"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

នៅសល់តែប្រវត្តិរូបនិងរូបថត

ឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់បានចាកចេញពីស្រុកកំណើតនៅភូមិក្រាំងចេក ព្រោះសម័យមុនមានក្រុមខ្មែរឥស្សរដើរចាប់មនុស្សប្រុសឲ្យចូលធ្វើទាហាន ចំណែករដ្ឋការបារាំងក៏តាមចាប់គាត់ដែរដោយសង្ស័យថា គាត់ចូលដៃជើងជាមួយក្រុមខ្មែរឥស្សរ។ មនុស្សប្រុសក្នុងភូមិដែលមានប្រពន្ធកូន និងមិនចង់ចូលធ្វើទាហាន ក៏បានចាកចេញពីភូមិកំណើត។ ឪពុកម្តាយនិងបងៗរបស់ខ្ញុំបានមករស់នៅជិតវត្តមហាមន្រ្តី ក្នុងទីក្រុងភ្នំពេញ ដោយមានការជួយទំនុកបម្រុងពីបងប្អូនខាងឪពុករបស់ខ្ញុំធ្វើជាកុង្សីយ៍នៅសម័យនោះ។ ឪពុករបស់ខ្ញុំឈ្មោះ កាន់ វ៉ាត និងម្តាយរបស់ខ្ញុំឈ្មោះ ឆេង ផុន។ ចំណែកខ្ញុំឈ្មោះ កាន់ សុន្ធរ៉ា បច្ចុប្បន្នមានអាយុ៧០ឆ្នាំ កើតនៅទីក្រុងភ្នំពេញ រីឯបងប្រុសរបស់ខ្ញុំឈ្មោះ ជឹម ឡាង និងបងស្រីឈ្មោះ កាន់ សុខា ហៅ សួន សុភាព កើតនៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្ត​កំពង់ស្ពឺ។

កាន់ វ៉ាត គឺជាឪពុករបស់ កាន់ សុន្ធរ៉ា។ (កាន់ សុន្ធរ៉ា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

បងប្រុសរបស់ខ្ញុំមានអាយុបងខ្ញុំ១០ឆ្នាំ និងបងស្រីអាយុបងខ្ញុំ៧ឆ្នាំនៅពេលនោះ។ ឪពុករបស់ខ្ញុំស្រឡាញ់បង ឡាង ខ្លាំងណាស់ដោយសារគាត់គឺជាកូនច្បង ហើយរៀនពូកែតាំងពីតូច។ គ្រូតែងតែឲ្យបង ឡាង រៀនផ្លោះថ្នាក់រហូត។ ខ្ញុំចាំរូបរាងបងប្រុសរបស់ខ្ញុំដែលមានច្រមុះស្រួច ហើយនិយាយម៉ឺងម៉ាត់។ ឪពុកខ្ញុំតែងតែផ្គត់ផ្គង់សម្ភារឲ្យបង ឡាង រៀនមិនឲ្យខ្វះខាតឡើយ។ ខ្ញុំចាំកាលនោះផ្ទះរបស់ខ្ញុំធំទូលាយ ហើយ បងឡាង តែងហៅមិត្តភក្តិរបស់គាត់មករៀនបន្ថែមនៅផ្ទះ។ មិត្តភក្តិបង ឡាង ច្រើននាក់សុទ្ធតែប្រុសៗ។ តុអង្គុយរបស់បង ឡាង មួយគឺឪពុករបស់ខ្ញុំកុម្មង់ជាងឲ្យធ្វើដោយអាចបញ្ឈរធ្វើជាក្ដារឃៀនក៏បានឬធ្វើជាតុសម្រាប់ សរសេរក៏បាន។ ក្រោយមកបងឡាងចូលរៀនផ្នែកវិស្វករអគ្គិសនីនៅសា​លាពហុបច្ចេកវិទ្យាជំនាន់ទី១ ហៅកាត់សាលាតិចណូ។

បន្ទាប់មក បងឡាង បានរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ អោម យិនដូនី។ បងប្រុសរបស់ខ្ញុំរៀបការអស់រយៈពេល១០ឆ្នាំប៉ុន្តែគាត់មិនមានកូនឡើយ។ ­­­­­បងឡាង ចេញធ្វើការដំបូងនៅសូនិចស៊ីមគឺជាក្រុមហ៊ុននាំផលិតផលពីបរទេសចូលមកតាមកប៉ាល់ និងដឹកបន្តមកផែនៅទីក្រុងភ្នំពេញ។ ដូច្នេះនៅផ្ទះរបស់បង ឡាង មានរបស់របរប្រើប្រាស់ដូចជាម៉ាស៊ីនបោកខោអាវទោះបីវាមានតម្លៃថ្លៃក៏ដោយ។ មិនយូរប៉ុន្មាន បងឡាង បានផ្លាស់ទៅធ្វើការផ្នែកអគ្គិសនីតាមជំនាញរបស់គាត់។

ជឹម ឡាង និង ភរិយា អោម យិនដូនី នៅផ្ទះរបស់ខ្លួននៅទួលគោក ក្នុងឆ្នាំ១៩៧៤ មុនពេលរបបខ្មែរក្រហមចូលកាន់អំណាច។ (កាន់ សុន្ធរ៉ា/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយមកបងស្រីរបស់ខ្ញុំ កាន់ សុខា ក៏រៀបការទៀត ដោយប្ដីរបស់គាត់គឺជាសាស្រ្តាចារ្យ ផ្នែកគណិតវិទ្យា និងរូបវិទ្យា។ ​ បងថ្លៃរបស់ខ្ញុំតែងតែប្រាប់ម្តាយរបស់ខ្ញុំឲ្យលក់សម្ភារប្រើប្រាស់និងចានល្អៗដើម្បីយកប្រាក់ចាយ ព្រោះសភាពការណ៍ក្នុងប្រទេសមិនស្រួល ប៉ុន្តែម្តាយរបស់ខ្ញុំមិនជឿបងថ្លៃខ្ញុំទេ។​ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំបានរៀបការ។ ដំបូងប្ដីរបស់ខ្ញុំគឺជាអ្នករកស៊ីក្រោយមកគាត់ចូលធ្វើការផ្នែកហិរញ្ញវត្ថុក្នុងជួរទាហានប៉ុន្តែគាត់ធ្វើបានរយៈពេលខ្លីប៉ុណ្ណោះ។

ថ្ងៃជម្លៀសដំបូង

នៅមុនពេលចូលឆ្នាំខ្មែរ ក្នុងឆ្នាំ១៩៧៥ បងឡាង និងប្រពន្ធរបស់គាត់ត្រូវទៅប្រទេសបារាំង ប៉ុន្តែគាត់បានពន្យារពេលរង់ចាំចូលឆ្នាំខ្មែររួចសិន។ បងឡាង មកជប់លៀងនៅផ្ទះរបស់ខ្ញុំ ហើយយកខោអាវរបស់គាត់មកគរទុកនៅផ្ទះរបស់ខ្ញុំទៀត។ ខ្ញុំបានខោអាវ បងឡាង ស្លៀកពាក់នៅក្នុងរបបខ្មែរក្រហម ព្រោះខ្ញុំមិនបានរៀបខោអាវខ្លួនឯងយកមកជាមួយ។ នៅមុន​ពេលខ្មែរក្រហមចូលមក ម្តាយរបស់ខ្ញុំបានសុបិនឃើញក្រពើក្រៀមស្រកា ហើយមានបាយជាប់នៅមាត់ក្រពើមួយគ្រាប់ៗ និងឃើញពស់ក្បាលពីរលូនកាត់មុខគាត់ទៅបាត់។ បន្ទាប់​ពីសុបិននោះ ម្តាយរបស់ខ្ញុំតែងតែខ្វល់ក្នុងចិត្តរហូត និងនឹកគិតថានឹងមានរឿងអ្វីកើតឡើង។

ចម្លើយសារភាពរបស់ ជឹម ឡាង នៅមន្ទីរសន្តិសុខស-២១។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលមកប្រាប់ខ្ញុំឲ្យចាកចេញពីផ្ទះ ហើយពេលនោះខ្ញុំគិតតែយំ ព្រោះប្ដីរបស់ខ្ញុំទៅលេងឪពុកម្ដាយរបស់គាត់ ចំណែកឪពុករបស់ខ្ញុំទៅលេងបងប្អូនរបស់គាត់ដែរ។ ខ្ញុំមិនទាន់ចាកចេញភ្លាមៗទេ គឺនៅរង់ចាំប្ដីរបស់ខ្ញុំទល់ល្ងាចទើបគាត់ត្រឡប់មកដល់ផ្ទះ។ បន្ទាប់មកយើងធ្វើដំណើរចេញពីផ្ទះនៅម្តុំផ្សារដើមអំពិល ជិតអូរឡាំពិក ដែលមានគ្រួសារបងស្រីរបស់ខ្ញុំ និងគ្រួសារខ្ញុំ។​ ចំណែកឪពុករបស់ខ្ញុំយើងមិនបានជួបគាត់ទេ។ យើងមានកូនឡានមួយសម្រាប់ដឹកអង្ករខ្លះដើម្បីទុកដាំបាយហូបតាមផ្លូវ និងដឹកក្មេងៗ ព្រោះកូនរបស់បងស្រីខ្ញុំ៣នាក់ និងកូនរបស់ខ្ញុំម្នាក់នៅតូចៗពិបាកដើរ។ ខ្ញុំកាច់ចង្កូតឡាន ហើយបងៗនិងប្ដីរបស់ខ្ញុំរុញពីក្រោយ។ នៅពេលទៅដល់ផ្លូវទូលាយទើបយើងបញ្ឆេះម៉ាស៊ីនឡានបើកយឺតៗ។ យើងធ្វើដំណើរដល់ក្បាលថ្នល់ក៏ជាប់ទ្រឹង។ នៅក្បែរនោះ ខ្ញុំឃើញមានឃ្លាំងអង្ករ គ្រាប់សណ្ដែក ស្ករ ទឹកដោះគោ និងឃ្លាំងមី ដូច្នេះប្រជាជនបាននាំគ្នាឈប់រួចហើយចូលទៅយកម្ហូបអាហារទាំងនោះទុកហូប។ យើងអង្គុយរង់ចាំអស់រយៈពេល២ទៅ៣ថ្ងៃ ទើបអាចចេញផុតពីក្បាលថ្នល់។ ចំណែកបង ឡាង ចាកចេញពីផ្ទះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥។ ខ្ញុំបានដឹងព័ត៌មានរបស់ បងឡាង បន្ថែមទៀតតាមរយៈមិត្តភក្តិរបស់គាត់ប្រាប់ថា បងឡាង ធ្វើដំណើរដល់កោះក្របីត្រូវអង្គការឃាត់ និងឆែកប្រវត្តិរូបរបស់គាត់។ អង្គការឃើញប័ណ្ណសម្គាល់ខ្លួនរបស់បង ឡាង ធ្វើការនៅអគ្គិសនីវត្តភ្នំ ក៏ហៅគាត់ចូលមកភ្នំពេញធ្វើការវិញ។ បងឡាង គិតថា គាត់បានចូលធ្វើការវិញ ក៏នាំក្មួយពីរនាក់គឺស្រីម្នាក់និងប្រុសម្នាក់ដែលជាសាច់​ញាតិខាងប្រពន្ធទៅជាមួយដែរ។

រូបថត អោម យិនដូនី នៅមន្ទីរសន្តិសុខស-២១។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅតាមផ្លូវកូនរបស់ខ្ញុំនិងក្មួយៗដែលនិយាយមិនទាន់ច្បាស់តែងតែរំអុកថា «ម៉ែទៅផ្ទះយើងវិញ»។ ក្មួយស្រីរបស់ខ្ញុំដែលធ្លាប់តែដេកជាមួយឪពុករបស់ខ្ញុំ តែងតែសួរម្ដាយរបស់ខ្ញុំថា «ណាលោកតា?»។ ពេលឮដូច្នេះម្តាយខ្ញុំយំ ហើយជារឿយៗក្មួយនិងកូនរបស់ខ្ញុំតែងតែសួររកអ្នកនេះ សួររកអ្នកនោះមិនចេះចប់។

នៅសិត្បូ

អង្គការជម្លៀសគ្រួសាររបស់ខ្ញុំឲ្យទៅរស់នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ កន្លែងនោះមានដើមទឹកដោះគោធំមួយដើមនៅខាងមុខផ្ទះ ហើយអង្គការហាមមិនឲ្យបេះផ្លែទឹកដោះគោជាដាច់ខាត។ នៅពេលយប់ប្ដីរបស់ខ្ញុំលួចឡើងច្របាច់ផ្លែទឹកដោះគោរកផ្លែណាដែលទុំលួច​បេះមកឲ្យខ្ញុំនិងកូនហូប។ កូនស្រីរបស់ខ្ញុំអាយុប្រាំឆ្នាំ ចេះហូបផ្លែទឹកដោះគោក្នុងមុងយ៉ាងស្ងៀមស្ងាត់។ នៅថ្ងៃបន្ទាប់ អង្គការចាត់តាំងខ្ញុំឲ្យទៅស្ទូង ច្រូតស្រូវ កាប់ព្រៃ។ ដំបូងការងារអ្វីក៏ខ្ញុំមិនចេះធ្វើដែរ។ ក្រោយមកអង្គការវាស់ដីព្រៃប្រវែង៥ម៉ែត្រឲ្យខ្ញុំកាប់ឆ្ការ។ ខ្ញុំកាប់ឆ្ការយឺតជាងគេ ដូច្នេះម្តាយរបស់ខ្ញុំបានលួចជួយកាប់ឆ្ការព្រៃឲ្យខ្ញុំរហូត។ ខ្ញុំស្ទួងមិនទំនងមេកងឈរសម្លឹងមុខខ្ញុំ។ លើសពីនោះកងស្ទូងជាមួយគ្នា បានស្ទូងបិទពីក្រោយខ្ញុំរកផ្លូវដើរចេញមិនរួច។ នៅពេលច្រូតស្រូវម្តងៗ ក៏ខ្ញុំច្រូតយឺតជាងគេដែរ។

ប្រវត្តិរូប អោម យិនដូនី នៅមន្ទីរសន្តិសុខស-២១។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ខ្ញុំឆ្លងទន្លេបានកូនប្រុសម្នាក់ទៀត។ កាលនោះមានឆ្មបក្មេងៗ អាយុប្រមាណជាង១០ឆ្នាំជួយបង្កើតកូនឲ្យខ្ញុំ។ ពេលកូនរបស់ខ្ញុំអាយុបាន១០ខែ អង្គការបានចាត់តាំងខ្ញុំឲ្យចូលធ្វើការងារវិញ។ កូនរបស់ខ្ញុំនៅបៅដោះនៅឡើយ ដូច្នេះខ្ញុំមានអង្រឹងមួយចងឲ្យកូនខ្ញុំដេកនៅព្រៃជិតកន្លែងខ្ញុំធ្វើការ ពេលកូនខ្ញុំឃ្លានទើបខ្ញុំឡើងមកឲ្យកូនបៅ ចំណែកកូនស្រីរបស់ខ្ញុំឲ្យយាយៗមើលថែទាំ។ ខ្ញុំរែកដី បោចស្មៅ លើកភ្លឺ និងគាស់គល់ឈើ។ រាល់ថ្ងៃខ្ញុំធ្វើការត្រាំនៅក្នុងទឹក ព្រោះនៅសិត្បូគឺជាស្រុកទន្លេធ្វើឲ្យខ្ញុំកើតបន្ទាលត្រអាក និងរមាស់ ប៉ុន្តែមេកងមិនឲ្យខ្ញុំដើរចេញពីទឹកទេ ទាល់តែដល់ម៉ោងទើបខ្ញុំអាចឡើងគោកបាន។ ខ្ញុំឈរហាលថ្ងៃទើបបាត់រមាស់។ នៅទីនោះ ខ្ញុំឈឺគ្រុនចាញ់ជាច្រើនលើក គឺឲ្យតែដល់ពេលរសៀលខ្ញុំចាប់ផ្ដើមញាក់។ ដូច្នេះមុនពេលថ្ងៃរសៀល ខ្ញុំដាក់ដាំបាយរួចហើយឲ្យកូនស្រីរបស់ខ្ញុំនៅចាំមើលភ្លើង។ ដល់ពេលបាយពុះកូនស្រីរបស់ខ្ញុំក៏រត់មកប្រាប់ខ្ញុំ។ ខ្ញុំបានបង្រៀនកូនស្រីខ្ញុំពីរបៀបដាំបាយដោយឲ្យគាត់បើកគម្របឆ្នាំង​នៅពេលទឹកបាយពុះ ហើយពេលរីងទឹកខ្ញុំឲ្យគាត់ក្របវិញ។

ល្ងាចមួយក្នុងឆ្នាំ១៩៧៦ ពេលខ្ញុំចេញពីធ្វើការនៅកងចល័ត ខ្ញុំមកទាន់កូនរបស់ខ្ញុំនិងមិត្តភក្តិកូនរបស់ខ្ញុំដែលមានអាយុប្រមាណ៥ឆ្នាំស្របាលគ្នា កំពុងអង្គុយដំខ្យងដែលនៅរស់យក​សំបកចេញ និងយកសាច់ខ្យងដាក់ចូលក្នុងមាត់។ ឃើញដូច្នេះខ្ញុំក៏ស្ទុះទៅវាយកូនរបស់ខ្ញុំមួយដៃឲ្យទម្លាក់ខ្យងចុះវិញ។ រឿងនេះធ្វើឲ្យខ្ញុំសោកស្ដាយ និងអាណិតកូនដែលស្រេកឃ្លាន។

ឆ្នាំដែលសោកសៅ

នៅក្នុងឆ្នាំ១៩៧៧ កូនស្រីរបស់ខ្ញុំឈ្មោះ ថាវី ឈឺរាកមូល កូនប្រុសខ្ញុំក៏ឈឺ ចំណែកក្មួយស្រីរបស់ខ្ញុំក៏ឈឺហើមទៀត។ ខ្ញុំគឺជាអ្នកនៅមើលថែទាំពួកគេ។ ពេលកូនស្រីរបស់ខ្ញុំរាកដំបូង ខ្ញុំស្នើសុំអង្គការនាំគាត់ទៅព្យាបាលនៅពេទ្យដោយសារយើងមិនមានថ្នាំឲ្យគាត់លេប។ អង្គការមិនឲ្យយកកូនខ្ញុំទៅពេទ្យភ្លាមទេ រហូតកូនខ្ញុំរាកមូលចេញឈាមទើបអង្គការអនុញ្ញាត។ ខ្ញុំយកកូនទៅព្យាបាលនៅពេទ្យឃុំ ពេទ្យឃុំមើលមិនជាទើបខ្ញុំយកកូនទៅព្យាបាលនៅពេទ្យស្រុកស្អាង។ កូនរបស់ខ្ញុំឈប់រាក ប៉ុន្តែនៅហើម ដូច្នេះពេទ្យប្រាប់ខ្ញុំឲ្យទៅរកស្ករឲ្យកូន ហូប ដូច្នេះខ្ញុំក៏ទៅសុំស្ករពីខាងរោងបាយ។ ពេលនោះខ្ញុំមិនដឹងវិធីព្យាបាលរាកមូលដោយត្រូវយកស្ករទៅកូរឲ្យឆ្អិន (ឡើងតាំងម៉ែ) សិនទើបឲ្យអ្នកជំងឺហូបទេ គឺខ្ញុំឲ្យកូនហូបស្ករឆៅ ទើបធ្វើឲ្យកូនខ្ញុំហូបរួចហើយលាប់រាកវិញ។

កាន់ សុទ្ធរ៉ា (រូបខាងឆ្វេង) នៅវត្តបទុមវត្តីពេលរៀនវគ្គបណ្ដុះបណ្ដាលគ្រូអនុវិទ្យាល័យនៅអំឡុងឆ្នាំ ១៩៨១-១៩៨២។ (កាន់ សុន្ធរ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលនោះអ្នកស្គាល់ខ្ញុំបានឲ្យផ្លែល្ហុងមក ដូច្នេះខ្ញុំក៏យកល្ហុងមកជ្រក់ជាមួយអំបិលហើយទុកនៅចុងជើងក្មួយ។ ចំណែកកូនប្រុសរបស់ខ្ញុំទើបតែអាយុ២ឆ្នាំ យំឲ្យខ្ញុំបីវាចេញមកក្រៅ ស្រាប់តែក្មួយរបស់ខ្ញុំឈ្មោះ មុំ លួចហូបជ្រក់ល្ហុងធ្វើឲ្យវាឈឺលាប់មើលមិនជា។ នៅពេលនោះបងស្រីរបស់ខ្ញុំបានទៅលេងកូនស្រីរបស់គាត់ (ក្មួយរបស់ខ្ញុំ) នៅមន្ទីរពេទ្យដែរ។ ក្មួយរបស់ខ្ញុំបានប្រាប់បងស្រីរបស់ខ្ញុំថា «ម៉ាក់មិននៅមើលកូន ឲ្យតែម៉ាក់មីងនៅមើល ម៉ាក់មីងមិនមើលមុំទេ មើលតែកូនរបស់គាត់»។  ពេលឮដូច្នេះបងស្រីរបស់ខ្ញុំហាក់ដូចជាអន់ចិត្តជាមួយខ្ញុំដែរ។ ក្រោយមកកូនរបស់ខ្ញុំពីរនាក់ និងកូនបងស្រីរបស់ខ្ញុំម្នាក់ទៀតបានស្លាប់ទាំងអស់។  ចំណែកម្តាយខ្ញុំឈឺហើម និងរាកមូល ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំថ្ងៃដែលចៅស្លាប់ដែរ។ ម្តាយរបស់ខ្ញុំមិនទាន់ដឹងថាចៅៗស្លាប់ទេ។ ខ្ញុំបានទៅជួយបោកសារុងឲ្យម្តាយរបស់ខ្ញុំ។ ក្រោយមកទើបម្តាយខ្ញុំដឹងថា ចៅស្លាប់ហើយគាត់យំយ៉ាងខ្លាំង។ គាត់ប្រាប់ខ្ញុំថា ម៉ាក់ប្រហែលជាទៅតាមចៅហើយ។ ម្តាយរបស់ខ្ញុំបានពោតស្ងោរមួយផ្លែពីអ្នកជិតខាងឲ្យមកគាត់។ គាត់ហូបពោតនោះក៏លាប់ជំងឺរាកមូលវិញ។ ខ្ញុំមិនអាចសុំអង្គការនៅមើលថែម្តាយរបស់ខ្ញុំបានយូរទេ ព្រោះអង្គការថាខ្ញុំមិនមែនជាពេទ្យ។ ក្រោយមកម្តាយរបស់ខ្ញុំបានស្លាប់។ ខ្ញុំស្នើសុំអង្គការមកមើលមុខម្តាយខ្ញុំចុងក្រោយ ប៉ុន្តែអង្គការមិនឲ្យខ្ញុំមក ថែមទាំងនិយាយថាមកធ្វើអីបើស្លាប់ហើយ។

កោះគរ

ប្ដីរបស់ខ្ញុំគឺជាមនុស្សឧស្សាហ៍ ព្យាយាមធ្វើការ ដូច្នេះមេភូមិពេញចិត្តគាត់ណាស់។ នៅពេលដែលខ្មែក្រហមជម្លៀសប្រជាជនមកពីខាងបូព៌ាចូលមក ស្ថានភាពនៅក្នុងភូមិកាន់តែលំបាក ហើយមេភូមិ មេឃុំ ត្រូវបានខ្មែរក្រហមផ្លាស់ប្ដូរទាំងអស់។ ប្ដីរបស់ខ្ញុំត្រូវបានអង្គការហៅទៅរៀនសូត្រ តាមពិតយកទៅឃុំឃាំងនៅកោះគរ ក្នុងស្រុកស្អាង ខេត្តកណ្តាល។ ពេលនោះ ខ្ញុំនៅតែសង្ឃឹមថាប្តីរបស់ខ្ញុំនៅរស់ ប៉ុន្តែខ្ញុំបានជួបមនុស្សម្នាក់ដែលលួចរត់ចេញពីកោះគរបានប្រាប់ខ្ញុំថា ខ្មែរក្រហមយកគ្រាប់បែកគប់ចូលទៅក្នុងបន្ទប់អ្នកទោស ហើយមានអ្នកទោសជាច្រើននាក់ស្លាប់។ ចំណែកបងថ្លៃរបស់ខ្ញុំក៏អង្គការហៅទៅរៀនសូត្រនៅកោះគរ នៅខែមេសា ឆ្នាំ១៩៧៧ ដែរ។ ពេលឮដំណឹងនេះ បងស្រីរបស់ខ្ញុំខិតខំទប់ស្មារតីមិនហ៊ានយំឡើយ ប៉ុន្តែរន្ធត់និងសង្វេគស្ទើរបាត់បង់ស្មារតី។ ​ក្រោយមកខ្ញុំទទួលដំណឹងថា ឪពុករបស់ខ្ញុំត្រូវបានជម្លៀសទៅកាន់ខេត្តបាត់ដំបង និងស្លាប់នៅក្នុងអំឡុងឆ្នាំ១៩៧៧ ដែរ។

ជីវិតឯកោ

ខ្ញុំលែងមានកូនទៀតហើយ អង្គការយកខ្ញុំទៅដាក់ក្រុមកម្លាំងស្រួចធ្វើស្រែមួយហិកតាមនុស្សចំនួន២០នាក់។ ខ្ញុំហាក់ដូចជាសាំនឹងការងារច្រូត ស្ទូង លើកទំនប់ និងរែកដីប្រណាំងប្រជែងគ្នា។ បងស្រីរបស់ខ្ញុំត្រូវបានអង្គការចាត់ទៅកងមនុស្សចាស់ធ្វើការជិតៗផ្ទះ។ ចំណែកខ្ញុំទៅធ្វើការនៅឆ្ងាយផ្ទះពិតមែន ប៉ុន្តែខ្ញុំមានសំណាង​ធ្វើការនៅចម្ការអំពៅ ចម្ការពោត អាចលួចយកមកផ្ញើអ្នកផ្ទះខ្លះ។ ពេលចប់ពីការងារ មេកងឲ្យខ្ញុំទូលស្មៅមួយពំនូកត្រឡប់មកវិញ ដូច្នេះខ្ញុំយកអំពៅដែលកណ្ដុរកកេរយកមកហូប និងយកអំពៅខ្លះលាក់ក្នុងពំនូកស្មៅទុកផ្ញើអ្នកផ្ទះ។ ខ្ញុំមិនយកអំពៅល្អៗរបស់អង្គការទេ ចំណែកពោតក៏ខ្ញុំយកតែផ្លែតូចៗដែលអង្គការទុកចោល ព្រោះពេលឈ្លបខ្មែរក្រហមចាប់យើងបាន គឺមិនសូវយកទោសពៃរ៍យើងទេ។

ថ្ងៃមួយ ខ្ញុំទៅងូតទឹកនៅមាត់ទន្លេនៅពេលយប់ស្រាប់តែខ្ញុំឃើញត្រីមួយកញ្ច្រែងដែលគេធ្វើរួច និងលាងស្អាតទុកនៅទីនោះ។ ខ្ញុំមិនឃើញមនុស្សនៅក្បែរត្រីនោះឡើយ ដូច្នេះខ្ញុំក៏លួចយកត្រីមួយក្បាលលាក់ទុកក្នុងចង្កេះខោ។ បន្តិចក្រោយមកខ្ញុំឮខ្មែរក្រហមជជែកគ្នា អើឆ្កែអូសត្រីមួយទៅបាត់ហើយ។ ខ្ញុំអរខ្លាំងណាស់ពេលបានឮខ្មែរក្រហមនិយាយថាឆ្កែអូសត្រីទៅបាត់ដោយមិនសង្ស័យមានអ្នកលួច។ ខ្ញុំយកត្រីនោះមកស្ងោរដាក់អំបិលតិចៗ។ ខ្ញុំហូបត្រីនោះឆ្ងាញ់ខ្លាំងណាស់ ទោះបីមិនមានបាយហូបជាមួយក៏ដោយ។

ខ្ញុំធ្វើការនៅសិត្បូបានរយៈពេល១ឆ្នាំជាងអង្គការបានផ្លាស់ប្តូរទីកន្លែងខ្ញុំ។ អង្គការឲ្យខ្ញុំដើរពីសិត្បូ ទៅកោះទឹកវិល។ ខ្ញុំឃើញសុទ្ធតែស្រីៗ និងក្មេងៗរស់នៅទីនោះ។ អង្គការឲ្យខ្ញុំឃ្វាលគោនៅទឹកវិល។​ ខ្ញុំមិនដែលឃ្វាលគោពីមុនមកទេ ហើយក៏មិនចំណាំគោដែរ។ ខ្ញុំយកគោទៅចងនៅក្រោមដើមឈើ ហើយវង្វេងកន្លែងចងគោទៀត។ ខ្ញុំរកគោមិនឃើញ ក៏ភិតភ័យខ្លាំងណាស់។ សំណាងល្អពេលល្ងាចគោបម្រះរួចពីចំណង ហើយរត់ចូលគ្រោលដោយខ្លួនឯង។ ខ្មែរក្រហមលត់ដំខ្ញុំគ្រប់សព្វបែបយ៉ាង។ ថ្ងៃមួយពេលខ្ញុំកំពុងជម្រះស្មៅនៅក្នុងចម្ការ ប្រធានកងហៅប្រជាជនមកតម្រង់ជួរ។ បងស្រីរបស់ខ្ញុំមកមិនទាន់បានចូលជួរយឺត ដូច្នេះខ្ញុំថយក្រោយដើម្បីឲ្យបងស្រីរបស់ខ្ញុំឈរពីមុខខ្ញុំ។ ប្រធានកងរាប់ពីលេខរៀងទី១ដល់៥០ក៏ឈប់ ហើយឲ្យអ្នកទាំងនោះទៅផ្ទះរៀបចំអីវ៉ាន់ទាំងយប់ ប៉ុន្តែមិនបានប្រាប់ថាទៅទីណាឡើយ។ ខ្មែរក្រហមនាំយើងមកស្ទឹងសៀមរាបកន្ទួត។ ខ្មែរក្រហមរៀបចំបាយឲ្យយើងហូបមួយចម្អែតទាំងយប់ ហើយថ្ងៃបន្ទាប់ខ្មែរក្រហមចាត់តាំងយើងទាំង៥០នាក់ឲ្យជួយច្រូតស្រូវបន្ទាន់។ ពេលនោះមនុស្សពាក់កណ្ដាលឈឺក្រពះ ដោយសារយើងមិនដែលបានហូបបាយឆ្អែតជាយូរមកហើយ។​  ខ្ញុំក៏ឈឺរាករួសដែរ ចំណែកបងស្រីរបស់ខ្ញុំបានចេញទៅធ្វើការធម្មតា។ ពេលច្រូតស្រូវហើយរួចរាល់ ខ្ញុំបានត្រឡប់ទៅនៅត្រើយខាងលិចទន្លេ គឺនៅព្រែករាំង ក្នុងស្រុកស្អាង ខេត្តកណ្តាល រហូតដល់កងទ័ពវៀតណាមវាយចូលមក នៅដើមឆ្នាំ១៩៧៩។​

កាន់ សុទ្ធរ៉ា ផ្តល់សក្ខីកម្មនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ សាលាក្ដីខ្មែរក្រហម។ (កាន់ សុន្ធរ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សាងជីវិតថ្មី

ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ខ្ញុំមករស់នៅឃុំក្រាំងចេក ស្រុកឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺវិញ។ ខ្ញុំបានចូលធ្វើជាគ្រូបង្រៀន។ ដំបូងខ្ញុំបង្រៀនសិស្សក្រោមម្លប់ឈើព្រោះយើងមិនទាន់មានសាលារៀន។ ក្រៅពីធ្វើជាគ្រូបង្រៀន ខ្ញុំប្រកបរបរចិញ្ចឹមជ្រូក ប៉ុន្តែជ្រូកក៏ងាប់អស់។ ពេលនោះខ្ញុំមានកង់មួយ ដូច្នេះខ្ញុំបានជិះកង់ដើររកស៊ីទិញស្រូវយកមកស្តុកទុកដើម្បីលក់ ប៉ុន្តែខ្ញុំខាតដោយសារខ្ញុំទុកស្រូវចំកន្លែងដែលមានទឹកស្រក់ពីលើបណ្តាលឲ្យស្រូវដុះ។ បន្ទាប់មកខ្ញុំដើរទិញស្ករត្នោតទុកលក់ ប៉ុន្តែស្ករចុះថោកទៀត។

ប្រវត្តិរូប និងរូបថត

នៅឆ្នាំ១៩៨៤ ខ្ញុំឡើងមករៀននៅសាលាគរុកោសល្យនៅភ្នំពេញ ផ្នែកគីមីវិទ្យា។ ពេលនោះ ខ្ញុំនឹកឃើញបងឡាងដែលអង្គការហៅឲ្យទៅធ្វើការវិញ ដែលខ្ញុំតែងតែសង្ឃឹមថាគាត់នៅរស់។ ប៉ុន្តែក្ដីសង្ឃឹមនេះបានរលត់ទៅវិញ នៅពេលខ្ញុំរកឃើញឯកសារចម្លើយសារភាពរបស់ បងឡាង ចុះកាលបរិច្ឆេទថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៥ រក្សាទុកនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍សាសន៍ទួលស្លែង។ នៅក្នុងឯកសារនេះក៏បានបញ្ជាក់អំពីក្មួយរបស់បងឡាងពីរនាក់ ដែលបងឡាងនាំយកទៅជាមួយគាត់ដែរ ហើយក្រោយមកអ​ង្គការយកកុមារទាំងពីរនាក់នោះទៅដាក់នៅមន្ទីរកុមារចម្ការដូង។ ក្រោយមកខ្ញុំរកឃើញរូបថតនិងឯកសាររបស់បងថ្លៃខ្ញុំចុះលេខI០៩៥៨១ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ឈ្មោះ អោម យិនដូនី (ត្រូវជាប្រពន្ធរបស់ បងឡាង) ដែលត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៀត។

 

ខ្ញុំបានបាត់បង់ឪពុកម្តាយ បងបង្កើត បងថ្លៃ កូន ក្មួយ ជាទីស្រឡាញ់។ នៅក្នុងឆ្នាំ២០០៧ ខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា​ការកម្ពុជា ឬសាលាក្ដីខ្មែរក្រហមដើម្បីរកយុត្តិធម៌ជូនសមាជិកគ្រួសាររបស់ខ្ញុំ។ កន្លងមកសាលាក្តីខ្មែរក្រហមបានកាត់ទោសឲ្យមេដឹកនាំខ្មែរក្រហមជាប់គុកអស់មួយជីវិតធ្វើឲ្យខ្ញុំស្ងប់ចិត្តបានខ្លះ។

ខ្ញុំចូលនិវត្តន៍ពីគ្រូបង្រៀនរយៈពេល១០ឆ្នាំមកហើយ ប៉ុន្តែខ្ញុំសប្បាយចិត្តពេលឃើញសិស្សជាច្រើនដែលខ្ញុំធ្លាប់បានបង្រៀនមានការងារធ្វើ ចំណែកក្មួយៗរបស់ខ្ញុំខិតខំប្រឹងប្រែងរៀនសូត្រ កសាងគ្រួសារ និងអាចរស់នៅដោយខ្លួនឯងបាន។ ឆ្លៀតពេលទំនេរពីការងារ ខ្ញុំទៅវត្តធ្វើបុណ្យស្ដាប់ព្រះធម៌ ។ បច្ចុប្បន្ន ខ្ញុំរស់នៅឃុំសុព័រទេព សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត

រូបថត ៖ កាន់ សុន្ធរ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា