"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ប្រវត្តិឃុំគគីរ តាមរយៈវេទិកាប្រវត្តិសាស្រ្តគ្រួសារ

ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌឯកសារកោះថ្មបានចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២គ្រួសារ នៅក្នុងឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឃុំគគីរមាន

ចម្ងាយប្រមាណ៥០ គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលឯកសារកោះថ្ម និងចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីទីរួមស្រុកមេមត់ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ បត់ស្តាំចូលតាមផ្លូវក្រាលកៅស៊ូនៃភូមិផ្លាកសំរោង ឃុំដារ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ និងបត់ស្តាំតាមផ្លូវលំក្នុងចម្ការកៅស៊ូប្រមាណ៥គីឡូម៉ែត្រទើបដល់ឃុំគគីរ។ បច្ចុប្បន្ន ឃុំគគីរមានភូមិចំណុះចំនួន៨ភូមិ គឺភូមិគគីរជើង, ភូមិគគីរត្បូង, ភូមិក្ងោក, ភូមិចំការថ្មី, ភូមិទូលថ្ម, ភូមិព្រែកពួយ, ភូមិសាឡង់៣ និងភូមិស្រែពោល។ ឃុំគគីរមានព្រំ­­­­­­ប្រទល់ខាងត្បូងជាប់ឃុំមេមត់ ខាងជើងជាប់ឃុំកំពាន់ ខាងលិចជាប់ឃុំដារ និងខាងកើតឃុំមេមង។

កាលពីជំនាន់បារាំងឃុំគគីរមានប្រជាជនរស់នៅតិចតួច និងប្រកបរបធ្វើស្រែចម្ការ។ នៅក្នុងភូមិមានដើមគគីរដុះច្រើនមានទាំងដើមតូចនិងធំ។ កាលនោះប្រជាជននាំគ្នាទៅធ្វើស្រែនៅត្រើយម្ខាងព្រែក។ ដោយសារគ្មានស្ពានឆ្លងកាត់ព្រែកអ្នកភូមិបានយកដើមគគីរធ្វើស្ពានសម្រាប់ដើរឆ្លងព្រែកទៅធ្វើស្រែចម្ការ។ ក្រោយមក អ្នកស្រុកបាននាំគ្នាហៅភូមិនេះថា ភូមិគគីរ។ បារាំងបានមកធ្វើចម្ការកៅស៊ូនៅឃុំគគីរ ស្រុកមេមត់ ដោយជួលកម្មករជនជាតិខ្មែរ-ចាម និងវៀតណាមធ្វើការ។ នៅក្នុងឃុំគគីរមានជនជាតិបារាំងម្នាក់នៅមើលការខុសត្រូវ និងធ្វើរបាយការណ៍ផ្ញើទៅថ្នាក់លើ។ នៅក្នុងរបបសង្គមរាស្រ្តនិយមអាជ្ញាធរបានបង្កើតជាឃុំគគីរ ដោយមានភូមិគគីរ និងភូមិផ្សេងៗទៀតជាចំណុះរហូតមកដល់សព្វថ្ងៃ។

បន្ទាប់ពី មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ប្រជាជនស្រុកមេមត់បានធ្វើបាតុកម្មដើម្បីទាមទារឲ្យសម្តេចព្រះ នរោត្តម សីហនុ ចូលមកគ្រប់គ្រងប្រទេសឡើងវិញ។ អំឡុងពេលធ្វើបាតុកម្មមានការប៉ះទង្គិចគ្នារវាងទាហាន លន់ នល់ និងប្រជាជនដែលគាំទ្រសម្តេចព្រះ នរោត្តម សីហនុ។ ខណៈពេលនោះ មានទាំងប្រជាជនដែលគាំទ្រសម្តេចសីហនុ និងទាហាន លន់ នល់ រងរបួស។ ទាហានលន់ នល់ មានកាំភ្លើងគ្រប់គ្នា។ ចំណែកប្រជាជនមានតែ កាំបិត ពូថៅ និងដំបង។ ប្រជាជនធ្វើបាតុកម្មនៅខ្នងក្រពើ ស្រុកមេមត់អស់រយៈពេល៣ថ្ងៃទើបឈប់។ នៅតាមដងផ្លូវប្រជាជននាំគ្នាស្រែកថា “ជ័យយោសម្តេចឪអ្នកណាមិនទៅកាប់ចោល” ។ ពេលបាតុកម្មចប់ប្រជាជននាំគ្នាត្រឡប់មកផ្ទះធ្វើស្រែចម្ការរៀងៗខ្លួនវិញ។ នៅក្នុងឆ្នាំ១៩៧០ ដដែល ទាហានអាមេរិកកបានទម្លាក់គ្រាប់បែកលើឃុំគគីរ ពីព្រោះមានវត្តមានកងទ័ពវៀតកុងលាក់ខ្លួននៅក្នុងឃុំនេះ។ ការទម្លាក់គ្រាប់បែកនេះ បណ្តាលឲ្យប្រជាជនស្លាប់ និងរបួសចំនួន៤០នាក់។ នៅឆ្នាំ១៩៧៣ ទើបកងទ័ពវៀតកុងដកចេញអស់ពីឃុំគគីរ និងលែងមានការទម្លាក់គ្រាប់បែកទៀត។

នៅពេលខ្មែរក្រហមឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន១៧ មេសា មកដាក់នៅក្នុងឃុំគគីររយៈពេល២ខែ រួចហើយក៏ជម្លៀសបន្តឲ្យទៅនៅភូមិកំពៃ ភូមិខ្ពប ឃុំរំចេកទាំងអស់។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើតជាសករណ៍ ហើយខ្មែរក្រហមបានបែងចែកប្រជាជនជាក្រុមៗ។ ប្រធានក្រុមនីមួយៗបានឲ្យសមាជិកក្នុងក្រុមប្រមូលរបស់របរនៅតាមផ្ទះដូចជាក្របី គោ មាន់ ទា និងទ្រព្យសម្បត្តិផ្សេងៗមកដាក់រួមទាំងអស់ ទុកតែស្លាបព្រាមួយនិងចានមួយសម្រាប់ហូបបបរ ឬបាយ។

នៅចុងឆ្នាំ១៩៧៦និងដើមឆ្នាំ១៩៧៧ ខ្មែរក្រហមបានជ្រើសរើសប្រជាជននៅក្នុងឃុំគគីរឲ្យចូលធ្វើជាកងចល័ត ធ្វើទាហាន និងធ្វើជាគ្រូពេទ្យជាដើម។ ក្មេងៗប្រុសស្រីដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅត្រូវចាត់តាំងឲ្យធ្វើជាកងចល័តលើកទំនប់ជីកប្រឡាយ ច្រូតកាត់ ដកស្ទូង ដែលស្ថិតនៅឆ្ងាយៗពីភូមិ។

នៅឆ្នាំ១៩៧៨ កងទ័ពមកពីភូមិភាគនិរតីបានចូលមកចាប់កម្មាភិបាលដែលជាប្រធានកងតូច ប្រធានកងធំ គ្រូពេទ្យ គ្រូបង្រៀននៅខាងភូមិភាគបូព៌ាយកទៅសម្លាប់នៅព្រែកឆ្លូងក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកប្រជាជនត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទាំងអស់ ប្រជាជនខ្លះជម្លៀសទៅដល់ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងមានប្រជាជនខ្លះបានរត់ទៅប្រទេសវៀតណាមរហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកវាយផ្តួលរំលំរបបខ្មែរក្រហម និងទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបប្រជាជនដែលរត់ភៀសខ្លួនទាំងនោះវិលត្រឡប់មកស្រុកភូមិវិញ។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពជា