"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទស្សនកិច្ច មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក ទូច វណ្ណេត និងអេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍លោក តាន់ ជៀប អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកស្រាវជ្រាវអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។

ជាកិច្ចចាប់ផ្ដើម អេង វណ្ណីកា ធ្វើបទបង្ហាញស្ដីពីពិព័រណ៍រូបថតប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជនដោយបង្ខំ និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចងក្រងដោយអ្នកស្ម័គ្រចិត្តកម្ពុជា ដែលត្រូវបានរៀបចំដាក់តាំងបង្ហាញនៅបរិវេណខាងមុខនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និង ក្នុងសាលពិព័រណ៍។

បន្ទាប់ពីការដើរទស្សនាពិព័រណ៍រូបថតបានបញ្ចប់ ទូច វណ្ណេត បង្ហាញលោក តាន់ ជៀប អំពីបន្ទប់បណ្ណសារដែលមានតម្កល់ឯកសារទាក់ទងរបបខ្មែរក្រហមជាច្រើន។ តាន់ ជៀប បានអាន និងស្នើសុំឯកសារមួយចំនួនដើម្បីយកទៅធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត។ ជាចុងក្រោយ តាន់ ជៀប បានសរសេរចំណាប់អារម្មណ៍ថា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំបានល្អ និងសំណូមពរឲ្យមានបុគ្គលិកជំនាញជួយសម្រួលដល់អ្នកសិក្សាស្រាវជ្រាវ និងជួយស្វែងរកឯកសារ។

អត្ថបទ និងរូបថត ៖ អេង វណ្ណីកា និង ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម​