភ័ក្រ្ត ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិន និងទំនាក់ទំនងមហាជន មជ្ឈមណ្ឌលឯកសារកម្ពុជា

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រី សម្តេចរស្មីសោភ័ណ ទ្រង់ដឹកនាំប្រតិភូកិត្តិយសរួមមាន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី, ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ និងលោកជំទាវ ប៉ុក បុប្ផា យាងទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (សុភ័ក្ត្រ ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)