ប៉ា សុខន ៖ កងចល័តនារី

ខ្ញុំឈ្មោះ ប៉ា សុខន អាយុ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិអង្គគគីរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានម្ដាយឈ្មោះ គាំ ខែម គឺជាកសិករ។ គាត់បានស្លាប់ក្នុងឆ្នាំ១៩៧៥ ដោយសារមិនមានអាហារហូបចុកគ្រប់គ្រាន់ពេលខ្មែរក្រហមចូលគ្រប់គ្រង។ ចំណែកឪពុករបស់ខ្ញុំឈ្មោះ ប៉ា ប៉ាក គឺជាគ្រូបង្រៀន។ គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៤ ដោយសារជំងឺចាស់ជរា។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ហើយខ្ញុំគឺជាកូនច្បងក្នុងគ្រួសារ។ ក្រោយមក ខ្ញុំបានរៀបការជាមួយប្តីឈ្មោះ ស៊ុំ សំអឿន ដែលបច្ចុប្បមានអាយុ៦៨ឆ្នាំ។ បន្ទាប់ពីរៀនការរួចខ្ញុំមានកូនចំនួន៦នាក់ គឺស្រី៣នាក់ និងប្រុស៣នាក់។

ប៉ា សុខន អាយុ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិអង្គគគីរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពីកុមារភាព ខ្ញុំបានរៀននៅសាលាបឋមសិក្សាអង្គខ្នារ។ រហូតមកដល់ឆ្នាំ១៩៧០ ខ្ញុំទទួលព័ត៌មានថា មានការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចឪនៅអង្គតាសោម ហើយពេល​នោះខ្ញុំក៏ឮថាមានការតវ៉ាវាយកម្ទេចផ្ទះថ្មនៅទីនោះទៀតផង។ ទោះបីយ៉ាងណាខ្ញុំនៅរៀនរហូតប្រឡងឌីប្លូមជាប់ ហើយមករៀនបន្តនៅវិទ្យាល័យ ជា ស៊ីម ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្ញុំបានរៀនចប់ថ្នាក់ទី១ចាស់ ប៉ុន្តែខ្ញុំមិនបានទទួលសញ្ញាបត្រទេ ព្រោះខ្មែរក្រហម កៀរខ្ញុំឲ្យទៅនៅអង្គរបុរី។

នៅឆ្នាំ១៩៧៥ ខ្ញុំរស់នៅជួបជុំគ្រួសារនៅឡើយទេ។ បន្ទាប់មក ម្ដាយរបស់ខ្ញុំបានស្លាប់ដោយហូបចុកមិនគ្រប់គ្រាន់។ នៅពេលម្ដាយរបស់ខ្ញុំស្លាប់ ខ្មែរក្រហមបានចែកអង្ករចំនួន១៣កំប៉ុងឲ្យគ្រួសាររបស់ខ្ញុំដែលមានសមាជិក៩នាក់សម្រាប់ហូប។ រយៈពេលមួយខែក្រោយមកទៀត ប្អូនប្រុសពៅរបស់ខ្ញុំដែលមានអាយុទើបតែ៣ឆ្នាំ បានស្លាប់ទៀតដោយសារមិនមានទឹកដោះបៅ។ ដោយសារអត់ឃ្លានខ្លាំងពេក នៅពេលយប់ប្អូនរបស់ខ្ញុំបានចេញទៅរើសត្នោតទុំយកមកឲ្យឪពុករបស់ខ្ញុំ។ ឪពុករបស់ខ្ញុំបានបកត្នោតទុំនោះយកតែសាច់ ដើម្បីយកមកចំហ៊ុយចែកគ្នាហូប។

ប៉ា សុខន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយមក ខ្មែរក្រហមបានជ្រើសរើសខ្ញុំឲ្យចូលកងចល័តនារី និងចាត់តាំងខ្ញុំឲ្យជីកប្រឡាយនៅក្នុងទឹក។ ប្រឡាយនោះមានឈ្មោះថា ប្រឡាយ៩៧។ កម្មាភិបាលខ្មែរក្រហមបានប្រើខ្ញុំឲ្យយកប៉ែលចូកដីបោះៗឡើងធ្វើជាទំនប់ ដូច្នេះខ្ញុំត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ នៅរដូវវស្សា ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅស្ទូងនៅលាយបូរ និងនៅថ្មស។ រាល់ពេលដែលខ្ញុំចេញទៅធ្វើការនៅតាមតំបន់ឆ្ងាយៗ ខ្ញុំតែងតែយកថែប (ប្រដាប់សម្រាប់ជ្រកភ្លៀង ដែលមានដំបូលអាចបើកបិទបាន) ទៅតាមរហូត។ ថែបរបស់ខ្ញុំមានបណ្ដោយប្រវែង២ម៉ែត្រ និងទទឹង១ម៉ែត្រកន្លះ ដែលអាចដេកបាន២នាក់។ នៅរដូវប្រាំងបន្ទាប់ ខ្មែរក្រហមផ្លាស់ខ្ញុំឲ្យមកជីកប្រឡាយនៅខ្ពបត្របែកម្ដង។ នៅពេលនោះ ខ្មែរក្រហមបានបែងចែកដោយក្នុងមួយក្រុមមានមនុស្ស៣នាក់ ត្រូវជីកដីទទឹងនិងបណ្តោយ៣ម៉ែត្រ និងជម្រៅ២ម៉ែត្រ។

ប៉ា សុខន ទទួលប្រអប់អនុស្សាវរីយ៍ពីអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៨ ម្ដាយក្មេករបស់ខ្ញុំដែលធ្វើការនៅកងនារីជាមួយខ្ញុំ បានស្នើសុំខ្មែរក្រហម​ឲ្យខ្ញុំ និងកូនប្រុសរបស់គាត់រៀបការជាមួយគ្នា។ ដូច្នេះ ខ្មែរក្រហមបានរៀបចំឲ្យខ្ញុំនិងប្តីរបស់ខ្ញុំជាប្តីប្រពន្ធ និងឲ្យខ្ញុំឡើងប្ដេជ្ញាជាមួយនឹងប្តីប្រពន្ធជាច្រើនគូទៀត ដែលភាគច្រើនខ្មែរក្រហមរៀបចំឡើងរៀងរាល់ថ្ងៃទី១០ និងថ្ងៃទី២០ នៃខែនីមួយ។ នៅពេលនោះ ខ្ញុំក៏សង្កេត ឃើញថាមានអ្នកប្រព្រឹត្តខុសសីលធម៌ជាច្រើននាក់ដែរ ដែលភាគច្រើនអ្នកធ្វើការនៅកងចាស់ៗ។ អ្នកខុសសីលធម៌ទាំងអស់នោះ ត្រូវបានខ្មែរក្រហមដាក់ទោសដោយចាត់ឲ្យធ្វើការនៅក្រុមមួយទៀតដែលមានឈ្មោះថា ក្រុមសេរី។ ក្រុមនេះបង្កើតឡើងដើម្បីឲ្យអ្នកខុសសីលធម៌ទាំងអស់ខ្មាស់គេ ហើយអ្នកផ្សេងៗឯទៀតក៏បានដឹងថា ក្រុមសេរីនេះសុទ្ធតែអ្នកខុសសីលធម៌ដែរ។ មេកងរបស់ខ្ញុំឈ្មោះ ប៉ែន សាវឿន គឺជាមនុស្សស្លូតបូត និងចិត្តល្អ។

នៅក្រោយពេលរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ រដ្ឋបានជ្រើសរើសខ្ញុំ ឲ្យធ្វើជាគ្រូបង្រៀននៅក្នុងភូមិដោយសារខ្វះខាតគ្រូ។ រហូតដល់ឆ្នាំ១៩៨០ ទើបរដ្ឋបង្កើតឲ្យមានការប្រឡងជ្រើសរើសគ្រូបង្រៀន។ នៅពេលខ្ញុំបង្រៀន រដ្ឋបានបើកអង្ករពណ៌ក្រហមនៅអង្គតាសោមឲ្យខ្ញុំជារៀងរាល់ខែ។ មួយរយៈក្រោយមកក៏មានការចែកពោត និងស្រូវសាលី១៦គីឡូក្នុងមួយខែ ព្រមទាំងចែកក្រណាត់កាត់ខោអាវថែមទៀត។ រហូតដល់រដ្ឋមានធនធានប្រសើរ ទើបបានផ្ដល់ជាប្រាក់ខែក្នុងមួយខែ៩០រៀលដល់ខ្ញុំសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

អត្ថបទ ៖ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា