"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្មែរក្រហមធ្វើឲ្យខ្ញុំជាប់ឈ្មោះ មហាចោរ

«ពោត ស្ករស ក្ដាម បន្លែ ផ្លែឈើ សូម្បីតែសំបុត្ររបស់អង្គការហាមមិនឲ្យ​បើក​មើល​ក៏ខ្ញុំ​លួចទាំងអស់។  រាល់ថ្ងៃនេះអ្នកភូមិស្គាល់ខ្ញុំដោយសារតែប្រវត្តិជាចោររបស់អង្គការ និង​ហៅតៗគ្នាមកដល់សម័យនេះថា យាយមហាចោរ»។

ក្រុមការងាររបស់ការិយាល័យស្រាវជ្រាវ និងបណ្ដា​ល័យ ឯកសារខ្មែរក្រហមខេត្តតាកែវ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅជួប​សម្ភាសន៍​ជនរងគ្រោះនៃរបបខ្មែរក្រហម ក្រោមគម្រោងវេទិកាប្រវត្តិសាស្រ្តគ្រួសារ ក្នុង​ភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។ នៅពេលទៅដល់ក្នុងភូមិ ក្រុមការងារ​បានធ្វើការសាកសួរលោកយាយ លោកតា អ៊ំ ពូ មីង  ដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម និងសុំអនុញ្ញាតឲ្យគាត់ចែករំលែករឿងរ៉ាវដែលគាត់ធ្លាប់ជួបប្រទះដល់​ក្រុមការ​ងារ និង​ក្មេងៗក្នុងភូមិ។ ក្រុមការងារបានជួបយាយ អៀម សៅ អាយុ៧១ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។  អៀម សៅ មានសម្បុរ​ខ្មៅស្រអែម សក់រួញ មានរាងស្គមខ្ពស់។ អៀម សៅ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងាររបស់នាងខ្ញុំ រួមជាមួយកាយវិការត្រាប់របស់គាត់ដែលហាក់ដូចជារឿងរ៉ាវរបស់គាត់ក្នុងរបបខ្មែរក្រហមទើបនឹងកើតឡើងថ្មីៗ។ អៀម សៅ ត្រូវបានប្រជាជនក្នុងភូមិហៅឈ្មោះគាត់ថា «យាយ​មហាចោរ» ដែលជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ។

អៀម សៅ បានរៀបរាប់ថា ខ្ញុំកើតនៅភូមិកំពង់ពោធិ៍ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ អៀម ញ៉ូង និងម្តាយឈ្មោះ ចាន់ និងមានបងប្អូនបង្កើតចំនួន៤នាក់។ ខ្ញុំមានប្តីឈ្មោះ ញ៉ុង ស្រ៊ និងមានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់។

កាលពីក្មេងខ្ញុំបានរៀនត្រឹមថ្នាក់ទី៩។ សម័យនោះ ឪពុករបស់ខ្ញុំមិនឲ្យកូនប្រុសទៅរៀនទេ ព្រោះខ្លាចកូនប្រុសមានសង្សារ ប៉ុន្តែគាត់យល់ព្រមឲ្យខ្ញុំទៅរៀន។​ ខ្ញុំបានទៅរៀនភាសាខ្មែរនៅសាលាអង្គរបុរី ហើយឆ្លៀតពេលទំនេរខ្ញុំបានលួចរៀនភាសាវៀតណាម ដោយ​សារខ្ញុំចង់ចេះនិយាយភាសាវៀតណាម និងចង់មានមិត្តភក្តិជាជនជាតិវៀតណាម។ ក្រោយមកឪពុករបស់ខ្ញុំបានដឹងរឿងនេះ។ នៅពេលដែលឪពុករបស់ខ្ញុំស្រវឹងស្រា បានវាយធ្វើបាបខ្ញុំយ៉ាងខ្លាំងដោយសារតែខ្ញុំលួចទៅរៀនភាសាវៀតណាម ប៉ុន្តែអ្នកភូមិចូលមកជួយឃាត់។ អ្នកភូមិបានទិញស្រាឲ្យឪពុកខ្ញុំផឹកថែមទៀត ទើបគាត់ព្រមឈប់វាយខ្ញុំ។ ឪពុករបស់ខ្ញុំដឹងថា ខ្ញុំរៀនភាសាវៀតណាមដោយសារសាលាតម្រូវឲ្យខ្ញុំស្លៀកពាក់ឯកសណ្ឋានប្រពៃណីវៀតណាម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រង់ប្រទេសកម្ពុជាទាំង​ស្រុង។ ក្រុមគ្រួសាររបស់ខ្ញុំស្ថិតក្នុងបញ្ជីក្បត់របស់អង្គការ ព្រោះមានសមាជិកក្នុងគ្រួសារ​ជាទាហានធ្លាប់បម្រើការឲ្យរបប លន់ នល់។ អង្គការចាប់ផ្តើមជម្លៀសប្រជាជនពីទី​ក្រុងឲ្យមករស់ក្នុងភូមិ ចំណែកខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅលើកទំនប់ប្រឡាយ​នៅភ្នំបូរី។   ម្តាយរបស់ខ្ញុំត្រូវបានខ្មែរក្រហម​បញ្ជូនឲ្យទៅមើលក្មេងៗរបស់អង្គការនៅវត្តអកយំ ស្ថិតក្នុងឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយខ្មែរក្រហមចោទ​គាត់ថាជាប់និន្នាការខ្មាំង ព្រោះមានកូនប្រសារជាគយ នៅក្នុងសម័យ លន់ នល់ ។ ចំណែកខ្ញុំត្រូវបានខ្មែរក្រហមផ្លាស់ឲ្យទៅនៅភូមិផ្សេង។ ខ្ញុំបានតបទៅអ្នកដែលមកជម្លៀសខ្ញុំថា ខ្ញុំសុំទៅយកខោអាវ ប៉ុន្តែខ្មែរក្រហមទាំងនោះប្រាប់ថាមិនបាច់យកទៅ​​​ច្រើនទេ។ ពេលនោះខ្ញុំបានមកជួបនិយាយជាមួយម្តាយ ហើយគាត់ក៏ត្រូវបានជម្លៀសចេញទៅជាមួយខ្ញុំដែរ។ អង្គការបានឲ្យសំបុត្រមួយច្បាប់ និងហាមមិនឲ្យខ្ញុំហែកសំបុត្រអានឡើយ គឺពេលទៅដល់គោលដៅ ចាំប្រគល់សំបុត្រនោះទៅថ្នាក់លើ។ ខ្ញុំគិតក្នុងចិត្តរួចហើយថា ប្រសិនបើមានឳកាសល្អ ខ្ញុំនឹងហែកសំបុត្ររបស់អង្គការអាន ទោះប្រឈមនឹងការស្លាប់ក៏ដោយ។ ខ្ញុំបានហែកសំបុត្រនោះដោយថ្នមៗ និងប្រុងប្រយ័ត្ន។ ពេលបើកសំបុត្រអានហើយ ទឹកភ្នែករបស់ខ្ញុំក៏ហូរមក​ ព្រោះមានពាក្យថា «ពេលទៅដល់យប់ឲ្យវាយយប់ ទៅដល់ថ្ងៃឲ្យវាយថ្ងៃ»។ បន្ទាប់មក ខ្ញុំបិទសំបុត្រភ្ជិតឲ្យដូចដើមវិញដើម្បីកុំឲ្យមានការសង្ស័យ។ ខ្ញុំបានប្រាប់ម៉ែខ្ញុំថា កុំឲ្យទៅតាមខ្ញុំ បើទៅជាមួយខ្ញុំត្រូវអង្គការសម្លាប់ទាំងអស់គ្នា។ ពេលខ្ញុំយកសំបុត្រទៅដល់ខ្មែរក្រហមបានសួរថា មិត្តឯងហូបអីហើយឬនៅ? តើគេឲ្យមិត្តឯងមកធ្វើអី? ពេលនោះខ្ញុំឆ្លើយថាមិនដឹងដែរមិនអង្គការឲ្យខ្ញុំមកធ្វើអីទេ ប៉ុន្តែខ្ញុំឆ្លើយទាំងភ័យញាក់ញ័រ។ ខ្មែរក្រហមនៅទីនោះបានចោទខ្ញុំថា ខ្ញុំមានជាប់និន្នការក្បត់ ប៉ុន្តែខ្ញុំបាននិយាយបដិសេធ និងបានតបទៅវិញថាខ្ញុំអត់ដឹងនិន្នការអី្វទេ។ ប្រហែលជាម៉ោង៤ល្ងាច ខ្មែរក្រហមឲ្យខ្ញុំហូបបបរ ហើយ​ឲ្យខ្ញុំទៅរកកន្លែងសម្រាក។ រយៈពេល៣ថ្ងៃក្រោយ ខ្មែរក្រហមបានសួរខ្ញុំថា មានដឹងទេថាគេឲ្យមិត្តឯងមកធ្វើអ្វីទេ?  ពេលនោះខ្ញុំបានឆ្លើយថាខ្ញុំអត់ដឹងទេ ព្រោះខ្ញុំអត់ចេះអក្សរ។ ខ្មែរក្រហមបានចោទខ្ញុំថាខ្ញុំឧស្សាហ៍ឈឺញឹកញាប់ មានជាប់ពាក់ព័ន្ធនិន្នាការក្បត់ និងហៀបយកខ្ញុំទៅវាយចោល៣ទៅ៤លើក។ ខ្មែរក្រហមបានចោទខ្ញុំបន្ថែមទៀតថា បងស្រីខ្ញុំយកប្តីធ្វើគយ។ ពេលនោះប្រសិនបើខ្មែរក្រហមដឹងថាក្មួយរបស់ខ្ញុំឈ្មោះ អាហ្វី ត្រូវជាកូនមន្ត្រីគយ ខ្មែរក្រហមនឹងយកវាទៅសម្លាប់ចោលហើយ ប៉ុន្តែពេលនោះខ្មែរក្រហមសួរខ្ញុំថា អាហ្វីហ្នឹងត្រូវជាអ្វី? ខ្ញុំបានកុហកអ្នកសួរចម្លើយនោះថា ខ្ញុំត្រូវជាម្តាយរបស់វា។ ទោះបីយ៉ាងណានៅពេលនោះក្មួយរបស់ខ្ញុំ នៅតែហៅថាខ្ញុំមីងៗ ឮដូច្នេះខ្ញុំបាន ក្តិច មួល វ៉ៃ ទាញថ្ពាល់ក្មួយឲ្យហៅខ្ញុំថាម៉ែជំនួសវិញ។។

ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យលើកទំនប់ និងរែកដី រហូតចប់ការងារទើបអនុញ្ញាតឲ្យហូបបបរ។ នាពេលនោះ ខ្មែរក្រហមសង់រោងសម្រាប់កងពិសេសនារី និងកងបុរស នៅតាមសហករណ៍ផ្សេងៗគ្នា។ នៅវេលាម៉ោង១២ថ្ងៃត្រង់ អង្គការបានវាយជួងហៅកងនារី និងបុរសមកហូបរួមគ្នា ហើយក៏បំបែកជួរគ្នាឲ្យទៅធ្វើការរៀងៗខ្លួន។ សមាជិកកងម្នាក់បានបបររាវៗមួយវែក ប៉ុន្តែប្រសិនបើនរណាធ្វើការខ្លាំង គឺទទួលបានបបរមួយវែកកន្លះ បើនរណាធ្វើការងារខ្សោយគឺទទួលបានតែទឹកបបរប៉ុណ្ណោះ។  ខ្ញុំវេទនាខ្លាំងណាស់ ប៉ុន្តែមិនដែលហ៊ាននិយាយទេ។ ខ្ញុំហូបអ្វីៗគ្រប់យ៉ាងដែលខ្មែរក្រហមផ្តល់ឲ្យ។ យូរៗខ្មែរក្រហមហៅខ្ញុំទៅប្រជុំម្តង ហើយបានសួរថា សមមិត្តយើងហូបគ្រាន់ទេ? ខ្ញុំបានឆ្លើយថាគ្រប់គ្រាន់ បើសិនឆ្លើយថាមិនគ្រប់ ខ្មែរក្រហមនឹងយកយើងទៅកសាងមិនខាន។ ប្រសិនបើយើង ខ្សឹបខ្សៀវថាហូបមិនគ្រប់ ហើយខ្មែរក្រហមដឹងក៏នឹងយកយើងទៅរៀនសូត្រដែរ។ ទោះបីម្ហូបឆ្ងាញ់ ឬមិនឆ្ងាញ់ ក៏ខ្ញុំទ្រាំហូបដែរ។ ថ្ងៃមួយពេលខ្ញុំឃ្លានខ្លាំងពេក ខ្ញុំបានដាច់ចិត្តទៅលួចកាច់ពោតក្នុងចម្ការដែលស្ថិតនៅប្រឡាយលេខ​១២។ ពេលដែលខ្ញុំចូលក្នុងចម្ការពោតខ្ញុំសម្លឹងមើលសព្វក្រែងលោមានឈ្លបខ្មែរក្រហម បន្ទាប់មកខ្ញុំចាប់ផ្តើមកាច់យកផ្លែពោតធំៗ។ ខ្ញុំកាច់យកតែសាច់ពោតខាងក្នុង ចំណែកសម្បកគឺខ្ញុំទុកនៅលើដើមពោតដដែល។ ខ្ញុំរៀបចំសម្បកពោតឲ្យដូចដើមដែលសម្លឹងមើលពីខាងក្រៅដូចមានសាច់នៅខាងក្នុង។ ខ្ញុំយកសាច់ពោតមកមូរនិងចង្កេះខោ បានប្រហែល២០ផ្លែ។ ខ្ញុំគិតក្នុងចិត្ត ប្រសិនបើខ្មែរក្រហមចាប់ខ្ញុំបានហើយសម្លាប់ចោល ក៏ស្លាប់ទៅចុះ។ ខ្ញុំបានលួចកាច់ពោតរបស់ខ្មែរក្រហម​ជាច្រើនដង។ ក្រោយមក អង្គការបានចាត់តាំងប្រជាជននៅក្នុងកងទៅកាច់ពោត នៅក្នុងចម្ការ ដោយក្នុងមនុស្សម្នាក់ត្រូវកាច់ពីរជួរ។ ខ្ញុំធ្លាប់បានលួចក្នុងចម្ការនោះ ទើបខ្ញុំដឹងថា ជួរណាដែរខ្ញុំធ្លាប់បានកាច់ ហើយខ្ញុំក៏សុំទៅកាច់ជួរនោះ ព្រោះប្រសិនបើឲ្យអ្នកផ្សេងចូលទៅកាច់ជួរដែលខ្ញុំធ្លាប់លួចកាច់ប្រាកដជាដឹងរឿងថាបាត់ពោត។

ក្រោយមក មានបុរសម្នាក់ឈ្មោះ មឿន បានលួចចូលទៅកាច់ពោតនៅក្នុងចម្ការពោតនោះដែរ ហើយបានឃើញខ្ញុំកំពុងលួចពោត។ ពេលនោះ មឿន បានរត់ទៅប្រាប់ប្រធានកងថា ខ្ញុំលួចពោត។ ប្រធានកង បានឲ្យឈ្លបវាយខ្ញុំស្ទើរស្លាប់។ ឈ្លបដែលវាយខ្ញុំបាននិយាយថា “ដោយសារឃើញខ្ញុំវ័យចាស់ទេ ទើបគេអត់ឱនឲ្យ”។ ពេលខ្ញុំឃើញ មឿន ម្តងៗ ខ្ញុំស្អប់រហូតដល់សព្វថ្ងៃ។

ក្រោយមក ប្រធានកងបានចាត់តាំងខ្ញុំឲ្យទៅស្ទូងនៅក្នុងស្រែ ដែលមានសត្វឈ្លើងធំៗជាច្រើន។ ប្រធានកងបាននិយាយថា ក្នុងចំណោមសមាជិកកង៥នាក់ ត្រូវស្ទូងស្រូវឲ្យហើយ។ ពេលនោះមានសមាជិកកង៤នាក់ បានខ្លាចឈ្លើង ហើយរត់ឡើងលើភ្លឺស្រែអស់នៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយបើខ្ញុំស្ទូងមិនហើយ ចុងភៅក៏មិនបើករបបឲ្យដែរ។ ខ្ញុំបានមូរជើងខោចុះស្ទូងតែម្នាក់ឯង។ នៅទីនោះ ឈ្លបក៏បម្រុងនឹងយកខ្ញុំទៅសម្លាប់ដែរ ប៉ុន្តែមេភូមិបានអាណិតខ្ញុំ ហើយទៅជួយអង្វរករទើបឈ្លបលើកលែង។​ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅដកសំណាបនៅថ្មសរ។ ពេលនោះខ្មែរក្រហម បានចាត់ឲ្យខ្ញុំទៅធ្វើការនៅខាងរោងបាយសហករណ៍វិញ។ ខ្ញុំបានប្រទះឃើញថង់មួយនៅទីនោះ ខ្ញុំស្មានតែស្ករស ក៏បានលួចយកមកដាក់ក្នុងខោប៉ៅអាវរហូតដល់ពេញ ដើម្បីទុកសម្រាប់ហូបបំបាត់ភាពស្រេកឃ្លាន។  ខ្ញុំដើរលបៗដោយទឹកមុខញញឹម រួចយកស្ករសដាក់ចូលមាត់។ ខ្ញុំគិតថា នឹងបានផ្អែមមាត់ម្ដង ប៉ុន្តែស្រាប់តែខុសផ្ទុយពីការគិត ព្រោះស្ករសប្រែជាជីអ៊ុយរ៉ែ មានជាតិជូរ និងត្រជាក់ៗដែលពិបាកនឹងលេប។ ដោយសារការស្រេកឃ្លាន ខ្ញុំចាប់ផ្ដើមលួចអ្វីៗក៏ដោយ​ឲ្យតែអាចហូបបានដើម្បីបំពេញក្រពះ និងអាចរក្សាជីវិតបានរហូតមកដល់សព្វថ្ងៃ។

អត្ថបទ៖ កែវ សុភី​

រូបថត៖ លី​ កុកឆាយ

 

ដារ៉ារដ្ឋ មេត្តា

ដារ៉ារដ្ឋ មេត្តា

អ្នកសរសេរ ទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthmeta.d@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៦៩៨ ៣៣៣ គេហទំព័រ ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ