"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ទិត្យ ផា ៖ ស្រ្តីមេម៉ាយនៅក្នុងរបបខ្មែរក្រហម

ពេជ សាន គឺជាអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅខេត្តស្វាយរៀង។ តាមរយៈការងារស្ម័គ្រចិត្តនៃគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ពេជ សាន បានទៅសួរសុខទុក្ខអ៊ំ ទិត្យ ផា ដែលរស់នៅក្បែរៗផ្ទះរបស់ខ្លួន និងស្តាប់រឿងរ៉ាវរបស់អ៊ំ ទិត្យ ផា គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានរៀបរាប់ដូចខាងក្រោម៖

ខ្ញុំឈ្មោះ ទិត្យ ផា កើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៥២ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំខេត្តស្វាយរៀង​។ សព្វថ្ងៃ ខ្ញុំមានអាយុ៦៩ឆ្នាំ និងរស់នៅម្នាក់ឯង។ ឪពុករបស់ខ្ញុំឈ្មោះ ទិត្យ​ សរ មានអាយុ៦៣ឆ្នាំ និងម្តាយឈ្មោះ ទេព យ៉ា មានអាយុ​៥២ឆ្នាំ នៅអំឡុងរបបខ្មែរក្រហម។ ឪពុកម្តាយរបស់ខ្ញុំប្រកបរបរធ្វើស្រែ។ ខ្ញុំមានបងប្អូនស្រីចំនួន៦នាក់ ​ គឺទី១) ឈ្មោះ ទិត្យ សាលី, ទី២) ឈ្មោះ ទិត្យ ផា, ទី៣) ឈ្មោះ ទិត្យ សុផល, ទី៤) ឈ្មោះ ទិត្យ ផាន់, ទី៥) ឈ្មោះ ទិត្យ ផន និង ទី៦) ឈ្មោះ​ ទិត្យ​​ ភន។ នៅក្នុងចំណោមបងប្អូន៦នាក់ មានបងប្អូន៣នាក់បានស្លាប់។

រឿងរ៉ាវដែលខ្ញុំចាំមិនភ្លេច គឺនៅពេលដែលខ្មែរក្រហមចាត់តាំងឲ្យខ្ញុំធ្វើការលំបាក ទាំងខ្ញុំមានកូនខ្ចី។ ខ្មែរក្រហមបង្ខំខ្ញុំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ និងគ្មានពេលសម្រាកឡើយ។ ចំ​ណែក​របបអាហារខ្ញុំមិនដែលហូបឆ្អែតឡើយ។ ខ្មែរក្រហមបំបែកខ្ញុំជាមួយ ប្តី និងកូន។។ ប្តីរបស់ខ្ញុំត្រូវបានខ្មែរ​ក្រហម​បញ្ជូនឲ្យ​ធ្វើការ​នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ក្រោយ​មកក៏ផ្លាស់ឲ្យគាត់ទៅនៅទួលថ្មស។ នៅពេលនោះ ខ្មែរក្រហមបែងចែកឲ្យអ្នកដែលមានកូនខ្ចីនៅសមរភូមិក្រោយ ចំណែកអ្នកគ្មានកូនគឺត្រូវទៅសមរភូមិមុខ។ ខ្មែរក្រហមចាត់តាំងឲ្យប្តីរបស់ខ្ញុំធ្វើស្រែ និងមើលថែទាំស្រូវ។ ប្តីរបស់ខ្ញុំត្រូវហែលឆ្លងទន្លេធំទៅមកដើម្បីមើលថែទាំស្រូវ។ ប្តីរបស់ខ្ញុំបានលង់ទឹកស្លាប់នៅពេលរដូវទឹកឡើង និងមានទឹកហូរខ្លាំង។ ខ្ញុំនៅចាំថា នៅវេលាម៉ោង៥រសៀលពេលខ្ញុំសម្រាក និងអង្គុយនៅចុងតុទិសខាងលិចបម្រុងនឹងហូបអា​ហារដែលចុងភៅដួសដាក់តម្រៀបលើតុដែលរៀបចំជាជួរវែងៗ ស្រាប់តែមានយាយម្នាក់មកពីភូមិតាស្អាង​ដែលអង្គុយនៅចុងតុខាងកើត និយាយប្រាប់អ្នកនៅក្បែរគាត់ថា តារ៉ាត់ លង់ទឹកស្លាប់ហើយ។ ពេលឮដូច្នេះ ខ្ញុំបានស្ទុះទៅសួរបញ្ជាក់គាត់ថា «នរណាស្លាប់មីង! ​ មីងនោះមិនមើលមុខខ្ញុំទេ គឺគាត់ងាកមុខចេញ ដូច្នេះខ្ញុំសួរគាត់ម្តងទៀតថា អ្នកណាលង់ទឹកមីង! ទើបគាត់បញ្ជាក់ម្តងទៀតថា តារ៉ាត់»។ ពេលនោះខ្ញុំរៀបដាក់បាយចូលមាត់ទៅហើយ ប៉ុន្តែនៅពេលឮឈ្មោះប្តីខ្ញុំទម្លាក់ស្លាបព្រាបាយចុះវិញ ព្រោះខ្ញុំរន្ធត់ចិត្តខ្លាំងណាស់។ ខ្ញុំរស់នៅជាស្រ្តីមេម៉ាយចាប់តាំងពីពេលនោះមក។

ខ្ញុំនៅចងចាំថា នៅពេលដែលរបបខ្មែរក្រហមចូលមកដល់ភូមិពោធិ៍តារស់ ខ្ញុំមានអាយុ២១ឆ្នាំប៉ុណ្ណោះ​។ នៅពេលនោះ ខ្ញុំមានកូនខ្ចីទើបអាយុ៣ខែ និងកូនច្បងមានអាយុ៣ឆ្នាំ ។ ខ្ញុំយកកូនទៅទុកឲ្យយាយៗមើលថែទាំ នៅពេលដល់ម៉ោងឈប់សម្រាកហូបអាហារ ខ្ញុំបានទៅបំបៅកូន រួចហើយទើបត្រឡប់មកហូបបាយវិញ។ នៅពេលហូបអាហារថ្ងៃត្រង់រួច ខ្ញុំត្រូវទៅបំបៅកូនម្តងទៀត ហើយដល់ម៉ោង២ទើបខ្ញុំទៅធ្វើការងារបន្ត។ ការងារដែលខ្មែរក្រហមដាក់ឲ្យគឺខ្ញុំត្រូវដេរស្លឹកត្នោតសម្រាប់ប្រក់ផ្ទះ ដោយខ្ញុំត្រូវដេរក្នុងមួយថ្ងៃឲ្យបាន​៣០កណ្តប។ នៅពេលនោះខ្មែរក្រហមបែងចែកអ្នកដេរស្លឹកត្នោតជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក១២នាក់។ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យដេរស្លឹកត្នោតរយៈពេលកន្លះខែ បន្ទាប់មកបានចាត់តាំងខ្ញុំឲ្យទៅធ្វើជីដាក់ស្រែវិញ។ ខ្ញុំដើររកដីដំបូក និងលាមកមនុស្សយកមកហាលឲ្យស្ងួតរួចដំឲ្យហ្មត់ដើម្បីច្រកដាក់ការ៉ុងទុក។ ក្នុងមួយថ្ងៃខ្ញុំត្រូវប្រមូលលាមកមនុស្សមកហាលស្ងួតឲ្យបាន៣គីឡូកក្រាម។ ខ្មែរក្រហមឲ្យខ្ញុំហូបបាយរួម​ ដោយក្នុងមួយថ្ងៃផ្តល់អាហារឲ្យ២ពេល។ ចុងភៅបានដាំបាយឆ្នាំងលេខ៨ ប៉ុន្តែមិនបានពេញទេ គឺបានតែកន្លះឆ្នាំងប៉ុណ្ណោះសម្រាប់មនុស្ស១០នាក់។ យើងត្រូវដួសចែករបបគ្នាឲ្យស្មើភាព ប្រសិនបើនរណាដួសយកលើសគេអ្នកនោះបាត់ខ្លួនមិនខាន។ ពេលធ្វើជីបានគ្រប់គ្រាន់ហើយ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យមកធ្វើស្រែ និងដកស្ទូងវិញ។​ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យស្ទូងជាក្រុម ដោយដាក់កំណត់ឲ្យស្ទូងស្រែមួយហិចតា ១៥នាក់ យើងស្ទូងឲ្យហើយក្នុងមួយថ្ងៃ។ នៅពេលខ្ញុំស្ទូងរួចហើយ ខ្មែរក្រហមឲ្យខ្ញុំទៅដកសំ​ណាបសម្រាប់ទុកស្ទូងនៅថ្ងៃបន្ទាប់ទៀត។ ប្រសិនបើយើងដកសំណាបមិនគ្រប់ចំនួនសម្រាប់ស្ទូងទេ នៅថ្ងៃបន្ទាប់ខ្មែរក្រហមចាត់តាំងយើងឲ្យដកសំណាបទៀត ដោយក្នុងម្នាក់ដកឲ្យបាន៥០កណ្តាប់។ នៅពេលយើងដកមិនគ្រប់ចំនួនទេ ប្រធានរោងបាយចែកអាហារឲ្យយើងតិចជាងគេ ហើយខ្មែរក្រហមយកយើងទៅកសាង ដោយចោទយើងថាដេកចាំស៊ីកម្លាំងបាយគេ និងខ្ជិលធ្វើការងារ។ មុនពេលខ្ញុំចេញទៅស្ទូង ខ្ញុំត្រូវក្រោកឡើងមុនគេដើម្បីឲ្យកូនបៅ បន្ទាប់មកខ្ញុំយកកូនទៅផ្ញើទុកជាមួយចាស់ៗមើលថែ។ នៅពេលខ្ញុំចេញទៅស្ទូង ប្រធានកងបានផ្តល់របបអាហារពន្លឺ (អាហារពេលព្រឹក)​ ដោយហូបជាមួយសម្លដើមចេកលាយ​ជាមួយត្រី និងស្ករបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំហូបសម្លនេះស្ទើររាល់ថ្ងៃ។ នៅពេលហូបម្តងៗ កងឈ្លបតាមមើលយើងរហូត ដោយមិនឲ្យយើងនិយាយស្ដី ឬតមាត់ទេ ដែលនៅសម័យនោះប្រជាជននាំគ្នានិយាយថាយើងត្រូវដាំដើមគរ។ ពេលត្រឡប់មកពីស្ទូងវិញខ្ញុំរួសរាន់ទៅឲ្យកូនបៅសិនទើបមកហូបបាយ។  នៅពេលយើងឈឺថ្កាត់ម្តងៗ ខ្មែរក្រហមចោទយើងថា «ខ្ជិល» ឬប្រើពាក្យស្លោកប្រៀបធៀបថា «ដេកដួល​ រមួល ផ្សំគ្រេច» គឺតាមដែលខ្មែរក្រហមចោទយើង។ ជាទូទៅពេលវេលាធ្វើការងារ គឺខ្ញុំចេញទៅធ្វើការនៅម៉ោង៦ព្រឹក ប៉ុន្តែបើអ្នកស្ទូង អ្នកភ្ជួរ គឺត្រូវក្រោកទៅធ្វើការតាំងពីម៉ោង៤ទៀបភ្លឺ។ ខ្ញុំធ្វើការនៅក្នុងភូមិរយៈពេល២ឆ្នាំ ទើបខ្មែរក្រហមជម្លៀសខ្ញុំទៅភូមិភាគពាយ័ព្យ។

ខ្ញុំនិងគ្រួសារដើរពីផ្ទះនៅខេត្តស្វាយរៀងទៅអ្នកលឿង រួចជិះកប៉ាល់បន្តទៅឈប់នៅច្បារអំពៅក្នុងក្រុងភ្នំពេញ។ ខ្ញុំសម្រាកនៅច្បារអំពៅរយៈពេល១យប់ ដោយយប់នោះខ្មែរក្រហមបញ្ចាំងកុនបង្ហាញពីការតស៊ូរបស់កងទ័ពបដិវត្តន៍ខ្មែរក្រហម។ ព្រឹកឡើង ខ្មែរក្រហមបាន​យកកញ្ចប់បាយ ក្រមា​ សំពត់ មកចែកឲ្យខ្ញុំ។ ចំណែកខោអាវដែលមានពណ៌ យើងត្រូវយកទៅជ្រលក់ភក់ និងសំបកឈើដើម្បីឲ្យចេញពណ៌ខ្មៅដើម្បីស្លៀកពាក់។ បន្ទាប់មកខ្ញុំបានឡើងជិះរថភ្លើងបន្តទៅខេត្តពោធិ៍សាត់។ នៅពេលខ្ញុំចុះពីរថភ្លើងមេឃងងឹតទៅហើយ ដូច្នេះខ្មែរក្រហមឲ្យខ្ញុំឈប់ដាំបាយហូប។ នៅពេលហូបបាយរួចខ្មែរក្រហមបញ្ជាឲ្យខ្ញុំនិងគ្រួសារដើរទាំងយប់ងងឹត ដោយកុហក់ថាដើរទៅមុខបន្តិចទៀតដល់ហើយ។ ខ្ញុំដើរស្ទើរមួយយប់នៅតែមិនដល់។ នៅវេលាប្រហែលម៉ោង៣ទៀបភ្លឺ ខ្មែរក្រហមអនុញ្ញាតឲ្យយើងឈប់សម្រាកមួយរយៈពេលខ្លី រួចហើយដាស់យើងឲ្យក្រោកដើរទៅមុខទៀត។ នៅពេលនោះដោយ​សារ​កូនរបស់ខ្ញុំនៅតូចដូច្នេះខ្ញុំបានរែកវា ចំណែកម្តាយក្មេករបស់ខ្ញុំមានវ័យចំណាស់បានជួយទូលបង្វេច។ ពេលខ្លះខ្ញុំយកកូនម្នាក់ដាក់ស្ពាយពីមុខ ហើយកូនម្នាក់ទៀតខ្ញុំពរពីចំហៀង។ ខ្ញុំដើររយៈពេល​២យប់ ៣ថ្ងៃ ទើបទៅដល់ទួលអន្ទេប គឺជាគោលដៅដែលខ្មែរក្រហមបានកំណត់។ ខ្ញុំទៅដល់ទួលអន្ទេបនៅពេលរសៀលម៉ោង៣ទៅហើយ ទើបខ្មែរក្រហមចែកបាយឲ្យយើងហូប។ បន្ទាប់​ពីយើងហូបបាយរួច ខ្មែរក្រហមអនុញ្ញាតឲ្យយើងដេកនៅទីនោះមួយយប់។ នៅព្រឹកថ្ងៃបន្ទាប់ ខ្មែរក្រហមបានចាត់តាំងនិងបំបែកយើងឲ្យទៅធ្វើការងារនៅតាមសហករណ៍រៀងខ្លួន។ ខ្ញុំបានរស់នៅជុំជាមួយម្តាយក្មេកបានមួយរយៈ ចំណែកម្តាយបង្កើតរបស់ខ្ញុំ ខ្មែរក្រហមបំបែកឲ្យទៅរស់នៅផ្សេង។ រយៈពេលមិនបានប៉ុន្មានថ្ងៃផង ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅនៅសម្បុកប្រវឹក ឬហៅថាសហករណ៍អាងទំលែង គឺជាសហករណ៍គំរូ ដែលមានព្រៃដុះជុំជិត និងមើលមិនឃើញពន្លឺថ្ងៃឡើយ។ នៅទីនោះមានដើមឈើធំៗដុះគ្របពីលើ និងមានវាលស្រឡះមួយកន្លែង។ ពេលខ្ញុំទៅដល់ដំបូង ខ្មែរក្រហមផ្តល់បាយឲ្យខ្ញុំហូបឆ្អែត ប៉ុន្តែរយៈពេលប្រមាណ៣ថ្ងៃក្រោយមកសូម្បីតែចានឆ្នាំងក៏ខ្មែរក្រហមដកយកពីខ្ញុំដែរ។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យខ្ញុំទុករបស់របរប្រើប្រាស់ទាំងនោះទេ។ ខ្ញុំដេកនៅក្នុងរោងគោរួមជាមួយអ្នកជម្លៀសមកពីភូមិស្រុកភូមិផ្សេងៗ។ រោងគោមួយខ្មែរក្រហមឲ្យយើងដេក៥០គ្រួសារ។ ខ្ញុំនៅចាំថា ពេលនោះគ្មានគោទេ គឺខ្មែរក្រហមសង់រោងនោះសម្រាប់ឲ្យកងចល័តដេក។ ខ្ញុំដេកលើកន្ទេលស្លឹកត្នោត ដែលខ្ញុំក្រងនិងយកមកពីខេត្តស្វាយរៀង។ នៅពេលខ្ញុំដេកគឺមានកងឈ្លបចាំយាម។ ខ្មែរក្រហមបានយកដើមឈើធំៗដុតភ្នក់ភ្លើងដោយសារក្នុងព្រៃសម្បូរឈើ។ ខ្មែរក្រហមដុតភ្នក់បំភ្លឺព្រោះនៅទីនោះមានសត្វឆ្កែចចកច្រើន និងតែងតែលូនៅពេលយប់។ ព្រឹកឡើងខ្មែរក្រហមបែងចែកខ្ញុំទៅតាមក្រុម និងបែងចែកការងារឲ្យធ្វើ។ ពេលនោះ ក្រុមមេម៉ាយ ឬហៅកងស្រួច ខ្មែរក្រហមចាត់តាំងឲ្យកាប់ដីត្រឡប់ប្រវែង១០ម៉ែត្រសម្រាប់មនុស្សម្នាក់។ នៅពេលខ្ញុំកាប់ដី ហើយប៉ះចំដើមឈើគឺខ្ញុំត្រូវកាប់រំលំនិងគាស់គល់ឈើនោះចេញទៀត។ ពេលដល់ម៉ោងសម្រាក និងដល់ពេលត្រឡប់មកកន្លែងស្នាក់នៅវិញ ប្រធានកងឲ្យខ្ញុំលីគល់ឈើនោះយកមកទុកនៅរោងបាយរួម ទើបខ្ញុំបានហូបបាយ។ ខ្មែរក្រហមមិនឲ្យយើងទំនេរទេ។ នៅពេលខ្ញុំហូបបាយល្ងាចរួចហើយ យាយៗបានយកកូនមកឲ្យខ្ញុំបំបៅដោះ បន្ទាប់មកប្រធានកងបានចាត់តាំងឲ្យខ្ញុំជីកស្រះរហូតដល់ម៉ោង១០យប់ ទើបបានចូលដេក។​ ប្រធានកងបែងចែកក្រុមការងារ ដោយក្នុងមួយក្រុមមានសមា​ជិក១០នាក់ ហើយក្នុងម្នាក់ត្រូវជីកឲ្យបានប្រវែង១០ម៉ែត្រ។ ប្រសិនបើក្រុមណាជីកមិនហើយតាមផែនការ ខ្មែរក្រហមនឹងស្តីបន្ទោស ហើយយើងក៏មិនហ៊ានតវ៉ាដែរ។ នៅទីនោះចុងភៅបានដាំបាយឆ្នាំងលេខ៨ឲ្យយើងហូប ប៉ុន្តែដាំតែកន្លះឆ្នាំងប៉ុណ្ណោះសម្រាប់មនុស្ស១០នាក់។ ខ្មែរក្រហមបានស្លសម្លកន្លះឆ្នាំងលេខ៨ ដែលមានតែស្លឹកដំឡូង លាយផ្លែពោតខ្ចី និងបង់ស្ករបន្តិចបន្តួចប៉ុណ្ណោះ។ សូម្បីតែស្លឹកផ្ទីរ ក៏ខ្មែរក្រហមមិនអនុញ្ញាតឲ្យយើងបេះហូបដែរ។ ឈ្លបបានតាមដានយើងជាប្រចាំ ប៉ុន្តែប្រសិនបើអ្នកណាហ៊ានបេះស៊ីនឹងបាត់ខ្លួនមិនខាន។ ពេលខ្លះ ប្រធានកងចាត់តាំងខ្ញុំឲ្យកាប់រំលាយដំបូកទំហំប៉ុនៗកូនផ្ទះ។ បន្ទាប់មកឲ្យយើងរោយគ្រាប់ពូជដំណាំ។ ខ្ញុំធ្វើការនៅទីនោះរយៈពេល៨ខែ ទើបខ្មែរក្រហមកៀរខ្ញុំទៅកន្លែងផ្សេង។ ខ្ញុំដើរតាំងពីព្រឹកទល់ល្ងាចទើបទៅដល់ទីតាំងថ្មី។ ពេលនោះសមាជិកនៅក្នុងកងដែលទៅដល់មុនខ្ញុំបានចេញទៅធ្វើការអស់ហើយ ចំណែកខ្ញុំជាប់កូនខ្ចីដើរទៅដល់ក្រោយគេ។ នៅពេលយប់នោះខ្មែរក្រហមបានទទួលដំណឹងថា កងទ័ពវៀតណាមវាយចូលមកជិតដល់ហើយ ទើបខ្មែរក្រហមរំសាយ​ប្រជាជននៅក្នុងកងឲ្យទៅរកបងប្អូននិងក្រុមគ្រួសារវិញ។ ខ្ញុំដើររយៈពេល១៥ថ្ងៃទើបមកដល់ឧដ្តុង្គ ខេត្តកំពង់ស្ពឺ។ ខ្ញុំឈប់សម្រាក់ដាំបាយហូប និងដេកនៅតាមផ្លូវអស់ជាច្រើនថ្ងៃ។ នៅពេលមកដល់ស្រុកកំណើតនៅក្នុងភូមិពោធិ៍តារស់ ឃុំបាសាក់ ខ្ញុំនិងបងប្អូន៤នាក់នាំគ្នាកាប់រានដីដាំស្រូវ។  ក្រោយមករដ្ឋអំណាចបានចងក្រងជាក្រុមប្រវាស់ដៃ និងមានគោក្របីសម្រាប់ព្យួររាស់។ ខ្ញុំរស់នៅជាមួយកូនស្រី ប៉ុន្តែក្រោយមកកូនស្រីរបស់ខ្ញុំចាកចេញទៅរស់នៅស្រុកផ្សេងជាមួយប្តី ដូច្នេះខ្ញុំរស់នៅម្នាក់ឯងរហូតមកដល់សព្វថ្ងៃ។ ​​​​​​​​​​

អត្ថបទ និង រូបថត ៖ ពេជ សាន អ្នកស្ម័គ្រចិត្កនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តស្វាយរៀង

សោម ប៊ុនថន

សោម ប៊ុនថន

និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthbunthorn.s@dccam.org ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ