"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ម៉ម ស្រឿន អតីតកងដឹកជញ្ជូនអ្នកទោសយកទៅសម្លាប់នៅមន្ទីរសន្តិសុខគគរ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បាន​រៀបចំ​វេទិកាស្រាវជ្រាវអំពីដំណើរជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីលោកតា ម៉ម ស្រឿន  អតីតកងដឹកជញ្ជូនអ្នកទោសយកទៅសម្លាប់នៅមន្ទីរសន្តិសុខគគរ​ ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងនិស្សិតស្រាវជ្រាវ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គោ​ល​បំ​ណ​ង​នៃ​វេ​ទិ​កា​ស្រា​វជ្រា​​វ​នេះ​គឺដើម្បីអនុញ្ញាតឲ្យនិស្សិតស្រាវជ្រាវវ័យក្មេងស្ដាប់​រឿងរ៉ាវរបស់អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម និងដើម្បីជាការចែករំលែកនូវបទពិសោធន៍ និងការចង់ចាំរបស់គាត់ក្នុងការស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្រ្ដខ្មែរក្រហម។​

លោកតា ម៉ម ស្រឿន បានរំលេចអំពីសាវតាររបស់ខ្លួនទៅកាន់និស្សិតស្រាវជ្រាវថា ខ្ញុំឈ្មោះម៉ម ស្រឿន កើតនៅក្នុងឆ្នាំ១៩៤៧ នៅក្នុងភូមិមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ គូង ហ៊ន់ និងបច្ចុប្បន្នគឺជាកសិកររស់នៅក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកម្ដាយឈ្មោះម៉ម ទុំ និងម្ដាយឈ្មោះ បាន ណែម។ ខ្ញុំគឺជាកូនទី៦ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ ខ្ញុំរៀនថ្នាក់ទី៧សង្គមចាស់ នៅសាលាបឋមសិក្សាវត្តមហាខ្ញូង ប៉ុន្តែខ្ញុំឈប់រៀនដើម្បីជួយធ្វើស្រែចំការឪពុកម្តាយវិញ។ នៅពេលនោះ ខ្ញុំមានអាយុ១៣ឆ្នាំ។ ខ្ញុំធ្វើស្រែចម្ការរហូតដល់ឆ្នាំចុងឆ្នាំ១៩៦៩។ បន្ទាប់ពីមានរដ្ឋប្រហាររបស់ លន់ នល់ នៅដើមឆ្នាំ១៩៧០ ខ្ញុំឃើញប្រជាជនធ្វើបាតុកម្មនៅក្នុងភូមិរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំមិនបានចូលរួមបាតុកម្មទេ។

លោកតា ស្រឿន រៀបរាប់បន្តថា នៅឆ្នាំ១៩៧១ ខ្ញុំស្ម័គ្រចិត្តចូលធ្វើជាកងចល័ត។ នៅឆ្នាំ១៩៧៣ ខ្ញុំរៀបការប្រពន្ធ និងមានកូនស្រីម្នាក់។ នៅឆ្នាំ១៩៧៤ដល់១៩៧៥ ខ្ញុំ និងគ្រួសារ បានផ្លាស់ទៅរស់នៅភូមិចំការសាមសិប និងធ្វើជាកងចល័តដដែល។ ក្រោយមកទៀត ខ្ញុំត្រូវបានបញ្ជូនទៅធ្វើស្រែរហូតដល់ឆ្នាំ១៩៧៥។​ ចាប់ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៧ ខ្ញុំត្រូវបានផ្លាស់ទៅលើកទំនប់តាសេក អស់រយៈពេលប្រហែល២ខែ ទើបត្រឡប់មកផ្ទះវិញ។ ៥ថ្ងៃក្រោយមក ខ្ញុំត្រូវបានដកឲ្យទៅធ្វើការនៅកងដឹកជញ្ជូនវិញ។ មិត្ត សៀ គឺជាប្រធានកងដឹកជញ្ជូននៅចន្លោះឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ បញ្ជាខ្ញុំឲ្យទៅដឹកជនជាតិចាមតាមរទេះគោដើម្បយកមកសម្លាប់នៅមន្ទីរសន្តិសុខគគរ។ មិត្ត សៀ រៀបចំរទេះគោចំនួន១៥គ្រឿងដើម្បីដឹកជញ្ជូនប្រជាជន និងប្រាប់ប្រជាជនថាអង្គការជម្លៀសគាត់ពីភូមិឲ្យទៅរស់នៅមូលដ្ឋានថ្មី ប៉ុន្តែនៅពេលដែលមកដល់ផ្លូវក្បាលទំនប់គគរ កងឈ្លបខ្មែរក្រហមប្រាប់ទិសឲ្យបរទេះចូលទៅក្នុងវត្តគគរដើម្បីសម្លាប់ប្រជាជនទាំងនោះទៅវិញ។ បន្ទាប់ពីដឹកប្រជាជនទៅដល់ទំតាំង ខ្ញុំត្រូវបានកងឈ្លបបញ្ជាឲ្យទៅជីករណ្ដៅ។ ខណៈពេលដែលខ្ញុំកំពង់ជីកដី កងឈ្លបចាប់ផ្តើមសម្លាប់អ្នកទោសជាបន្តបន្ទាប់ ដោយយកពូថៅវាយក្បាលប្រជាជន និងយកដាវចាក់ទម្លុះបំពង់ក រួចហើយតម្រៀបនៅក្នុងរណ្ដៅ។ ខ្ញុំឃើញការសម្លាប់នេះដោយផ្ទាល់ ដោយមានកងឈ្លបប្រមាណ៣ទៅ៤នាក់សម្លាប់ប្រជាជនទម្លាក់ទៅក្នុងមួយរណ្ដៅ។ នៅពេលខ្ញុំជីករណ្តៅរួច និងស្នើសុំបររទេះគោចេញទៅវិញ គឺមានកងឈ្លបម្នាក់ជាអ្នកជូនខ្ញុំ។ ប្រសិនបើខ្ញុំដើរមកម្នាក់ឯង ខ្ញុំនឹងត្រូវបានយល់ច្រលំថាជាអ្នកទោសនិងត្រូវយកទៅសម្លាប់ដែរ។ នៅពេលដែលមកដល់ផ្ទះវិញ ខ្ញុំពិតជាភ័យតក់ស្លត់ខ្លាំងណាស់​ ហើយខ្ញុំបានប្រាប់ប្រពន្ធអំពីហេតុការសម្លាប់នោះ។

នៅចុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានដកឲ្យទៅធ្វើការនៅរោងជាងដើម្បីសាងសង់រោងបាយរួមសម្រាប់សហករណ៍។ នៅពេលនោះ វត្តគគរ ត្រូវបានរៀបចំជួសជុលឡើងវិញ និងប្រើប្រាស់ជាឃ្លាំងស្តុកស្រូវអង្ករ។ នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ ខ្ញុំរួមជាមួយក្រុមគ្រួសារបន្តរស់នៅក្នុងភូមិ និងប្រកបរបរធ្វើស្រែរហូតមកដល់សព្វថ្ងៃ។

បន្ទាប់ពីលោកតា ស្រឿន រៀបរាប់អំពីដំណើរជីវិតប្រាប់ដល់និស្សិតស្រាវជ្រាវវ័យក្មេងរួច និស្សិតមួយចំនួនបាន​​​សួរ​​​សំណួ​​រទាក់ទងនឹងការកាប់សម្លាប់នៅមន្ទីរសន្តិសុខគគរ​។ ជាចុងក្រោយ លោកតា ស្រឿន​ ​ ​​​ផ្ដាំ​ផ្ញើ​​ទៅ​កា​ន់​​និ​ស្សិ​ត​​ស្រា​វ​ជ្រា​វ​​​អំ​ពី​​​សា​រ​សំ​ខា​ន់​​ក្នុ​ងកា​រ​​​យល់​ដឹ​​ង​​អំ​ពី​​​ប្រ​វត្តិ​សា​ស្ត្រ​​​របស់ខ្លួន និង​​ត្រូវខិ​​ត​ខំសិ​ក្សា​​​រៀ​ន​​សូត្របន្ថែម​​ទៀ​ត។

អត្ថបទ៖ កែម សុភី និង មេន នឿន អ្នកស្ម័គ្រចិត្ត មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

ម៉ម ស្រឿន អតីតកងដឹកជញ្ចូនអ្នកទោសយកទៅសម្លាប់នៅមន្ទីរសន្តិសុខគគរ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនាការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ រូបថត៖ ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា។

 

ម៉ម ស្រឿន អតីតកងដឹកជញ្ចូនអ្នកទោសយកទៅសម្លាប់នៅមន្ទីរសន្តិសុខគគរ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និយាយទៅកាន់និស្សិតស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ។ រូបថត៖ ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា។

 

ម៉ម ស្រឿន (ឆ្វេង) អតីតកងដឹកជញ្ជូនអ្នកទោសយកទៅសម្លាប់នៅមន្ទីរសន្តិសុខគគរ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងហ៊ឹម ធីតា (ស្ដាំ) អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ រូបថត៖ ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា។
អ៊ុន សុដាវី

អ៊ុន សុដាវី

អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthsodavy.u@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៩១០ ៧០៧ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ